ហូល​ពិតាន​ ជា​ផ្ទាំងក្រណាត់​សម្រាប់​បាំងនៅ​ក្រោមដំបូល ឬ​ជាឆាក​សម្រាប់​ពិធី​បុណ្យ​សាសនា​ផ្សេងៗ​។ ហូលពិតាន មាន​រំលេច​ពីសាច់​រឿង​ និង​រូបភាព​ផ្សេងៗ​ក្នុង​ជំនឿ​សាសនា​ ដូចជា​រឿងពុទ្ធ​ប្រវតិ្ត​ រឿងទសជាតក​ ព្រះពុទ្ធប្រាំអង្គ​ ទេវកថា សំណង់​សាសនា គ្រឿង​បូជា​ រូបមនុស្ស​ សត្វ​ ទង់​ ដើម​ឈើ ទូក និង​សំពៅ​ជាដើម​។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ​ហូលពិតាន ដែលជាស្នាដៃដ៏កម្រ និងមានតម្លៃ កំពុង​រង​ផល​ប៉ះពាល់ និងអាចបាត់បង់។

ការទទួលរងផលប៉ះពាល់ដែលអាចឈានដល់ការបាត់បង់នេះ គឺដោយសារភាពខ្សត់ខ្សោយនៃ​សិប្បករ​តម្បាញ ​និងការថមថយ​ការប្រើប្រាស់​គួរឲ្យ​កត់សម្គាល់​ ជាពិសេសតាមវត្តអារាមដែលជា​កន្លែង​​គោល​នៃ​ការប្រើប្រាស់ហូល​ពិតាននាសម័យដើម។ ដើម្បីបន្តរក្សាវត្តមាននៃហូលពិតានខ្មែរ សិប្ប​ករតម្បាញ​បាន​ច្នៃ​ប្រឌិតសាច់រឿង​លើហូលពិតាន​ ទៅជា​រឿងរ៉ាវ​​​ផ្សេង​ៗស្រប​ទៅតាមតម្រូវការប្រើប្រាស់នាសម័យ​ទំនើប។ ចំណែកឯយុវជនកម្ពុជា បង្ហាញ​ការ​តាំង​ចិត្ត​រក្សា​ហូលពិតាន​ខ្មែរ។​

អ្នក​ស្រី​ គង់ គន្ធារី អនុប្រធានការិយាល័យអភិរក្សទទួលបន្ទុកផ្នែករោងជាងជួសជុលវាយនភណ្ឌនៃ​នាយកដ្ឋាន​​សារមន្ទីរ បានពន្យល់ Newsroom Cambodia នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ថា កាលពី​សម័យ​ដើមគេ​​និយមយក [ហូល​ពិតាន​] មកប្រើ​ក្នុងពិធីសាសនា​សំខាន់ៗ​។ ក៏ប៉ុន្តែ អ្នកស្រីថា បច្ចុប្បន្ន​នេះហូ​ល​ពិតាន​ ដែលមានរឿងរ៉ាវ​ទាក់ទងនឹង​​ហេតុការណ៍​សំខាន់ៗក្នុងព្រះពុទ្ធ​សាសនា មិន​​មានភាព​និយមក្នុងការ​ប្រើ​តាំងលម្អ​ក្នុងលំនៅដ្ឋាននោះទេ លើកលែងតែ​គោលបំណង​គោរព​បូជាតែប៉ុណ្ណោះ។

​អ្នកស្រីថ្លែងថា៖ «ពីដើមហូលពិដានរបស់យើងហ្នឹង​ គឺយកទៅប្រើប្រាស់តែនៅក្នុងសាសនា នៅតាម​វត្ត​អារាម​ និងតាមពិធី​បុណ្យ​ផ្សេង​នានា​។ […] ប៉ុន្តែ​ទោះបីដើម្បីមានការ​វិវឌ្ឍក៏ដោយ ហូលពិតាន ដែល​ទាក់ទង​ ដូចជា​​រូប​​ព្រះពុទ្ធ​រូបអី​ យើង​​ក៏​អត់អាចយកទៅ​ដាក់តាំង​នៅ​តាមផ្ទះ​ដូចយើង[​តាំងលម្អ​] ដូច្នេះ​បានទេ»។

លោកស្រីបន្តទៀត​ថា៖ «ប៉ុន្តែប្រសិន​បើជាយើងអ្នកស្រឡាញ់ [ព្រះពុទ្ធសាសនា] ពុទ្ធបរិស័ទគាត់ស្រលាញ់​ ថ្វីដ្បិតតែ​ទាក់ទងនឹងសាសនាមែន​។ គាត់អាចយកទុក[…] គោរពបូជានៅក្នុងផ្ទះ​។ ធម្មតានៅក្នុងផ្ទះ​ក៏យើង​មាន​ការគោរព​បូជារបស់យើង​ដែរ ប៉ុន្តែ​គេកម្រ​យកទៅ​ណាស់​»។

ស្ត្រីជនជាតិបរទេសកំពុងអាន​ពីហូលពិតាន និងពុទ្ធប្រវត្តិ (រូបភាព​៖ ហុង សេងលី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤)

​ដោយសារ​តម្រូវការហូលពិដានបានធ្លាក់ចុះយ៉ាងខ្លាំង​ សិប្ប​ករតម្បាញ​ហូលពិតានបានច្នៃប្រឌិតរឿងរ៉ាវ​លើ​ហូលពិតាន​ ទៅជា​រឿងរ៉ាវ​ផ្សេង​ៗស្រប​ទៅតាមការប្រើប្រាស់នាសម័យ​ទំនើប។ នេះបើតាមការ​លើក​ឡើង​របស់​ អ្នក​ស្រី​ គង់ គន្ធារី។​

អ្នកស្រី​បញ្ជាក់ថា៖ «ចឹង​ទៅអ្នកតម្បាញគាត់ចាប់ផ្តើមមានការច្នៃប្រឌិត​ថ្មី គាត់ត្បាញជាហូលពិតាន​សាច់​រឿង ដូចជាកូរសមុទ្រទឹកដោះ រឿងនាងទេពមច្ឆាអីជាដើម។ ចឹងយើងអាចយកទៅតាំងនៅតាមផ្ទះ យើងអាច​យកទៅតាំងនៅតាម​សណ្ឋាគា​រ តាម Restaurant [ភោជនីយដ្ឋាន] តាម Hotel [សណ្ឋាគា​រ] តាមអីបាន»។

អ្នក​ស្រី​ គង់ គន្ធារី បន្ថែម​ថា ថ្វីត្បិតតែហូលពិតាន​ជាការរៀបរាប់​សាច់រឿង​អំពីព្រះពុទ្ធសាសនា​យ៉ាង​ណា​​ក្តី ក៏ប៉ុន្តែការប្រើប្រាស់​ហូលពិតាន​នៅ​តាម​វត្តអារាម​នាពេលបច្ចុប្បន្នមានតិចតួចប៉ុណ្ណោះ ដែលស្ទើ​នឹង​បាត់បង់​។ អ្នកស្រីឲ្យដឹងទៀតថា ការបាត់បង់ការប្រើប្រាស់​ហូលពិតាននៅតាម​វត្តអារាមនេះ មួយផ្នែកក៏​ដោយ​សារ​ពុទ្ធបរិស័ទឈប់ត្បាញហូលពិតានមកប្រគេនជូនវត្តអារាមដូចកាលពីអតីតកាល។

អ្នក​ស្រី​បន្ថែមយ៉ាងដូច្នេះថា​៖ «ខ្ញុំឧទាហរណ៍មួយថ្មីៗ នៅវត្តអង្គអណ្តែត កាលពីឆ្នាំ២០២០ ឬ២០២១​អី គឺគាត់នៅប្រើ ប៉ុន្តែនៅឆ្នាំ២០២២-២០២៣នេះ គឺគាត់លែងប្រើទៀតហើយ។ […] ពីដើមមានពុទ្ធបរិស័ទគាត់​ត្បាញហូលយកមកប្រគេនវត្ត ដើម្បីវត្តដាក់ប្រើប្រាស់។ អីលូវហ្នឹងអត់មាននរណាយកមកប្រគេន​វត្តដើម្បីយកមកប្រើប្រាស់ទៀតទេ។ ចឹងទៅហូលដែលនៅសេសសល់វារហែក វាស្លក […] សំខាន់គឺរហែក។ ចឹងទៅមិនតាំងបានទៀត គាត់ក៏ដោះទៅរក្សាទុក»។

លោកស្រីបន្តទៀតថា៖ «ពីដើមនៅ​តាមវត្តអារាម​ យើងឃើញ​មាន​ការដាក់ហូ​លពិតាន​នៅវិហារ​ ឬនៅតាម​សាលាឆាន់​ នៅតាមព្រះ នៅលើរូបព្រះ យើងឃើញមាន។ ប៉ុន្តែបច្ចុប្បន្ននេះ ដោយថាមានប្រឈម នៅមានវត្តតិច​បំផុត ដែលនៅប្រើ ហើយកំពុងតែបាត់បង់ខ្លះទៅដែរ»។

បើតាមអ្នកស្រី គង់ គន្ធារី កង្វះការប្រើប្រាស់ហូលពិតាន​តាមវត្តអារាម និងពិធីសាសនាសំខាន់ៗ​ពេល​បច្ចុប្បន្ន​នេះ ជាហេតុនាំឲ្យ​យុវជន​ជំនាន់ក្រោយលែងបានដឹង និងស្គាល់ពីហូលពិតាន។

អ្នកស្រី​ថ្លែងថា៖​ «ដរាបណានៅតាមវត្តអារាមនៅតែប្រើ នៅតាមពិធីបុណ្យទាននៅតែប្រើ គឺក្មេងៗគាត់បាន​យល់​ ក៏ដឹងថា គាត់កើតមក​គាត់​ឃើញ​នៅវត្ត​គាត់​មានហូល​ពិតាន ចឹង​ហូល​ពិតានគេប្រើនៅពេលអី នៅក្នុងវិហារ […] នៅពីលើព្រះចឹងទៅ នៅក្នុងសាលាឆាន់អី គឺគាត់ដឹង»។

ភ្ញៀវបរទេសកំពុង​មើលល័ក្តធម្មជាតិខ្មែរ (រូបភាព​៖ ហុង សេងលី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤)

ដើម្បីលើកស្ទួយការយល់ដឹង និងបង្ហាញពីបញ្ហាប្រឈម​របស់ហូល​ពិតានទៅដល់​សាធារណ​​​ជន និងក្រុម​យុវជន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទី​រជាតិ បានរៀបចំពិព័រណ៍មិន​អចិន្ត្រៃយ៍ពី​ហូល​ពិតាន​រយៈ​ពេល​៤​ខែ។ ពិព័រណ៍លើកទី៤នេះមានគោល​បំណងដើម្បី​ចែករំលែកព័ត៌មាន​បន្ថែមពីសមុច្ច័យ​តម្បាញ​ហូល​ពិតាន​របស់សារមន្ទី​រ ការព្រួយ​បារម្ភរបស់​សិប្ប​ករ​តម្បាញ​ចំពោះ​ហានិភ័យ​នៃការ​បាត់បង់​ហូលពិតាន​ និង​បរិបទនៃការ​ផ្លាស់​ប្តូរ​ និងចរន្ត​នៃការផលិត​ហូល​​ពិតាន​ក្នុង​សង្គមខ្មែរទំនើប​។

សិស្សវិទ្យាល័យកំពុងមើលហូលពិតានខ្មែរ (រូបភាព​៖ ហុង សេងលី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤)

អ្នកចូលរួមពិព័រណ៍ហូល​ពិតានដែល​ Newsroom Cambodia បានជួបសម្ភាស បានបង្ហាញចំណាប់​អារម្មណ៍​ផ្សេងៗគ្នាអំពីចំណេះដឹងថ្មីៗដែលពួកគេទទួលបានជុំវិញសាច់រឿង និងអត្ថន័យនៃហូលពិតាននេះ។​

លោក ឡុង រតនៈ​រាឌី ជានិស្សិត​មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានចូលរួម​​ទស្សនា​ពិព័រណ៍ហូល​ពិតាន ប្រាប់​ Newsroom Cambodia ថា ទោះបីជារូបលោកបាន​ដឹង​ខ្លះៗអំពី​ហូលពិតានក៏ដោយ ក៏​ប៉ុន្តែការមកទស្សនា​ផ្ទាល់​នេះ ធ្វើឲ្យលោកបាន​ស្វែងយល់ពីការ​ប្រើប្រាស់ ​និង​ដំណើរ​ការ​ផលិតហូលពីតាន ព្រមទាំងបញ្ហាប្រឈមនៃហូលពិតាន។

លោកបង្ហាញចំណាប់អារម្មណ៍ថា៖ «មែនទែនទៅហូលពិតានហ្នឹង ខ្ញុំបានដឹងព័ត៌មានខ្លះៗពីមុនមកដែរ ហើយបន្ទាប់ពីបានចូល​ទស្សនាទៅ ខ្ញុំ​យល់ដឹង​ពីវាកាន់តែ​ច្បាស់​ថាហូលពីតាន​ហ្នឹង ការប្រើប្រាស់​ក្នុង​គោលបំណងអី ហើយត្រូវធ្វើឡើងពីអី។ មួយទៀតទាក់ទងនឹងបញ្ហាប្រឈម ដែលយើងនឹងត្រូវជួបប្រទះ​នៅពេលបច្ចុប្បន្នហ្នឹង»។

ស្រដៀងគ្នានេះ​ កញ្ញា សួង ភ័ក្រនាត និស្សិតមកពីសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបយល់ថា ​ស្នាដៃបុព្វបុរសខ្មែរ​មាន​ភាព​​ប៉ិនប្រសប់ ត្បាញ​ហូលពិតានដែលរៀបរាប់រឿងរ៉ាវបែបសាសនា និងព្រេងនិទាន​​ផ្សេងៗ។

កញ្ញារៀបរាប់ក្រោយចូលរួមពិព័រណ៍យ៉ាងដូច្នេះថា៖ «[ហូលពិតាន] ស្អាតហើយ ប្លែកភ្នែក មិន​ដែលបាន​ឃើញ​។ ខ្មែរយើង​គាត់ប៉ិនប្រសប់ ប៉ិនធ្វើចឹង»។

ស្រដៀងគ្នាដែរ​ កញ្ញា មាន លីសា ជានិស្សិតមកសាកលវិទ្យាល័យ​ភូមិ​ន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​ផ្តោតចំណាប់អារម្មណ៍​លើរចនា​បទ​ប្លែករបស់ហូលពិ​តាន​ ដែលកញ្ញាថា ​យុវជន​ជំនាន់ក្រោយ អាច​ស្វែង​យល់ពីអត្ថន័យ​នៃហូលពិតាននេះ​បាន។

កញ្ញា​ពន្យល់ថា៖ «ចំពោះ​ខ្ញុំ​វិញ បន្ទាប់ពីបានចូលមើល​គឺខ្ញុំមើលឃើញថា រចនាបទនៅក្នុងហូលនីមួយៗ វា​ប្លែហ​មែនទែន​[…]។ នៅនាមជាយុវជនក្នុងយុគសម័យថ្មីនេះ​ ស្ទើរតែមិន​ដឹងអត្ថ​ន័យ​នៃ​ហូលទាំងអស់ហ្នឹង […] ទោះបីជាពេលនេះ​យើងអត់​ដឹង​ច្បាស់​ ប៉ុន្តែ​យើងអាចទៅ​រៀន​សូត្រ​បន្ថែម​។ បន្ទាប់ពីយើង​បាន​ចូល​នៅ​ហ្នឹង​ ចូលមើលនៅហ្នឹង ហើយ​យើង ​វាផ្តល់ឪ្យយើង​ រំឮកដឹងពីអត្តសញ្ញាណរបស់យើងក្នុងនាម​ជាខ្មែរ​»។

ចំណែកឯ កញ្ញា ហេង គីមសួរ អតីតនិស្សិតនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដូចគ្នា​ដែរនោះ មានមោទនភាពពីការច្នៃប្រឌិតហូលពិ​តានពីដូនតាខ្មែរ។

កញ្ញារៀបរាប់ថា៖ «យើងមានអរិយធម៌ពិតប្រាកដ ដែលបានបន្សល់ទុកពីដូនតាយើងមក ដែលអត់មាន Copy [ចម្លង] ឬប្រឌិតពីនរណាមកទេ។ […] ជាក់ស្តែងគឺគោមនីមួយៗមានភាពរស់រវើក ហើយបង្ហាញឲ្យ​យើង​ឃើញ​​​ពីវប្បធម៌អរិយធម៌នៅក្នុងគោមហ្នឹង ពីព្រោះខ្ញុំបានឃើញមានគោមរូបក្ងោក មានគោម មាន​រូបអី​ផ្សេងៗ​​​ទៀតដែលតំណាងតាមសាច់រឿងព្រេងនិទានមកដែរ»។

ហូលពិតាន​ពីរឿងរ៉ាវ​ពុទ្ធប្រវត្តិ​ (រូបភាព​៖ ហុង សេងលី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤)

ស្របពេលជាមួយ​គ្នានេះ​ដែរ យុវជនខ្មែរ​ជំនាន់ក្រោយក៏មានការ​តាំងចិត្ត​រក្សា​ហូលពិតាន​ខ្មែរ ទោះបីជា​មាន​ការ​វិវឌ្ឍ​នៃ​សង្គម​កម្ពុជា​បែប​ណាក៏​ដោយ។ ពួកគេលើកឡើងថា ការជួយផ្សព្វផ្សាយ គឺជាកត្តាដ៏សំខាន់​មួយ​ដើម្បីអភិរក្សហូលពិដាន និងធ្វើឲ្យបរទេសស្គាល់ស្នាដៃកម្ពុជា។​

លោក ឡុង រតនៈ​រាឌី លើកឡើងថា ការជួយផ្សព្វផ្សាយ​ពីហូលពិតានទាំងក្នុង​ស្រុក និងក្រៅប្រទេស អាចឲ្យពិភពលោកស្គាល់ពី​ហូលពិតាន​កម្ពុជា។​

លោកពន្យល់ថា៖ «មិនមានអីច្រើនក្រៅពីជួយផ្សព្វផ្សាយពីវា[ហូលពិតាន] អឺសិក្សាឪ្យស៊ីជម្រៅ​ទៅលើ​ហូល​ពិតានហ្នឹង[…] បង្កើនការប្រើប្រាស់នៅក្នុងស្រុក ឬក៏អាចនាំការតាំងពិព័រហូលពីតានហ្នឹង ទៅកាន់ក្រៅ​ប្រទេស ដើម្បីឲ្យអ្នកដទៃ ឬក៏ជនបរទេសស្គាល់​ពី​ហូល​ពិតាន​យើងកាន់តែច្បាស់ ជាពិសេស​ក្មេងៗជំនាន់​ក្រោយ ថាយើងត្រូវធ្វើរបៀបម៉េច​ដើម្បីឲ្យ​ពួកគាត់ស្គាល់ហូលពិតាន និងយល់ច្បាស់ពីអត្ថន័យ​របស់វា ​[ហូលពិតាន]»។

ចំណែកឯកញ្ញា ហេង គីមសួរ ក៏យល់ដែរ​ថា ការផ្សព្វផ្សាយពីហូលពិតាន​ គឺជារឿងសំខាន់ក្នុងការរក្សា​ហូល​ពិតាន​។

កញ្ញាថ្លែងថា៖ «បើសម្រាប់ខ្ញុំ​ ខ្ញុំគិតថា ដើម្បីជួយថែរក្សា​ យើងគួរតែ​បង្ហាញពីវប្បធម៌យើង​ទៅកាន់ប្រទេស​ជុំវិញខ្លួន មិនមែនតែនៅក្នុង​ប្រទេស​យើងទេ​។ ចឹងនៅពេល​ដែលយើង​ចូលកម្មវីធី​ ឬក៏ Event [ព្រឹត្តិការណ៍] ផ្សេងៗ យើងអាចបង្ហាញវាទៅកាន់​ពិភពលោក ក៏អាចបង្ហាញវាទៅកាន់ Social Media [ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម]»។

រីឯកញ្ញា កញ្ញា មាន លីសា យល់ថា ទោះបីជាសម័យបច្ចុប្បន្ននេះ យុវជនខ្មែររងឥទ្ធិពលពីបរទេសច្រើន តែក៏​មិនត្រូវបំ​ភ្លេចអត្តសញ្ញាណជាតិខ្មែរដែរ។

កញ្ញារៀបរាប់ថា៖ «ខ្ញុំគិតថាយុវជនសម័យឥលូវ មិនខ្ញុំរាងថា ដោយសារតែមាន […] ឥទ្ធិពលបរទេសមកច្រើន ចឹងការតែងខ្លួន ឬក៏អីហ្នឹង វាធ្វើឱ្យជះឥទ្ធិពលមកកាន់វប្បធម៌របស់យើងដែរចឹង។ […] យើងអាចស្លៀកពាក់ ឬក៏​ពាក់​ពេល​មាន​កម្មវិធីបុណ្យជាតិ ឬក៏បុណ្យសាសនារបស់យើង ឬក៏កម្មវិធីទំនៀម​ទម្លាប់ប្រពៃណី​របស់​យើង»។

កញ្ញាបន្ថែមថា៖ «ពេលខ្ញុំចូលមក វាបង្កើនឱ្យខ្ញុំមានក្តីស្រឡាញ់ជាងមុនថា យើងមានតែយើងជាខ្មែរដែលអាច​រក្សាទំនៀមទម្លាប់ទាំងអស់ហ្នឹងបាន ហើយព្យាយាមឱ្យតម្លៃដោយខ្លួនឯង ហើយក៏មិនមែន​ត្រឹមតែខ្ញុំទេ ខ្ញុំគិតថា អ្នកដែលពាក់ព័ន្ធច្រើនទៀតមិនថាក្រសួង ឬក៏អី គួរបណ្តុះឲ្យ​មានឆន្ទៈស្រឡាញ់ ​ទាំងអស់​ហ្នឹង[ហូលពិតាន]»។

ហូលពិតានពីរឿងរ៉ាវកូរសមុទ្រទឹកដោះ (រូបភាព​៖ ហុង សេងលី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤)

ដើម្បីថែរក្សាហូលពិដានឲ្យ​នៅគង់វង្សនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទី​រជាតិក៏បានណែនាំដល់វត្តអារាមឲ្យ​ថែរក្សាហូលពិតានខ្មែរឲ្យបានល្អ និងមានអាយុកាលប្រើប្រាស់យូរអង្វែង ដោយការ​ដាក់​បង្ហាញ​​ហូល​ពិតាន​តែនៅក្នុងពិធីសំខាន់ៗប៉ុណ្ណោះ។

អ្នកស្រីគង់ គន្ធារី លើកឡើងថា៖​ «ចឹងខ្ញុំនឹងបំផុសនៅតាមវត្តអារាម ពិសេសនៅតាមវត្តអង្គអណ្តែត លែងប្រើ​ហើយ។ ខ្ញុំតែងចុះ​ទៅជួយគាត់ ហើយប្រាប់គាត់ថា ខ្ញុំអ្នកជំនាញខាងអភិរក្ស ចឹងខ្ញុំអាចជួយ​អភិរក្ស​គាត់បាន​។ ហើយឲ្យ​គាត់ផ្សព្វផ្សាយទៅពុទ្ធបរិស័ទ​ដើម្បីលើកស្ទួយការប្រើប្រាស់​ហូលពិតានយើង​»។

«វត្តអាចមានថវិការ​ដើម្បីទិញហូលពិតានពីប្រជាជនយកមកដាក់បន្តទៀត ហើយមិនមែន​ដាក់​រាល់ថ្ងៃ​ដូចដាក់​លើក​មុន​ទេ។ កាលណាដាក់រាល់ថ្ងៃ​ ហូលពិដាន អាចធ្វើឲ្យ​ខូច ប៉ុន្តែក្នុងពិធីបុណ្យទាន​ គាត់អាចយក​មក​ប្រើ​បាន មិនបាច់ជាប្រចាំទេ​ ជាប្រចាំដាក់ក្រណាត់ធម្មតាចុះ ដោយក្រណាត់ធម្មតាមានតម្លៃថោក យើងអាចដោះ​ដូរបាន»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី គង់ គន្ធារី មកកាន់ Newsroom Cambodia។

គួរ​បញ្ជាក់ផងដែរថា ពិព័រណ៍មិន​អចិន្ត្រៃយ៍ពី​ហូល​ពិតាន​ មានរយៈ​ពេល៤ខែ ដោយចាប់ផ្តើមពីថ្ងៃ​ទី២១ ខែមីនា ដល់​ថ្ងៃទី២១ ​ខែ​មិថុនា ឆ្នាំ២០២៤ ក្រោម​ប្រធាទ «ហូល​ពិតាន​៖ ការវិ​វឌ្ឍ និងបញ្ហា​ប្រឈម» ក្នុងបរិវេណ​​សារមន្ទី​រជាតិ​កម្ពុជា​៕