ប្រព័ន្ធអប់រំកម្រិតសាកលវិទ្យាល័យកម្ពុជាកំពុងមានភាពរីកចម្រើនគួរកត់សម្គាល់ ដោយមានស្ថាប័នជាច្រើនផ្តល់កម្មវិធីសិក្សាផ្សេងៗគ្នាសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ ខណៈពេលដែលសាកលវិទ្យាល័យមួយចំនួនមានកម្មវិធីសិក្សាបែបទូលំទូលាយ (General Education) ទៅលើមុខជំនាញណាមួយ សាកលវិទ្យាល័យខ្លះទៀតផ្តល់ឯកទេស ឬហៅជាភាសាអង់គ្លេសថា Specialization ឬ minor ដើម្បីឱ្យនិសិ្សត ឆ្នាំទី៣ឬទី៤ ជ្រើសរើសយកការសិក្សាស៊ីជម្រៅលើផ្នែកណាមួយក្នុងមុខជំនាញមួយនោះ។
ជម្រើសសិក្សានេះធ្វើឱ្យមានសំណួរសំខាន់មួយ៖ តើសិស្ស ឬនិស្សិតចង់បានកម្មវិធីសិក្សាដែលមានឯកទេស ឬពួកគេចូលចិត្តកម្មវិធីសិក្សាអប់រំដែលមានលក្ខណៈទូលំទូលាយជាង នៅក្នុងមុខជំនាញដែលពួកគេជ្រើសរើស?
Newsroom Cambodia បានសម្ភាសនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យផ្សេងៗគ្នាដើម្បីស្វែងយល់ពីគំនិតរបស់ពួកគេលើភាពចាំបាច់ទាំងនេះ។
កញ្ញា គីម ជាលីន អាយុ២៣ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញអក្សរសាស្រ្តអង់គ្លេសបានយល់ថាសាកលវិទ្យាល័យគួរតែផ្តល់ជម្រើសឯកទេស (Specialization) នៅក្នុងមុខជំនាញនីមួយៗដើម្បីឲ្យនិស្សិតអាចសិក្សាទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។
កញ្ញានិយាយថា៖ «ខ្ញុំមានការយល់ឃើញចំពោះកម្មវិធីសិក្សាដែលមាន specialization ដោយសារថានៅក្នុងសាលាគួរតែមានជំនាញដើម្បីឲ្យនិស្សិតជ្រើសរើស ឧទាហរណ៍ជាក់ស្ដែងខ្ញុំរៀនជំនាញអក្សរសាស្ត្រអង់គ្លេស បើខ្ញុំរៀនចប់ខ្ញុំអាចទៅបង្រៀនឬក៏ធ្វើ guide ឬក៏ប្រឡងចូលតាមក្រសួងទេសចរណ៍អីផ្សេងៗ អញ្ចឹងខ្ញុំចង់ឱ្យសាលាបង្កើតជាពីរជំនាញនៅក្នុងដេប៉ាតឺម៉ង់ភាសាអង់គ្លេសហ្នឹង។ ឧទាហរណ៍ថាមានខាងបង្រៀននិងខាងguide ព្រោះអីអ្នកខ្លះគាត់រៀនភាសាអង់គ្លេសគាត់ចង់ទៅបកប្រែជា guide អីផ្សេងៗទៅតាមចំណង់ចំណូលចិត្ត ហើយខ្លះទៀតដូចខ្ញុំអ៊ីចឹងខ្ញុំចង់ទៅបង្រៀននៅតាមភូមិរបស់ខ្ញុំទៅដល់ក្មេងៗដើម្បីឱ្យគាត់យល់ដឹងភាសាអង់គ្លេសកាន់តែស៊ីជម្រៅ»។
កញ្ញាបន្ថែមថា៖ «ខ្ញុំយល់ថាសាលាគួរតែមានspecializationឲ្យជ្រើសរើសពីព្រោះអីមនុស្សយើងមានចំណង់ចំណូលចិត្តផ្សេងៗគ្នាហើយបើមានជម្រើសកាន់តែច្រើនគឺកាន់តែល្អ»។
កញ្ញា វណ្ណា ស្រីនិច អាយុ២៣ឆ្នាំ ជាអតីតនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញនីតិសាស្រ្តជាភាសាអង់គ្លេស យល់ថាការសិក្សាបែបទូលំទូលាយបានធ្វើឱ្យកញ្ញាបានយល់ដឹងច្រើនពីផ្នែកច្បាប់ និងបានសិក្សាពីខ្លួនឯងតាមរយៈការងារដែលសាលាបានសម្រួច។
កញ្ញាលើកឡើងថា៖ «សម្រាប់ខ្ញុំដោយសារតែខ្ញុំអត់បានសិក្សាបែបស៊ីជម្រៅបែប Specializeទេ អ៊ីចឹងខ្ញុំអាចចែករំលែកទៅតាមបទពិសោធរបស់ខ្ញុំដែលជាការសិក្សាបែបទូលំទូលាយអ៊ីចឹងក្នុងរយៈពេល ៤ឆ្នាំដែលខ្ញុំសិក្សាកម្មវិធីអន្តរជាតិនីតិសាស្ត្រដែលហៅថា iLaw គឺកម្មវិធីសិក្សារបស់សាលាផ្ទាល់តែម្ដងគឺរៀបចំការសិក្សាបែបទូលំទូលាយ ប៉ុន្តែកម្មវិធីសិក្សារបស់សាលាគឺសម្រួចអនាគតរបស់សិស្សតាមរយៈការធ្វើការងារវិញ អ៊ីចឹងខ្ញុំគិតថាល្អដែរសម្រាប់ខ្ញុំដោយសារតែនៅឆ្នាំទី ៤ ខ្ញុំបានសិក្សាច្បាប់ច្រើននិងយល់ដឹងបានច្រើនទាក់ទងនឹងផ្នែកច្បាប់ ហើយវាក៏ជាឱកាសមួយសម្រាប់ខ្ញុំដើម្បីសិក្សាពីខ្លួនឯងថាតើខ្ញុំចូលចិត្តអ្វី និងចង់ទៅខាងអី»។
កញ្ញាបានបន្ថែមថា នៅតាមសាលាក៏អាចសាកល្បងកម្មវិធីសិក្សាដែលមាន specializationបានដែរ។
កញ្ញា ចាន់ ស្រីម៉ី អាយុ២០ឆ្នាំ ជានិសិ្សតនៅវិទ្យាស្ថានភាសាបរទេស (IFL) ជំនាញអក្សរសាស្រ្តអង់គ្លេសបានយល់ថាសាកលវិទ្យាល័យគួរតែមាន Specialization ក្នុងមុខជំនាញនីមួយៗដើម្បីសម្របទៅតាមទីផ្សារការងារ។
កញ្ញាបញ្ជាក់ថា៖ «ចំពោះខ្ញុំ ខ្ញុំយល់ថានៅតាមសាកលវិទ្យាល័យគួរតែមានជម្រើសឱ្យនិស្សិតជ្រើសរើស ឧទាហរណ៍ដូចខ្ញុំអ៊ីចឹងរៀនអក្សរអង់គ្លេសហើយភាគច្រើននៅពេលដែលខ្ញុំប្រាប់គេទៅ គេគ្រាន់តែយល់ថាវាទាក់ទងទៅនឹងការបង្រៀនទេ ក៏ប៉ុន្តែអ្នកផ្សេងគេមិនដឹងថានៅឆ្នាំទី4ហ្នឹង សាកលវិទ្យាល័យគេមានជម្រើសឱ្យនិស្សិតជ្រើសរើស ទោះបីខ្ញុំរៀនអក្សរសាស្រ្តអង់គ្លេសក៏ពិតមែនតែខ្ញុំមានជម្រើសច្រើន ឧទាហរណ៍ថាយើងអត់ចង់រៀនផ្នែកធ្វើគ្រូបង្រៀនទេយើងអាចធ្វើជាអ្នកបកប្រែ ឬអាចទៅធ្វើការនៅក្រុមហ៊ុនឯកជនមួយទាក់ទងនឹង business និងទំនាក់ទំនងជាមួយជនជាតិបរទេសជាដើម»។
កញ្ញាបន្ថែមថា៖ «ចំពោះខ្ញុំផ្ទាល់គាំទ្រគំនិតហ្នឹងដោយសារតែការសិក្សាទៅលើមុខជំនាញមួយ យើងត្រូវផ្ដោតទៅលើទីផ្សារដែរអ៊ីចឹងបើនៅតាមសាកលគេអត់បានផ្ដល់ជា minor ឬ Specialization ដើម្បីឲ្យសារនិស្សិតជ្រើសរើសទេ គឺធ្វើឱ្យមុខជំនាញហ្នឹងគឺអត់សូវមានទីផ្សារ»។
លោក សុខ វាន់លុច ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានយល់ស្របចំពោះកម្មវិធីដែលមាន specialization ដែលអនុញ្ញាតឲ្យសិស្សមានភាពងាយស្រួលយល់ទៅលើជំនាញរបស់ពួកគេជ្រើសរើសជាងមុន។
លោកបានបញ្ជាក់ថា៖ «បើតាមគំនិតរបស់ខ្ញុំ ខ្ញុំគិតថាគួរតែមាន ពីព្រោះនៅពេលដែលសាកលវិទ្យាល័យផ្ដល់ជំនាញ specialization ហ្នឹងទៅ សម្រាប់អ្នកដែលគាត់រៀនទូទៅហើយចាប់អត់សូវបាន គឺធ្វើឱ្យគាត់ពិបាកប៉ុន្តែនៅពេលដែលគាត់ផ្តោតទៅលើការសិក្សាតែមួយជំនាញ គឺគាត់អាចងាយសិក្សាស្រួលជាងមុន និងបានយល់ច្បាស់នឹងយកចំណេះដឹងទៅធ្វើការនៅក្រុមហ៊ុនផ្សេងៗ»។
កញ្ញា ទេពី អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថាសាលាគួរតែមាន specialization ពីឆ្នាំទី2ទៅដើម្បីឲ្យសិស្សបានស្គាល់ពីខ្លួនឯងឆាប់រហ័ស។
កញ្ញានិយាយថា៖ «សម្រាប់ខ្ញុំដែលជានិស្សិត ខ្ញុំគិតថាគួរតែមាន ដោយសារតែសិស្សដែលចប់ពីទី12មក ភាគច្រើនគឺគាត់រំពឹងថាពេលចូលរៀនគឺឱ្យត្រូវមុខជំនាញរបស់គាត់ ដូចយើងនិយាយថាសម្រួចឱ្យត្រូវកន្លែងដែលយើងត្រូវសម្រួច អ៊ីចឹងខ្ញុំគិតថាសាលាគួរតែមានSpecializationឱ្យសិស្ស។ ហើយខ្ញុំគិតថាវាមានអត្ថប្រយោជន៍ច្រើនដោយសារតែ ឧទាហរណ៍ថាឥឡូវយើងចូលឆ្នាំទីមួយ ប៉ុន្តែបើឆ្នាំទី2 គឺរៀនស្រដៀងទៅនឹងឆ្នាំទី1 អ៊ីចឹងសួរថា អារម្មណ៍យើងជាសិស្សទាំងអស់គ្នាហ្នឹងរើសខុស ឬក៏ត្រូវដោយសារតែគេបង្រៀនយើងនៅទូលំទូលាយ […] អ៊ីចឹងខ្ញុំគិតថាសាលាគួរតែដាក់ specialization ពីឆ្នាំទី2ទៅ ព្រោះនៅឆ្នាំទីមួយយើងបាន brainstormច្រើនហើយ បើពួកខ្ញុំរៀនទៅហើយពួកខ្ញុំអត់ពេញចិត្ត គិតថាអត់ត្រូវ ពួកខ្ញុំអាចដូរបានភ្លាមៗ កុំឱ្យខាតពេលច្រើន៕