ឥណទាន​ប្រាក់រៀល និងបញ្ញើប្រាក់រៀល​ មានការកើន​ឡើង​ក្នុងឆ្នាំ​២០២៣ ដោយសារវិស័យ​មីក្រូហិរញ្ញវត្ថុ។ នេះ​បើយោងតាម​សេចក្តី​ប្រកាស​​ព័ត៌មាន​របស់​សមាគមមី​ក្រូហិរញ្ញវត្ថុកម្ពុជា​។ ​

សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុ​ជួយជំរុញ​កំណើន​ប្រើ​ប្រាស់​ប្រាក់​រៀល​ក្នុងឆ្នាំ​២០២៣»  ចេញថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បញ្ជាក់ថា កាលពីឆ្នាំ២០២៣​កន្លង​មកនេះ ឥណទានជាប្រាក់រៀលកើន​ដល់២៥%​នៃផល​បត្រឥណទាន​សរុប ហើយ​​បញ្ញើ​ប្រាក់រៀល​ កើតឡើងដល់​១៦%នៃប្រាក់បញ្ញើសុរប។ ការណ៍​នេះ​បង្ហាញពីទំនុកចិត្ត​នៃប្រជាជន​លើការប្រើប្រាស់​រូបិយប័ណ្ណជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាននេះ​ បន្ថែមទៀត​ថា ប្រាក់បញ្ញើជា​ប្រាក់រៀល​តាមគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ (MDI) ទាំង៤ បានកើតឡើងដល់ ១,៥២​ពាន់​ពាន់លានរៀលនៃ​សមតុល្យឥណទាន​ប្រាក់រៀល​សរុប​ ៥,៥៦ពាន់ពាន់លានរៀល។ ការកើនឡើងនេះ បញ្ចាក់ពីការចូលចិត្តសន្សំ​ប្រាក់រៀល​របស់​សាធារណ​ជន​។​

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង​ភាគី​ពាក់ព័ន្ធ បាន​បង្កើន​ការយល់​ដឹង​ពី​ការប្រើប្រាស់​ប្រាក់​រៀល​ដល់​សាធារណជន និង​ផ្គួច​ផ្តើ​មគំនិតពី​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ ដើម្បីជំរុញ​ប្រតិបត្តិការ​ទូ​ទាត់​តាមឌី​ជីថល​ជា​ប្រាក់រៀល ដោយក្នុងនោះ​ការទូទាត់ប្រាក់រៀល​តាមប្រព័ន្ធ​បាគង់​ មានការ​កើនឡើង​៣.៤​ដង​ ជាង​ការទូទាត់​ជា​ប្រាក់ដុល្លារ​។ នេះតាមរយៈសេចក្តីប្រកាសព័ត៌មានដដែល​។

លោកស្រី ឌិត នីត ប្រធាន​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា លើកឡើង​ថា៖ «​វិធីសាស្ត្រ​ដ៏មាន​ប្រសិទ្ធភាព​ដែល​សមាជិក​របស់យើង​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០២៣ ត្រូវបាន​រៀប​ចំឡើង​ដើម្បី​លើកកម្ពស់​តួនាទី​របស់​ប្រាក់​​រៀល​ក្នុង​ប្រតិបតិ្ត​ការហិរញ្ញវត្ថុ​ និងធ្វើឲ្យ​ទំនាក់ទំនង​រវាង​សហគមន៍​ និងរួបិយប័ណ្ណ​ជាតិ​ កាន់តែ​មានភាពស៊ី​ជម្រៅ​។ កិច្ច​ខិតខំប្រឹង​ប្រែង​នេះ មានសារៈសំខាន់​ណាស់ ក្នុងការបង្កើត​ប្រព័ន្ធអេកូឡូ​ស៊ីនៃវិស័យ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាបន្ននិងមានភាពធន់»។ នេះ​បើតាម​សម្រង់សម្តីផ្ទាល់របស់​លោកស្រី​ក្នុងសេចក្តីប្រកាស​ព័ត៌មាន​។

គួរ​រំឮកថា នៅក្នុងសិក្ខា​សាលា​ស្តីពី «ខួប​លើកទី៤៤ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និង​ប្រព័ន្ធបាគង» កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ លោក​ស្រី​ ជា សីរី ទេសាភិបាលធនាគារជាតិ បញ្ជាក់ថា ទំហំប្រាក់រៀលក្នុងចរាចរណ៍​ កើនឡើងជា​មធ្យម ១៥% ក្នុង​រយៈ​ពេល​២ទសវត្ស​ចុងក្រោយនេះ៕​