អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើចំនួន៥ បានរួមគ្នាធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ២០ ០០០គ្រាប់ ដាំតាមព្រំដីសហគមន៍ ដើម្បីបង្កើនពហុប្រយោជន៍ក្នុងសហគមន៍ ទាំងជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងការប្រែប្រួលអាកាសធាតុ។
ប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD Cambodia) លោក សោម សុភក្រ័ មានប្រសាសន៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា ការធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ចំនួន ២០ ០០០គ្រាប់ យកទៅដាំនៅតាមព្រំដែនសហគមន៍ចំនួន៥ ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងនោះមានសហគមន៍ព្រៃឈើអូរសោម សហគមន៍ព្រៃឈើអូរធំ សហគមន៍ព្រៃឈើកំចាយមារ សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ និងសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទឹម។ លោកបន្ថែមថា មូលហេតុសំខាន់ៗដែលសម្រេចដាំត្នោតជាបង្គោលព្រំ ព្រោះដើមត្នោតមានភាពធន់ ជាងបង្គោលស៊ីមង់។
លោកថ្លែងថា៖ «ទី១ ដើមត្នោតងាយដុះ ធន់ជាមួយការប្រែប្រួលអាកាសធាតុ ទី២ ដើមត្នោតមានពហុប្រយោជន៍ច្រើន តាំងពីស្លឹក ធាង ទឹក ផ្លែខ្ចីរហូតដល់ទុំ ដែលសហគមន៍អាចទាញប្រយោជន៍ជួយដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់»។
លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមក្នុងការស្តារព្រៃឈើទាំងអស់គ្នា ជាពិសេស ដើមត្នោតដែលជាអត្តសញ្ញាណខ្មែរ និងអាចជួយបម្រើសេដ្ឋកិច្ច វប្បធម៌របស់ប្រជាជនក្នុងមូលដ្ឋាន និងអាចជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលជាក្តីបារម្ភ នៃពិភពលោកទាំងមូល។
ប្រធានសហគមន៍ព្រៃឈើអូរសោម លោកស្រី សន សុភាព បានឱ្យដឹងថា យុទ្ធនាការនេះ ចាប់ផ្តើមតាំងពីខែមីនា និងបញ្ចប់នៅចុងខែមិថុនា ឬដើមខែកក្កដា។ អ្នកស្រីបន្តថា មូលហេតុដែលជ្រើសរើសគ្រាប់ត្នោតមកដាំនេះ ព្រោះគ្រាប់ត្នោត មានសារៈសំខាន់ជាច្រើន។
លោកស្រីថ្លែងថា៖ «នេះជាសារៈប្រយោជន៍របស់យើងមួយដែរ ដោយសារនៅថ្ងៃអនាគតអាចនឹងបាត់បង់ដើមត្នោត នៅតាមឃុំ តាមតំបន់ដោយសារប្រជាពលរដ្ឋរាល់ថ្ងៃចេះតែកាប់ចោល ដូច្នេះយើងនឹកឃើញដាំដើមត្នោតជាបង្គោលព្រំរស់ដើម្បីការពារដីព្រៃ និងការពារព្រំមិនឱ្យមានជនល្មើសចូលមករុករានដីធ្វើជាកម្មសិទ្ធិ។ អត្ថប្រយោជន៍មួយទៀត ក៏ជួយបង្កើនជីវភាពរបស់សហគមន៍ និងជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងជីជាតិដីផងដែរ»។
អ្នកស្រីបន្តថា ការដាំដើមត្នោតនេះ ក៏ជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុផងដែរ។
លោក ទន់ មៀន ប្រធានសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទឹម មានប្រសាសន៍ថា យុទ្ធនាការប្រមូលគ្រាប់ត្នោត ២០ ០០០គ្រាប់ ដើម្បីដាំតាមព្រំប្រទល់ព្រៃសហគមន៍នេះ នឹងចាប់ផ្តើមនៅរដូវគ្រាប់ត្នោតជ្រុះ ហើយពេលសហគមន៍ចុះល្បាត នឹងចាប់ផ្តើមដាំបណ្តើរៗរហូតអស់គ្រាប់ត្នោតដែលប្រមូលបាន។ លោកបន្តថា គ្រាប់ត្នោតនេះ គឺប្រមូលពីសហគមន៍យកទៅដាំ និងប្រសិនបើខ្វះ អាចសុំទិញខ្លះៗពីអ្នកដែលគាត់មិនព្រមចូលរួមផ្តល់ឱ្យ។
លោកថ្លែងថា៖ «ជាធម្មតា ក្នុងខែនេះ ត្នោតជ្រុះតែវាមិនទាន់ស្ងួតសាច់ យើងចេះតែបន្តប្រមូលបណ្តើរៗប្រហែលចុងខែ៦ បានយើងចាប់ផ្តើមដាំ […] ខ្ញុំរំពឹងថា នឹងអាចប្រមូលបានគ្រាប់ត្នោតគ្រប់ ២០ ០០០គ្រាប់ ដើម្បីដាំ ព្រោះសហគមន៍ខ្ញុំសម្បូរដើមត្នោតដែរ»។
លោកបញ្ជាក់ថា៖ «គ្រាប់ត្នោតនេះ គឺធន់នឹងកម្តៅ ឆេះក៏វាអត់ងាប់ដែរ ដាំបានហើយមានអត្ថប្រយោជន៍ច្រើនណាស់ មិនថាដើម ឬស្លឹក ស្លឹកវាយកមកប្រើប្រាស់ ស្លឹកវាយកមកប្រក់ផ្ទះក៏បាន ទឹកត្នោតអាចផឹកអាចលក់ អញ្ចឹងអាចជួយកាត់បន្ថយភាពក្រីក្រ ព្រោះបង្កើតមុខរបរ ជួយដល់ប្រព័ន្ធអេកូឡូស៊ី ជួយដី ជាម្លប់សម្រាប់ជ្រកផងដែរ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា យល់ថា នេះជាការចូលរួមមួយប្រសើរនៅក្នុងការសហការគ្នាដើម្បីភាពបៃតង និងការសម្រេចនូវគោលដៅឆ្នាំ២០៥០ ដែលកម្ពុជាជាប្រទេសអព្យាក្រឹត្យកាបូន និងមានគម្របព្រៃ ៦០%។
លោកថ្លែងថា៖ «ការដាំដើមឈើនេះ មានសារៈប្រយោជន៍ណាស់ជួយដល់ភពផែនដីរបស់យើង ជាពិសេសកាត់បន្ថយនៅកំណើនផែនដី ចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ពីព្រោះដើមឈើមានមុខងារសំខាន់នៅក្នុងការជួយស្រូបយកនៅឧស្ម័នកាបូន ឬក៏ជាតិពុលនៃបរិយាកាស និងជួយរក្សាទឹកនៅក្រោមដី ដែលសំខាន់សម្រាប់ជីវិតសត្វ មនុស្ស និងរុក្ខជាតិផ្សេងៗ»។
លោកបន្ថែមថា ដើមឈើបានផ្តល់សារៈប្រយោជន៍ជាច្រើនសម្រាប់ប្រើប្រាស់ និងលើកកម្ពស់ជីវភាពរបស់ប្រជាលរដ្ឋ ដូចជាដើមត្នោត ដែលបានផ្តល់ទេសភាព និងទាក់ទាញភ្ញៀវទេសចរមកទស្សនា និងផ្តល់ជាសម្ភារៈប្រើប្រាស់ និងស្បៀងអាហារផងដែរ។ គួរបញ្ជាក់ថា ដើមត្នោតមានកេរ្តិ៍តំណែលតាំងពីបុរាណមក ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរបស់ប្រជាពលរដ្ឋនាសម័យមុន មិនតែប៉ុណ្ណោះ មកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានពលរដ្ឋខ្មែរគ្រប់រូបស្គាល់ថា ដើមត្នោតជាដួងព្រលឹងរបស់អ្នកស្រែចម្ការគ្រប់រូប និងជានិមិត្តរូបជាតិខ្មែរ របស់ប្រទេសកម្ពុជាផងដែរ៕