ប្រព័ន្ធអប់រំកម្រិត​​សាកល​វិទ្យា​ល័យ​​កម្ពុជា​​កំពុង​​មាន​​ភាព​រីក​ចម្រើន​​គួរ​​កត់​សម្គាល់​​ ដោយ​មាន​ស្ថាប័ន​ជា​ច្រើន​ផ្តល់​កម្ម​វិធី​សិក្សា​​ផ្សេងៗ​គ្នា​សម្រាប់​ការ​សិក្សាថ្នាក់​បរិញ្ញា​បត្រ​។ ខណៈ​ពេល​ដែល​សាកល​វិទ្យា​ល័យ​មួយ​ចំ​នួន​មាន​កម្ម​វិធី​សិក្សា​បែប​ទូលំទូលាយ​ (General Education) ទៅលើ​មុខ​ជំនាញ​ណា​មួយ​ ​ សាកល​វិទ្យា​ល័យ​ខ្លះ​ទៀត​ផ្តល់​ឯកទេស ​ឬ​ហៅ​ជាភាសា​អង់គ្លេសថា​ Specialization ឬ minor ដើម្បី​ឱ្យ​និសិ្សត​ ​ឆ្នាំទី​៣ឬ​ទី​៤ ជ្រើស​រើស​យកការសិក្សាស៊ីជម្រៅ​លើផ្នែក​ណា​មួយ​ក្នុងមុខ​ជំនាញមួយនោះ។

ជម្រើសសិក្សានេះធ្វើឱ្យមានសំណួរសំខាន់មួយ៖ តើសិស្ស ឬនិស្សិតចង់បានកម្មវិធីសិក្សា​ដែលមានឯកទេស ឬពួកគេចូលចិត្តកម្មវិធីសិក្សា​អប់រំដែលមានលក្ខណៈទូលំទូលាយជាង នៅក្នុង​មុខជំនាញដែល​ពួក​គេជ្រើស​រើស​?

Newsroom Cambodia  បានសម្ភាសនិស្សិតមួយចំនួនមកពីសាកលវិទ្យាល័យផ្សេងៗ​គ្នាដើម្បីស្វែងយល់ពីគំនិត​របស់​​ពួកគេលើភាពចាំបាច់ទាំងនេះ។

កញ្ញា​ គីម​ ជាលីន​ អាយុ​២៣ឆ្នាំ​ ជា​និស្សិតនៃ​​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​ ជំនាញ​អក្សរ​សាស្រ្ត​អង់​គ្លេស​បានយល់ថាសាកលវិទ្យាល័យ​គួរតែផ្តល់ជម្រើសឯកទេស (Specialization) នៅក្នុង​មុខជំនាញ​នីមួយៗ​ដើម្បីឲ្យ​និស្សិត​អាចសិក្សា​ទៅ​​តាម​​ចំណង់​​​ចំ​ណូល​​ចិត្ត​​របស់​ពួកគេ​។​​

កញ្ញា​ គីម​ ជាលីន​ (រូបថតដោយ ហុង សេងលី)

កញ្ញា​និយាយ​ថា​៖ «ខ្ញុំមានការយល់ឃើញចំពោះកម្មវិធីសិក្សា​ដែលមាន specialization ដោយសារថានៅក្នុង​សាលា​គួរតែ​មាន​​ជំនាញ​ដើម្បីឲ្យនិស្សិតជ្រើសរើស ឧទាហរណ៍ជាក់ស្ដែងខ្ញុំរៀនជំនាញអក្សរសាស្ត្រអង់គ្លេស បើ​ខ្ញុំ​រៀនចប់ខ្ញុំអាច​ទៅបង្រៀនឬក៏ធ្វើ ​guide​ ឬក៏ប្រឡងចូលតាមក្រសួងទេសចរណ៍អីផ្សេងៗ អញ្ចឹងខ្ញុំចង់ឱ្យ​សាលា​​បង្កើត​ជាពីរជំនាញនៅក្នុងដេប៉ាតឺម៉ង់ភាសាអង់គ្លេសហ្នឹង។ ឧទាហរណ៍ថាមានខាងបង្រៀននិងខាងguide ព្រោះ​អីអ្នកខ្លះគាត់រៀនភាសាអង់គ្លេសគាត់ចង់ទៅបកប្រែជា guide អីផ្សេងៗទៅតាមចំណង់ចំណូលចិត្ត ហើយ​ខ្លះ​​ទៀត​​ដូចខ្ញុំអ៊ីចឹងខ្ញុំចង់ទៅបង្រៀននៅតាមភូមិរបស់ខ្ញុំទៅដល់ក្មេងៗដើម្បីឱ្យគាត់យល់ដឹង​ភាសាអង់គ្លេស​កាន់​តែ​ស៊ី​ជម្រៅ»។

កញ្ញា​បន្ថែម​ថា៖ «ខ្ញុំយល់ថាសាលាគួរតែមានspecializationឲ្យជ្រើសរើស​ពីព្រោះអីមនុស្សយើងមានចំណង់​ចំណូល​​ចិត្ត​ផ្សេងៗ​គ្នាហើយបើមានជម្រើសកាន់តែច្រើនគឺកាន់តែល្អ»។

កញ្ញា វណ្ណា ស្រីនិច អាយុ២៣ឆ្នាំ ជាអតីតនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញនីតិសាស្រ្ត​ជាភាសា​អង់គ្លេស យល់ថាការសិក្សាបែបទូលំទូលាយបានធ្វើឱ្យកញ្ញាបានយល់ដឹងច្រើនពីផ្នែកច្បាប់​ និងបានសិក្សា​ពី​ខ្លួនឯង​​តាមរយៈការងារ​ដែលសាលាបានសម្រួច។​

កញ្ញាលើកឡើងថា៖ «សម្រាប់ខ្ញុំដោយសារតែខ្ញុំអត់បានសិក្សាបែបស៊ីជម្រៅបែប Specializeទេ អ៊ីចឹង​ខ្ញុំអាច​ចែក​រំលែក​ទៅតាមបទពិសោធរបស់ខ្ញុំដែលជាការសិក្សាបែបទូលំទូលាយអ៊ីចឹងក្នុងរយៈពេល ៤ឆ្នាំដែលខ្ញុំសិក្សា​កម្មវិធី​​​​អន្តរជាតិនីតិសាស្ត្រដែលហៅថា iLaw គឺកម្មវិធីសិក្សារបស់សាលា​ផ្ទាល់តែម្ដងគឺរៀបចំការសិក្សាបែប​ទូលំ​ទូលាយ ​​ប៉ុន្តែកម្មវិធីសិក្សារបស់សាលាគឺសម្រួចអនាគតរបស់សិស្សតាមរយៈការធ្វើការងារវិញ អ៊ីចឹងខ្ញុំគិតថាល្អ​ដែរសម្រាប់ខ្ញុំដោយសារតែនៅឆ្នាំទី ៤ ខ្ញុំបានសិក្សាច្បាប់ច្រើន​និងយល់ដឹងបានច្រើនទាក់ទងនឹងផ្នែក​ច្បាប់​ ហើយ​​វា​​ក៏ជាឱកាសមួយសម្រាប់ខ្ញុំដើម្បីសិក្សាពីខ្លួនឯងថាតើខ្ញុំចូលចិត្តអ្វី និងចង់ទៅខាងអី»។

កញ្ញាបានបន្ថែមថា នៅតាមសាលាក៏អាចសាកល្បងកម្មវិធីសិក្សាដែលមាន specializationបានដែរ។

កញ្ញា ចាន់ ស្រីម៉ី អាយុ២០ឆ្នាំ ជានិសិ្សតនៅវិទ្យាស្ថានភាសាបរទេស (IFL) ជំនាញអក្សរសាស្រ្តអង់គ្លេស​បាន​យល់ថាសាកលវិទ្យាល័យ​គួរតែមាន Specialization​ ក្នុងមុខជំនាញនីមួយៗដើម្បីសម្របទៅតាមទីផ្សារការងារ។​

កញ្ញាបញ្ជាក់ថា៖ «ចំពោះខ្ញុំ ខ្ញុំយល់ថានៅតាមសាកលវិទ្យាល័យគួរតែមានជម្រើសឱ្យនិស្សិតជ្រើសរើស ឧទាហរណ៍​ដូចខ្ញុំអ៊ីចឹងរៀនអក្សរអង់គ្លេសហើយភាគច្រើននៅពេលដែលខ្ញុំប្រាប់គេទៅ គេគ្រាន់តែយល់​ថាវា​ទាក់ទង​ទៅនឹងការបង្រៀនទេ ក៏ប៉ុន្តែអ្នកផ្សេងគេមិនដឹងថានៅឆ្នាំទី4ហ្នឹង សាកលវិទ្យាល័យ​គេមានជម្រើស​ឱ្យនិស្សិត​ជ្រើសរើស ទោះបីខ្ញុំរៀនអក្សរសាស្រ្តអង់គ្លេសក៏ពិតមែនតែខ្ញុំមានជម្រើសច្រើន ឧទាហរណ៍ថាយើង​អត់​ចង់​រៀន​ផ្នែក​ធ្វើគ្រូបង្រៀនទេយើងអាចធ្វើជាអ្នកបកប្រែ ឬអាចទៅធ្វើការនៅក្រុមហ៊ុនឯកជនមួយទាក់ទងនឹង business និងទំនាក់ទំនងជាមួយជនជាតិបរទេសជាដើម»។

កញ្ញាបន្ថែមថា៖ «ចំពោះខ្ញុំផ្ទាល់គាំទ្រគំនិតហ្នឹងដោយសារតែការសិក្សាទៅលើមុខជំនាញមួយ យើងត្រូវផ្ដោត​ទៅលើ​ទីផ្សារដែរអ៊ីចឹងបើនៅតាមសាកលគេអត់បានផ្ដល់ជា minor ឬ Specialization ដើម្បីឲ្យសារនិស្សិត​ជ្រើសរើស​ទេ គឺធ្វើឱ្យមុខជំនាញហ្នឹងគឺអត់សូវមានទីផ្សារ»។

កញ្ញា ចាន់ ស្រីម៉ី (រូបថតដោយ ហុង សេងលី)

លោក សុខ វាន់លុច​ ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​បានយល់ស្របចំពោះ​កម្មវិធីដែល​មាន specialization ដែលអនុញ្ញាតឲ្យសិស្សមានភាពងាយស្រួលយល់ទៅលើជំនាញរបស់ពួកគេជ្រើសរើសជាងមុន។

លោកបានបញ្ជាក់ថា៖ «បើតាមគំនិតរបស់ខ្ញុំ ខ្ញុំគិតថាគួរតែមាន ពីព្រោះនៅពេលដែលសាកលវិទ្យាល័យ​ផ្ដល់ជំនាញ​ specialization ​ហ្នឹងទៅ សម្រាប់អ្នកដែលគាត់រៀនទូទៅហើយចាប់អត់សូវបាន គឺធ្វើឱ្យគាត់ពិបាក​ប៉ុន្តែនៅពេលដែលគាត់ផ្តោតទៅលើការសិក្សាតែ​មួយ​ជំនាញ​ គឺគាត់អាចងាយសិក្សាស្រួលជាងមុន និងបានយល់​ច្បាស់​នឹងយកចំណេះដឹងទៅធ្វើការនៅក្រុមហ៊ុនផ្សេងៗ»។

លោក សុខ វាន់លុច​ (រូបថតដោយ ហុង សេងលី)

កញ្ញា ទេពី​ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថាសាលាគួរតែមាន specialization ពីឆ្នាំទី2ទៅដើម្បីឲ្យ​សិស្សបានស្គាល់​ពី​​ខ្លួនឯងឆាប់រហ័ស។

កញ្ញានិយាយថា៖ «សម្រាប់ខ្ញុំដែលជានិស្សិត ខ្ញុំគិតថាគួរតែមាន ដោយសារតែសិស្សដែលចប់ពីទី12មក ភាគ​ច្រើនគឺគាត់រំពឹងថាពេលចូលរៀនគឺឱ្យត្រូវមុខជំនាញរបស់គាត់ ដូចយើងនិយាយថា​សម្រួចឱ្យត្រូវកន្លែង​ដែល​យើង​ត្រូវ​សម្រួច អ៊ីចឹងខ្ញុំគិតថាសាលាគួរតែមានSpecializationឱ្យសិស្ស។ ហើយខ្ញុំគិតថាវាមានអត្ថប្រយោជន៍​ច្រើន​ដោយសារតែ ឧទាហរណ៍ថាឥឡូវយើងចូលឆ្នាំទីមួយ ប៉ុន្តែបើឆ្នាំទី2 គឺរៀនស្រដៀងទៅនឹងឆ្នាំទី1 អ៊ីចឹងសួរថា អារម្មណ៍យើងជាសិស្សទាំងអស់គ្នាហ្នឹងរើស​ខុស ឬក៏ត្រូវដោយសារតែគេបង្រៀន​យើងនៅ​ទូលំ​ទូលាយ​  […] អ៊ីចឹងខ្ញុំគិត​ថាសាលាគួរតែដាក់ specialization ពីឆ្នាំទី2ទៅ ព្រោះនៅឆ្នាំទីមួយយើង​បាន brainstorm​ច្រើ​ន​​ហើយ បើពួកខ្ញុំរៀនទៅហើយពួកខ្ញុំអត់ពេញចិត្ត គិតថាអត់ត្រូវ ពួកខ្ញុំអាចដូរបានភ្លាមៗ​ ​កុំឱ្យខាតពេល​ច្រើន​៕