ក្រសួងព័ត៌មាន កាល​ថ្ងៃ​ទី​៣០ ខែ​មេសា​ ឆ្នាំ​២០២៤ បានចេញផ្សាយលទ្ធផលស្ទង់​មតិសរុប​មួយ ដែលក្រសួងអះអាងថា​ ​អ្នក​សារ​ព័ត៌​មាន​ចំនួន​​ ៧៩,៨% ក្នុងចំណោមអ្នក​ចូលរួម​ឆ្លើយក្នុង​ការស្ទង់​មតិ យល់ឃើញថា​សេរីភាព​​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង។ បើ​តាម​សេច​ក្តី​​ប្រកាសរបស់​​​ក្រសួង​ព័ត៌​មាន​ ​សេរី​ភាព​សារព័ត៌​មាន​ជា​កាតាលី​ករ​មួយ​ដ៏​ចាំបាច់​​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​។​​

ក៏ប៉ុន្តែសង្គមសុីវិល និងអ្នកឃ្លាំមើលវិស័យសារព័ត៌មានយល់ឃើញថាសេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជាសេរីភាពសារព័ត៌មានកម្ពុជា មានភាពប្រសើរចំណុចខ្លះ និងខ្លះទៀតនៅ​មានភាព​ខ្វះខាត​​នៅឡើយ។ ហើយពួកគេទទូច​ឱ្យ​រាជរដ្ឋា​ភិបាលធានា​សុវត្ថិភាព ជួយ​​គាំទ្រផ្នែក​ច្បាប់​​ និង​​សហការកែលំអចំណុចខ្សោយដែលរារាំងដល់ការបំពេញការងាររបស់អ្នក​សារព័ត៌មាន។

លោក​ ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​កាសែត​កម្ពុជា​ (CamboJa) បាន​ប្រាប់ Newsroom Cambodia ​ថាបើ​​តាម​ការ​ស្រាវ​ជ្រាវ​ សេរី​ភាព​សារព័ត៌មាន​មានភាព​ប្រសើរ​ឡើង​ ឬក៏​អត់ ​អាស្រ័យ​លើ​ស្ថាប័ន​ណា​ជា​អ្នកសិក្សា​ស្រាវ​ជ្រាវ​ និងកម្រិតឯក​រាជ្យ​ភាព​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវនោះ។​

លោក ណុប​ វី​ បន្តថា​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា​គឺ​មាន​ទាំង​ភាព​ប្រសើរ ​និង​ចំណុច​ខ្សោយ​ ដែល​រាជរដ្ឋា​ភិបាលគប្បីធានាសុវត្ថិភាព ផ្តល់ជំនួយផ្នែក​ច្បាប់​ និងកែលំអ​ចំណុច​ខ្វះខាត​រំខានដល់ការបំពេញការងាររបស់អ្នក​សារព័ត៌មាន។ ​

លោកពន្យល់​បន្ថែម​ថា​៖ «បើ​យើង​ពិនិត្យ​មើល​ស្ថាន​ភាព​ជាក់​ស្តែង​រឿង​ដែល​រីក​ចម្រើន​ច្រើន​គឺ​រឿង​ទាក់​ទង​នឹង​ការ​ចុះ​បញ្ជី​នៃ​ប្រព័ន្ធ​ព័ត៌មាន​អនឡាញ​ដែល​យើង​ឃើញ​មាន​កំណើន​នៅក្នុង​ប្រទេស​យើង​ ហើយ​ក្រសួង​ព័ត៌មាន​ក៏​មាន​ការ​ទទួល​ស្គាល់​ដែរ​ ការ​រីក​ចម្រើន​នៃ​អ្នក​សារព័ត៌មាន​​ពល​រដ្ឋ​។ ប៉ុន្តែប្រសិន​បើ​យើង​ពិនិត្យ​អំពី ​(Media Pluralisms) ប្រព័ន្ធផ្សព្វផ្សាយ​ពហុនិយម​ (Self-censorship) ការ​ហាមប្រាម​ខ្លួន​ឯង ​និង​ សុវត្ថិភាព​សន្តិសុខ(Safety security) ​គឺ​យើង​ឃើញ​ថា​នៅ​តែ​ជាចំណុច​មួយ​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ»។​

សម្រាប់លោក ណុប វី បាន​ឆាប់រហ័ស​នៅ​ក្នុង​ការ​ឈាន​ទៅ​វែក​មុខ និងការ​រៀប​ចំ​តាក់​តែង​ច្បាប់​គាំទ្រ​ដល់​ការងារ​របស់​អ្នក​សារព័ត៌មាន ជាក់ស្តែងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និងការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ គួរជាចំណុចអាទិភាព។

លោក អ៊ិត សូធឿត​ នាយ​ប្រត្តិបត្តិនៅមជ្ឈមណ្ឌលកម្ពុជា​ដើម្បី​​ប្រពន្ធ័​ផ្សព្វផ្សាយ​ឯក​រាជ្យ​ (CCIM) បាន​ប្រាប់ Newsroom Cambodia ​ថា​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជានៅតែ​​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ ជាពិសេស​ព័ត៌មាន​ដែលនិយាយពី​បញ្ហា​​​​គ្រប់​ចម្រុះភាព​មិនថា​បញ្ហា​សង្គម រឿង​នយោបាយ ​​ឬរឿង​រសើប​នានា។

លោក សូធឿត យល់ថាលទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវនីមួយៗមានការប្រែប្រួលទៅតាមសូចនករ​កំណត់នៅក្នុងការស្រាវជ្រាវ។ លោកថាលទ្ធផលវិជ្ជមាននេះ ​អាច​បង្ហាញ​ពី​ទស្សនៈ​របស់​​អ្នក​សារព័ត៌មានមួយចំនួនដែល​បាន​ចូល​រួម​ការ​ស្ទង់​មតិ​នោះ។

លោក បន្ថែមថាស្ថាប័នស្រាវជ្រាវ​អន្តរជាតិ​មួយ​ចំនួនអាចមាន​ការ​វាយ​តម្លៃផ្សេងពីនេះ​ដោយ​ផ្អែកតាមសូចនករផ្សេងទៀតដូចជា​ក្រប​ខណ្ឌ​ច្បាប់​ពាក់​ព័ន្ធ​ហ្នឹង​​សារព័ត៌មាន​ចម្រុះ​ភាព​នៃ​ប្រពន្ធ័​ផ្សព្វផ្សាយ​ ហើយ​ចម្រុះ​ភាព​នេះ​មិនសំដៅ​ត្រឹម​តែ​ចំនួន​ប្រពន្ធ័​ផ្សព្វផ្សាយ​ ឬក៏​ប្រភេទ​នៃ​ប្រពន្ធ័​ផ្សព្វផ្សាយ​ទេ។

លោក​បញ្ជាក់​ដូច្នេះ៖ «ប៉ុន្តែ​គេ​ផ្តោត​ទៅ​លើ​ម្ចាស់​ ឬក៏​មាតិកានៃ​ការ​ផ្សព្វ​ផ្សាយ​របស់​សារព័ត៌មាន​​ដែល​នៅ​ក្នុង​ប្រទេសមួយ​ថា​តើ​គាត់​មាន​ម្ចាស់​ហ្នឹង​ចម្រុះ​ប៉ុណ្ណា​ហើយ​មាតិកា​ដែល​គាត់​​ផ្សព្វ​ផ្សាយ​​ផ្តោត​តែ​លើ​រឿង​សិល្បៈ​កម្សាន្ត​ ឬក៏​រឿង​បែប​សេដ្ឋកិច្ច​​ធម្មតា ​​ឬក៏​មិនមានការ​​ផ្សាយ​បែប​​ព័ត៌មាន​រសើប​អី​​ជាដើម​។​ បើ​និយាយ​ពី​ស្ថាន​ភាព​ យើង​ឃើញ​មាន​អង្គការ​អន្តរជាតិ​ដែល​គាត់​ចេញ​មុខ​ចាត់​ថ្នាក់​ជាបន្ត​បន្ទាប់​ហ្នឹង​ឃើញ​ថា ​សេរី​ភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ការ​រឹត​ត្បិត​នៅ​ឡើយ​ទេ​ ជាបទ​ពិសោធន៍​និង​ការ​សង្គេត​មើល​ជាក់​ស្តែង​ពិត​ជា​នៅ​តែ​មាន​ការ​រឹត​ត្បិត​ពិត​ប្រាកដ​មែន​ហើយ​យើង​ត្រូវ​ការ​ ហើយ​មាន​ការងារ​មួយ​ចំនួន​ធំ​ទៀត​ដែល​យើង​ត្រូវ​ការ​ការកែលម្អ​និង​ធ្វើ​ការ​ដើម្បី​ដោះ​ស្រាយ​ទាំង​អស់​គ្នា​»។

លោក អ៊ិត សូធឿត ចង់​ឃើញ​គឺ​មាន​ភាព​ចម្រុះ​នៃ​សារព័ត៌មាន ដែលលោកគូសបញ្ជាក់​ថា​នៅ​កម្ពុជា​មាន​ស្ថាប័ន​សារព័ត៌មាន​ច្រើន​​ ដែល​គួរមាន​ឱកាស​ចុះ​ឈ្មោះ​ដើម្បី​បង្កើត​​ស្ថាប័ន​រាយការណ៍​​សារព័ត៌មាន។​

លោក​ថ្លែង​ថា​៖ «​មាន​ន័យ​ថា​សារព័ត៌មាន​ដែល​រាយ​ការណ៍​លើ​បញ្ហា​សង្គម​និង​នយោបាយ​ហាក់​ដូច​ជា​នៅ​មាន​ចំនួន​តិច​តួច​ ដែល​សារព័ត៌មាន​រាយ​ការណ៍​ពី​បញ្ហា​អសកម្ម​ឬភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​គឺ​នៅ​រង​ការ​គំរាម​កំហែង​ការ​រឹត​ត្បិត ​ហើយ​ស្ថាប័ន​មួយចំនួន​ត្រូវ​បាន​ដក​អាជ្ញាប័ណ្ណ ​និង​មិនអាច​បន្តដំណើរ​ការ​អី​បាន​ជាដើម​​ ហើយ​បញ្ហា​នេះ​ជា​បញ្ហា​ដែល​យើង​គួរ​ដោះ​ស្រាយ​»។​

លោក​ ហួន ផន ជាអ្នក​សម្រប​សម្រួល​គម្រោង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និងសេរីភាព​ជា​មូលដ្ឋាន​របស់​អង្គការ​សិទ្ធិ​មនុស្សកម្ពុជា​ (CCHR)​ បាន​ប្រាប់ Newsroom Cambodia ​ថា​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅបន្តរង​ការ​រឹតត្បិត​នៅ​ឡើយ​ ហើយ​អ្នកសារព័ត៌មាន​នៅ​តែ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្តសិទ្ធិ​ជា​អ្នក​សារព័ត៌មាន​របស់​ខ្លួន​។

លោកថ្លែងថា៖​ «ស្ថិត​ក្នុង​វិស័យ​ព័ត៌មាន​បច្ចុប្បន្ន​យើង​ឃើញ​មាន​អ្នកសារព័ត៌មាន​ក៏​ដូច​ជា​ប្រព័ន្ធផ្សព្វផ្សាយ​អី​ច្រើន​ក៏​ប៉ុន្តែ​យើង​ឃើញ​ថា​សារព័ត៌មាន​ដែល​ធ្វើ​ការងារ​ឯករាជ្យ​ ដែល​ហ៊ាន​រាយ​ការណ៍​ព័ត៌មាន​ដែល​រសើប​ផ្សេងៗ​ គឺ​មាន​ការ​ថម​ថយ​ចុះ​មិនមាន​ច្រើន​នោះ​ទេ​ ហើយ​យើង​ឃើញ​ថា​ជ្រុង​មួយ​នៃ​គំនិត​ដែលនិយាយពី​សង្គម​ឬ​សារព័ត៌មាន​ដែល​និយាយពី​ភាព​អវិជ្ជមាន​របស់​សង្គម​គឺ​មាន​ភាព​ថយ​ចុះទៅ​វិញ​»។

គួរបញ្ជាក់ថា សម្រាប់ការសិក្សានេះ ក្រុមការងាររបស់ក្រសួងបាន​ប្រើវិធីសាស្ត្រ​ចម្រុះ ពោល​គឺ​ទាំងវិធីសាស្ត្រគុណវិស័យ និងវិធីសាស្ត្របរិមាណវិស័យ។ ការ​ប្រើវិធីសាស្ត្រ​ចម្រុះនេះ ក្រសួង​ព័ត៌​មានបានស្ទាបស្ទង់មតិក្នុងចំណោម​អ្នកសារព័ត៌មាន​សរុប​ចំ​នួន៣៤១​នាក់ទូទាំងប្រទេស បានស្រាវជ្រាវឯកសារដែលមានស្រាប់ ព្រមទាំងបាន​ជួប​សម្ភាស​ជាមួយ​បុគ្គលសំខាន់ៗ​ក្នុង​វិស័យសារព័ត៌មាន។ នេះបើតាមសេច​ក្តី​​ប្រកាសព័ត៌មានដដែលរបស់​​​ក្រសួង​ព័ត៌​មាន៕