អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ និងសហគមន៍ព្រៃឈើចំនួន៥ បានរួមគ្នាធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោត ២០ ០០០​គ្រាប់ ដាំតាមព្រំដី​សហគមន៍ ដើម្បី​​បង្កើន​ពហុប្រយោជន៍ក្នុងសហគមន៍ ទាំង​ជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងការប្រែប្រួលអាកាសធាតុ។

ប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD Cambodia) លោក សោម សុភក្រ័ មានប្រសាសន៍នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ​ថា ការធ្វើយុទ្ធនាការ​ប្រមូល​គ្រាប់ត្នោត ចំនួន ២០ ០០០គ្រាប់ យកទៅដាំនៅតាមព្រំដែនសហគមន៍ចំនួន៥ ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងនោះ​មាន​សហគម​ន៍​ព្រៃឈើ​អូរសោម សហគមន៍ព្រៃឈើអូរធំ សហគមន៍ព្រៃឈើកំចាយមារ សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ និងសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទឹម។ លោកបន្ថែមថា មូលហេតុ​សំខាន់ៗ​ដែល​សម្រេច​ដាំត្នោតជាបង្គោលព្រំ ព្រោះដើម​ត្នោតមានភាពធន់ ជាងបង្គោល​ស៊ីមង់។

លោកថ្លែងថា៖ «ទី១ ដើមត្នោតងាយដុះ ធន់​ជាមួយការប្រែប្រួលអាកាសធាតុ ទី២ ដើមត្នោតមានពហុប្រយោជន៍ច្រើន តាំង​ពី​ស្លឹក ធាង ទឹក ផ្លែខ្ចីរហូតដល់ទុំ ដែលសហគមន៍អាចទាញប្រយោជន៍ជួយដល់ជីវភាពប្រចាំថ្ងៃ​របស់ពួកគាត់»។

លោក​បាន​អំពាវនាវ​​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ ចូលរួមក្នុងការស្តារព្រៃឈើទាំងអស់គ្នា ជាពិសេស ដើមត្នោតដែលជាអត្តសញ្ញាណខ្មែរ និងអាចជួយបម្រើសេដ្ឋកិច្ច វប្បធម៌របស់ប្រជាជនក្នុងមូលដ្ឋាន និង​អាច​ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលជាក្តីបារម្ភ នៃពិភពលោកទាំងមូល។

ប្រធានសហគមន៍​ព្រៃឈើ​អូរសោម លោកស្រី សន សុភាព បានឱ្យដឹងថា យុទ្ធនាការនេះ ចាប់ផ្តើម​តាំងពីខែមីនា និង​បញ្ចប់​នៅចុងខែមិថុនា​ ឬ​ដើមខែកក្កដា។ អ្នកស្រីបន្តថា មូល​ហេតុ​ដែលជ្រើស​រើសគ្រាប់ត្នោតមកដាំនេះ ព្រោះគ្រាប់ត្នោត មានសារៈសំខាន់ជាច្រើន។

លោកស្រីថ្លែង​ថា៖ «នេះជាសារៈប្រយោជន៍របស់យើងមួយដែរ ដោយសារនៅថ្ងៃអនាគតអាចនឹងបាត់បង់ដើមត្នោត នៅ​តាមឃុំ តាមតំបន់ដោយសារប្រជាពលរដ្ឋរាល់ថ្ងៃចេះតែកាប់ចោល ដូច្នេះយើងនឹកឃើញដាំដើមត្នោតជាបង្គោលព្រំរស់ដើម្បីការពារដីព្រៃ និងការពារព្រំមិនឱ្យមានជនល្មើសចូលមករុករានដីធ្វើជាកម្មសិទ្ធិ។ អត្ថប្រយោជន៍មួយទៀត ក៏ជួយបង្កើនជីវភាពរបស់សហគមន៍ និងជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ និងជីជាតិដីផងដែរ»។

អ្នកស្រីបន្តថា ការដាំដើមត្នោតនេះ ក៏ជួយបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងជួយ​ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុផងដែរ។

លោក ទន់ មៀន ប្រធានសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទឹម មានប្រសាសន៍ថា យុទ្ធនាការប្រមូល​គ្រាប់ត្នោត ២០ ០០០គ្រាប់ ដើម្បី​​ដាំតាម​ព្រំប្រទល់ព្រៃសហគមន៍​នេះ នឹង​ចាប់​ផ្តើម​នៅ​រដូវគ្រាប់​ត្នោតជ្រុះ ហើយ​ពេលសហគមន៍ចុះល្បាត នឹង​ចាប់ផ្តើមដាំបណ្តើរ​ៗ​រហូតអស់គ្រាប់ត្នោតដែល​ប្រមូល​បាន​​។ លោកបន្ត​ថា គ្រាប់ត្នោតនេះ គឺប្រមូលពីសហគមន៍យកទៅដាំ និង​ប្រសិនបើខ្វះ អាចសុំទិញខ្លះៗពី​អ្នកដែលគាត់មិនព្រមចូលរួ​មផ្តល់ឱ្យ​។

លោកថ្លែងថា៖ «​ជាធម្មតា ក្នុងខែនេះ ត្នោតជ្រុះតែវាមិនទាន់ស្ងួតសាច់ យើង​ចេះ​តែ​បន្តប្រមូលបណ្តើរៗប្រហែល​ចុង​ខែ៦ បាន​យើង​ចាប់ផ្តើមដាំ […] ខ្ញុំរំពឹងថា នឹងអាចប្រមូលបានគ្រាប់ត្នោតគ្រប់ ២០ ០០០គ្រាប់ ដើម្បីដាំ ព្រោះសហគមន៍ខ្ញុំសម្បូរ​ដើម​ត្នោត​ដែរ»។

លោកបញ្ជាក់ថា៖ «គ្រាប់ត្នោតនេះ គឺធន់នឹងកម្តៅ ឆេះក៏វាអត់ងាប់ដែរ ដាំ​បាន​ហើយ​មា​ន​អត្ថប្រយោជន៍ច្រើនណាស់ មិនថាដើម ឬស្លឹក ស្លឹកវាយកមកប្រើប្រាស់ ស្លឹកវាយកមកប្រក់ផ្ទះក៏បាន ទឹកត្នោតអាចផឹកអាចលក់ អញ្ចឹង​អាច​ជួយ​កាត់បន្ថយ​ភាពក្រីក្រ ព្រោះបង្កើតមុខរបរ ជួយដល់ប្រព័ន្ធអេកូឡូស៊ី ជួយដី ជាម្លប់សម្រាប់ជ្រកផងដែរ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា យល់​ថា​ នេះ​ជា​ការ​ចូលរួមមួយ​​​ប្រសើរ​​នៅក្នុងការ​សហការគ្នាដើម្បីភាពបៃតង និងការសម្រេចនូវគោលដៅឆ្នាំ២០៥០ ដែលកម្ពុជាជាប្រទេសអព្យាក្រឹត្យ​កាបូន និងមានគម្របព្រៃ ៦០%។

លោកថ្លែង​ថា៖ «ការដាំដើមឈើនេះ មានសារៈប្រយោជន៍ណាស់ជួយដល់ភពផែនដីរបស់យើង ជាពិសេសកាត់បន្ថយនៅកំណើនផែន​ដី ចូលរួមកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ពីព្រោះដើមឈើមានមុខងារ​សំខាន់​នៅ​ក្នុង​ការ​ជួយ​ស្រូបយក​នៅ​ឧស្ម័នកាបូន ឬក៏ជាតិពុលនៃបរិយាកាស និង​ជួយរក្សាទឹកនៅក្រោមដី ដែលសំខាន់សម្រាប់ជីវិតសត្វ មនុស្ស និងរុក្ខជាតិផ្សេងៗ​»។

លោកបន្ថែមថា ដើមឈើបានផ្តល់សារៈប្រយោជន៍ជាច្រើនសម្រាប់ប្រើប្រាស់ និង​លើក​កម្ពស់ជីវភាព​របស់ប្រជាលរដ្ឋ ដូចជាដើមត្នោត ដែលបានផ្តល់ទេសភាព និងទាក់ទាញ​ភ្ញៀវទេស​ចរមក​ទស្សនា និងផ្តល់ជាសម្ភារៈ​ប្រើ​ប្រាស់ និង​ស្បៀងអាហារ​ផង​ដែរ។ គួរបញ្ជាក់ថា ដើមត្នោត​មាន​កេរ្តិ៍តំណែលតាំង​ពី​បុរាណ​មក ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពរបស់ប្រជាពលរដ្ឋនាសម័យមុន មិនតែប៉ុណ្ណោះ មកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានពលរដ្ឋខ្មែរគ្រប់​រូបស្គាល់ថា ដើមត្នោតជាដួងព្រលឹងរបស់អ្នកស្រែចម្ការគ្រប់រូប និងជានិមិត្តរូបជាតិខ្មែរ របស់ប្រទេសកម្ពុជាផងដែរ៕