ក្រសួងបរិស្ថានអះអាងថាស្ថានភាពនៃការបំពុលខ្យល់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃមានកម្រិតល្អប្រសើរ មិនទាន់ក្លាយជាក្ដីបារម្ភដែលនាំឱ្យមានផលប៉ះពាល់ចំពោះសុខភាពសាធារណៈនៅឡើយទេ ខណៈអ្នកធ្វើការផ្នែកអភិរក្សបរិស្ថានទាមទារឱ្យស្ថាប័នរដ្ឋមួយនេះ ត្រូវទទួលខុសក្នុងការការពារគម្របព្រៃដើម្បីធានាពីការបន្សុតខ្យល់ឱ្យបានល្អប្រសើរ និងលើកកម្ពស់សុខមាលភាពពលរដ្ឋ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ Newsroom Cambodia នៅថ្ងៃនេះថា បច្ចុប្បន្ននេះក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់ទៅលើការបំពុលខ្យល់នៅក្នុងប្រទេសកម្ពុជា។ជាងនេះទៀត បណ្តាខេត្តមួយចំនួនជាប់ព្រំដែនកម្ពុជា អ្នកជំនាញរបស់ក្រសួងបរិស្ថានកំពុងតែបន្តចុះផ្សព្វផ្សាយ និងពង្រឹងវិធានការទប់ស្កាត់ ក្នុងន័យចូលរួមកាត់បន្ថយការបំពុលខ្យល់ឱ្យស្ថិតនៅក្នុងកម្រិតមួយដែលទាប។
លើសពីនេះទៅ ក្រៅពីពង្រឹងវិធានការ និងការផ្សព្វផ្សាយហើយ ក្រសួងបរិស្ថាន ក៏បានចុះទៅត្រួតពិនិត្យស្ថានភាពខ្យល់ តាមរយៈការដាក់រថយន្តចល័តដើម្បីធានាក្នុងការរួមចំណែកវិធានការការពារ បម្រើឱ្យសុខភាពសាធារណៈចៀសផុតពីបញ្ហាប្រឈម។
លោកបន្តថា៖ «នៅពេលនេះយើងឃើញថាគុណភាពខ្យល់នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានស្ថានភាពល្អប្រសើរ មិនទាន់មានកំហាប់នៃបំពុលខ្យល់បានឡើងខ្ពស់នូវឡើយទេ »។
បើតាមលោក ខ្វៃ អាទិត្យា ចំពោះការដាក់រថយន្តចល័តសម្រាប់ត្រួតពិនិត្យស្ថានភាពខ្យល់នេះគឺក្រសួងបានរៀបចំដាក់នៅទូទាំងប្រទេស ដែលគិតមកដល់ពេលនេះបានកើនឡើងចំនួន ៥៩ទីតាំងហើយ ក្នុងនោះខេត្តខ្លះមានរថយន្តចល័ត១ ខេត្តខ្លះទៀតមានរថយន្តចល័ត២ សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់។
លើសពីនេះទៅទៀត លោកថា តាមរយៈរថយន្តចល័តទាំងនេះហើយ បានជួយដល់ក្រសួងត្រួតពិនិត្យការងារនេះជាប្រចាំ និងបានផ្សព្វផ្សាយទៅសាធារណជនអំពីស្ថានភាពខ្យល់ ជាពិសេសជួយឱ្យក្រសួង អាចគ្រប់គ្រងគុណភាពខ្យល់បំពុលនៅលើបរិយាកាសនេះបានល្អប្រសើរ។
លោកបន្តថា៖ «ឥលូវនេះ វិធានការរបស់យើងក្រៅពីការដាក់រថយន្តចល័តបន្ថែមហើយ យើងក៏បាននិងកំពុងចុះអប់រំផ្សព្វផ្សាយនៅតាមបណ្ដាខេត្តព្រំដែនទាំងនោះ ដើម្បីជំរុញ និងលើកកម្ពស់ ការត្រួតពិនិត្យគុណភាពខ្យល់ ក្នុងការធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថានបានល្អប្រសើរ »។
ជាមួយគ្នានេះ កន្លងមកក្រសួងបរិស្ថាន ក៏បានស្នើឱ្យអភិបាលរាជធានី-ខេត្តទាំង២៥ ផ្តល់ព័ត៌មានឱ្យពលរដ្ឋបញ្ចៀសការដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើង ការបំពុលបរិយាកាស។
ចំណែក លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា ស្ថានភាពបច្ចុប្បន្ននេះ នៅក្នុងខេត្តបាត់ដំបង គឺមានបរិយាកាសល្អប្រសើរ មិនមានបញ្ហាអ្វីដែលធ្វើឱ្យមានការបំពុលខ្យល់នោះទេ ពីព្រោះរដ្ឋបាលខេត្តបានអនុវត្តវិធានការរបស់ក្រសួងដោយមិនឱ្យឆកល្វែង។
លោកបន្តថា៖«ខេត្តយើងមិនមានការបារម្ភទេ ពីព្រោះយើងមិនមែនជាខេត្តដែលសម្បូររោងចក្រឧស្សាហកម្មនោះទេ។ ដូច្នេះហើយយើងបានទទួលការវាយតម្លៃពីក្រសួងបរិស្ថានថា ទូទាំងខេត្តបាត់ដំបងមានសន្ទទស្សន៍គុណភាពខ្យល់ កម្រិតល្អណាស់ »។
ផ្ទុយពីការលើកឡើងនេះ លោក ហេង គឹមហុង នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា (CYN) ឱ្យដឹងថាស្ថានភាពបច្ចុប្បន្ននេះ វាជាការព្រួយបារម្ភនៅពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា បានចាប់ផ្ដើមរងផលប៉ះពាល់ ដោយសារការថយចុះនៃគម្របព្រៃឈើដោយការកាប់បំផ្លាញ។ដូច្នេះហើយក្នុងនាមជាអ្នកធ្វើការក្នុងវិស័យបរិស្ថាន គឺលោកមានកង្វល់ចំពោះកម្ពុជាក្ដី និងនៅក្នុងតំបន់អាស៊ានក្ដី រួមទាំងពិភពលោកទាំងមូល ដែលមិនមានការយកចិត្តទុកដាក់ទៅលើការការពារបរិស្ថាន ជាពិសេសទៅលើការការពារគម្របព្រៃឈើ។
លោកបន្តថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ប្រសិនជាកម្ពុជាក្ដី ឫតំបន់អាស៊ាន និងពិភពលោកទាំងមូលក្ដី អត់មានការយកចិត្តទុកដាក់ និងជាពិសេសទៅលើការការពារគម្របព្រៃឈើ ដើម្បីទប់ស្កាត់កុំឱ្យមានការវិវត្តនៃគុណភាពខ្យល់កាន់តែអាក្រក់ទៅ »។
លើសពីនេះទៅទៀត លោកបន្តថា ទោះបីកន្លងមកមានប្រទេសជិតខាង បានចាត់ទុកកម្ពុជា ជាប្រភពនៃការបំពុលខ្យល់ក្ដី ប៉ុន្តែលោកបានអះអាងថាកម្ពុជាមិនមែនជាប្រទេសដែលចូលរួមធ្វើឱ្យមានការបម្រែបម្រួលអាកាសធាតុនោះទេ តែកម្ពុជា ជាប្រទេសដែលមានគម្របព្រៃឈើក្នុងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
លោកបន្តថា៖ «ខ្ញុំយល់ថាការចាត់ទុកបែបនេះ វាជាការលើកឡើងដោយគ្មានទឡ្ហីករណ៍ត្រឹមត្រូវ ប៉ុន្តែអ្វីដែលយើងត្រូវគិតនោះ គឺលទ្ធភាពនៃការធ្វើការរួមគ្នា រវាងប្រទេសទាំងអស់នៅក្នុងតំបន់ ក៏ដូចជាសកលលោក ដើម្បីបញ្ចប់បញ្ហាបម្រែបម្រួលអាកាសធាតុនេះ »។
នៅក្នុងជំនួបទ្វេភាគី កាលពីខែកុម្ភៈកន្លទៅនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានពិគ្រោះយោបល់ដោយប្តេជ្ញាចិត្តរួមគ្នាការពារការបំពុលទៅក្នុងបរិយាកាស និងប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខុមាលភាពពលរដ្ឋ នៃប្រទេសទាំងពីរ។
របាយការណ៍ដែលចេញដោយក្រសួងបរិស្ថាន បានបង្ហាញថា ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤នេះ ក្រសួងបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ នៅរាជធានីភ្នំពេញចំនួន ១៧ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៣៧ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យថ្មី១២ទីតាំង នៅតាមបណ្តាខេត្ត។ ក្រៅពីក្រសួងបានបញ្ជូនរថយន្តចល័ត សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេសថែមទៀត។
របាយការណ៍ដដែលបានបន្ថែមទៀតថា តាមរយៈការតាមដាននេះបានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ មានសភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ ដែលមិនបង្កទៅជាហានិភ័យសម្រាប់សុខភាពសាធារណៈទេ៕