រាជរដ្ឋាភិបាល បាន​ណែនាំដល់ក្រសួងស្ថាប័ន​ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និង​អនុវត្ត​នូវវិធានាការ​មួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះអគ្គិភ័យនៅតាម​សហគ្រាស គ្រឹះស្ថាន​ ក្នុងវិស័យ​កម្មន្តសាល និងឧស្សាហកម្មទេស​ចរណ៍។

យោងតាមសារាចរ​របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងឆ្នាំកន្លងទៅ ករណីអគ្គិភ័យមានការកើនឡើងគួរឱ្យព្រួយបារម្ភ ជាពិសេសនៅ​តាម​សហគ្រាស គ្រឹះស្ថាន​ក្នុងវិស័យកម្មន្តសាលនិងឧស្សាហ​កម្មទេសចរណ៍ ដែលបានបណ្តាលឱ្យប៉ះពាល់ដល់​អាយុ​ជីវិត ទ្រព្យ​សម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព​សង្គម និង​ដំណើរ​ការ​​អាជីវកម្ម។

សារាចរដដែល បន្តថា​ មូលហេតុចម្បងៗនៃគ្រោះអគ្គិភ័យមានជាអាទិ៍ ការឆ្លងចរន្តអគ្គិសនី ការធ្វេសប្រហែសក្នុងការអនុវត្តវិធានការចាំបាច់​ស្តីពីសុវត្ថិភាពអគ្គិភ័យ ជាពិសេសវិធានការត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍សម្រាប់តភ្ជាប់បណ្តាញ ចរន្តអគ្គិសនី និងសម្ភារៈ​ដំណើរការ​ដោយ​ចរន្ត​អគ្គិសនី​ផ្សេងៗជាដើម។

ក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការនិងទប់ស្កាត់ឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ស្របពេលដែលមានការជូនដំណឹងស្តីពីការឡើងកម្ដៅអាកាសធាតុរហូតដល់ ៤១អង្សាសេ នៅក្នុងខែមេសា និងដើមខែឧសភា ខាងមុខនេះ រដ្ឋាភិបាល បានណែនាំឱ្យ​ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញ​ការផ្សព្វ​ផ្សាយ និង​លើកកម្ពស់ការយល់ដឹងរបស់​និយោជក​ និងកម្មករ​និយោជិត ពីច្បាប់​ស្តីពីការងារ ច្បាប់ស្តីពីការបង្ការ​និងការពន្លត់អគ្គិភ័យ និងលិខិត​បទដ្ឋានគតិយុត្តនានាដែលកម្ពុជាបានផ្តល់សច្ចាប័ន។

ជាមួយគ្នានេះដែរ រដ្ឋាភិបាល ក៏បានណែនាំដល់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវគោល​ការណ៍ វិធានការ​ត្រួតពិនិត្យ​ឧបករណ៍ សម្ភារៈ បរិក្ខា​បង្ការ និងពន្លត់អគ្គិភ័យ និងការ​ហ្វឹកហាត់ពីជំនាញ​បង្ការ និងពន្លត់អគ្គិភ័យ​ដល់​អ្នក​ពាក់ព័ន្ធ​ និងស្ម័គ្រចិត្ត ព្រមទាំង​ត្រូវត្រួតពិនិត្យ​បច្ចេកទេសសំណង់​ អនុលោមតាមបទប្បញត្តិសុវត្ថិភាពអគ្គិភ័យ​ផងដែរ។

សារាចររបស់រដ្ឋាភិបាល បានគូសបញ្ជាក់ដែរថា៖ «និយោជកជាម្ចាស់​ឬនាយកសហគ្រាស​ គ្រឹះស្ថាន​និមួយៗ ត្រូវអនុវត្ត​ឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ច​ និងវិធានការសុវត្ថិភាពអគ្គិភ័យ​ និងទទួលខុស​ត្រូវ​រាល់ទង្វើ និងការធ្វេសប្រហែសនានា ដែលបង្កឱ្យ​មានគ្រោះថ្នាក់អគ្គិភ័យកើត​ឡើង​នៅតាម​សហគ្រាស គ្រឹះស្ថានរបស់ខ្លួន[…] កម្មករនិយោ​ជិត ត្រូវចូលរួម​ឱ្យបានត្រឹមត្រូវ​តាមវិធានការ​សុវត្ថិភាពអគ្គិភ័យ ដែលសហគ្រាស​គ្រឹះស្ថានបាន​កំណត់ និងដាក់ចេញ ស្របតាម​ច្បាប់»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន​ បូណា មានប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ចេញ​សេច​ក្តីប្រកាស​នេះឡើង ក្នុង​គោលបំណងដើម្បីបង្ការហានិភ័យនៃគ្រោះថ្នាក់អគ្គិភ័យ នៅតាម​រោងចក្រ សហគ្រាសធំៗ នាពេលអនាគត។

លោកថា៖ «នាយករដ្ឋមន្រ្តីដែលលោកចេញសារាចរនេះ គឺដោយសារតែលោកយកចិត្តទុកដាក់សុខទុក្ខ​ សុខ​មាលភាព​របស់​​ប្រជា​ពលរដ្ឋ របស់​សហគ្រិន​អ្នករកស៊ីនៅស្រុកខ្មែរយើង ក៏ដូចជា​ទេសចរណ៍ ដូច្នេះហើយបានជាលោកចេញសារាចរណែនាំហ្នឹង ពីព្រោះរដូវនេះ​ ជារដូវប្រាំងដែលមានអគ្គិភ័យកើតឡើង​ ហើយអគ្គិភ័យ​ខ្លះកើតឡើងក្នុងទ្រង់​ទ្រាយ​ធំ វាធើ្វឱ្យ​ឆេះខូចខាត​រោងចក្រសហគ្រាស វាខូចខាតទ្រព្យសម្បត្តិច្រើន ហើយក៏ជួនកាល វាប៉ះពាល់ដល់អាយុជីវិតមនុស្សទៅទៀត»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្កាលវិជ្ជាជីវ:​ លោក​ កត្តា អ៊ន មាន​ប្រសាសន៍ថា​ ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងក៏បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីស្វែងរកវិធានការ​ទប់ស្កាត់​ផងដែរ ក្នុងនោះ អន្តរក្រសួងបានចេញសេចក្តីណែនាំ និងចុះ​ផ្សព្វផ្សាយ​ដល់ម្ចាស់គ្រឹះស្ថាន សហគ្រាសនានា។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវ​ថា៖ «អំពាវនាវ​ឱ្យការចូលរួមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ពីប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជក នឹងអាចជៀសផុតពីអគ្គភ័យបាន»។

ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍កម្ពុជា លោក ម៉ម រិទ្ធី គាំទ្រឱ្យមានការ​ដាក់ចេញនូវវិធានការ​ទប់ស្កាត់ឱ្យ​បាន​ជាក់លាក់ និងមានប្រសិទ្ធភាព​ ពីក្រសួងស្ថាប័នពាក់ព័ន្ធ ដោយ​ក្នុងនោះ​សមត្ថកិច្ចពាក់ព័ន្ធត្រូវ​មានជំនាញ​ច្បាស់លាស់ និង​មានឧបករណ៍គ្រប់គ្រាន់​ ​ក្នុង​ការ​ពន្លត់អគ្គិភ័យ​ឱ្យ​បាន​ទាន់ពេល​វេលា ក្នុងករណីកើត​មាន​ជាយថាហេតុ ព្រមទាំងត្រូវមានបច្ចេក​ទេស​ក្នុងការ​ការ​ពារ​សុវត្ថិភាព​ដល់ជនរងគ្រោះ​ផងដែរ។

លោកថា៖ «ក្រសួងដែលពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ឬក្រសួងហិរញ្ញវត្ថុ ក្រសួងផែនការ គឺគ្រប់​សហជីព សហគ្រាស​ទាំងអស់ ដែលរកស៊ីនៅប្រទេសកម្ពុជា ឬប្រជាជនត្រូវបង្រៀនគាត់ឱ្យ​​ចេះ​ប្រើ​ឧបករ​ណ៍​ពន្លត់​អគ្គិភ័យ និងនៅតាមផ្ទះមួយៗ ឬក៏តាមអគារ គឺត្រូវតែមានបំពង់ពន្លត់អគ្គិភ័យឱ្យ​​បានគ្រប់គ្រាន់ ហើយ​មាន​គុណ​ភាព។ ក្រសួងត្រូវចុះឆែក​តាម​ក្រុមហ៊ុនមួយៗ​ ដែលកំពុងតែរកស៊ីហ្នឹង តើគាត់មានបានគោរពទៅតាមគោលការណ៍អ​ត់ ពីព្រោះកន្លង​មកយើង​ឃើញ​ថា ក្រុមហ៊ុនមួយចំនួន អត់មានបំពង់ពន្លត់អគ្គិភ័យបានត្រឹមត្រូវទេ ហើយមានការស្លាប់មនុស្សដោយ​សារ​​ការជម្លៀស​ពុំ​បាន។ ក្រសួងត្រូវចុះពិនិត្យថា​​អគារមួយ​ដែលគាត់ធើ្វឡើង តើមានការទប់ស្កាត់នឹងអគ្គិភ័យ​ទេ មាន​ច្រក​ចេញចូល និងមានប្រដាប់ពន្លត់អគ្គិភ័យ​ច្បាស់លាស់​អត់ អញ្ចឹងក្រសួងត្រូវចុះពិនិត្យ​ដើម្បីការពារ។»

គួរបញ្ជាក់ថា ការដាក់ចេញនូវវិធានការ​ជាបន្តបន្ទាប់របស់រដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពី​មាន​ករណី​អគ្គិភ័យ​បានឆាបឆេះអគាររោង​ចក្រ​កាត់ដេរសម្លៀកបំពាក់មួយកន្លែង ឈ្មោះ យីដា (មេនូហ្វេកធីរើ ខូ អិលធីឌី) ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីអំឡុង​​ខែមករា ឆ្នាំ២០២៤ បណ្តាលឱ្យ​​កម្មការិនីម្នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សច្រើននាក់ទៀត បានរងរបួស។

ចំណែក​​របាយការណ៍​រប​ស់​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២៣ មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​សរុប​ចំនួន ​៧៦១​ លើក កើនឡើង​លើស​ឆ្នាំ​២០២២ ​ចំនួន ​១៤៣​​លើក​ ​ក្នុងនោះ​​មាន​​អ្នកស្លាប់​ចំនួន ​៥៤នាក់ និង​ ៩៧​នាក់​​ផ្សេងទៀត​រងរបួស ខណៈ​ផ្ទះ​ចំនួន ​៥៧៩ខ្នង​ និង​តូប​ចំនួន៥៧ រួមនិងសម្ភារៈជាច្រើន​ទៀត ត្រូវបាន​បំផ្លាញ​ដោយសារគ្រោះ​អគ្គិភ័យ​៕