ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រាប់ញូវន៍រូមខេមបូឌា(Newsroom Cambodia) នៅថ្ងៃទី២៦ មីនានេះថាស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការសហរដ្ឋអាមេរិក ចំពោះការចេញ សេចក្ដីសម្រេចថាលោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះគ្មានទោស និងបានដោះលែងរូបលោក។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា សរសេរនៅក្នុងសារអេឡិចត្រូនិកយ៉ាងដូច្នេះថា ៖«ស្ថានទូតគោរពឯករាជ្យភាពរបស់តុលាការសហរដ្ឋអាមេរិក និងសេចក្តីសម្រេចមិនលំអៀងដែលវិនិច្ឆ័យដោយគណៈវិនិច្ឆ័យតាមរយៈដំណើរការត្រឹមត្រូវ»។
លោកគ្រី ម៉ះផលប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះត្រូវបានតុលាអាមេរិកចេញសេចក្ដីសម្រេចថាគ្មានទោសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។
លោកគ្រី ម៉ះផល បានត្រលប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៦ ខែមីនាម្សិលមិញនេះ ក្រោយលោករងការជាប់ឃុំ នៅអាមេរិច រយៈពេល ១ឆ្នាំ ៤ខែ ១០ថ្ងៃ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មចេញនៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការនាំចេញសត្វស្វាក្ដាមពីកម្ពុជាទៅ គឺធ្វើឡើងស្របតាមច្បាប់ និងអនុសញ្ញាអន្តរជាតិ។
លោក អំ សំអាត ប្រធានប្រតិបត្តិអង្គការលីកាដូបានលើកឡើងថា ដោយសារ លោក គ្រី ម៉ះផល ជាមន្រ្ដីកសិកម្ម ជាធម្មតាស្ថាប័នសាមីត្រូវតែមានការផ្ដល់ព័ត៌មាន ការផ្ដល់នូវឯកសារជាពិសេសការដោះបន្ទុកទៅដល់ប្រទេសផ្សេងៗទៀតដើម្បីបញ្ជាក់ទៅតុលាការ រហូតឈានដល់មានការដោះលែងរូបលោក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មនៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ បានឱ្យដឹងថា លោក គ្រី ម៉ះផល ត្រូវជាប់ឃុំនៅអាមេរិច រយៈពេល ១ឆ្នាំ ៤ខែ ១០ថ្ងៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌឺ ពេលលោកបន្ដបេសកម្មទៅប្រទេសប៉ាណាម៉ា៕