សកម្មជនជាស្ត្រី កម្មការិនី សហជីព និងសង្គមស៊ីវិលមួយចំនួន ស្នើ​ដល់​រាជរដ្ឋាភិបាល បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​លើកកម្ពស់សិទ្ធិស្ត្រីឱ្យ​បាន​ប្រសើរជាងមុខ ដោយពួកគាត់​ថា​​​នៅ​​មិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញនៅឡើយ ដោយសារស្ថានភាពសង្គមនៅមានការ​រឹតត្បិត។​

ការស្នើនេះ បានធ្វើ​ឡើង​ខណៈដែលពួកគេ​បាន​ចូលរួម​អបអរទិវានាទី​អន្តរជាតិ នៅ​ទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅ​​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដែល​​រៀបចំឡើង​ដោយក្រុមអង្គការសង្គម​ស៊ីវិល ក្រោមប្រធានបទ «ធានាសិទ្ធិស្ត្រី និងក្មេងស្រី ដើម្បីស្ថេរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» ដែលមាន​អ្នកចូលរួមប្រមាណ ២០០នាក់។

តំណាងសហគមន៍៩២ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ  អ្នកស្រី ស៊ិន ស៊ីនួន បានលើកឡើងថា បច្ចុប្បន្ន​​ អ្នកស្រីនៅ​មិនទាន់អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានពេញលេញនោះទេ ជាពិសេសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដោយសារតែមានការរឹត​ត្បិត​សិទ្ធិ​សេរីភាព​។

អ្នកស្រីលើកឡើងថា៖ «បំណងរបស់យើងទាំងអស់គ្នា គឺយើងចង់បានសិទ្ធិនៅក្នុងការនិយាយស្តី​របស់យើង​ឱ្យមានសេរីភាព រិះគន់ដើម្បីស្ថាបនា ដើម្បីឱ្យរាជរដ្ឋាភិបាល លោកគិតត្រឡប់មកវិញថា ប្រជាពលរដ្ឋរបស់ខ្លួនចង់បានអី បើយើងនិយាយ​នៅ​ផ្ទះ​យើង គឺមានបញ្ហា ប៉ុន្តែបើយើងមកនិយាយនៅទីនេះ យើងត្រូវការអ្វី ប៉ុន្តែឱកាសរបស់យើងវាតិចពេក»។

តំណាងសហគមន៍រថភ្លើង នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញអ្នកស្រី កែវ បុប្ផា ចង់ឱ្យរដ្ឋាភិបាលលើកកម្ពស់សិទ្ធិស្ត្រីដូចមានចែងនៅក្នុងច្បាប់កំពូលនៃប្រទេសកម្ពុជា។

អ្នកស្រីនិយាយថា៖ «ពីមុនមកយើងមានទុក្ខកង្វល់អ្វី យើងអត់បានផ្សព្វផ្សាយទៅរដ្ឋាភិបាល​ដឹង​ទេ ព្រោះយើងមិនដឹងថា​ធ្វើ​តាម​រយៈណា បើយើងចូលរួមនេះ យើងមានវាចាអ្វីដែលជាទុក្ខកង្វល់ យើងតែងតែផ្តាំផ្ញើទៅរាជរដ្ឋាភិបាល​អាណត្តិទី៧ ថាប្រជាពលរដ្ឋមិនទាន់មានសិទ្ធិពេលលេញ អញ្ចឹង​សូមឱ្យគាត់លើកកម្ពស់ស្រ្តី​ ឱ្យដូចពាក្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែ​សព្វថ្ងៃមិនទាន់ពេញលេញទេ ព្រោះនៅមានការគាបសង្កត់ ហើយកន្លែងខ្លះរើសអើងស្រ្តីទៀត សូមឱ្យការអនុវត្តច្បាប់ស្មើភាពគ្នា រវាងបុរសនិងស្រ្តី អ្នកមានអំណាច និងអ្នកក្រ សូមឱ្យបានស្មើៗគ្នា»។

ស្ថិត​នៅក្នុងវ័យ ៤២ឆ្នាំ និងជាកូដករដែលកំពុងតស៊ូមតិទាមទារសិទ្ធិការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ជិត ៣ឆ្នាំមក​ហើយ អ្នកស្រី រី សុវណ្ណឌី ចង់ឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិ​សេរីភាពនៅក្នុងការទាម​ទារ​យុត្តិធម៌ និងជួយអន្តរាគមន៍ក្នុងករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងឱកាសទិវាសិទ្ធិនារី។ អ្នកស្រីបន្តថា អ្នកស្រីធ្វើការតស៊ូមតិនៅកន្លែងការងារនេះ គឺអ្នកស្រីចង់បានតែយុត្តិ​ធម៌​នោះ​ទេ។

អ្នកស្រីថ្លែងថា៖ «សុំឱ្យផ្តល់ឱ្យពួកយើងមានសិទ្ធិសេរីភាព ក្នុងការទាមទារយុត្តិធម៌នៅកន្លែងការងារ ព្រោះដោយសារកន្លែងរាល់ថ្ងៃគ្រប់ទីកន្លែង គឺសិទ្ធិសហជីព សិទ្ធិសេរីភាពនៅកន្លែងការងារ ដែលជាសិទ្ធិប្រមូលផ្តុំរបស់កម្មករ ដើម្បីទាមទារសិទ្ធិសេរីភាពភាពជាមួយថៅកែហ្នឹងត្រូវបានរឹតត្បិត ហើយថៅកែហ្នឹងធ្វើទុក្ខបុកម្នេញ​រៀងរាល់ថ្ងៃហ្នឹង ហើយ​ស្នើរដ្ឋាភិបាល​ជួយ​អន្តរាគមន៍ មានតែរដ្ឋាភិបាលទេដែលអាចជួយអន្តរាគមន៍ និងដោះស្រាយជួយរកយុត្តិធម៌ឱ្យយើងបាន»

កម្មការិនីរោងចក្រមួយកន្លែងនៅខេត្តកណ្តាល អ្នកស្រី វ៉ាន់ ថាណា យល់ថា ស្ត្រីនៅ​ក្នុង​សង្គមសព្វ​ថ្ងៃ មិនទាន់យល់ដឹងអំពីសិទ្ធិរបស់ខ្លួនបានច្បាស់នោះទេ ព្រោះពួកគាត់នៅមានភាពភ័យខ្លាច ព្រោះតែពួកគេបានមើលឃើញគំរូនៃភាពតស៊ូរបស់ក្រុមយុវជនដែលតែងតែត្រូវគេធ្វើបាប។​

អ្នកស្រីថ្លែងថា៖ «ថ្ងៃនេះ[ថ្ងៃទី៨ ខែមីនា]ជាថ្ងៃសិទ្ធិរបស់យើងទាំងអស់គ្នា ហើយក៏ចង់ទាមទារសិទ្ធិរបស់ពួកយើង ៨ ខែ​មីនា មិនមែនយើងមានសិទ្ធិតែមួយថ្ងៃនេះទេ យើងមានសិទ្ធិជារៀងរាល់ថ្ងៃ តែដោយសារសង្គមយើងឥលូវ​រង​ភាពអយុត្តិ​ធម៌​ច្រើន នៅពេល​ដែល​យើង​បញ្ចេញមតិទៅ តែងតែមានសម្ពាធ តែងតែបិទសិទ្ធិរបស់ពួកយើង យើងបញ្ចេញមតិទៅវាមានគេគំរាមកំហែង ចឹងវាមានអារម្មណ៍ថាភ័យខ្លាច ហើយយើងអត់ចង់ឱ្យការភ័យយខ្លាចរបស់យើងបន្តភ័យខ្លាចទៀតទេ […] ពួកយើងត្រូវការសិទ្ធិរបស់ពួកយើង ពួកយើងមិនត្រូវការការរឹតត្បិតទេ សូម្បីតែច្បាប់ក៏បានចែងការពារសិទ្ធិពួកយើងដែរ»។

ចំណែក ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក​ស្រី អ៊ូ ទេពផល្លីន មើលឃើញថា ទម្រង់នៃការបើកលំហឱ្យស្ត្រីប្រើប្រាស់សិទ្ធិនេះ នៅ​មិនទាន់ពេញលេញនោះទេ។

លោក​​ស្រី​ថា៖ «មកដល់បច្ចុប្បន្ននេះ យើង​ឃើញហើយ​ថា ស្ថានភាពនៃការរំលោភសិទ្ធិស្ត្រីក៏កើតមានច្រើនដែរ ដូចជារឿងសិទ្ធិការងារ ដូចជា ការបង្កើតសាច់រឿងផ្សេងៗ ចោទប្រកាន់ថ្នាក់ដឹកនាំសហជីព ចំពោះកម្មករផ្សេងៗទៀតដែលប្រើប្រាស់សិទ្ធិក្នុងការចងក្រងសហជីពហ្នឹង ក៏ពិបាកនៅក្នុងការចងក្រងសហជីព ដោយសារទម្រង់ និងបែបបទនៅក្នុងការចងក្រងសហជីពហ្នឹង វាអត់ទាន់បានអនុវត្តទៅបានទូលំទូលាយ»។

លោកស្រី ផល្លីន បន្តទៀត​ថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈនៅក្នុងការបំពេញ​សិទ្ធិ​ស្ត្រីឱ្យ​បានពេញ​លេញ នោះគឹជារឿងងាយស្រួលនោះទេ ហើយប្រសិន​បើ​ថ្នាក់​ដឹកនាំ​មាន​ឆន្ទៈ មន្ត្រីក្រោមឱវាទក៏ផ្លាស់ប្តូរលឿនដែរ។​

លោក​ស្រីថា៖ «រដ្ឋាភិបាល​ត្រូវមានឆន្ទៈ មិនមែនរឿងនេះយើងធ្វើមិនបានទេ គឺធ្វើបាន រឿងអ្វីក៏ដោយ ក៏យើងធ្វើបានដែរ គ្រាន់តែរឿងមួយចូលទេ គឺឆន្ទៈនៅក្នុងការបើកចំហសិទ្ធិសេរីភាពឱ្យកម្មករ ឬសកម្មជនទាំងអស់គ្នា គាត់មានសិទ្ធិប្រើប្រាស់សិទ្ធិសេរីភាពខ្លួនឯង នៅពេលដែលរដ្ឋាភិបាលមិនបានបំពេញកិច្ច មានតែប្រជាពលរដ្ឋទាមទារ»

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅនៃអង្គ​ការការពារសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត សង្កេតឃើញថា បច្ចុប្បន្នមានការរិះគន់ជាច្រើន អំពីការរិតត្បឹតសិទ្ធិសេរីភាពរបស់ពលរដ្ឋ ជាពិសេសសិទ្ធិនៅក្នុងការជួបជុំ ប្រមូលផ្តុំដោយសន្តិវិធី សិទ្ធិនៅក្នុងការបញ្ចេញមតិ សិទ្ធិនៅក្នុងការបង្កើតសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហជីពជាដើម​។

លោកបន្ថែមថា៖ «អញ្ចឹងការលើកឡើងរបស់ពលរដ្ឋនេះ ក៏ជាការទាមទារដើម្បីឱ្យមានការអភិវឌ្ឍ​ទៅតាមសិទ្ធិសេរីភាពជាមូលដ្ឋាន​ឱ្យបានពេញលេញសម្រាប់ពលរដ្ឋ ដែលសិទ្ធិទាំងអស់នេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្តីពី​សិទ្ធិមនុស្សដែលកម្ពុជាបានទទួលស្គាល់ ជាពិសេសសេចក្តីថ្លែងការណ៍​ជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយ»។

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការ​អត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត ព្រមទាំង​លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែរ ប៉ុន្តែមិនមានការឆ្លើយតប។

តែយ៉ាងណា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាស​ពីការ​​គ្រោងដាក់ចេញនូវវិធានការអាទិភាពចំនួន៨ ដើម្បីលើកកម្ពស់​ស្រី្ត និងកុមារី ក៏ដូចជាសិទ្ធិចូលរួមដោយស្មើភាពជាមួយនឹងបុរស ស្រប​ពេល​ទិវាសិទ្ធិនាទីអន្តរជាតិ​ខិត​ចូល​មក​ដល់​។

តាមរយៈវីដេអូប្រមាណជិត២០នាទីលើទំព័រហ្វេសប៊ុក​ផ្លូវការ លោក​នាយក​រដ្ឋមន្រ្តី បានបញ្ជាក់ថា វិធានការ​ជាអាទិភាពទាំង​៨នោះ មានដូចជា​​​​ ការរៀបចំ​​គោល​នយោបាយ​ជាតិ​ស្តី​ពី​សមភាព​​យេនឌ័រ​ ​ដើម្បី​ពង្រឹង​និង​ពង្រីក​វិសាលភាព​ក្នុង​ការ​បញ្ជ្រាប​​​យេនឌ័រ ​និង​បង្កើន​ភាព​អង្គអាច​ដល់​ស្រ្តី​និង​ក្មេង​ស្រី​ ការគាំទ្រ​ដល់​សហគ្រិន​ស្ត្រី​ ពង្រឹង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម ព្រមទាំងការ​ដោះស្រាយ​គម្លាត​យេនឌ័រ​ក្នុង​វិស័យ​ឌីជីថល។ ក្រៅពីនោះ រដ្ឋាភិបាលក៏​នឹង​យក​ចិត្ត​ទុកដាក់​ និង​ជំរុញ​​ដល់​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​លើក​កម្ពស់​កម្មវិធី​តុល្យភាព​ជីវិត​គ្រួសារ​និង​ការងារ ​ដើម្បី​កាត់​បន្ថយ​ការងារ​ស្រ្តី ​និង​ក្មេងស្រី ​បន្ត​លើក​​កម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្រ្តី​ និង​សខុដុម​រមនា​នៅ​ក្នុង​គ្រួសារ។

លោក​នាយករដ្ឋមន្ត្រី ​បាន​​បន្ថែម​ថា​ ​រដ្ឋាភិបាលក៏​​នឹង​ដាក់​ចេញ​នូវ​វិធានការ​ភាព​ជា​អ្នក​ដឹកនាំ​របស់​​ស្ត្រី​​និង​​ក្មេង​ស្រី ​និង​ពិនិត្យ​លទ្ធភាព​និង​វិធានការ​គោលនយោបាយ​សមស្រប​ដែល​អនុញ្ញាត​ឱ្យ​​ស្រ្តី​ជា​អភិបាលរង​​នៃ​គណៈ​អភិបាល​​រាជធា​នី​​ ខេត្ត ​ក្រុង ស្រុក​ ​​​ខណ្ឌ​​ផង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ទិវាសិទ្ធិនារីអន្តរជាតិ បានប្រារព្ធលើកទីមួយ គឺនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ​១៩១១ ប៉ុន្តែក្រោយមក​ក៏បាន​ប្តូរ​មក​ប្រារព្ធ​នៅថ្ងៃទី​៨ ខែមីនា ជារៀងរាល់ឆ្នាំវិញ នៅទូទាំង​ពិភពលោក។ ទិវានេះ គឺជានិម្មិត​រូប​នៃ​ការ​តស៊ូទាមទារសិទ្ធិសេរីភាពរបស់ស្ត្រី ប្រឆាំងនឹងការរើសអើងផ្លូវភេទ ព្រមទាំងអសមភាពទាំងអស់រវាងបុរស និងស្ត្រី។ មុននឹងមានការទទួលស្គាល់ជាលក្ខណៈ​អន្តរជាតិ រហូតសព្វថ្ងៃនេះ គឺមាន​ការតស៊ូប្រឹងប្រែង អស់ប្រមាណ​មួយ​សតវត្ស ពីសំណាក់សកម្មជន​ ដើម្បី​​ឱ្យ​​​មាន​ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ក្នុងការទទួលស្គាល់សិទ្ធិរបស់​ស្ត្រី៕