ភ្នំពេញ៖ ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាភាពស្អាត ទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសនាបុណ្យចូលឆ្នាំខ្មែរខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។
ការអំពាវនាវនេះ ធ្វើឡើងក្រោមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធាន «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានក្លាយជាចលនាមួយនៃភាពស្អាតនិងធ្វើឱ្យប្រជាជនកម្ពុជាទទួលបានបរិស្ថានស្អាត។
សេចក្តីជូនដំណឹងលើកឡើងថា៖«ប្រជាពលរដ្ឋទាំងអស់មិនថាព្រះសង្ឃ អង្គការមិនមែនរដ្ឋាភិបាល កម្មការីរោងចក្រ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សបន្តចូលរួម ការពារបរិស្ថានស្អាតតាមរយ:ការកាត់បន្ថយថង់ប្លាស្ទិកជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ»។
ការចូលរួមចំណែកនៃចលនាភាពស្អាតនេះ នឹងធ្វើឱ្យបរិស្ថានគ្មានសំរាម សំណល់ប្លាស្ទិកនៅតាមទីកម្សាន្ត និងរមណីយដ្ឋាននានា ជាពិសេសនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ និងកន្លែងសេវាកម្មទាំងអស់ដែលនឹងផ្តល់ភាពរីករាយ និងសុខុមាលភាពនាបុណ្យចុលឆ្នាំខ្មែរខាងមុខ។
សេចក្តីជូនដំណឹងដដែលបន្ថែមទៀតថា៖«ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមចលនាភាពស្អាតនិងបោសសំរាម សំណល់រឹងតាមលំនៅដ្ឋាននិងយកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ជាពិសេសទុកដាក់និងវេចខ្ចប់សំរាម សំណល់រឹងហើយទុកដាក់តាមការណែនាំរបស់សមត្ថកិច្ច។ មិនត្រូវចោលសំរាម សំណល់រឹងចូលក្នុងប្រភពទឹកឬដុតនៅតាមទីសាធារណ:ឡើយ»។
ក្រសួងបានទទូចឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ម្ចាស់អាជីវកម្មនិងសេវាកម្មទាំងអស់ចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងថែរក្សាបរិស្ថានឱ្យមានភាពបៃតងនិងមានចីរភាព៕