ភ្នំពេញ​៖ ក្រសួង​បរិស្ថាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋចូលរួមថែ​​រក្សាភាពស្អាត​ ទុក​ដាក់សំរាម​ឱ្យ​មាន​របៀបរៀបរយ​ និងកាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក ជាពិសេស​នា​​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​។ ​នេះបើយោងតាមសេចក្តីជូន​ដំណឹង​របស់​ក្រសួង​បរិស្ថាន​ចេញ​នៅ​ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ​២០២៤។​

​​ការអំពាវនាវនេះ ធ្វើឡើងក្រោមយុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​ក្រោម​ប្រធាន​​​ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់​​ប្លាស្ទិកទេ» ដែលបាន​ក្លាយជា​ចលនា​មួយ​នៃ​ភាព​ស្អាត​និងធ្វើឱ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​បរិស្ថាន​ស្អាត។

សេចក្តី​ជូន​ដំណឹងលើកឡើងថា​៖«ប្រជាពលរដ្ឋទាំងអស់​មិនថា​ព្រះសង្ឃ​ អង្គការ​មិនមែន​​រដ្ឋា​​​ភិបាល​​​ កម្មការីរោងចក្រ​ លោកគ្រូ​អ្នកគ្រូ​ សិស្សា​នុសិស្ស​បន្ត​ចូលរួម​ ការពារ​បរិស្ថាន​ស្អាត​តាម​រយ:ការកាត់បន្ថយ​ថង់​ប្លាស្ទិកជាពិសេស​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​»។​

ការចូលរួម​ចំណែក​នៃ​ចលនា​ភាពស្អាតនេះ​ ​នឹងធ្វើឱ្យ​បរិស្ថាន​គ្មានសំរាម​ សំណល់ប្លាស្ទិក​នៅតាម​ទីកម្សាន្ត​ និងរមណីយដ្ឋាននានា ​ជាពិសេស​នៅតាមផ្ទះ​របស់​ប្រជាពលរដ្ឋ​ និងកន្លែង​សេវាកម្មទាំងអស់​ដែលនឹងផ្តល់​ភាព​រីករាយ​ និង​សុខុមាលភាព​នាបុណ្យ​ចុល​ឆ្នាំ​ខ្មែរ​ខាង​មុខ។​

សេចក្តីជូន​ដំណឹងដដែល​បន្ថែមទៀតថា​៖«​ប្រជាពលរដ្ឋទាំងអស់ត្រូវ​បន្ត​ចូលរួមចលនា​ភាព​ស្អាត​​និងបោស​សំរាម​ សំណល់រឹង​តាម​លំនៅ​ដ្ឋាន​និងយកដាក់ក្នុង​ធុង​សំរាម​ឱ្យបាន​ត្រឹមត្រូវ​​ ជាពិសេស​ទុកដាក់​និងវេច​ខ្ចប់​សំរាម​ សំណល់រឹង​ហើយទុកដាក់តាម​ការណែនាំរបស់​សមត្ថកិច្ច។​ មិនត្រូវចោល​សំរាម​ សំណល់រឹង​ចូលក្នុង​ប្រភពទឹក​ឬដុតនៅតាម​ទីសាធារណ:​ឡើយ»។​

ក្រសួងបានទទូច​​ឱ្យប្រជាពលរដ្ឋ​ ភ្ញៀវជាតិ ​អន្តរជាតិ​ ម្ចាស់អាជីវកម្មនិងសេវាកម្ម​ទាំងអស់​ចូលរួមប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់និងថែរក្សាបរិស្ថាន​ឱ្យមានភាព​បៃតងនិងមាន​ចីរភាព​៕