បច្ចុប្បន្ន​ក្នុង​វិស័យសារព័ត៌មាន ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតមាតិកា ចម្រុះ និងផ្លាស់ប្តូរផ្នត់គំនិត​សង្គម​។ បើ​ទោះ​បីជាស្ត្រី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន​ និង ប្រឈមនឹងការ​វិនិច្ឆ័យ​​របស់​សង្គម​ក៏ដោយ​ ស្ត្រីអ្នកសារព័ត៌មានបានបង្ហាញពីភាពក្លាហាន​​ ភាព​​អត់ធ្មត់​ តស៊ូ​ និង​​ការ​​ប្តេជ្ញាចិត្ត​​ខ្ពស់​​ក្នុង​​ការ​​បំពេញ​​កាតព្វ​កិច្ច​​របស់​​ពួក​គេ​។ សរុបមក​ ស្ត្រី​អ្នកសារព័ត៌មាន​ពិតជា​បាន​បង្កើត​ឥទ្ធិពល​វិជ្ជមាន​ក្នុង​វិជ្ជាជីវៈ​នៃ​អ្នកសារព័ត៌មាន​កម្ពុជា​។

ខាង​ក្រោម​នេះ​ជា​កិច្ច​សម្ភាស​រវាង​កញ្ញា​ អ៊ុត​ រស្មី​ ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​កម្ពុជា​ ផ្នែក​ព័ត៌មាន​និង​គមនាគមន៍​ជា​មួយ​កញ្ញា​ ប៉ោក លក្ខិណា​ ជា​សិក្ខាកាម​របស់​ Newsroom Cambodia៖

Q៖ ជម្រាប​សួរកញ្ញា​!

A៖ ចាស ជម្រាបសួរ!

Q៖ តើ​កញ្ញា​អាច​ជួយ​ណែនាំ​ខ្លួន​បន្តិច​បាន​ទេ​ពី​​ប្រវត្តិ​សិក្សា​ និង​ការងារ​របស់​កញ្ញា​?

A៖ ចាស​ អរគុណ​ Newsroom Cambodia  នៅ​ក្នុង​ការ​មក​សម្ភាស​ទាក់ទងទៅ​នឹង​ប្រធាន​បទស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​។​ នាង​ខ្ញុំ​ឈ្មោះ​ អ៊ុត រស្មី ហើយ​ខ្ញុំ​បាន​បញ្ចប់ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ និង​គមនាគមន៍​ នៅ​សាកល​វិទ្យា​ល័យ​កម្ពុជា​។ សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ជា​ការី​នីពន្ធ​នៅ​សារព័ត៌មាន​ថ្មីៗ​២៥​។ សារព័ត៌មាន​ថ្មីៗ​២៥ ជា​បុត្រ​សម្ព័ន្ធ​របស់​សារព័ត៌មាន​ថ្មីៗ​ ប៉ុន្តែ​សារព័ត៌មាន​ថ្មីៗ២៥ គឺ​យើង​ផ្តោត​ទៅ​លើ​ការ​ផលិត​ជាវីដេអូ​ ព័ត៌មាន​បែប​កសិកម្ម ទេសចរណ៍​ និង SME (​​សហគ្រាស ខ្នាតតូច និងមធ្យម)។

Q តើ​អ្វី​ទៅ​ជា​មូល​ហេតុ​ដែល​នាំ​ឱ្យ​កញ្ញា​ចូល​ប្រឡូក​ជា​អ្នក​សារព័ត៌មាន​?

A៖ បើ​និយាយ​ពី​មូល​ហេតុ​នៃ​ការ​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ វា​អាច​ថា​ជា​រឿង​ចៃ​ដន្យ​។ ខ្ញុំ​បាន​ដាក់​អាហារូបករណ៍​ពីរ ឬបី​ កន្លែង។ ពេលនោះ​ក៏​បាន​ជាប់​អាហារូបករណ៍​នៅ​សាលា​ UC (សាកល​វិទ្យាល័យ​កម្ពុជា​) ផ្នែក​សារព័ត៌មាន​ និងគមនាគមន៍​។ នៅ​ពេល​ដែល​រៀន​ ខ្ញុំ​អត់​ចង់​ធ្វើ​ជា​អ្នក​សារព័ត៌មាន​ ដោយ​នៅ​ក្នុង​ក្តីស្រមៃ​គ្រាន់​តែ​ចង់​ធ្វើ​ជា​ MC (អ្នក​សម្រប​សម្រួល​កម្មវិធី) អ្នក​អាន​ព័ត៌មាន​នៅ​ទូរទស្សន៍។ នៅ​ក្នុង​អំឡុង​ពេល​ឆ្នាំ​ទី១​ ខ្ញុំ​មាន​ឱ​កាស​ហាត់​ការ​នៅ​វិទ្យុ​អាស៊ីអាគ្នេយ៍​ ហើយ​កាល​នោះ​គឺ​ជា​អ្នក​អាន​សារព័ត៌មាន​ ដែល​យើង​អត់​សូវ​ផ្តោត​លើ​ការ​សរសេរ​ មាន​ន័យ​ថា​យើង​កម្រ​សរសេរ​ណាស់​។ ហើយ​បន្ទាប់​មក​ទៀត​នៅ​ក្នុងឆ្នាំ​ទី​៤ ខ្ញុំ​ក៏​បាន​ឱកាស​ការងារ​មួយ​កន្លែង​ទៀត​ ​ បាន​​ន័យ​ថា​យើង​ធ្វើ​ពីរ​កន្លែងក្នុង​ពេល​តែ​មួយ។ [ការងារ​នោះ​] គឺ​ជា​ MC អាន​ព័ត៌មាន​នៅ​ទូរទស្សន៍​អនឡាញ​មួយ​។ […] បន្ទាប់​មកទៀត​ក៏​បាន​ជួប​ជាមួយ​លោកគ្រូ​ សុខ លីម​ ដែល​គាត់​ជា​សហ​ស្ថាបនិក​ នៅ​សារព័ត៌មាន​ថ្មី​ៗ​ ហើយ​គាត់​ក៏​ហៅ​សួរ​ថា​ ចង់​ធ្វើ​ការ​នៅ​សារព័ត៌មាន​​ថ្មីៗ​អត់​។ […] នៅពេលនោះ​ក៏គិត​មើល​រាង​យូរដែរ បន្ទាប់​មក​ក៏​គិត​ថា​ចូល​សារព័ត៌មាន​ថ្មីៗ​ គោលបំណង​ចង់​ចេះ​សរសេរ​ ដើម្បី​រៀន​សរសេរ​ទេ​។ អញ្ចឹង​ក៏ជាប់​មក​ដល់​សព្វ​ថ្ងៃ​។ ខ្ញុំ​ចូល​សារព័ត៌មាន​ថ្មីៗ​នៅ​ចុង​ឆ្នាំ​២០១៩ មុន​ពេល​កូវីដ​បន្តិច​ក្នុង​អំឡុង​ខែ​៩ ឬខែ​១០​។ មក​ដល់​ពេល​នេះ​ វា​មាន​រយៈពេល​ ៤ឆ្នាំ​ហើយ​។

Q៖​ តើ​អ្នក​សារព័ត៌មានស្ត្រី​ណា​ខ្លះ​ដែល​លោក​ស្រី​ស្គាល់ ហើយ​ស្ញប់​ស្ញែង​? ហេតុ​អ្វី?

A៖ បើនិយាយ​ពី​ស្គាល់​អ្នក​សារព័ត៌មាន​ស្ត្រី​​ ខ្ញុំ​ស្គាល់​ច្រើន​ ដោយសារតែ​យើង​ប្រឡូក​នៅ​ក្នុង​វីស័យ​ហ្នឹង​ យើង​បានដឹង​ បាន​ស្គាល់​ តាម​រយៈ​ស្នាដៃ​របស់​គាត់​ច្រើន​ ហើយ​អ្នក​ខ្លះ​បាន​ស្គាល់​ ដោយសារតែ​​បាន​ជួប​មុខ​គ្នា​នៅពេល​ដែល​យើង​ទៅ​យក​ព័ត៌មា​ជា​ដើម​។ ប៉ុន្តែ​ អ្វី​ដែល​ខ្ញុំ​ស្ញប់​ស្ញែង​ អាច​និយាយ​បាន​ថា គាត់​ជា Idol (មនុស្សដែលចូលចិត្ត) របស់​ខ្ញុំ​គឺជា​អ្នក​ស្រី​ ញឹក ស្រីល័ក្ខ​។ បើ​និយាយ​ទៅ​ គាត់​ក៏ជា​អ្នក​រៀន​ជំនាន់​ជាមួយ​ខ្ញុំ​ដែរ​ ហើយ​យើង​ក៏ជា​មិត្ត​ភក្តិ​នឹង​គ្នា​ដែរ​ ហើយ​បើនិយាយ​ពី​ឋានៈ តួនាទី​ គាត់​គឺជា​មេ​របស់​ខ្ញុំ​។  តែ​អ្វី​ដែល​ខ្ញុំ​ស្ញប់​ស្ញែង​ មិន​មែន​ដោយសារតែ​យើង​ជា​មិត្ត​ភក្តិ​នឹង​គ្នា​ទេ ដោយសារតែ​គាត់​មាន​ការតស៊ូ​ ព្យាយាម​ ឈ្មួសឈ្មុលនៅក្នុង​វិស័យ​សារព័ត៌មាន​។ គាត់​ចូល​ប្រឡូក​នៅ​ថ្មីៗ​ផ្តើម​ពី​អ្នក​ហាត់​ការ​ ហើយ​គាត់​តស៊ូ​យ៉ាង​ខ្លាំង​រហូតក្លាយជា​នាយិកា​នៃសារព័ត៌មាន​ថ្មីៗ​២៥។

Q៖ តើ​កញ្ញា​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ​ក្នុង​វិស័យ​សារព័ត៌មាន​នេះ?​

A៖ បើនិយាយ​ពី​បញ្ហា​ប្រឈម​ ចំពោះ​ខ្ញុំ​អត់​សូវ​មាន​បញ្ហា​ច្រើន​ទេ​។ សម្រាប់​ផល​លំបាក ​ខ្ញុំ​ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​ផ្សេងៗ​ទៀត​ដែរ​គឺ​យើង​ជួប​ប្រ​ភព​ច្រើន​ ប៉ុន្តែ​ប្រភព​ខ្លះ​ គាត់​ក៏​ពេញ​ចិត្ត​នៅ​ក្នុង​ការ​ផ្តល់​បទ​សម្ភា​ឱ្យ​យើង​ ប្រភព​ខ្លះ​ក៏មិន​ពេញចិត្ត​ក្នុង​ការ​ផ្តល់​បទ​សម្ភាស​​ឱ្យ​យើង​។

នៅ​ពេល​ខ្លះ​គឺ​យើង​ស្ទើរ​តែ​បោះ​បង់​ នៅ​ពេល​ដែល​យើង​ចូល​ដំបូង​។ នៅ​ពេល​ដែល​យើង​សុំ​សម្ភាសគេ​ ហើយ​គេ​អត់​ផ្តល់​បទ​សម្ភាស​ឱ្យ​យើង​ ហើយ​គេ​បង្ហាញ​អាកប្បកិរិយា​ដោយ​មិន​ពេញចិត្ត​ជាមួយ​យើង​។ ខ្ញុំ​ធ្លាប់​ជួប​ម្តង​ កាល​ពី​សម័យកូវីដ​ កាល​ពី​ចុង​ឆ្នាំ​២០១៩​ ខ្ញុំ​ទើប​តែ​ចូល​សារព័ត៌មាន​ថ្មីៗ​ទេ នៅ​ពេល​នោះ​ខ្ញុំ​បាន​សុំ​សម្ភាស​និស្សិត​ពេទ្យ​ដែល​គាត់​បាន​ផលិត​ទឹក​លាង​ដៃ​ ឬអាល់កុល​លាងដៃ​។ វា​ជា​រឿង​ថ្មី​សម្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សម័យ​កូវីដ​នោះ​ ខ្ញុំ​បានសុំ​សម្ភាស​គាត់​ ប៉ុន្តែ​តាម​រយៈហ្វេសបុក​ គាត់​បដិសេធ​អត់​ផ្តល់​បទ​សម្ភាស​ដល់​យើង​។ តាម​ធម្មតា​​ ប្រ​ភព​ផ្តល់​បទ​សម្ភាស​ ឬ​មិន​ផ្តល់​បទ​សម្ភាស​ នៅ​ពេល​ដែល​គាត់​ប្រាប់​ហេតុផល​មក​យើង​ នឹង​មិន​មាន​បញ្ហា​អ្វី​ទេ​។ នៅ​ពេល​នោះ​ខ្ញុំ​បាន[​ស្នើ​] ថា​ បើ​សិន​ជា​បង​មិន​អាច​ផ្តល់​បទ​សម្ភាស​ទេ​ បង​មានបណ្តាញ​ បងអាច​ផ្តល់​ទំនាក់ទំនង​ ខ្ញុំ​នឹង​សម្ភាស​អ្នក​ផ្សេង​។ គាត់​អត់ឆ្លើយ​តប​ជាមួយ​យើង​ទេ​ ប៉ុន្តែ​គាត់​ប្លុក​ហ្វេស​បុក​យើង​ចោ​ល​។ នៅពេល​ដែល​យើង​ឃើញ​បែប​​ហ្នឹង​ យើង​គិត​ថា​ហេតុ​អ្វី​បាន​ជា​គេ​មិន​ផ្តល់​តម្លៃ​ឱ្យ​យើង​បែប​ហ្នឹង​ ទាំង​ដែល​យើង​មិន​បាន​បង្ខិត​បង្ខំ​គាត់​អ្វីទាំង​អស់​។ ឧទាហរណ៍​ បើ​សិន​ជា​គាត់​មិន​ផ្តល់​បទ​សម្ភាស​ ហើយ​យើង​នៅ​តាម​ស្មុំ​គាត់បែប​ហ្នឹង​ វា​សាក​សម​នឹង​គាត់​ធុញ​ ប៉ុន្តែ​យើង​អត់​បាន​ទៅ​ស្មុំ​គាត់​ទេ​ គាត់​អត់​ផ្តល់​បទ​សម្ភាស​ យើង​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​គាត់​ យើង​គ្រាន់​តែ​សុំ​ឱ្យ​គាត់​ផ្តល់​នូវ​បណ្តាញ​អ្នក​ផ្សេង​ទៀត។ គាត់​មិន​ត្រឹម​តែ​មិន​ផ្តល់​បទ​សម្ភាស​ឱ្យ​យើង​ គាត់​ថែម​ទាំង​បាន​ប្លុក​យើង​ចោល​។

Q៖ តើ​កញ្ញា​មើល​ឃើញ​យ៉ាងណា​ដែរ​អំពី​ចំនួន​ និង​ការងារ​អនុវត្ត​ការងារ​របស់​ស្រ្តី​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​?

A៖ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ សព្វ​ថ្ងៃ​អ្នក​សារព័ត៌មាន​ជា​ស្ត្រីមាន​ច្រើន​ បើ​ធៀប​ទៅ​នឹង​នៅ​ពេល​ដែល​ខ្ញុំ​ទើប​តែ​ចូល​ដំបូង​ៗ​។ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ [ចំនួន​]នេះ​ នៅ​មិន​ទាន់​ច្រើន​ដូច​បុរស​ដែរ​។ ចំពោះ​ការងារ​ស្ត្រី​នៅ​ក្នុង​សារព័ត៌មាន​ ខ្ញុំ​គិត​ថា ស្ត្រីនៅក្នុង​វិស័យ​សារព័ត៌មាន​ គាត់​មាន​ឱកាស​ច្រើន​ ហើយ​ការ​ធ្វើ​ការងារ​របស់​គាត់​ក៏​អត់​ចាញ់​បុរស​​ជា​អ្នក​សារព័ត៌មាន​ដែរ​។ នេះបាន​ន័យ​ថា​ ​ស្ត្រី​នៅ​ក្នុង​សារព័ត៌មានមិន​ត្រឹម​តែ​ Report [រាយការណ៍] អ្នក​សរសេរ​ទេ​ ប៉ុន្តែ​ ​ឃើញ​តួនាទី​ស្ត្រី​នៅ​ក្នុង​សារព័ត៌មាន អ្នក​ខ្លះ​ក៏​គាត់​សរសេរ​ អ្នក​ខ្លះ​ជា Camerawoman [អ្នកថតរូប] ​ ហើយ​អ្នក​ខ្លះ​ក៏​គាត់​ជា​អ្នក​កាត់ត។ និយាយរួម​ បុរសមាន​លទ្ធ​ភាព​ធ្វើ​ប៉ុណ្ណា​ ស្ត្រី​មាន​លទ្ធភាព​ធ្វើ​ប៉ុណ្ណឹងដែរ​។

Qតើ​ស្ត្រីអ្នក​សារព័ត៌មាន​មាន​សារៈសំខាន់​បែបណា​ខ្លះក្នុង​សង្គម​?

A៖ បើ​និយាយ​ពី​តួនាទី​ស្ត្រីអ្នក​សារព័ត៌មាន​ក្នុង​សង្គម​មានសារៈ​សំខាន់​ ព្រោះថា ស្ត្រីក្នុង​វិស័យ សារព័ត៌មាន​គឺ​ជា​អ្នក​ពាំ​នាំ​នូវ​ព័ត៌មាន​ ឬ​ដំណឹង​ ហើយមួយ​ទៀតគឺ​ជា​ចំណេះ​ដឹង​ផ្នែកអប់​រំ​ទៅ​កាន់​ទស្សនិកជន​ជា​ច្រើន​។ ព្រោះ​ថា​ មិនមែន​ អ្នក​សារព័ត៌មាន​គ្រាន់​តែ​ជា​អ្នក​ដែល​គាត់​នាំ​រឿង​ ប៉ុន្តែ​ជា​អ្នក​នាំ​ដំណឹង​ពី​ពល​រដ្ឋ​ទៅ​អាជ្ញាធរ​ និង​ពី​អាជ្ញាធរ​ទៅកាន់​ពលរដ្ឋ​។ អ្នក​សារព័ត៌មាន​ផ្តល់​ចំណេះ​ដឹង​យ៉ាង​ច្រើន​​ ព្រោះ​អ្នក​សារព័ត៌មាន​មាន​ស្ទើ​តែ​គ្រប់​វិស័យ​ ដូចជា​ព័ត៌មាន​បែប​សុខាភិបាល​ ព័ត៌មានបែប​សេដ្ឋកិច្ច​ ព័ត៌មាន​បែប​អប់រំ​ និងព័ត៌មាន​នយោបាយ។ ទាំងអស់​ហ្នឹង​ហើយ​ដែល​យើង​បាន​ផ្តល់​ចំណេះ​​ដឹង​ជា​ច្រើន​ងតាម​រយៈ​ការសួរ​ពី​វាគ្មិន​ ផ្តល់​ចំណេះ​ដឹង​ទៅ​កាន់​​ទស្សនិក​ជន​ ទៅកាន់​អ្នក​ស្តាប់​ ទៅ​កាន់​អ្នក​ទស្សនា​។

កញ្ញា អ៊ុត រស្មី (រូបភាពផ្តល់ឲ្យ)

Q៖ តើ​កញ្ញា​យល់​ឃើញ​យ៉ាង​ណា​សម្រាប់​ថ្ងៃ​អនាគត​របស់​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មានមាន​?

A៖ ខ្ញុំ​គិត​ថា​ អ្នក​សារព័ត៌មាន[ស្ត្រី]​ ទៅ​ថ្ងៃ​អនាគត​នៅ​កម្ពុជា​នឹង​អាច​មាន​ចំនួន​ច្រើន​ជាង​នេះ​។ ខ្ញុំ​មើលឃើញ​បែប​ហ្នឹង​ ដោយ​សារ​តែ​តាម​រយៈ​ការ​សង្កេត​មើល​ អ្នក​ចូល​រៀន​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នេះ ទីមួយ​សាលា​ឥលូវ​មានច្រើន​ បានន័យ​ថា កាលមុន​មាន​នៅ​តែ​ DMC [ដេប៉ាតឺម៉ង់ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​នៃសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​] នៅ UC [សាកលវិទ្យាល័យកម្ពុជា] និង​នៅសាកល​វិទ្យាល័យន័រតុន​ជាដើម​។ ឥលូវ​នេះ​ ខាង​ផ្នែក​ Media [ប្រព័ន្ធផ្សព្វផ្សាយ] មាន​សាលា​ជាច្រើន​បើក​នូវ​ជំនាញនេះដែរ​។ វាទូលំទូលាយសម្រាប់​ប្រជាពលរដ្ឋ​ សម្រាប់យុវជន។ យុវជន​ដែល​គាត់​ស្រលាញ់​វិស័យ​ហ្នឹង​ គឺ​គាត់​អាច​រៀន​នៅមហាវិទ្យាល័យ​នៅក្នុង​វិស័យហ្នឹង​។ ជាក់ស្តែង​ ខ្ញុំ​គិតថា​ ចំនួន​ស្ត្រី​ចូលរួម​ហ្នឹង​ក៏មាន​ច្រើន​ដែរ​។ ខ្ញុំ​គិតថា​ ចំនួន​ស្រ្តី​ដែល​គាត់​ចូលប្រឡូកក្នុង​វិស័យ​សារព័ត៌មា​នក៏​អាច​មាន​ចំនួន​ច្រើន​ដែរ​។

Qតើ​កញ្ញា​យល់​ឃើញ​ថា ស្ថាប័ន​ពាក់​ព័ន្ធ​គួរ​ធ្វើ​បែប​ណា​ដើម្បីជំរុញ​ និងលើក​ទឹក​ចិត្ត​ស្ត្រី​ឱ្យ​ចូល​រួម​ក្នុង​វិស័យ​សារព័ត៌មាន​?

A៖ ចំពោះ​ស្ថាប័ន គួរតែ​លើក​ទឹក​ចិត្ត​ស្ត្រី​ឱ្យបាន​ច្រើន​ ដោយ​ផ្តល់​ឱកាស​ដល់​ស្ត្រីក្នុង​ការ​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ ជាពិសេសគឺ​ជំនាញ​ណា​ដែល​មិន​សូវ​មាន​ស្ត្រី​ គួរតែ​លើក​ទឹក​ចិត្ត​ឱ្យស្ត្រី​ចូល​រួម​ឱ្យបាន​ច្រើន​។ ឧទាហរណ៍​ ដូចជា​ជំនាញ​កាត់ត ជំនាញ​ថតរូប​ គឺអត់សូវមាន​ស្ត្រីដែល​ធ្វើ​ការ​នៅខាង​ហ្នឹងទេ​។ អញ្ចឹង ​[ខ្ញុំ]គិតថា ស្ថាប័ន​នៅពេល​ដែល​រើស​ [បុគ្គលិក] គួរតែ​ផ្តល់អាទិភាព​[ស្ត្រី]​ច្រើនជាង​បុរស​។

Qតើ​កញ្ញា​មាន​មតិ​លើក​ទឹក​ចិត្ត​អ្វីខ្លះ​ដើម្បីជំរុញ​ដល់​ស្ត្រីចូល​រួម​ក្នុង​វិស័យ​សារព័ត៌មាន​?

A៖ សម្រាប់​ខ្ញុំ​ ខ្ញុំ​សូម​លើក​ទឹក​ចិត្តដល់​យុវជន​ ជាពិសេស​ស្ត្រី​ដែល​ស្រលាញ់​វិស័យសារព័ត៌មាន​ បើ​គាត់​ស្រលាញ់​ឱ្យគាត់​ចុះ​ធ្វើអស់​ពី​លទ្ធភាព​ ហើយ​យើង​នឹង​ធ្វើ​ដោយ​មិន​មាន​ភាព​នឿយ​ណាយ នឿយហត់ទេ​ បើ​ទោះ​បីជា​ការងារ​ហ្នឹង​លំបាក​យ៉ាង​ណា​ក៏ដោយ​។ មួយទៀត​ បើសិន​ជា ខាង​គ្រួសារ​មាន​ការ​ជំទាស់​ព្រោះថាការងារ​នៅ​ខាង​វិស័យ​សារព័ត៌មាន​ ខ្ញុំ​គិត​ថា​ ប្រហែល​ជាអាណាព្យាបាល​ខ្លះ​គាត់​មិន​សូវ​ពេញ​ចិត្ត​ប៉ុន្មាន​ទេ​ ព្រោះថា​ក្នុង​វិស័យ​នេះ​ អ្នក​ខ្លះ​គាត់​នៅ​តែមាន​ផ្នត់​គំនិត​ថា ជួប​ផល​លំបាក​ ប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន ប៉ុន្តែ​សូម​ឱ្យគាត់ពន្យល់​អាណាព្យាបាល​របស់គាត់​ ហើយ​ជំនះធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​។ បើសិន​ជា​យើង​អត់​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ទេ​ យើង​នឹង​ធ្វើ​ដោយ​មាន​ភាព​នឿយ​ហត់​នៅ​ថ្ងៃណាមួយ​។ ខ្ញុំ​គិត​ថា​ វិស័យ​សារព័ត៌មាន​នេះ​ល្អ​ ព្រោះ​ថាវិស័យ​នេះ​ ធ្វើ​ឱ្យ​យើង​ដឹង​ច្រើន​ទាក់​ទង​នឹង​ចំណេះ​ដឹង​ជា​ច្រើន​ ហើយ​ជា​ពិសេស​នោះ​យើង​អាច​ជួប​មនុស្ស​ផ្សេងៗ​​ជា​ច្រើន​ មាន​ទាំង​​ថ្នាក់​កសិករ​ ថ្នាក់​មន្ត្រី ហើយ​ពេល​ខ្លះ​បាន​ជួប​ដល់​នាយក​រដ្ឋមន្ត្រីផងដែរ​។ ដូច្នេះ​ យើង​មាន​ឱកាស​ដឹង​ច្រើន​​ពី​បរិបទ​ការងារ​ បរិបទ​សង្គម​ និង​បរិបទ​នៅ​ក្នុង​វិស័យ​ច្រើន​ ព្រោះ​ថា​ យើង​ធ្វើ​នៅ​វិស័យ​សារព័ត៌មាន​មែន​ ប៉ុន្តែ​យើងធ្វើ​ព័ត៌មាន​គ្រប់​វិស័យ​។ អញ្ចឹង​បាន​ន័យ​ថា យើង​អនុញ្ញាតិឱ្យខ្លួន​យើង​ ស្គាល់​ច្រើនវិស័យ​ លើស​ពីអ្វី​ដែល​ការងារផ្សេង​ដែល​ស្គាល់​តែ​មួយ​វិស័យ​ ឬពីរ​វិស័យអញ្ចឹងទៅ៕

[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]