អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាប និងដុតកម្ទេច​ចោល​នូវ​បំណែក​​សាច់​នាំ​ចូល​ខុស​ច្បាប់និងខូចគុណភាព​​ជាង ៤តោន​ ខណៈ​សង្គមស៊ីវិល ជំរុញឱ្យ​អាជ្ញាធរមានសមត្ថកិច្ច​ចាត់វិធាន​ការ​ទៅលើ​អ្នកនាំចូល និងអ្នកនៅពីក្រោយ​ការនាំចូល​ខុសច្បាប់​ទាំងនោះ ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតឡើង​ជាបន្តបន្ទាប់ទៀត។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(General Department of Customs and Excise) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាបបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ដោយរឹបអូសបាន​បំណែក​សាច់​ចំនួន ៤ ៥៥០គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូន​មិនត្រឹម​ត្រូវ​តាមស្តង់​ដានាំឱ្យ​ខូចគុណភាពមិនអាចប្រើប្រាស់បាន។

ប្រភពដដែលបន្តថា ករណីទាំង២ដែលបង្ក្រាបបាននោះ រួមមាន ការបង្ក្រាប​​សាច់ក្របីបង្កកចំនួន ៣ ៥០០ គីឡូក្រាម បង្កប់ជាមួយទំនិញផ្សេងតាម​រថយន្តដឹកអ្នកដំណើរ ៣​គ្រឿង ចូលតាម​ច្រករបៀងក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ រីឯករណីទី២ សមត្ថកិច្ចបង្ក្រាបបាន និងដុតកម្ទេច​ចោល​នូវ​​ជើងទា ពោះគោ ជើងជ្រូក និងគ្រឿងក្នុងជ្រូកចំនួន ១ ០៥០ គីឡូក្រាម ដឹកដោយរ៉ឺម៉កម៉ូតូតាមច្រករបៀងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២២ ខែមេសា ដដែលនោះ។

Newsroom Cambodia មិនអាចសុំការអធិប្បាយបន្ថែម​ជុំវិញ​ករណីនេះ ពីលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានទេ នៅរសៀលថ្ងៃទី២៤ ខែមេសានេះ។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បញ្ហា​នាំចូល​សាច់​បង្កកខុសច្បាប់ តែងតែកើតមានឡើងដដែលៗ ដោយលោកថា បញ្ហានេះអាចបណ្ដាលមកពីមន្ត្រីមួយចំនួន​ឃុបឃិត​ជាមួយ​ឈ្មួញ​ទើបអាចនាំចូលបាន។

លោកបានបន្តថា៖ «ខ្ញុំថាបញ្ហាសាច់បង្កកហ្នឹង ដែលឱ្យមានការនាំចូលដោយចេះតែនាំចូលបានបន្តបន្ទាប់ហ្នឹង រឿង​នេះប្រហែលជាស្ថាប័នដែលទទួលបន្ទុក ក្នុងការគ្រប់គ្រងការនាំចូលទាំងអស់ហ្នឹង ត្រូវធ្វើអធិការកិច្ចមើលឡើងវិញ អំពីមន្ត្រីរបស់ខ្លួននៅតាមច្រកចូលមួយៗថាតើបានអនុវត្តតួនាទីភារកិច្ចបានច្បាស់លាស់ទេ? ឬក៏មានអំពើគប់គិត​​ណាមួយដែ​ល​ជាការសម្រួលឱ្យមានការនាំសាច់បង្កកខុសច្បាប់ហ្នឹង​ចូល ដែលធ្វើឱ្យប៉ះពាល់សុខភាព​ដល់​ពលរដ្ឋ»។

ករណីនេះ លោក យង់ គឹមអេង យល់ថា អាជ្ញាធរគួរបង្ក្រាបទាំង​អ្នកនាំចូលសាច់បង្កកខុសច្បាប់ទាំងនោះ​ផង និង​អ្នកនៅពីក្រោយផង ទើបអាចបញ្ចប់បញ្ហានាំចូលសាច់បង្កកខុសច្បាប់បាន។

លោកថា៖ «អ៊ីចឹងខ្ញុំថាបើសិនបើមានករណីបែបនោះ ត្រូវចាត់វិធានការលើមន្ត្រី អាហ្នឹងគឺបាត់ហើយ អាចនឹងលែង​មាន​បញ្ហាហ្នឹងកើតឡើង។ ប៉ុន្តែបើសិនជាយើងគ្រាន់តែចាប់ៗ ប៉ុន្តែយើងអត់បានរកឱ្យឃើញថា​នរណានៅពីក្រោយ នរណាអ្នកកាន់អាហ្នឹងនៅតែអញ្ចឹង បញ្ហាហ្នឹងវាវិលវល់អត់ចប់។ អ៊ីចឹងខ្ញុំសំណូមពរឱ្យរដ្ឋាភិបាល​លោក​គួរតែមានវិធានការជាក់លាក់ ហើយធ្វើការបង្ក្រាបទាំងអ្នកដែលនាំចូលទាំងអ្នកនៅពីក្រោយខ្នង»។

បើតាមអគ្គនយាកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ មានតែក្រុមហ៊ុនចំនួន ៤០ ប៉ុណ្ណោះត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនមានគុណវុឌ្ឍិក្នុងការនាំចូលមុខទំនិញសាច់បង្កក ដោយក្រុមហ៊ុនទាំងនោះត្រូវនាំចូលសាច់បង្កកតាមច្រកទ្វារកំពង់ផែរអន្តរជាតិក្រុងព្រះសីហនុ កំពង់ផែរអន្តរជាតិភ្នំពេញ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ច្រកទ្វារព្រំដែនអន្តរជាតិដូង និងច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ។

ចំណែក​​របាយការណ៍បូកសរុបការងាររបស់ក្រសួងកសិកម្ម នៅឆ្នាំ២០២៣ និងទិសដៅ​ឆ្នាំ​២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២៣ ផលិតកម្ម​សត្វ​ក្នុង​ស្រុក​អាចផ្គត់ផ្គង់​សាច់បាន​ប្រមាណ​ ៣២០ពាន់​តោន ស្មើនឹង៩៨ភាគរយនៃតម្រូវការសរុប។ ប្រភពដដែលបន្តថា បរិមាណសាច់ដែលខ្វះខាត ត្រូវបាន​នាំចូលពីបរទេស ដើម្បីបំពេញតម្រូវការសម្រាប់ម្ហូបអាហារ និងធ្វើជាវត្ថុធាតុដើម​ផលិត​ចំណី​សត្វលម្អ​ ដូចជា ឆ្កែ និងឆ្មាជាដើម។ 

ដើម្បីបំពេញតម្រូវការ កម្ពុជាបាននាំចូលសាច់ និងផលិតសត្វសរុប ៩,២៥ពាន់តោន ក្នុងនោះ​មាន​ជ្រូកកណ្ដុល ៣ពាន់ក្បាល ពពែ៣៣៦ក្បាល ចៀម ៤០០ក្បាល មាន់សាច់​រស់ ៣,៥៥លានក្បាល ទាសាច់រស់ ១៧០ពាន់ក្បាល (៤,៤៩ពាន់តោន) និងសាច់ចម្រុះ រួម​មាន ​សាច់​ជ្រូក ចៀម ក្ងាន ក្រួច គោ ក្របី ប្រហិត សាច់ក្រក ​និង​ផលិតផល​សត្វ សរុបចំនួន (៤,៧៦ពាន់តោន)។

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានចេញ​ប្រកាសរួមគ្នា ដោយ​ផ្អាក​ការ​នាំចូលគ្រឿងក្នុង និង​បំណែក​នៃសាច់បង្កក ចាប់ពីថ្ងៃទី១២ ខែមីនា ដល់​ថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២៤៕