មន្ត្រីសង្គមសុីវិលបង្ហាញការសាទរចំពោះ​«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦»ថ្មី ដែល​មាន​​ចក្ខុវិស័យលើកកម្ពស់​សមភាព​យេនឌ័រ ក៏ប៉ុន្តែក្រុមសង្គមសុីវិលចង់ឃើញ មានការអនុវត្តផែនការនេះឲ្យបាន​ទូលំ​ទូលាយ និងមានប្រសិទ្ធិភាព។ ការលើក​ឡើងនេះ កើតមានក្រោយក្រសួង​កិច្ចការនារី បានដាក់សម្ពោធ​«ផែនការយុទ្ធសាស្រ្ត​នារី​រតនៈទី៦» កាលពី​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ។

ផែនការ​យុទ្ធសាស្ត្រ​៥ឆ្នាំ នារីរតនៈទី៦ ឆ្នាំ២០២៤-​២០២៨នេះ គឺជាផែនការមេដើម្បីបង្កើន​ការប្តេជ្ញាចិត្ត​រួមគ្នាពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងនោះ​រួមមាន​សង្គមស៊ីវិល​ផងដែរ ដើម្បី​លើកកម្ពស់​ ​ចក្ខុវិស័យ​សមភាព​យេនឌ័រ និង​បង្កើនភាព​អង់អាច​ដល់ស្ត្រី​នៅកម្ពុជា។

នារីរតនៈទី៦ ផ្តោតសំខាន់លើការបញ្ជ្រាបយេនឌ័រអាទិភាពចំនួន៦ រួមមាន ទី១ បង្កើនភាពអង់អាច​ផ្នែកសេដ្ឋកិច្ច​របស់ស្ត្រី ទី២ លើកកម្ពស់​សីលធម៌​សង្គម តម្លៃស្ត្រី​និង​គ្រួសារ​​ខ្មែរ ទី៣ លើកកម្ពស់​សុខុមាលភាព​របស់ស្ត្រី​និងក្មេងស្រី ទី៤ កិច្ចការពារ​ផ្លូវច្បាប់​សម្រាប់​ស្ត្រី​និងក្មេងស្រី ទី៥ ស្ត្រីក្នុ​ងភាពជា​អ្នកដឹកនាំ​និងអភិបាលកិច្ច និងទី៦ ស្ត្រី​និងការប្រែប្រួល​អាកាសធាតុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមកាលពីថ្ងៃទី១០ ខែមេសា។

ញូស៍រូម​ខេមបូឌា (Newsroom Cambodia) បានសម្ភាស​ស្ថាប័ន​សង្គមស៊ីវិល​ដែលមាន​ចក្ខុវិស័យ​ក្នុងការ​លើក​កម្ពស់​​សិទ្ធិមនុស្ស និងសមភាព​យេនឌ័រ ជាពិសេស​លើកកម្ពស់​​សិទ្ធិស្ត្រី​និ​ង​ក្មេង​ស្រី​អំពីទស្សនៈរបស់ពួកគាត់ជុំវិញ​​គោលនយោបាយថ្មី​​នេះ។​

កញ្ញាឈុន ចរិយា នៃអង្គកា​រ​​​នារីដើម្បី​​សន្តិភាព​(WPM) បានបង្ហាញ​​ពីចំណាប់​​អារម្មណ៍វិជ្ជមាន​ ដែល​ក្រសួង​​​កិច្ចកា​រនារី​​ប្រមូលសម្លេង​​ពីគ្រប់​​តំណាង​ពាក់ព័ន្ធ ជាអាទ៍​នគរបាល មេធាវី អង្គការ​​​​សង្គមស៊ីវិល។ កញ្ញាថា ការណ៍នេះបង្ហាញ​​ពីការវិនិយោគ​​ជាប្រព័ន្ធ​ចំពោះធនធានស្ត្រី​នៅ​​កម្ពុជា ក៏ប៉ុន្តែនៅខ្វះការរំលេចការដាក់បញ្ចូលក្រុមភាគតិច ឬជនជាតិ​​ដើមភាគ​តិច។

កញ្ញាថា៖ «ទោះបី​ជា​មាន​ការប្រមូល​​ធាតុចូល​​យ៉ាងណា​​ក៏ដោយ ក៏យើង​ហាក់​​មិនឃើញ​​ពីការមិនទាន់​​បញ្ជាក់​​និងបង្ហាញ ក្រុមភាគតិច ឬជនជាតិ​​ដើមភាគ​តិច​ទៅក្នុង​​សកម្មភាពគន្លឹះ​នៅឡើយទេ ដោយសារតែ​នៅក្នុង​សៀវភៅ​ប្រើពាក្យ​បរិយាបន្ន​តែម្តង មិនបានរំលេច​ក្រុមភាគតិច ឬក្រុម​ងាយរងគ្រោះ​បន្ថែមទេ»។

កញ្ញាកត់សម្គាល់ឃើញថា ផែនការថ្មី​បានដាក់​បញ្ចូល​យុទ្ធសាស្រ្ត​ទាក់ទងនឹងសីលធម៌សង្គម និងតម្លៃស្រ្តី ក៏ប៉ុន្តែមិនបានកំណត់ជាក់លាក់​ពីនិយមន័យ​នៃពាក្យ​តម្លៃស្រ្តី។

កញ្ញាថា៖ «អ្វីដែល​គួរអោយ​កត់សម្គាល់​បន្ថែមទៀត គឺនៅក្នុង​ផែនការថ្មី​បានដាក់​បញ្ចូល​យុទ្ធសាស្រ្ត​ទាក់ទងនឹងសីលធម៌សង្គម និងតម្លៃស្រ្តី ដែលជា​កង្វល់​របស់ខ្ញុំ​ផ​ងដែរ។ ដោយសារតែ​មិនទាន់ដឹង​ជាក់លាក់​ពីការកំណត់​និយមន័យ​នៃពាក្យ​តម្លៃស្រ្តី​នៅក្នុងនេះ ហើយអ្វី​ដែលជា​ក្តីកង្វល់​ គឺការដាក់​គំនៀប​ដល់ស្រ្តី​បន្ថែមទៀត»។​

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា(TI) បាន​អបអរសាទរ​ដល់ក្រសួង​កិច្ចការនារី​ដែលមាន​ការជជែក​ពិភាក្សា​ជាមួយ​ដៃគូពាក់ព័ន្ធ​ ជុំវិញ​គោលនយោបាយ​នារី​រតនៈ​ទី៦នេះ។ ប៉ុន្តែលោក ចង់ឱ្យ​មានការពង្រឹ​ង​សិទ្ធិអំណាច និងប្រើប្រាស់​អំណាច​នៃកម្លាំង​ចលករ​​ស្ត្រី​ឲ្យសាកសមជា​អ្នកទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា ជាពិសេសតួនាទីនិង​តំណែង​ក្នុង​ការ​សម្រេច​ចិត្ត។

លោក ប៉ិច ពិសី បន្ថែមថាការរៀបចំកូតា និងការរៀបចំការគាំទ្រដោយចំពោះដល់ស្ត្រី គឺ ជាការចាំបាច់​ដែលជំរុញឲ្យ​ស្ត្រីចូលរួម​សម្រេច​គោលនយោបាយ​សំខាន់​របស់ជាតិ។

លោកមាន​យោបល់ថា៖ « យើងដឹង​ហើយ មានស្ត្រី​ច្រើនធ្វើការ​ក្នុងស្ថាប័ន​សាធារណៈ ភាគ​ច្រើ​ន​​គាត់គ្រាន់តែជា​អ្នកបច្ចេកទេស Support (គាំទ្រ) អ្នកគាំពារ​គេទេ។ បើសិនជា​ក្រសួង​កិច្ចការនារី ឬរដ្ឋាភិបាល​អាចរៀបចំ​កូតា(កំណត់ចំនួន ឬបរិមាណ) សម្រាប់​ផ្ដល់សិទ្ធិ​ឱ្យក្មេង​ស្រី​និងស្ត្រី​នៅ​គ្រប់​ស្ថាប័ន​សាធារណៈ ខ្ញុំគិតថា​ជារឿងមួយ​ល្អណាស់។ ព្រោះបើ​យើង​អត់កំណត់​កូតាទេ តាមធម្មតា​ការប្រកួតប្រជែក​ផ្អែកលើ​ចំណេះដឹង ភាគច្រើន​ដោយសារ​ស្ត្រីខ្វះ​បណ្ដាញ ខ្វះជំនាញ​ផ្សេងផង ហើយលក្ខខណ្ឌ​សមស្រប​របស់គាត់​មិនសូវ​ដូចបុរសដែរ លក្ខខណ្ឌគ្រួសារ លក្ខខណ្ឌ​សង្គមហ្នឹង»។​

អ្នកស្រី ស៊ុន ម៉ាលី ប្រធាន​ផ្នែកស្ត្រី​នៃសមាគម​អាដហុក(ADHOC-Cambodia)ថា ផែនការ​យុទ្ធសាស្រ្ត​នារីរតនៈ​ទី៦នេះ បានគ្របដណ្ដប់​ទៅលើ​យេនឌ័រ និងភាពអង់អាច​ក្លាហាន​របស់ស្រ្តី ។ កន្លងមក​សមាគម​អាដហុក​ក៏ធ្លាប់ចូលរួម​ជាសម្លេង​ក្នុងការប្រមូល​ធាតុចូល ទាំង​សេចក្ដីព្រាង​ផែនកា​រ​យុទ្ធសាស្រ្តនេះ និង​ការរៀបចំ​ក្រុមការងារ​រៀបចំ​ប្រយុទ្ធប្រឆាំង​អំពើហិង្សា​លើយេនឌ័រ ។

អ្នកស្រី​ថ្លែងបន្តថា៖ « ប្រសិនជា​ការអនុវត្ត​ទៅតាម​ផែនការ​ដែលបានកំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្រ្តនេះ បានអនុវត្ត​ទាំងអស់គ្នា​ដោយមាន​ការចូលរួម​ពីអង្គការ​សង្គមស៊ីវិល​ក៏ដូចជា​ខាងក្រសួង​​ពាក់ព័ន្ធ​ដែលមាន​អន្តរក្រសួង​ដែលជា​សមាជិក​ក្រុមការងារ យើងនឹង​មាន​ការ​ឆ្លើយ​តប​នឹងអ្វី​ដែលយើងបាន​រកឃើញ អ្វីដែល​យើងខ្វះខាត​ដើម្បី​ឆ្លើយតប ហើយក៏ជា​តម្រូវការ​ជាក់ស្ដែង​របស់ស្រ្តី និងកុមារ»។

អ្នកស្រី អេង ចាន់ឌី នាយិកា​នៃអង្គការ​យេនឌ័រ និងអភិវឌ្ឍន៍​ដើម្បី​កម្ពុជា​(GADC) ថា ដើម្បីឆ្លើយតប​ទៅតម្រូវការនិងស្ថាភាព​ជាក់ស្ដែង ពិសេស​លុបបំបាត់​គម្លាតយេនឌ័រ គ្រប់ស្ថាប័ន​​ត្រូវ​អនុវត្តតាមយុទ្ធសាស្រ្ត​នេះ ​មិនមែនគ្រាន់តែក្រសួង​កិច្ចការនារីនោះទេ។

អ្នកស្រី​ថ្លែងថា៖ «ផែនការ​យុទ្ធសាស្រ្ត​នឹងអាច​កាន់តែមាន​ប្រសិទ្ធិភាព​ទៅមុខទៀតលុះត្រា​តែក្រសួង​នីមួយៗ គាត់ដឹងថា​គាត់មាន​តួនាទី​អីគេខ្លះ​នៅក្នុងហ្នឹង។ ហើយខ្ញុំ​ឃើញថា ផែនការនារី​រតនៈទី៦នេះ គឺមាន​រំលេច​ច្រើនណាស់​ទាក់ទង​ជាមួយនឹង​ការតាមដាន​ត្រួតពិនិត្យ​និងវាយតម្លៃ បានឆ្លុះបញ្ចាំង​ឲ្យឃើញថា តើយើង​ពេលធ្វើ​សកម្មភាព​ទៅអាច​ដើរតាម​ផ្លូវណា នៅក្នុង​ការធ្វើវា​ឲ្យបាន​ជោគជ័យ បូករួម​ទាំងបញ្ចូល​ថវិការ​នៅតាម​ក្រសួង​នីមួយៗ​ផងដែរ»។

គួរបញ្ជាក់ផងដែរថា ការពង្រឹង​វិសាលភាព​ក្នុងការ​បញ្ជ្រាប​យេនឌ័រ ការពង្រីក​កម្មវិធី​ផ្លាស់ប្ដូរ​ឥរិយាបថ​និងផ្នត់គំនិត​សង្គម ការលើកកម្ពស់​ភាពជា​អ្នកដឹកនាំ​របស់ស្ត្រី​នៅគ្រប់កម្រិត ការពង្រឹងភាព​អង់អាច​ផ្នែកសេដ្ឋកិច្ច​របស់ស្ត្រី ទី៥ លើកកម្ពស់​ការការពារ​សិទ្ធិមនុស្ស​និងកាត់បន្ថយ​ហិង្សាយេនឌ័រ ព្រមទាំងការពង្រឹង​ការធ្វើ​អភិបាលកិច្ច​និងធ្វើ​ទំនើបកម្ម​ក្រសួង​កិច្ចការ​នារី និងអង្គភាព​ចម្រុះ ឱ្យក្លាយជា​រដ្ឋបាល​សាធារណៈ​និងឌីជីថល​ទំនើប គឺជាគោលបំណងចម្បងៗនៃ​«ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦»នេះ៕