អាជ្ញាធរកម្ពុជា និងគណៈកម្មការទន្លេមេគង្គ បានលើកឡើងថា ការក្រឡាប់រថយន្តដឹកសារធាតុគីមី នៅប្រទេសឡាវមិនប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកទន្លេមេគង្គ ហើយអំពាវនាវកុំឲ្យពលរដ្ឋមានការបារម្ភ។ ការលើកឡើងនេះ កើតមានឡើងក្រោយរថយន្តដឹកសារធាតុគីមីបានក្រឡាប់នៅប្រទេសឡាវ កាលពីសប្តាហ៍មុន ដែលបង្កឱ្យសារធាតុគីមីមួយចំនួនហូរចូលទៅក្នុងស្ទឹងក្នុងប្រទេសឡាវ ដែលជាដៃទន្លេមេគង្គ។
កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅខេត្តហ្លួងប្រាបាងនៃប្រទេសឡាវមានរថយន្តដឹកសារធាតុគីមី អាស៊ីតស៊ុលផួរិចប្រហែល៣០តោនបានក្រឡាប់ ចាក់សារធាតុគីមីមួយចំនួនចូលទៅក្នុងស្ទឹងណាមខាន់ ដែលជាដៃទន្លេមេគង្គ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។
លោក មាស សុភ័ក្ត្រ អ្នកជំនាញផ្នែកការចូលរួមរបស់ភាគីពាក់ព័ន្ធទន្លេមេគង្គ បានប្រាប់ Newsroom Cambodia កាលពីថ្ងៃទី៩ ខែមេសានេះឲ្យដឹងថា បន្ទាប់ពីបានចុះត្រួតពិនិត្យទឹកនៅកន្លែងកើតហេតុ គេពុំឃើញមានផលប៉ះពាល់ដល់គុណភាពទឹកនោះទេ ដោយសារអាជ្ញាធរឡាវបានចាត់វិធានការទាន់ពេលវេលា។
លោកលើកឡើងថា៖«សង្ខេបឱ្យខ្លីទៅវាអត់មានឃើញផលប៉ះពាល់អីនៅឡើយទេនៅទន្លេនឹង ដោយសារនៅពេលដែលឡានភ្លូកនឹងមកវាហូរចូលមកដៃទន្លេ ហើយទៅនៅខាងអាជ្ញារធរឡាវគេបានចាប់វិធានការទាន់ពេលដោយblock(បិទ) ដោយធ្វើរនាំងបាំងនៅពាក់កណ្ដាលទន្លេដែលជាដៃទន្លេនឹង ដោយសារវារាងធំអីចឹងគេខណ្ឌអានឹងទៅ»។
លោកបានបន្ថែមថា៖« អីចឹងសារធាតុពុលនឹង វាអត់ហូរចុះក្រោមទេ ហើយក្រុមការងារគេបានទៅធ្វើការត្រួតពិនិត្យគុណភាពទឹកនៅម្ដុំកន្លែងដែលឡានក្រឡាប់នឹង ហើយចុះមកខាងក្រោមទៀតក៏ដូចជានៅក្នុងទន្លេមេគង្គនឹងវាអត់មានឃើញអីទេ»។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ Newsroom Cambodia នៅថ្ងៃទី១១ ខែមេសានេះថា ឧបទ្ទវហេតុនេះមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរទេ ដោយសាររថយន្តដឹកសារធាតុគីមីនេះមិនបានក្រឡាប់ចូលទឹកដោយផ្ទាល់នោះទេ។
លោកបានលើកឡើងថា៖«ដូចជាមិនមានអីឱ្យធំដុំទេ[…] ឥឡូវយើងនិយាយពីទីតាំងរថយន្តដែលក្រឡាប់នឹងមិនមែនក្រឡាប់ចូលហើយកំពប់ចូលទៅក្នុងទន្លេទេ បានន័យថាក្រឡាប់លើផ្លូវហើយកំពប់ទៅនឹង គឺចូលស្នាមភ្លោះសិន ស្នាមភ្លោះមួយហើយបានវាជ្រាបចេញពីស្នាមភ្លោះនឹងចូលដៃរបស់ទន្លេមេគង្គហ្នឹង»។
លោកពន្យល់ថា៖«អាស៊ីតស៊ុលផួរិចកាលណាវាប៉ះទឹកវានឹងពុះហើយបំភាយឡើងទៅក្នុងបរិយាកាស អីចឹងសមាសធាតុដែលមាននៅក្នុងទឹកនឹងវាមានតិចតួចណាស់»។
បើតាមលោក ចាន់ យុត្ថា ទីតាំងកើតហេតុមានចម្ងាយឆ្ងាយពីព្រំដែនប្រទេសកម្ពុជា ប្រមាណជាង១៥០០គីឡូ ហើយសារធាតុគីមីនេះត្រូវហូរឆ្លងកាត់ទំនប់វារីអគ្គិសនីសាយ៉ាបូរីនៅប្រទេសឡាវសិន មុននឹងមកដល់ទន្លេមេគង្គកម្ពុជា។
លោកបានបន្តថា ក្រសួងធនធានទឹកនិងឧតុនិយមនៅតែបន្តយកចិត្តទុកដាក់ចំពោះបញ្ហានេះដោយបានពិនិត្យគុណភាពទឹក និងបន្តជូនដំណឹងដល់សាធារណជន។ លោកបានសំណូមពរឱ្យប្រជាជនកុំមានការព្រួយបារម្ភ ក្នុងករណីមានអ្វីប្រែប្រួលក្រសួងនឹងជូនដំណឹងភ្លាមៗ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១១ ខែមេសានេះ បញ្ជាក់ថាតាមលទ្ធផលនៃការចុះយកសំណាកទឹកជាក់ស្តែងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងស្ថាប័នជំនាញរបស់ឡាវបង្ហាញថាពុំមានផលប៉ះពាល់ដល់គុណភាពទឹកនៅប៉ែកខាងក្រោមនៃស្ទឹងណាមខាន់ និងទន្លេមេគង្គនោះទេ៕