បច្ចុប្បន្ននេះ បច្ចេកវិទ្យា​ដើរតួរ​សំខាន់ក្នុងជីវិត​ប្រចាំ ជាពិសេសក្នុង​ការសិក្សា។ បច្ចេកវិទ្យា​ មិនត្រឹមតែជំរុញការ​សិក្សា​​ក្នុងថ្នាក់​រៀននោះទេ ថែមទាំងចូលរួមបង្កើន​ទំនាក់ទំនង​រវាង​គ្រូនិងសិស្ស​ និងរវាងសិស្សនិង​សិស្សទៀតផង។ បន្ថែមពីនេះ បច្ចេកវិទ្យា​ក៏ផ្តល់ឲ្យមានការ​ចែករំលែក​ព័ត៌មាន និងទិន្នន័យ​សម្រាប់​ការសិក្សា​ប្រកប​ដោយភាពរហ័ស និង​មានប្រសិទ្ធភាព​ខ្ពស់ផងដែរ។ ដូច្នេះ Newsroom Cambodia បានសម្ភាសយុវជន៥នាក់ ពីការយល់ឃើញ​ពាក់ព័ន្ធ​នឹងការ​ប្រើ​បច្ចេកវិទ្យា​ជំនួយដល់​ការសិក្សា​របស់ពួកគេ។

កញ្ញា គង់ ស៊ីថា វ័យ២១ឆ្នាំ និស្សិតឆ្នាំទី៣ ជំនាញគីមីវិទ្យានៃសកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ យល់ឃើញថា បច្ចេកវិទ្យា​បច្ចុប្បន្ននេះ​ ផ្តល់​ងាយស្រួលដល់ការ​ស្រាវជ្រាវលើមុខវិជ្ជា​ដែលកញ្ញា​កំពុងតែសិក្សា​ផ្ទាល់។

កញ្ញាថ្លែងថា៖​ «ខ្ញុំយល់ថាបច្ចេកវិទ្យា វាជួយដល់ខ្ញុំច្រើន​ ជាពិសេសនៅក្នុងការសិក្សា ជាពិសេសពេល​គ្រូ​ដាក់ Assignment (កិច្ចការស្រាវជ្រាវ​)ឲ្យ​ខ្ញុំ​ ឬខ្ញុំ​ត្រូវ Present (បទបង្ហាញ) អ្វីមួយ ត្រូវ​ research (ស្រាវជ្រាវ) អ្វីមួយ ចឹងបច្ចេកវិទ្យា​វាជួយខ្ញុំក្នុងការ research (ស្រាវជ្រាវ)[…] ទូលំ ទូលាយ​ច្រើន​មែនទែន​»។

កញ្ញា គង់ ស៊ីថា និស្សិតជំនាញគីមីវិទ្យានៃសកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ (រូបភាព៖ ហុង សេងលី)

កញ្ញា ងួន លីណា វ័យ២១ឆ្នាំ​ និស្សិតឆ្នាំ​៣ ជំនាញអក្សរ​សាស្ត្រ​ខ្មែរនៃ​សកលវិទ្យា​ល័យភូមិន្ទភ្នំពេញ មាន​ទស្សនៈ​លើរឿងនេះ​ថា ការប្រើប្រាស់​បច្ចេកវិទ្យា​ដូចជាកុំព្យូទ័រ​ ជួយកាត់​បន្ថយ​ពេល​វេលា​ចម្លង​​ឯកសារ​ពី​ប្រភពដើម​ទៅ​កាន់​កន្លែងផ្សេង​ៗ។

កញ្ញា​លើកឡើងថា៖ «វាជួយសម្រួល​ដល់ការធ្វើ​ Assignment (កិច្ចការស្រាវជ្រាវ​) អញ្ចឹងទៅ។ យើងមានកុំព្យូទ័រ​យើង​ស្រួលបង ព្រោះអីឯកសារខ្លះ​យើង​គ្រាន់តែ​ Copy (ចម្លង) ដាក់ក្នុង [Microsoft] ​Word ឬ Power Point វាស្រួល​»។​

កញ្ញាបន្ថែមទៀតថា ទោះបីជាការសិក្សា​ក្នុងជំនាញ​អក្សារសាស្ត្រខ្មែរ តែកញ្ញាមិនមានបញ្ហាក្នុងការ​ប្រើប្រាស់បច្ចេកវិទ្យា​ ដែលមានភាសាអង់គ្លេស​ជា​គោលនោះទេ។

កញ្ញាបញ្ចាក់ថា៖ «ផ្នែកអក្សរសាស្ត្រ[ខ្មែរ] អត់សូវមានជាភាសាអង់គ្លេសទេ ជាអក្សរខ្មែរទាំងអស់​ តែគ្រាន់តែ​​ជាភាសាអង់គ្លេស យើងពិបាកក្នុងការ​បកប្រែជាភាសាខ្មែរវិញ​»។

កញ្ញា ងួន លីណា និស្សិតជំនាញអក្សរ​សាស្ត្រ​ខ្មែរនៃ​សកលវិទ្យា​ល័យភូមិន្ទភ្នំពេញ (រូបភាព៖ ហុង សេងលី)

លោក យ៉ុង​ ស្រស់​  វ័យ២៣ឆ្នាំ និស្សិតជំនាញគ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃសកលវិទ្យា​ល័យ​ភូមិន្ទភ្នំពេញ​ យល់ចំពោះប្រធានបទនេះថា បច្ចេកវិទ្យាផ្តល់ភាព​ងាយស្រួល និងមិនធ្វើឲ្យខាតពេល​វេលា​ក្នុងការចែករំលែក​ព័ត៌មាន។

លោកថ្លែងថា៖ «យើង​អាច​ប្រមូល​ឯកសារ​ក្នុង​កុំព្យូទ័រ​ ឬក៏ទូរស័ព្ទហ្នឹង​ យើង​អាច​បាញ់ឯកសារ​អីបាន​​​​លឿនចឹង​ បើយើងគ្មានបច្ចេកវិទ្យា​អស់ហ្នឹងទេ​ យើង​ត្រូវ​ការ​ប្រមូល​ឯកសារ​ ត្រូវការ​រកឯកសារ​ ឬក៏​​ Copy (ចំលង) Share (ចែករំលែក) គ្នា ត្រូវការរយៈពេល​យូរ»។

លោកពន្យល់បន្ថែមពីភាពចាំបាច់នៃបច្ចេកវិទ្យាគិតទាំងកំព្យូទ័រ​ និង​អ៊ីនធឺណែត ​ក្នុង​ជំនាញដែលលោកកំពុងសិក្សាបច្ចុប្បន្ន​ថា៖ «យើងងាយស្រួលក្នុងការធ្វើ research (ស្រាវជ្រាវ) […] ដោយសារជំនាញហ្នឹង យើង​ research (ស្រាវជ្រាវ)ច្រើនចឹង​ មានការប្រើប្រាស់កុំព្យូទ័រ​ អ៊ិនធឺណែតហ្នឹង​ ត្រូវការជាចំាបាច់ ក្នុងការ​ធ្វើ​ research (ស្រាវជ្រាវ)»។

លោក យ៉ុង ស្រស់  និស្សិតជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ (រូបភាព៖ ហុង សេងលី)

លោក​ សយ សុខជា​ ជាអតីតសិស្ស​វិទ្យាល័យ​ភ្ញឺមាស​ ខេត្តតាកែវ យល់ឃើញថា​ បច្ចេកវិទ្យាមាន​សារៈសំខាន់​ដល់ការ​សិក្សាក្នុង​ពេលបច្ចុប្បន្ននេះ ទោះបីជារូបលោកផ្ទាល់មិនបាន​បន្ត​ការសិក្សាដល់ថ្នាក់​មហា​វិទ្យា​ល័យ​​ក៏ដោយ​។

លោកបញ្ចាក់ថា៖ «បច្ចេកវិទ្យាមាន​អត្ថ​ប្រយោជន៍​ច្រើ​ន ដូចជាវាយអត្ថ​បទ​ ការធ្វើកិច្ចការសាលា​ […] និងកិច្ចការផ្សេងៗ»។​

លោក​ សយ សុខជា​ អតីតសិស្ស​វិទ្យាល័យ​ភ្ញឺមាស (រូបភាព៖ ហុង សេងលី)

លោក ស៊ឹម​ ចាន់សុវណ្ណមុន្នី និស្សិតមកពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានទស្សនៈលើរឿងនេះថា បច្ចេកវិទ្យាបង្កើនភាពងាយក្នុងការសិក្សា ជាពិសេសក្នុងពេល ស្ថិតក្នុងស្ថានភាពនៃជម្ងឺរាតត្បាត។

លោកថ្លែងថា៖ «មានភាពងាយស្រួល ដូចពេលដែលយើងមានវិបត្តិកូវិដចឹង ប្រើប្រាស់បច្ចេកវិទ្យា​ចំបាច់សម្រាប់​ការសិក្សា»។

លោកលើកឡើងថា បច្ចេកវិទ្យាគឺជាបណ្តុំនៃព័ត៌មានសម្រាប់ការសិក្សា។

លោកបញ្ចក់ថា៖ «បច្ចេកវិទ្យាជាប្រភពព័ត៌មាន យើងចង់ដឹងអី អាចប្រាប់យើងបាន»៕​