ល្បែងប្រជាប្រិយខ្មែរមានតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញពីវប្បធម៌ បេតិកភណ្ឌ និងប្រវត្តិសាស្ត្រសម្បូរបែបរបស់កម្ពុជា និងត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ ល្បែងប្រជាប្រិយខ្មែរ មិនត្រឹមតែផ្តល់ការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងមានចំណែកផ្សាភ្ជាប់ពលរដ្ឋកម្ពុជាឲ្យត្រលប់ទៅកាន់ប្រវត្តិសាស្ត្រខ្លួនផងដែរ ។ យ៉ាងណាមិញ ពេលវេលាបានផ្លាស់ប្តូរទំនៀមទម្លាប់មួយចំនួន ហើយមានឥទ្ធិពលទំនើបៗកាន់តែច្រើន ដែលជាហេតុនាំឱ្យល្បែងប្រជាប្រិយខ្មែរប្រឈមនឹងការបាត់បង់។ តាមរយៈការស្វែងយល់ និងស្រាវជ្រាវចងក្រងល្បែងប្រជាប្រិយឱ្យបានច្បាស់លាស់ កម្ពុជាអាចរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ខ្លួន និងអាចឈានដល់ការកត់ត្រាជាបេតិកភណ្ឌពិភពលោកផងដែរ។
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងលោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាជាមួយនឹងកញ្ញា ប៉ោក លក្ខិណា ជាសិក្ខាកាមរបស់ Newsroom Cambodia។
Q៖ ជម្រាបសួរលោកបណ្ឌិត!
A៖ បាទ ជម្រាបសួរ!
Q៖ តើលោកអាចរៀបរាប់បន្តិចបានទេអំពីប្រវត្តិនៃល្បែងប្រជាប្រិយខ្មែរ? តើល្បែងប្រជាប្រិយខ្មែរមានអ្វីខ្លះ? តើល្បែងប្រជាប្រិយខ្មែរណាខ្លះ ដែលលោកគិតថា ពេញនិយមជាងគេ?ហេតុអ្វី?
A៖ ឯកសារជាច្រើនមិនបានបង្ហាញពីកាលបរិច្ឆេទជាក់លាក់ពេកទេទៅលើកំណើតនៃល្បែងប្រជាប្រិយខ្មែរនេះ។ ប៉ុន្តែយើងមានភ័ស្តុតាងខ្លះៗនៅលើចម្លាក់ នៅលើជញ្ជាំងប្រាសាទ និងគំនូរនៅតាមវត្តអារាមមួយចំនួន។ ឧទាហរណ៍មានដូចជា ល្បែងចត្រង្គ ឬអុកនៅលើជញ្ជាំងប្រាសាទបាយ័ននៅសតវត្សទី១២។ ល្បែងវាយកូនគោលនៅខឿនលានជល់ដំរី នៅអង្គរធំនៅសតវត្សទី១២ដែរ។ ក្រៅពីនេះគេឃើញមាន ល្បែងប្រជាប្រិយច្រើនដែលឆ្លាក់លើផ្ទាំងគំនូរព្រះវិហារវត្តកំពង់ត្រលាចជាដើម។ តាមការយល់ឃើញរបស់ខ្ញុំ ភ័ស្តុតាងខ្លះៗទាំងនេះគឺជាអ្វីដែលនៅសេសសល់នៅលើជញ្ជាំងប្រាសាទ ឬលើផ្ទាំងគំនូរទេ។ តាមពិតដូនតាយើងបានបង្កើតល្បែងប្រជាប្រិយច្រើន ប៉ុន្តែដោយសារតែមិនបានកត់ត្រា ដូច្នេះយើងមើលឃើញតែអ្វីដែលមាននៅទីនោះ។
ល្បែងដែលនៅសេសសល់ដល់សពថ្ងៃនេះ មានល្បែងខ្លះគេនិយមលេង និងល្បែងខ្លះគេមិនសូវលេង មានដូចជា ស្តេចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង បោះអង្គញ់ គោះត្រឡោក ទាញព្រ័ត្រ ទាត់សី រាវបង្កង លាក់ធ្យូង បាយខុំ ចត្រង្គ (អុក) ឱបត្រឡាច គ្របមាន់ បិទពួន វាយកូនគោល ដណ្ដើមស្លឹកឈើ លោតបាវ វាយក្អម រុញអង្រែ បូមទឹកដាក់ដប ខាំប៉ិគក់។ល។
យើងពិបាកថា ល្បែងប្រជាប្រិយណាដែលមានប្រជាប្រិយបំផុត ឬពេញនិយមបំផុត។ វាអាចប្រែប្រួលតាមសម័យកាលមួយទៅតាមសម័យកាលមួយ ប្រែប្រួលពីទីកន្លែងមួយទៅទីកន្លែងមួយ និងពីក្រុមមួយទៅក្រុមមួយទៀត។ ល្បែងមានច្រើន ប៉ុន្តែពេលវេលា ទីកន្លែង សម្ភារៈមានកំណត់ ដូច្នេះហើយគេរៀបបានប៉ុណ្ណា គេលេងប៉ុណ្ណឹង។ តែយ៉ាងណាក៏ដោយតាមការសង្កេតរបស់ខ្ញុំនៅក្នុងសម័យកាលថ្មីៗនេះ យើងហាក់បីដូចជាឃើញ ល្បែងចោលឈូង បោះអង្គុញ លាក់កន្សែង ទាញព្រ័ត្រមានភាពលេចធ្លោជាងគេ។ វាងាយលេង ហើយសម្ភារៈដែលយកមកលេងក៏ងាយរកដែរ។
Q៖ តើលោកយល់យ៉ាងណាចំពោះការលេងល្បែងប្រជាប្រិយខ្មែរនាពេលបច្ចុប្បន្ន?
A៖ បាទ ទាក់ទងនឹងស្ថានភាពបច្ចុប្បន្នពាក់ព័ន្ធនឹងការលេងនេះមិនសូវមានភាពផុសផុលទេ ហើយក៏មិនសូវមានច្រើនដែរ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហាក់ដូចជាសង្គមខ្មែរទាំងអ្នកជំនាញ និងក្រសួង ឬស្ថាប័នពាក់ព័ន្ធចាប់ផ្តើមសម្តែងការព្រួយបារម្ភខ្លាចបាត់បង់ព្រោះតែប្រជាពលរដ្ឋរបស់ខ្លួនមិនសូវចូលចិត្តលេង។ ខ្ញុំយល់ថា ប្រជាពលរដ្ឋទាំងមនុស្សពេញវ័យ និងយុវជន ដែលមិនសូវលេងល្បែងប្រជាប្រិយនេះអាចមានមូលហេតុមួយចំនួន។ទី១ មនុស្សបច្ចុប្បន្នគាត់ប្តូររសនិយម ប្តូរចំណាប់អារម្មណ៍ ប្តូរចំណង់ចំណូលចិត្ត។ ទាល់តែប្តូរទៅ គាត់អត់សូវចូលចិត្តលេង។ ទី២ នៅពេលដែលយុវជន ឬមនុស្សពេញវ័យមិនសូវលេងហើយ ការរៀបចំ ការបង្កលក្ខណ្ឌដើម្បីឱ្យមានល្បែងប្រជាប្រិយនៅមាននៅតាមវត្តអារាម ឬទីកន្លែងប្រមូលផ្តុំគា្នផ្សេងៗក៏ហាក់ដូចជាមិនបានខ្លាំងក្លាដែរ។ នេះមានន័យថា អាជ្ញាធរពាក់ព័ន្ធមិនបានសម្រួលសម្ភារៈ បង្កើតគណៈកម្មការផ្សព្វផ្សាយដើម្បីឱ្យមានការលេង។ ចំណុចទី៣ មនុស្សបច្ចុប្បន្នមានជម្រើសផ្សេងច្រើន មានន័យថា គាត់មិនផ្តោតតែលេងល្បែងប្រជាប្រិយទេ ដោយសារតែគាត់មានឡាន ឬមធ្យោបាយផ្សេងៗ គាត់ទៅលេងនៅរមណីយដ្ឋាន ឬកន្លែងកម្សាន្តផ្សេងៗ អញ្ចឹងក៏ខកខានលេងល្បែងប្រជាប្រិយហ្នឹងដែរ។ ទី៤ ទន្ទឹមនឹងមិនសូវលេងល្បែងប្រជាប្រិយរបស់ខ្លួនឯង ប្រជាជនរបស់យើងទទួលឥទ្ធិពលពីវប្បធម៌បរទេស ជាពិសេសគឺប្រទេសជិតខាងដែលមានដូចជាការបាញ់ទឹក ការគប់ទឹក ការរាំញាក់ជាដើម។ ចំណុចចុងក្រោយ ដែលខ្ញុំមើលឃើញគឺខ្វះការយកចិត្តទុកដាក់ជាប្រព័ន្ធពីស្ថាប័នពាក់ព័ន្ធ។ នេះមានន័យថា វត្តអារាម ក្រសួងធម្មការ ក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ហាក់ដូចខ្វះការសហការគ្នា ដើម្បីធ្វើឱ្យការលេងល្បែងប្រជាប្រិយនឹងមានការរស់រវើក។
Q៖ តើនៅពេលដែលល្បែងប្រជាប្រិយខ្មែរមិនសូវមានការនិយមលេង តើអាចនឹងមានរឿងអ្វីកើតឡើងនាពេលអនាគត?
A៖ ខ្ញុំគិតថា នៅពេលដែលយើងអត់សូវនិយមលេងគឺមនុស្សជំនាន់ក្រោយអាចនឹងស្គាល់តិចតួច ឬមិនស្គាល់ ហើយបន្តិចម្តងៗអាចឈានដល់ការបាត់បង់។ បន្ទាប់មកទៀត បើកាលណាវាបាត់បង់ វាបាត់ចំណែកធាតុសំខាន់របស់វប្បធម៌។ ទាក់ទងនឹងចូលឆ្នាំខ្មែរមានន័យថា បាត់នូវអត្តសញ្ញាណនៃសង្ក្រាន្តខ្មែរ។ បើបាត់អត្តសញ្ញាណបុរាណ វានឹងជំនួសនូវអ្វីដែលជាការនិយមថ្មី។ ការនិយមថ្មីមាន២ប្រភេទ ទី១ អ្វីដែលមនុស្សបច្ចុប្បន្ននឹងគាត់បង្កើតថ្មី និងទី២ ជាឥទ្ធិពលវប្បធម៌បរទេសមកជំនួសនូវអ្វីដែលយើងបាត់បង់។ នៅបុន្មានឆ្នាំចុងក្រោយ នៅពេលថៃគេដាក់សង្ក្រាន្តចូលទៅ ឃើញថាប្រជាពលរដ្ឋ អ្នកជំនាញ ប្រមុខរដ្ឋាភិបាល សម្តែងការចាប់អារម្មណ៍។ លោកបានឱ្យកសាងឯកសារដើម្បីបញ្ជូលសង្ក្រាន្តខ្មែរឱ្យបាននៅឆ្នាំ២០២៥។ នៅពេលមានចលនាបែបហ្នឹង យើងឃើញថា នៅតាមស្ថាប័នរដ្ឋ នៅតាមសាលារដ្ឋ សាលាឯកជន បានចាប់ផ្តើមរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីរៀងៗខ្លួន ហើយក៏នាំគ្នាបង្កលក្ខណ្ឌឱ្យមានការលេងល្បែងប្រជាប្រិយ។ នេះជាពន្លកនៃក្តីសង្ឃឹម។ គួរកត់សម្គាល់ថា គេចាប់ផ្តើមលេងបណ្តើរៗ ហើយនៅថ្ងៃអនាគត វានឹងរស់ឡើងវិញ។
Q៖ តើលោកគិតថា ភាគីពាក់ព័ន្ធគួរធ្វើបែបណាខ្លះដើម្បីចូលរួមលើកកម្ពស់ការលេងល្បែងប្រជាប្រិយខ្មែរ?
A៖ តាមទស្សនៈរបស់ខ្ញុំ ទី១ ផ្តើមចេញពីភាគីពាក់ព័ន្ធទាំងអស់គឺត្រូវតែគិតថា ស្ថានភាពលេងល្បែងប្រជាប្រិយខ្មែរនាពេលបច្ចុប្បន្នគឺជារឿងមួយដែលគួរតែយកចិត្តទុកដាក់ និងគួរឱ្យព្រួយបារម្ភ។ វាគួរឱ្យព្រួយបារម្ភដោយសារតែការលេងមិនសូវមានភាពអធិកអធមច្រើន។ អញ្ចឹងទៅយើងបារម្ភថា មានការថយបន្តិចម្តងៗ និងអាចឈានដល់ការបាត់បង់។ ភាគីពាក់ព័ន្ធ ខ្ញុំគិតថា តួអង្គសំខាន់គឺប្រជាពលរដ្ឋទាំងអស់គ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺយុវជន។ តួអង្គទី២ គឺអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។ ទី៣ វត្តអារាម ទី៤ ក្រសួងធម្មការ ទី៥ ក្រសួងវប្បធម៌ ទី៦ ក្រសួងទេសចរណ៍ និងទី៧ ក្រសួងពាក់ព័ន្ធផ្សេងទៀតដូចជាក្រសួងព័ត៌មានជាដើម ដោយសារតែគាត់មានតួនាទីក្នុងការផ្សព្វផ្សាយដែរ។ ខ្ញុំមាន៦ ចំណុចដែលគិតថា ក្រសួងទាំងអស់គួរតែរួមចំណែក។ ទី១ គាត់ត្រូវចូលរួមលើកកម្ពស់និងផ្សព្វផ្សាយឱ្យបានទូលំទូលាយពីល្បែងប្រជាប្រិយ ក៏ដូចជាអំពីពិធីបុណ្យចូលឆ្នាំថ្មី ឬសង្ក្រាន្តឆ្នាំថ្មី។ ទី២ ក្រសួងពាក់ព័ន្ធទាំងអស់ត្រូវកំណត់ទីតាំង និងរៀបចំកន្លែងសម្រាប់ផ្តល់ឱ្យមានការលេងល្បែងប្រជាប្រិយ។ ពីមុនយើងលេងនៅវត្តអារាម ហើយឥលូវនេះវត្តអារាមខ្លះក៏នៅលេងនៅឡើយ ហើយមួយទៀតយើងរៀបចំធ្វើពិធីសង្ក្រាន្តនៅកន្លែងផ្សេងៗទៀត ដើម្បីឱ្យមានចំណែកនៃការលេងល្បែងប្រជាប្រិយនៅទីនោះ។ ការបង្កើតព្រឹត្តការណ៍ សង្ក្រាន្តអង្គរ សង្ក្រាន្តវត្តភ្នំ សង្ក្រាន្តបាត់ដំបង សង្ក្រាន្តកំពង់ស្ពឺ និងសង្ក្រាន្តខេត្តផ្សេងៗទៀត។ ក្នុងនឹងយើងក៏បង្កើតឱ្យមានគណៈកម្មការរៀបចំលេងល្បែងប្រជាប្រិយ។ បើលេងត្រូវការសម្ភារៈ ត្រូវការចំណាយមួយចំនួនដែរដើម្បីទិញសម្ភារៈ តែខ្ញុំគិតថា ចំណាយមិនច្រើនទេដើម្បីទិញសម្ភារៈ។ ដើម្បីធានាដល់ការលេងប្រព្រឹត្តទៅបានស្រួល ត្រូវគិតទៅដល់ការរៀបចំ ការសម្រួល ការធានាដល់ចរាចរណ៍ សណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងសន្តិសុខ ទៅដល់អ្នកចូលរួមទាំងអស់ផងដែរ។
ទី៥ ប្រជាពលរដ្ឋ ជាពិសេសយុវជន បើឃើញមានការរៀបចំហើយត្រូវតែចូលរួម។ ការចូលរួមរបស់ពួកគាត់ពិតជាសំខាន់សម្រាប់ខ្លួនគាត់ផង សម្រាប់សង្គម សម្រាប់ប្រទេសជាតិទាំងមូលផង ព្រោះថា បើកាលណាយើងចូលរួមលេង វាធ្វើឱ្យល្បែងប្រជាប្រិយរស់រាន្តមានជីវិតឡើងវិញ។ ចុងក្រោយ សាលារៀន ឬក៏ស្ថាប័ន ផ្សេងៗនឹងគួរចូលរួមដែរ មុនសង្ក្រាន្តឆ្នាំថ្មី។ គាត់ចូលរួមលេង បង្កលក្ខណ្ឌយ៉ាងមេចជាការលើកទឹកចិត្តផង ជាការជម្រុញឱ្យប្អូនៗកុមារ ឬបុគ្គលិករបស់ខ្លួនមានឱកាសដើម្បីរម្លឹកឡើងវិញនូវអ្វីដែលហៅថា សង្ក្រាន្តឆ្នាំថ្មី។ នៅក្នុងសង្ក្រាន្ត ល្បែងប្រជាប្រិយមានអ្វីខ្លះ មានអត្ថន័យអ្វីខ្លះ យើងពន្យល់ហើយយើងលេង។ មុនចូលឆ្នាំយើងលេង ចូលឆ្នាំយើងលេងទៀត ធ្វើបែបនេះជាបន្តបន្ទាប់ទៅសង្ក្រាន្តឆ្នាំថ្មី និងល្បែងប្រជាប្រិយអាចអភិវឌ្ឍ និងរស់រានមានជីវិតឡើងវិញ។
Q៖ តើលោកគិតថា ល្បែងប្រជាប្រិយខ្មែរអាចចូលរួមចំណែកស្រូបទាញភ្ញៀវទេសចរណ៍ដែរឬទេ? ហេតុអ្វី?
A៖ ជាការពិតល្បែងប្រជាប្រិយនេះជាផ្នែកមួយនៃពិធីបុណ្យចូលឆ្នាំថ្មី ឬក៏សង្រ្កាន្តឆ្នាំថ្មី។ នៅលើពិភពលោកនេះពិធីបុណ្យចូលឆ្នាំថ្មីឬសង្កា្រន្តឆ្នាំថ្មីរបស់គេនីមួយៗ គឺគេបានរៀបចំយ៉ាងល្អដើម្បីទាក់ទាញទេសចរណ៍ ទាំងក្នុងស្រុក និងក្រៅស្រុក។ ខ្ញុំធ្លាប់បានទៅប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ។ ប្រទេសទាំងនេះមិនត្រឹមតែប្រើសង្ក្រាន្ត ឬបុណ្យចូលឆ្នាំដើម្បីទាក់ទាញភ្ញៀវបរទេសទេ គឺធាតុវប្បធម៌ទាំងអស់ វត្ថុសិល្បៈ រួមទាំងការសម្តែងជាដើម។ គេរៀបចំជាបន្ទប់ពិព័ណ៌ មហោស្រព ហើយការសម្តែងសិល្បៈ និងការតាំងពិព័ណ៌នេះ ជាការទាក់ទាញទេសចរណ៍។ បើកាលណាគេមកប្រទេសយើង គឺគេចង់មើលនូវអ្វីដលជាអត្តសញ្ញាណរបស់យើង។ ល្បែងប្រជាប្រិយខ្មែរអាចចូលរួមចំណែកស្រូបទាញភ្ញៀវទេសចរណ៍ ខ្ញុំគិតថាបាន ហើយ ហើយបើសិនជាចង់ប្រើប្រាស់ល្បែងប្រជាប្រិយខ្មែរដើម្បីស្រូបទាញភ្ញៀវទេសចរណ៍ គឺត្រូវផ្សព្វផ្សាយពីពិធីបុណ្យចូលឆ្នាំ ឬសង្ក្រាន្តឆ្នាំថ្មីថា គេលេងអី គេមានអីខ្លះ។ ការផ្សព្វផ្សាយមិនគួរធ្វើឡើងដោយចៃដន្យ ការរៀបចំត្រូវមានលក្ខណៈពិសេស។ លក្ខណៈពិសេសមានន័យថា ការរៀបចំរបស់អាជ្ញាធរដោយមានលក្ខណៈជំនាញច្បាស់លាស គ្រប់ជ្រុងជ្រោយ មិនមែនជាការរៀបចំដោយសហគមន៍ទេ។ បើតាមសហគមន៍មានន័យថា គាត់ធ្វើតាមបាន ធ្វើតាមមាន អញ្ចឹងវាអត់អាចទាក់ទាញទេ។ ក្រសួងត្រូវតែប្រមូល ចងក្រង ល្បែងប្រជាប្រិយឱ្យអស់ ហើយកំណត់ទាំងអត្ថន័យ ខ្លឹមសារ កំណត់ទាំងវិធីសម្រាប់លេង ហើយការលេងល្បែងទាំងអស់ឱ្យត្រូវតាមក្បួនខ្នាត ចៀសវាងយើងចម្លងយកលក្ខណៈបរទេសដូចជាគប់ទឹក បាញ់ទឹក បាតម្សៅ។ យើងធ្វើឱ្យជាលក្ខណៈរបស់ខ្មែរយើង។ បើយើងយកល្បែងបរទេសមកលេង វាស្មើនឹងយើងជួយផ្សព្វផ្សាយវប្បធម៌បរទេស។ ដូច្នេះ ការរៀបចំត្រូវតែមានលក្ខណៈជំនាញ ជាលក្ខណៈវប្បធម៌ពិតយប្រាកដ និងរៀបចំឱ្យមានអត្តសញ្ញាណខ្មែរ ហើយធ្វើយ៉ាងណាឱ្យអាចទាក់ទាញភ្ញៀវទេសចរណ៍បាន។ ភាគីពាក់ព័ន្ធត្រូវចូលរួមធ្វើការដោយស៊ីសង្វាក់ ធ្វើការជាមួយគ្នាជាប្រព័ន្ធដើម្បីឱ្យការរៀបចំនោះពិតជាក្លាយជាកម្លាំងចលករ ឬក៏កម្លាំងស្រូបទាញភ្ញៀវទេសចរណ៍៕