ក្រសួងព័ត៌មាន កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានចេញផ្សាយលទ្ធផលស្ទង់មតិសរុបមួយ ដែលក្រសួងអះអាងថា អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិ យល់ឃើញថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពប្រសើរឡើង។ បើតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់អភិវឌ្ឍប្រទេសជាតិ។
ក៏ប៉ុន្តែសង្គមសុីវិល និងអ្នកឃ្លាំមើលវិស័យសារព័ត៌មានយល់ឃើញថាសេរីភាពសារព័ត៌មាននៅកម្ពុជាសេរីភាពសារព័ត៌មានកម្ពុជា មានភាពប្រសើរចំណុចខ្លះ និងខ្លះទៀតនៅមានភាពខ្វះខាតនៅឡើយ។ ហើយពួកគេទទូចឱ្យរាជរដ្ឋាភិបាលធានាសុវត្ថិភាព ជួយគាំទ្រផ្នែកច្បាប់ និងសហការកែលំអចំណុចខ្សោយដែលរារាំងដល់ការបំពេញការងាររបស់អ្នកសារព័ត៌មាន។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធកាសែតកម្ពុជា (CamboJa) បានប្រាប់ Newsroom Cambodia ថាបើតាមការស្រាវជ្រាវ សេរីភាពសារព័ត៌មានមានភាពប្រសើរឡើង ឬក៏អត់ អាស្រ័យលើស្ថាប័នណាជាអ្នកសិក្សាស្រាវជ្រាវ និងកម្រិតឯករាជ្យភាពនៃការសិក្សាស្រាវជ្រាវនោះ។
លោក ណុប វី បន្តថាសេរីភាពសារព័ត៌មាននៅកម្ពុជាគឺមានទាំងភាពប្រសើរ និងចំណុចខ្សោយ ដែលរាជរដ្ឋាភិបាលគប្បីធានាសុវត្ថិភាព ផ្តល់ជំនួយផ្នែកច្បាប់ និងកែលំអចំណុចខ្វះខាតរំខានដល់ការបំពេញការងាររបស់អ្នកសារព័ត៌មាន។
លោកពន្យល់បន្ថែមថា៖ «បើយើងពិនិត្យមើលស្ថានភាពជាក់ស្តែងរឿងដែលរីកចម្រើនច្រើនគឺរឿងទាក់ទងនឹងការចុះបញ្ជីនៃប្រព័ន្ធព័ត៌មានអនឡាញដែលយើងឃើញមានកំណើននៅក្នុងប្រទេសយើង ហើយក្រសួងព័ត៌មានក៏មានការទទួលស្គាល់ដែរ ការរីកចម្រើននៃអ្នកសារព័ត៌មានពលរដ្ឋ។ ប៉ុន្តែប្រសិនបើយើងពិនិត្យអំពី (Media Pluralisms) ប្រព័ន្ធផ្សព្វផ្សាយពហុនិយម (Self-censorship) ការហាមប្រាមខ្លួនឯង និង សុវត្ថិភាពសន្តិសុខ(Safety security) គឺយើងឃើញថានៅតែជាចំណុចមួយដែលយើងមានការព្រួយបារម្ភ»។
សម្រាប់លោក ណុប វី បានឆាប់រហ័សនៅក្នុងការឈានទៅវែកមុខ និងការរៀបចំតាក់តែងច្បាប់គាំទ្រដល់ការងាររបស់អ្នកសារព័ត៌មាន ជាក់ស្តែងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន គួរជាចំណុចអាទិភាព។
លោក អ៊ិត សូធឿត នាយប្រត្តិបត្តិនៅមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រពន្ធ័ផ្សព្វផ្សាយឯករាជ្យ (CCIM) បានប្រាប់ Newsroom Cambodia ថាសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមិនទាន់មានភាពល្អប្រសើរនៅឡើយ ជាពិសេសព័ត៌មានដែលនិយាយពីបញ្ហាគ្រប់ចម្រុះភាពមិនថាបញ្ហាសង្គម រឿងនយោបាយ ឬរឿងរសើបនានា។
លោក សូធឿត យល់ថាលទ្ធផលនៃការស្រាវជ្រាវនីមួយៗមានការប្រែប្រួលទៅតាមសូចនករកំណត់នៅក្នុងការស្រាវជ្រាវ។ លោកថាលទ្ធផលវិជ្ជមាននេះ អាចបង្ហាញពីទស្សនៈរបស់អ្នកសារព័ត៌មានមួយចំនួនដែលបានចូលរួមការស្ទង់មតិនោះ។
លោក បន្ថែមថាស្ថាប័នស្រាវជ្រាវអន្តរជាតិមួយចំនួនអាចមានការវាយតម្លៃផ្សេងពីនេះដោយផ្អែកតាមសូចនករផ្សេងទៀតដូចជាក្របខណ្ឌច្បាប់ពាក់ព័ន្ធហ្នឹងសារព័ត៌មានចម្រុះភាពនៃប្រពន្ធ័ផ្សព្វផ្សាយ ហើយចម្រុះភាពនេះមិនសំដៅត្រឹមតែចំនួនប្រពន្ធ័ផ្សព្វផ្សាយ ឬក៏ប្រភេទនៃប្រពន្ធ័ផ្សព្វផ្សាយទេ។
លោកបញ្ជាក់ដូច្នេះ៖ «ប៉ុន្តែគេផ្តោតទៅលើម្ចាស់ ឬក៏មាតិកានៃការផ្សព្វផ្សាយរបស់សារព័ត៌មានដែលនៅក្នុងប្រទេសមួយថាតើគាត់មានម្ចាស់ហ្នឹងចម្រុះប៉ុណ្ណាហើយមាតិកាដែលគាត់ផ្សព្វផ្សាយផ្តោតតែលើរឿងសិល្បៈកម្សាន្ត ឬក៏រឿងបែបសេដ្ឋកិច្ចធម្មតា ឬក៏មិនមានការផ្សាយបែបព័ត៌មានរសើបអីជាដើម។ បើនិយាយពីស្ថានភាព យើងឃើញមានអង្គការអន្តរជាតិដែលគាត់ចេញមុខចាត់ថ្នាក់ជាបន្តបន្ទាប់ហ្នឹងឃើញថា សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាស្ថិតនៅក្នុងការរឹតត្បិតនៅឡើយទេ ជាបទពិសោធន៍និងការសង្គេតមើលជាក់ស្តែងពិតជានៅតែមានការរឹតត្បិតពិតប្រាកដមែនហើយយើងត្រូវការ ហើយមានការងារមួយចំនួនធំទៀតដែលយើងត្រូវការការកែលម្អនិងធ្វើការដើម្បីដោះស្រាយទាំងអស់គ្នា»។
លោក អ៊ិត សូធឿត ចង់ឃើញគឺមានភាពចម្រុះនៃសារព័ត៌មាន ដែលលោកគូសបញ្ជាក់ថានៅកម្ពុជាមានស្ថាប័នសារព័ត៌មានច្រើន ដែលគួរមានឱកាសចុះឈ្មោះដើម្បីបង្កើតស្ថាប័នរាយការណ៍សារព័ត៌មាន។
លោកថ្លែងថា៖ «មានន័យថាសារព័ត៌មានដែលរាយការណ៍លើបញ្ហាសង្គមនិងនយោបាយហាក់ដូចជានៅមានចំនួនតិចតួច ដែលសារព័ត៌មានរាយការណ៍ពីបញ្ហាអសកម្មឬភាពអវិជ្ជមានរបស់រដ្ឋាភិបាលគឺនៅរងការគំរាមកំហែងការរឹតត្បិត ហើយស្ថាប័នមួយចំនួនត្រូវបានដកអាជ្ញាប័ណ្ណ និងមិនអាចបន្តដំណើរការអីបានជាដើម ហើយបញ្ហានេះជាបញ្ហាដែលយើងគួរដោះស្រាយ»។
លោក ហួន ផន ជាអ្នកសម្របសម្រួលគម្រោងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងសេរីភាពជាមូលដ្ឋានរបស់អង្គការសិទ្ធិមនុស្សកម្ពុជា (CCHR) បានប្រាប់ Newsroom Cambodia ថាសេរីភាពសារព័ត៌មាននៅកម្ពុជា នៅបន្តរងការរឹតត្បិតនៅឡើយ ហើយអ្នកសារព័ត៌មាននៅតែមានបញ្ហាប្រឈមក្នុងការអនុវត្តសិទ្ធិជាអ្នកសារព័ត៌មានរបស់ខ្លួន។
លោកថ្លែងថា៖ «ស្ថិតក្នុងវិស័យព័ត៌មានបច្ចុប្បន្នយើងឃើញមានអ្នកសារព័ត៌មានក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយអីច្រើនក៏ប៉ុន្តែយើងឃើញថាសារព័ត៌មានដែលធ្វើការងារឯករាជ្យ ដែលហ៊ានរាយការណ៍ព័ត៌មានដែលរសើបផ្សេងៗ គឺមានការថមថយចុះមិនមានច្រើននោះទេ ហើយយើងឃើញថាជ្រុងមួយនៃគំនិតដែលនិយាយពីសង្គមឬសារព័ត៌មានដែលនិយាយពីភាពអវិជ្ជមានរបស់សង្គមគឺមានភាពថយចុះទៅវិញ»។
គួរបញ្ជាក់ថា សម្រាប់ការសិក្សានេះ ក្រុមការងាររបស់ក្រសួងបានប្រើវិធីសាស្ត្រចម្រុះ ពោលគឺទាំងវិធីសាស្ត្រគុណវិស័យ និងវិធីសាស្ត្របរិមាណវិស័យ។ ការប្រើវិធីសាស្ត្រចម្រុះនេះ ក្រសួងព័ត៌មានបានស្ទាបស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន៣៤១នាក់ទូទាំងប្រទេស បានស្រាវជ្រាវឯកសារដែលមានស្រាប់ ព្រមទាំងបានជួបសម្ភាសជាមួយបុគ្គលសំខាន់ៗក្នុងវិស័យសារព័ត៌មាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងព័ត៌មាន៕