ក្រសួង​អប់រំ​ យុវជន​​ និង​កីឡា ​គឺ​ជា​ស្ថាប័ន​​រដ្ឋ​​ដែល​មាន​តួ​នាទី​​ទទួល​​បន្ទុក​​វិស័យ​អប់រំ​​នៅ​កម្ពុជា​​។​បើយោង​តាម​របាយការណ៍ពីក្រសួងអប់រំ ​ឆ្នាំ២០១៨-២០១៩​បង្ហាញថា​ សាលារៀន​ទូទាំង​ប្រទេស​មានចំនួនសរុប​ ១៤.៥២២ ដែលក្នុងនោះ​មានសាលារដ្ឋចំនួន១៣.៣០០ និង សាលា​ឯកជនចំនួន១.២២២។

ញូសន៍រូមខេមបូឌា(Newsroom Cambodia)​ បានសម្ភាស​ប្រជាពលរដ្ឋ​ចំនួន៥រូបដែលរស់នៅ​រាជធានីភ្នំពេញ​​អំពីការយល់ឃើញចំពោះ​គុណភាពអប់រំរបស់សាលារដ្ឋ។

លោក ហែ ដារូ អាយុ ២១ឆ្នាំ ជានិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ ជំនាញ​នីតិសាស្ដ្រ​​​​​​​​​លើកឡើងថា គុណភាពអប់រំរបស់សាលារដ្ឋនៅមានកម្រិត ដោយសារកម្ពុជា​​ ជា​ប្រទេស​​​​កំពុង​អភិវឌ្ឍ។​ ចំណែកឯ​ប្រព័ន្ធអប់រំភាគច្រើនរៀនតាមតែមេរៀននៅក្នុង​សៀវភៅដោយ​មិនមាន​ការបញ្ជូល​មេរៀន​ពី​ខាងក្រៅនោះទេ។

លោកបន្ថែមថា៖ «នៅវិទ្យាល័យខ្លះក៏អត់មានសម្ភារៈ[សិក្សា] ដែរ។ មួយទៀតគុណភាព​គ្រូ​របស់​យើង​មិនទាន់ទូលំទូលាយណាស់ណាទេ គឺយើងនៅរៀន​តាមគ្រូ គ្រូនិយាយ​ម៉េច​ត្រូវ​តាម​គ្រូ»។

លោក ហែ ដារូ (រូបថតដោយ សេង សុខហ៊ុន)

អ្នកស្រី ឈួន គឹមលី អាយុ ៤០ឆ្នាំ ជាអ្នកលក់គុយទាវនៅលើផ្លូវ ឌួង ងៀប២ ​យល់ឃើញថា ការ​អប់រំនៅសាលារដ្ឋ មាន​គុណភាព​ល្អ ​ដោយសារក្រោយបញ្ចប់សិក្សា សិស្ស និស្សិតអាចទទួល​បាន​សញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួង។

អ្នកស្រីបញ្ជាក់ទៀតថា៖ «បើសិនជាសមត្ថភាពវិញ អ្នកដែលនៅសាលារដ្ឋមានសមត្ថភាពខ្លាំង​ជាងអ្នករៀន[នៅ]ឯកជន ហើយសំខាន់សាលារដ្ឋនីមួយៗគេផ្ដោតទៅលើសង្គមផងហើយអ្នកដែលរៀននៅសាលារដ្ឋមានអាទិភាពជាងសាលាឯកជនដោយសាររដ្ឋផ្ដល់សិទ្ធិឱ្យសិស្សដែរ សិក្សានៅសាលារដ្ឋច្រើន»

អ្នកស្រីបន្ដថា ភាពខ្លាំងឬខ្សោយ​ គឺអាស្រ័យ​ទៅលើ​សមត្ថភាព​ និង​ការខិតខំប្រឹងប្រែង​រៀនសូត្រ​របស់​សិស្ស​ម្នាក់ៗ​។

អ្នកស្រីបន្ថែមថា៖ «មិនថាតែសិស្សដែររៀននៅសាលារដ្ឋ​ និងសាលាឯកជនឱ្យតែខំប្រឹងរៀន គឺខ្លាំង»។

អ្នកស្រី ឈួន គឹមលី (រូបថតដោយ សេង សុខហ៊ុន)

លោក ញិហ៍ រដ្ឋា អាយុ ៣១ឆ្នាំ ជាអ្នកលក់ទឹកអំពៅនៅលើផ្លូវ ឌួង ងៀប២ ​យល់ឃើញថា គុណភាពអប់រំសាលារដ្ឋគឺល្អ ប៉ុន្ដែមានចំណុចខ្វះខាតខ្លះ​ដោយសារសិស្សមួយ​ចំនួនរស់នៅ​ឆ្ងាយពីសាលាត្រូវសុំគេជិះ ឬត្រូវដើរទៅសាលា​ពេលខ្លះអត់មានអីជិះទៅសាលារៀនក៏មាន។

លោកបន្ថែមថា៖« ថ្វីត្បិតតែមានការខ្វះខាតបន្ដិច ប៉ុន្ដែការ​ចំណេញសម្រាប់សិក្សាមិនសូវអស់​លុយច្រើន»។

លោក ញិហ៍ រដ្ឋា (រូបថតដោយ សេង សុខហ៊ុន)

លោក ថូយ ចន្ថា អាយុ ២៧ ឆ្នាំ ជាបុគ្គលិកនៅ សមាគមបណ្ដាញយុវជន​កម្ពុជា(CYN)​លើកឡើង​ថា គុណភាពអប់រំសាលារដ្ឋ​នៅថ្នាក់បឋម​ និងវិទ្យាល័យនៅមានកម្រិត​ដោយសារ​ការបង្រៀនរបស់គ្រូចាស់ៗ[គ្រូពីមុន]ភាគច្រើន​នៅបង្រៀនតាមបុរាណ[ទំនៀមទម្លាប់] ​ចំណែក​ឯ​គ្រូក្មេងៗ[គ្រូបច្ចុប្បន្ន]​ គឺមានតិចនិច​មួយចំនួនថ្មីៗ។ លោកលើកឡើងថា សម្រាប់​សិស្សណា​ដែលរៀនតាមគេទាន់ក៏រៀនចេះ ហើយអ្នកដែលតាមគេមិនទាន់​ ក៏រៀនមិនចេះ។ លោកថា សិស្សមួយចំនួនទៀត បើទោះជារៀន​ដល់កម្រិត​សាកលវិទ្យាល័យក៏ដោយ ក៏នៅមិនទាន់ចេះអាន​អក្សរនៅឡើយ​។

លោកបន្ថែមទៀតថា៖ « ប្រសិនបើសិស្សនោះមិនបានទៅរៀនគួរបន្ថែមទេ គឺសិស្សអត់ចេះទេ តម្រូវឱ្យទៅរៀនគួរបន្ថែម ជាពិសេសមុខវិជ្ជាទាក់ទងទៅនឹងវិទ្យាសាស្ដ្រមាន គណិត រូប គីមី បើមិនបំប៉នគឺមិនទាន់គេទេ»។

លោក ថូយ ចន្ថា ស្នើឲ្យរដ្ឋាភិបាល​រៀបចំឱ្យមានការសិក្សាពេញមួយថ្ងៃ​ និងគប្បីពង្រឹង​សមត្ថភាព​គ្រូ​បង្រៀន។

លោកបញ្ជាក់ទៀតថា៖ «បើសិនជារដ្ឋបើកឱ្យរៀនពេញមួយថ្ងៃ វាជារឿងល្អ[…] អ្វីដែលគួរបន្ថែម គឺទាក់ទងទៅនឹងគ្រូ។ ពង្រឹងឱ្យបានខ្លាំងពីព្រោះគ្រូខ្លះអាងថារៀនគួរគាត់អត់សូវបង្ខំបង្រៀននៅ​ថ្នាក់រដ្ឋទេ គឺបង្រៀនលំៗ»

លោក ថូយ ចន្ថា (រូបថតដោយ សេង សុខហ៊ុន)

លោក ម៉េង ហេង អាយុ ៦៨ឆ្នាំ ជាអ្នកលក់ដូរ​នៅក្បែរវិទ្យាល័យជាស៊ីមបឹងកេងកង ​ បាន​លើក​ឡើង​​ថា កម្មវិធីអប់រំនៅ​កម្ពុជា មានសៀវភៅ​ច្រើនក្បាលពេក ធ្វើឱ្យកុមារពិបាកចាប់យកមេរៀន ជាហេតុធ្វើឱ្យ​គុណភាព​អប់រំ​នៅ​សាលារដ្ឋ​មិនសូវ​មានគុណភាព​។

លោកបន្ថែមទៀតថា៖ «ការអប់រំវាមានច្រើនផ្នែកច្រើនមុខពេក​គ្រាន់តែថ្នាក់ទី១មួយមុខ​មានសៀវភៅច្រើន​ដូច្នេះក្មេងចាប់មិនសូវបានទេ។​ ​គ្រាន់តែសៀវភៅគោលក្នុងមួយម៉ោង​រៀនមិនចង់ចប់ផង[…]»៕​

លោក ម៉េង ហេង (រូបថតដោយ សេង សុខហ៊ុន)