អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាប និងដុតកម្ទេចចោលនូវបំណែកសាច់នាំចូលខុសច្បាប់និងខូចគុណភាពជាង ៤តោន ខណៈសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការទៅលើអ្នកនាំចូល និងអ្នកនៅពីក្រោយការនាំចូលខុសច្បាប់ទាំងនោះ ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតឡើងជាបន្តបន្ទាប់ទៀត។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(General Department of Customs and Excise) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ដោយរឹបអូសបានបំណែកសាច់ចំនួន ៤ ៥៥០គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដានាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។
ប្រភពដដែលបន្តថា ករណីទាំង២ដែលបង្ក្រាបបាននោះ រួមមាន ការបង្ក្រាបសាច់ក្របីបង្កកចំនួន ៣ ៥០០ គីឡូក្រាម បង្កប់ជាមួយទំនិញផ្សេងតាមរថយន្តដឹកអ្នកដំណើរ ៣គ្រឿង ចូលតាមច្រករបៀងក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ រីឯករណីទី២ សមត្ថកិច្ចបង្ក្រាបបាន និងដុតកម្ទេចចោលនូវជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុងជ្រូកចំនួន ១ ០៥០ គីឡូក្រាម ដឹកដោយរ៉ឺម៉កម៉ូតូតាមច្រករបៀងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២២ ខែមេសា ដដែលនោះ។
Newsroom Cambodia មិនអាចសុំការអធិប្បាយបន្ថែមជុំវិញករណីនេះ ពីលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទេ នៅរសៀលថ្ងៃទី២៤ ខែមេសានេះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បញ្ហានាំចូលសាច់បង្កកខុសច្បាប់ តែងតែកើតមានឡើងដដែលៗ ដោយលោកថា បញ្ហានេះអាចបណ្ដាលមកពីមន្ត្រីមួយចំនួនឃុបឃិតជាមួយឈ្មួញទើបអាចនាំចូលបាន។
លោកបានបន្តថា៖ «ខ្ញុំថាបញ្ហាសាច់បង្កកហ្នឹង ដែលឱ្យមានការនាំចូលដោយចេះតែនាំចូលបានបន្តបន្ទាប់ហ្នឹង រឿងនេះប្រហែលជាស្ថាប័នដែលទទួលបន្ទុក ក្នុងការគ្រប់គ្រងការនាំចូលទាំងអស់ហ្នឹង ត្រូវធ្វើអធិការកិច្ចមើលឡើងវិញ អំពីមន្ត្រីរបស់ខ្លួននៅតាមច្រកចូលមួយៗថាតើបានអនុវត្តតួនាទីភារកិច្ចបានច្បាស់លាស់ទេ? ឬក៏មានអំពើគប់គិតណាមួយដែលជាការសម្រួលឱ្យមានការនាំសាច់បង្កកខុសច្បាប់ហ្នឹងចូល ដែលធ្វើឱ្យប៉ះពាល់សុខភាពដល់ពលរដ្ឋ»។
ករណីនេះ លោក យង់ គឹមអេង យល់ថា អាជ្ញាធរគួរបង្ក្រាបទាំងអ្នកនាំចូលសាច់បង្កកខុសច្បាប់ទាំងនោះផង និងអ្នកនៅពីក្រោយផង ទើបអាចបញ្ចប់បញ្ហានាំចូលសាច់បង្កកខុសច្បាប់បាន។
លោកថា៖ «អ៊ីចឹងខ្ញុំថាបើសិនបើមានករណីបែបនោះ ត្រូវចាត់វិធានការលើមន្ត្រី អាហ្នឹងគឺបាត់ហើយ អាចនឹងលែងមានបញ្ហាហ្នឹងកើតឡើង។ ប៉ុន្តែបើសិនជាយើងគ្រាន់តែចាប់ៗ ប៉ុន្តែយើងអត់បានរកឱ្យឃើញថានរណានៅពីក្រោយ នរណាអ្នកកាន់អាហ្នឹងនៅតែអញ្ចឹង បញ្ហាហ្នឹងវាវិលវល់អត់ចប់។ អ៊ីចឹងខ្ញុំសំណូមពរឱ្យរដ្ឋាភិបាលលោកគួរតែមានវិធានការជាក់លាក់ ហើយធ្វើការបង្ក្រាបទាំងអ្នកដែលនាំចូលទាំងអ្នកនៅពីក្រោយខ្នង»។
បើតាមអគ្គនយាកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ មានតែក្រុមហ៊ុនចំនួន ៤០ ប៉ុណ្ណោះត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនមានគុណវុឌ្ឍិក្នុងការនាំចូលមុខទំនិញសាច់បង្កក ដោយក្រុមហ៊ុនទាំងនោះត្រូវនាំចូលសាច់បង្កកតាមច្រកទ្វារកំពង់ផែរអន្តរជាតិក្រុងព្រះសីហនុ កំពង់ផែរអន្តរជាតិភ្នំពេញ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ច្រកទ្វារព្រំដែនអន្តរជាតិដូង និងច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ។
ចំណែករបាយការណ៍បូកសរុបការងាររបស់ក្រសួងកសិកម្ម នៅឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២៣ ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ ៣២០ពាន់តោន ស្មើនឹង៩៨ភាគរយនៃតម្រូវការសរុប។ ប្រភពដដែលបន្តថា បរិមាណសាច់ដែលខ្វះខាត ត្រូវបាននាំចូលពីបរទេស ដើម្បីបំពេញតម្រូវការសម្រាប់ម្ហូបអាហារ និងធ្វើជាវត្ថុធាតុដើមផលិតចំណីសត្វលម្អ ដូចជា ឆ្កែ និងឆ្មាជាដើម។
ដើម្បីបំពេញតម្រូវការ កម្ពុជាបាននាំចូលសាច់ និងផលិតសត្វសរុប ៩,២៥ពាន់តោន ក្នុងនោះមានជ្រូកកណ្ដុល ៣ពាន់ក្បាល ពពែ៣៣៦ក្បាល ចៀម ៤០០ក្បាល មាន់សាច់រស់ ៣,៥៥លានក្បាល ទាសាច់រស់ ១៧០ពាន់ក្បាល (៤,៤៩ពាន់តោន) និងសាច់ចម្រុះ រួមមាន សាច់ជ្រូក ចៀម ក្ងាន ក្រួច គោ ក្របី ប្រហិត សាច់ក្រក និងផលិតផលសត្វ សរុបចំនួន (៤,៧៦ពាន់តោន)។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានចេញប្រកាសរួមគ្នា ដោយផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកនៃសាច់បង្កក ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤៕