សកម្មជនជាស្ត្រី កម្មការិនី សហជីព និងសង្គមស៊ីវិលមួយចំនួន ស្នើដល់រាជរដ្ឋាភិបាល បង្កើនការយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិស្ត្រីឱ្យបានប្រសើរជាងមុខ ដោយពួកគាត់ថានៅមិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញនៅឡើយ ដោយសារស្ថានភាពសង្គមនៅមានការរឹតត្បិត។
ការស្នើនេះ បានធ្វើឡើងខណៈដែលពួកគេបានចូលរួមអបអរទិវានាទីអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិល ក្រោមប្រធានបទ «ធានាសិទ្ធិស្ត្រី និងក្មេងស្រី ដើម្បីស្ថេរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» ដែលមានអ្នកចូលរួមប្រមាណ ២០០នាក់។
តំណាងសហគមន៍៩២ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ អ្នកស្រី ស៊ិន ស៊ីនួន បានលើកឡើងថា បច្ចុប្បន្ន អ្នកស្រីនៅមិនទាន់អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានពេញលេញនោះទេ ជាពិសេសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដោយសារតែមានការរឹតត្បិតសិទ្ធិសេរីភាព។
អ្នកស្រីលើកឡើងថា៖ «បំណងរបស់យើងទាំងអស់គ្នា គឺយើងចង់បានសិទ្ធិនៅក្នុងការនិយាយស្តីរបស់យើងឱ្យមានសេរីភាព រិះគន់ដើម្បីស្ថាបនា ដើម្បីឱ្យរាជរដ្ឋាភិបាល លោកគិតត្រឡប់មកវិញថា ប្រជាពលរដ្ឋរបស់ខ្លួនចង់បានអី បើយើងនិយាយនៅផ្ទះយើង គឺមានបញ្ហា ប៉ុន្តែបើយើងមកនិយាយនៅទីនេះ យើងត្រូវការអ្វី ប៉ុន្តែឱកាសរបស់យើងវាតិចពេក»។
តំណាងសហគមន៍រថភ្លើង នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញអ្នកស្រី កែវ បុប្ផា ចង់ឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិស្ត្រីដូចមានចែងនៅក្នុងច្បាប់កំពូលនៃប្រទេសកម្ពុជា។
អ្នកស្រីនិយាយថា៖ «ពីមុនមកយើងមានទុក្ខកង្វល់អ្វី យើងអត់បានផ្សព្វផ្សាយទៅរដ្ឋាភិបាលដឹងទេ ព្រោះយើងមិនដឹងថាធ្វើតាមរយៈណា បើយើងចូលរួមនេះ យើងមានវាចាអ្វីដែលជាទុក្ខកង្វល់ យើងតែងតែផ្តាំផ្ញើទៅរាជរដ្ឋាភិបាលអាណត្តិទី៧ ថាប្រជាពលរដ្ឋមិនទាន់មានសិទ្ធិពេលលេញ អញ្ចឹងសូមឱ្យគាត់លើកកម្ពស់ស្រ្តី ឱ្យដូចពាក្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែសព្វថ្ងៃមិនទាន់ពេញលេញទេ ព្រោះនៅមានការគាបសង្កត់ ហើយកន្លែងខ្លះរើសអើងស្រ្តីទៀត សូមឱ្យការអនុវត្តច្បាប់ស្មើភាពគ្នា រវាងបុរសនិងស្រ្តី អ្នកមានអំណាច និងអ្នកក្រ សូមឱ្យបានស្មើៗគ្នា»។
ស្ថិតនៅក្នុងវ័យ ៤២ឆ្នាំ និងជាកូដករដែលកំពុងតស៊ូមតិទាមទារសិទ្ធិការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ជិត ៣ឆ្នាំមកហើយ អ្នកស្រី រី សុវណ្ណឌី ចង់ឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិសេរីភាពនៅក្នុងការទាមទារយុត្តិធម៌ និងជួយអន្តរាគមន៍ក្នុងករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងឱកាសទិវាសិទ្ធិនារី។ អ្នកស្រីបន្តថា អ្នកស្រីធ្វើការតស៊ូមតិនៅកន្លែងការងារនេះ គឺអ្នកស្រីចង់បានតែយុត្តិធម៌នោះទេ។
អ្នកស្រីថ្លែងថា៖ «សុំឱ្យផ្តល់ឱ្យពួកយើងមានសិទ្ធិសេរីភាព ក្នុងការទាមទារយុត្តិធម៌នៅកន្លែងការងារ ព្រោះដោយសារកន្លែងរាល់ថ្ងៃគ្រប់ទីកន្លែង គឺសិទ្ធិសហជីព សិទ្ធិសេរីភាពនៅកន្លែងការងារ ដែលជាសិទ្ធិប្រមូលផ្តុំរបស់កម្មករ ដើម្បីទាមទារសិទ្ធិសេរីភាពភាពជាមួយថៅកែហ្នឹងត្រូវបានរឹតត្បិត ហើយថៅកែហ្នឹងធ្វើទុក្ខបុកម្នេញរៀងរាល់ថ្ងៃហ្នឹង ហើយស្នើរដ្ឋាភិបាលជួយអន្តរាគមន៍ មានតែរដ្ឋាភិបាលទេដែលអាចជួយអន្តរាគមន៍ និងដោះស្រាយជួយរកយុត្តិធម៌ឱ្យយើងបាន»។
កម្មការិនីរោងចក្រមួយកន្លែងនៅខេត្តកណ្តាល អ្នកស្រី វ៉ាន់ ថាណា យល់ថា ស្ត្រីនៅក្នុងសង្គមសព្វថ្ងៃ មិនទាន់យល់ដឹងអំពីសិទ្ធិរបស់ខ្លួនបានច្បាស់នោះទេ ព្រោះពួកគាត់នៅមានភាពភ័យខ្លាច ព្រោះតែពួកគេបានមើលឃើញគំរូនៃភាពតស៊ូរបស់ក្រុមយុវជនដែលតែងតែត្រូវគេធ្វើបាប។
អ្នកស្រីថ្លែងថា៖ «ថ្ងៃនេះ[ថ្ងៃទី៨ ខែមីនា]ជាថ្ងៃសិទ្ធិរបស់យើងទាំងអស់គ្នា ហើយក៏ចង់ទាមទារសិទ្ធិរបស់ពួកយើង ៨ ខែមីនា មិនមែនយើងមានសិទ្ធិតែមួយថ្ងៃនេះទេ យើងមានសិទ្ធិជារៀងរាល់ថ្ងៃ តែដោយសារសង្គមយើងឥលូវរងភាពអយុត្តិធម៌ច្រើន នៅពេលដែលយើងបញ្ចេញមតិទៅ តែងតែមានសម្ពាធ តែងតែបិទសិទ្ធិរបស់ពួកយើង យើងបញ្ចេញមតិទៅវាមានគេគំរាមកំហែង ចឹងវាមានអារម្មណ៍ថាភ័យខ្លាច ហើយយើងអត់ចង់ឱ្យការភ័យយខ្លាចរបស់យើងបន្តភ័យខ្លាចទៀតទេ […] ពួកយើងត្រូវការសិទ្ធិរបស់ពួកយើង ពួកយើងមិនត្រូវការការរឹតត្បិតទេ សូម្បីតែច្បាប់ក៏បានចែងការពារសិទ្ធិពួកយើងដែរ»។
ចំណែក ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោកស្រី អ៊ូ ទេពផល្លីន មើលឃើញថា ទម្រង់នៃការបើកលំហឱ្យស្ត្រីប្រើប្រាស់សិទ្ធិនេះ នៅមិនទាន់ពេញលេញនោះទេ។
លោកស្រីថា៖ «មកដល់បច្ចុប្បន្ននេះ យើងឃើញហើយថា ស្ថានភាពនៃការរំលោភសិទ្ធិស្ត្រីក៏កើតមានច្រើនដែរ ដូចជារឿងសិទ្ធិការងារ ដូចជា ការបង្កើតសាច់រឿងផ្សេងៗ ចោទប្រកាន់ថ្នាក់ដឹកនាំសហជីព ចំពោះកម្មករផ្សេងៗទៀតដែលប្រើប្រាស់សិទ្ធិក្នុងការចងក្រងសហជីពហ្នឹង ក៏ពិបាកនៅក្នុងការចងក្រងសហជីព ដោយសារទម្រង់ និងបែបបទនៅក្នុងការចងក្រងសហជីពហ្នឹង វាអត់ទាន់បានអនុវត្តទៅបានទូលំទូលាយ»។
លោកស្រី ផល្លីន បន្តទៀតថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈនៅក្នុងការបំពេញសិទ្ធិស្ត្រីឱ្យបានពេញលេញ នោះគឹជារឿងងាយស្រួលនោះទេ ហើយប្រសិនបើថ្នាក់ដឹកនាំមានឆន្ទៈ មន្ត្រីក្រោមឱវាទក៏ផ្លាស់ប្តូរលឿនដែរ។
លោកស្រីថា៖ «រដ្ឋាភិបាលត្រូវមានឆន្ទៈ មិនមែនរឿងនេះយើងធ្វើមិនបានទេ គឺធ្វើបាន រឿងអ្វីក៏ដោយ ក៏យើងធ្វើបានដែរ គ្រាន់តែរឿងមួយចូលទេ គឺឆន្ទៈនៅក្នុងការបើកចំហសិទ្ធិសេរីភាពឱ្យកម្មករ ឬសកម្មជនទាំងអស់គ្នា គាត់មានសិទ្ធិប្រើប្រាស់សិទ្ធិសេរីភាពខ្លួនឯង នៅពេលដែលរដ្ឋាភិបាលមិនបានបំពេញកិច្ច មានតែប្រជាពលរដ្ឋទាមទារ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា បច្ចុប្បន្នមានការរិះគន់ជាច្រើន អំពីការរិតត្បឹតសិទ្ធិសេរីភាពរបស់ពលរដ្ឋ ជាពិសេសសិទ្ធិនៅក្នុងការជួបជុំ ប្រមូលផ្តុំដោយសន្តិវិធី សិទ្ធិនៅក្នុងការបញ្ចេញមតិ សិទ្ធិនៅក្នុងការបង្កើតសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហជីពជាដើម។
លោកបន្ថែមថា៖ «អញ្ចឹងការលើកឡើងរបស់ពលរដ្ឋនេះ ក៏ជាការទាមទារដើម្បីឱ្យមានការអភិវឌ្ឍទៅតាមសិទ្ធិសេរីភាពជាមូលដ្ឋានឱ្យបានពេញលេញសម្រាប់ពលរដ្ឋ ដែលសិទ្ធិទាំងអស់នេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលកម្ពុជាបានទទួលស្គាល់ ជាពិសេសសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយ»។
គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត ព្រមទាំងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែរ ប៉ុន្តែមិនមានការឆ្លើយតប។
តែយ៉ាងណា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសពីការគ្រោងដាក់ចេញនូវវិធានការអាទិភាពចំនួន៨ ដើម្បីលើកកម្ពស់ស្រី្ត និងកុមារី ក៏ដូចជាសិទ្ធិចូលរួមដោយស្មើភាពជាមួយនឹងបុរស ស្របពេលទិវាសិទ្ធិនាទីអន្តរជាតិខិតចូលមកដល់។
តាមរយៈវីដេអូប្រមាណជិត២០នាទីលើទំព័រហ្វេសប៊ុកផ្លូវការ លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា វិធានការជាអាទិភាពទាំង៨នោះ មានដូចជា ការរៀបចំគោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពក្នុងការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្រ្តីនិងក្មេងស្រី ការគាំទ្រដល់សហគ្រិនស្ត្រី ពង្រឹងពង្រីកប្រព័ន្ធគាំពារសង្គម ព្រមទាំងការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល។ ក្រៅពីនោះ រដ្ឋាភិបាលក៏នឹងយកចិត្តទុកដាក់ និងជំរុញដល់គ្រប់ដៃគូពាក់ព័ន្ធក្នុងការលើកកម្ពស់កម្មវិធីតុល្យភាពជីវិតគ្រួសារនិងការងារ ដើម្បីកាត់បន្ថយការងារស្រ្តី និងក្មេងស្រី បន្តលើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងសខុដុមរមនានៅក្នុងគ្រួសារ។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា រដ្ឋាភិបាលក៏នឹងដាក់ចេញនូវវិធានការភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី និងពិនិត្យលទ្ធភាពនិងវិធានការគោលនយោបាយសមស្របដែលអនុញ្ញាតឱ្យស្រ្តីជាអភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌផងដែរ។
គួរបញ្ជាក់ថា ទិវាសិទ្ធិនារីអន្តរជាតិ បានប្រារព្ធលើកទីមួយ គឺនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩១១ ប៉ុន្តែក្រោយមកក៏បានប្តូរមកប្រារព្ធនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំវិញ នៅទូទាំងពិភពលោក។ ទិវានេះ គឺជានិម្មិតរូបនៃការតស៊ូទាមទារសិទ្ធិសេរីភាពរបស់ស្ត្រី ប្រឆាំងនឹងការរើសអើងផ្លូវភេទ ព្រមទាំងអសមភាពទាំងអស់រវាងបុរស និងស្ត្រី។ មុននឹងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ រហូតសព្វថ្ងៃនេះ គឺមានការតស៊ូប្រឹងប្រែង អស់ប្រមាណមួយសតវត្ស ពីសំណាក់សកម្មជន ដើម្បីឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតសង្គម ក្នុងការទទួលស្គាល់សិទ្ធិរបស់ស្ត្រី៕