ក្រសួងអប់រំ យុវជន និងកីឡា គឺជាស្ថាប័នរដ្ឋដែលមានតួនាទីទទួលបន្ទុកវិស័យអប់រំនៅកម្ពុជា។បើយោងតាមរបាយការណ៍ពីក្រសួងអប់រំ ឆ្នាំ២០១៨-២០១៩បង្ហាញថា សាលារៀនទូទាំងប្រទេសមានចំនួនសរុប ១៤.៥២២ ដែលក្នុងនោះមានសាលារដ្ឋចំនួន១៣.៣០០ និង សាលាឯកជនចំនួន១.២២២។
ញូសន៍រូមខេមបូឌា(Newsroom Cambodia) បានសម្ភាសប្រជាពលរដ្ឋចំនួន៥រូបដែលរស់នៅរាជធានីភ្នំពេញអំពីការយល់ឃើញចំពោះគុណភាពអប់រំរបស់សាលារដ្ឋ។
លោក ហែ ដារូ អាយុ ២១ឆ្នាំ ជានិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជំនាញនីតិសាស្ដ្រលើកឡើងថា គុណភាពអប់រំរបស់សាលារដ្ឋនៅមានកម្រិត ដោយសារកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ។ ចំណែកឯប្រព័ន្ធអប់រំភាគច្រើនរៀនតាមតែមេរៀននៅក្នុងសៀវភៅដោយមិនមានការបញ្ជូលមេរៀនពីខាងក្រៅនោះទេ។
លោកបន្ថែមថា៖ «នៅវិទ្យាល័យខ្លះក៏អត់មានសម្ភារៈ[សិក្សា] ដែរ។ មួយទៀតគុណភាពគ្រូរបស់យើងមិនទាន់ទូលំទូលាយណាស់ណាទេ គឺយើងនៅរៀនតាមគ្រូ គ្រូនិយាយម៉េចត្រូវតាមគ្រូ»។
អ្នកស្រី ឈួន គឹមលី អាយុ ៤០ឆ្នាំ ជាអ្នកលក់គុយទាវនៅលើផ្លូវ ឌួង ងៀប២ យល់ឃើញថា ការអប់រំនៅសាលារដ្ឋ មានគុណភាពល្អ ដោយសារក្រោយបញ្ចប់សិក្សា សិស្ស និស្សិតអាចទទួលបានសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួង។
អ្នកស្រីបញ្ជាក់ទៀតថា៖ «បើសិនជាសមត្ថភាពវិញ អ្នកដែលនៅសាលារដ្ឋមានសមត្ថភាពខ្លាំងជាងអ្នករៀន[នៅ]ឯកជន ហើយសំខាន់សាលារដ្ឋនីមួយៗគេផ្ដោតទៅលើសង្គមផងហើយអ្នកដែលរៀននៅសាលារដ្ឋមានអាទិភាពជាងសាលាឯកជនដោយសាររដ្ឋផ្ដល់សិទ្ធិឱ្យសិស្សដែរ សិក្សានៅសាលារដ្ឋច្រើន»។
អ្នកស្រីបន្ដថា ភាពខ្លាំងឬខ្សោយ គឺអាស្រ័យទៅលើសមត្ថភាព និងការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សម្នាក់ៗ។
អ្នកស្រីបន្ថែមថា៖ «មិនថាតែសិស្សដែររៀននៅសាលារដ្ឋ និងសាលាឯកជនឱ្យតែខំប្រឹងរៀន គឺខ្លាំង»។
លោក ញិហ៍ រដ្ឋា អាយុ ៣១ឆ្នាំ ជាអ្នកលក់ទឹកអំពៅនៅលើផ្លូវ ឌួង ងៀប២ យល់ឃើញថា គុណភាពអប់រំសាលារដ្ឋគឺល្អ ប៉ុន្ដែមានចំណុចខ្វះខាតខ្លះដោយសារសិស្សមួយចំនួនរស់នៅឆ្ងាយពីសាលាត្រូវសុំគេជិះ ឬត្រូវដើរទៅសាលាពេលខ្លះអត់មានអីជិះទៅសាលារៀនក៏មាន។
លោកបន្ថែមថា៖« ថ្វីត្បិតតែមានការខ្វះខាតបន្ដិច ប៉ុន្ដែការចំណេញសម្រាប់សិក្សាមិនសូវអស់លុយច្រើន»។
លោក ថូយ ចន្ថា អាយុ ២៧ ឆ្នាំ ជាបុគ្គលិកនៅ សមាគមបណ្ដាញយុវជនកម្ពុជា(CYN)លើកឡើងថា គុណភាពអប់រំសាលារដ្ឋនៅថ្នាក់បឋម និងវិទ្យាល័យនៅមានកម្រិតដោយសារការបង្រៀនរបស់គ្រូចាស់ៗ[គ្រូពីមុន]ភាគច្រើននៅបង្រៀនតាមបុរាណ[ទំនៀមទម្លាប់] ចំណែកឯគ្រូក្មេងៗ[គ្រូបច្ចុប្បន្ន] គឺមានតិចនិចមួយចំនួនថ្មីៗ។ លោកលើកឡើងថា សម្រាប់សិស្សណាដែលរៀនតាមគេទាន់ក៏រៀនចេះ ហើយអ្នកដែលតាមគេមិនទាន់ ក៏រៀនមិនចេះ។ លោកថា សិស្សមួយចំនួនទៀត បើទោះជារៀនដល់កម្រិតសាកលវិទ្យាល័យក៏ដោយ ក៏នៅមិនទាន់ចេះអានអក្សរនៅឡើយ។
លោកបន្ថែមទៀតថា៖ « ប្រសិនបើសិស្សនោះមិនបានទៅរៀនគួរបន្ថែមទេ គឺសិស្សអត់ចេះទេ តម្រូវឱ្យទៅរៀនគួរបន្ថែម ជាពិសេសមុខវិជ្ជាទាក់ទងទៅនឹងវិទ្យាសាស្ដ្រមាន គណិត រូប គីមី បើមិនបំប៉នគឺមិនទាន់គេទេ»។
លោក ថូយ ចន្ថា ស្នើឲ្យរដ្ឋាភិបាលរៀបចំឱ្យមានការសិក្សាពេញមួយថ្ងៃ និងគប្បីពង្រឹងសមត្ថភាពគ្រូបង្រៀន។
លោកបញ្ជាក់ទៀតថា៖ «បើសិនជារដ្ឋបើកឱ្យរៀនពេញមួយថ្ងៃ វាជារឿងល្អ[…] អ្វីដែលគួរបន្ថែម គឺទាក់ទងទៅនឹងគ្រូ។ ពង្រឹងឱ្យបានខ្លាំងពីព្រោះគ្រូខ្លះអាងថារៀនគួរគាត់អត់សូវបង្ខំបង្រៀននៅថ្នាក់រដ្ឋទេ គឺបង្រៀនលំៗ»។
លោក ម៉េង ហេង អាយុ ៦៨ឆ្នាំ ជាអ្នកលក់ដូរនៅក្បែរវិទ្យាល័យជាស៊ីមបឹងកេងកង បានលើកឡើងថា កម្មវិធីអប់រំនៅកម្ពុជា មានសៀវភៅច្រើនក្បាលពេក ធ្វើឱ្យកុមារពិបាកចាប់យកមេរៀន ជាហេតុធ្វើឱ្យគុណភាពអប់រំនៅសាលារដ្ឋមិនសូវមានគុណភាព។
លោកបន្ថែមទៀតថា៖ «ការអប់រំវាមានច្រើនផ្នែកច្រើនមុខពេកគ្រាន់តែថ្នាក់ទី១មួយមុខមានសៀវភៅច្រើនដូច្នេះក្មេងចាប់មិនសូវបានទេ។ គ្រាន់តែសៀវភៅគោលក្នុងមួយម៉ោងរៀនមិនចង់ចប់ផង[…]»៕