អ្នកតាមដានសង្គម​ ចង់ឃើញប្រសិទ្ធភាពនៃ​ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម គ្រឿង​ស្រវឹង និង​ទទូចឲ្យមានការ​បញ្ឈប់​កា​រ​ផ្សាយ​ពាណិជ្ជកម្ម​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ដោយ​សារ​អ្នក​បើកបរ​ស្រវឹង​។

ការលើកឡើងនេះ កើតមានឡើងក្រោយ​រាជ​រដ្ឋា​ភិ​បាល​ចេញ​សេចក្តី​សម្រេច​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ដែល​ហៅកាត់​ថា​ក.គ.ផ.ស.​ដែល​មាន​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ជា​ប្រធាន​។ យោងតាមសេចក្តីសម្រចដែលចុះ​ហត្ថលេខា ដោយ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ កាលពីថ្ងៃទី​១២ ខែ​មេសា​ឆ្នាំ​២០២៤​ ​ ក្រុម​ការងារនេះ ទទួលបន្ទុក​កំណត់វិធានការ និងរៀបចំសណ្តាប់ធ្នាប់​នៃការគ្រប់គ្រង​ការផ្សាយ​ពាណិជ្ចកម្ម​​​ផលិតផលគ្រឿងស្រវឹង​តាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ​ និងការដាក់​តាំង​ជា​សាធារណៈគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាពសង្គម។

សេចក្តី​សម្រេចបង្កើត​ក្រុម​ការងារដដែល ដែល Newsroom​ Cambodia​ ​បាន​ទទួល​នៅ​ថ្ងៃ​ទី​២៩ ​ខែ​មេសា​ ឆ្នាំ​២០២៤ ឲ្យដឹងទៀតថា ក្រុមការងា​នេះ​មាន​តួនាទី​ដឹកនាំ​យុទ្ធសាស្រ្ត​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ចកម្មផលិតផលគ្រឿងស្រវឹង និងធ្វើរបាយការណ៍​លទ្ធផល​​ជូន​ប្រមុខរដ្ឋាភិបាល​តាមរយៈ​ទីស្តីការគណៈរដ្ឋមន្រ្តី។ ហើយក្រុមការងារនេះ ក៏មានសិទ្ធិអញ្ចើញតំណាងក្រសួង ស្ថាប័នដៃគូពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូរទស្សន៍ វិទ្យុ​និង​សារព័ត៌មាន​ ចូលរួម​ពិគ្រោះ​​យោបល់​ផងដែរ។​

លោក ​យង់​ គីម​អេង​ នាយក​ប្រតិបត្ថិ​នៃ​មជ្ឈមណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​បាន​​ប្រាប់​ ​Newsroom​ ​Cambodia​ កាល​​ពី​​ថ្ងៃ​​ទី​​៣០​ ខែ​​មេសា​​នេះ​ ឲ្យ​ដឹង​​ថា​ការបង្កើត​ក្រុម​ការងារ​​នេះ​ជា​ជំហាន​ដ៏​ល្អ​ ប៉ុន្តែ​លោកថានៅត្រូវចាំមើល​ប្រសិទ្ធ​ភាព​ក្រុម​ការងារ​នេះសិន។​

លោក​លើក​ឡើង​ថា៖ ​«ការ​បង្កើត​ក្រុម​ការងារ​នេះ​ជា​ជំហាន​រីក​ចម្រើ​នមួ​យនៃ​ការ​គិតគូរ​អំពី​ផល​ប៉ះពាល់​នៃគ្រឿង​ស្រវឹង​នៅ​កម្ពុជា។​ ប៉ុន្តែ​ត្រង់​ថា​តើ​វា​នឹង​អាច​មាន​ប្រសិទ្ធ​ភាព​ទេ ​ឥឡូវ​យើង​មិន​អាច​ទាន់​និយាយ​បាន​ទេ​ព្រោះ​ដោយ​សារ​ក្រុម​ការងារ​នេះ​ទើប​បង្កើត​ ហើយ​ក៏​មិន​ទាន់​​ឃើញ​​សកម្មភាព​អី​ដែល​ពាក់ព័ន្ធ​នឹង​ការផ្សាយពា​ណិជ្ចកម្ម​នឹង​ដែរ​អញ្ចឹង​យើង​ត្រូវរង់​ចាំ​មើល»។​

លោក​បន្ថែម​ថា​ លោក​ចង់​ឃើញ​សាធារណជន​​​​ចូល​រួម​តាម​ដាន​ដំណើរ​មួយ​នេះ​ ហើយ​អាជ្ញាធរ​​ និ​ង​អ្នក​ធ្វើគោល​នយោបាយ គប្បីមានឯករាជ្យភាព និងមិនរងឥទ្ធិពលពី​ឧស្សាហកម្ម​គ្រឿង​ស្រវឹង។

លោក​និយាយ​ថា៖ «​បើ​សិន​មាន​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ចូល​រួម​ដំណើរ​ការ​ហ្នឹង ​គឺ​មិន​ធ្វើ​អោយ​គោល​និយោបាយ ​ឬ​ក៏​វិធាន​ការ​ ឬ​ផែនការ​ទាំង​ឡាយ​ដែល​ដាក់​ចេញ​ មិន​មាន​ប្រសិទ្ធ​ភាព​បាន​ទេ​។​ ហើយម្យ៉ា​ង​វិញ​ទៀត​គេ​នៅតែ​រីស​រក​គ្រប់​មធ្យោបាយ​យក​លេស​ក្នុង​ការ​យក​នីតិជន​ទៅ​ផ្សាយ​ពាណិជ្ចកម្ម​ យក​ស្ត្រី​ទៅ​ផ្សាយ​ពាណិជ្ចកម្ម​ ហើយ​ក៏​ការ​ផ្សាយ​ពាណិជ្ចកម្ម​មាន​លក្ខណៈ​ទាក់ទាញ​ដែល​ខុស​ពី​ការ​ពិត​ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ច្រលំ។

​លោក ​យង់​ គីម​អេង បន្តថាការ​​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​ ​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​សុខភាព​ ក៏ដូច​ជា​អសន្តិសុខ​សង្គម ​រួមទាំង​ការខាតបង់ថវិកា​គ្រួសារ និង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច​ជាតិ។

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាព បាន​ប្រាប់ Newsroom​ Cambodia នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា​នេះថា ​ការ​បង្កើត​ក្រុម​ការងារ​នេះគ្រាន់​តែ​ជា​ការ​ចាប់ផ្តើម​ទេ​ចំណែក​ឯប្រសិទ្ធភាព​អាស្រ័យទៅលទ្ធផលរបស់ក្រុមការងារ​។ លោកនិយាយថា​ដើម្បីបង្ការ​គ្រោះថ្នាក់​នានា កម្ពុជា​គួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មបើអាច ​ឬ​កម្រិត​ការ​ផ្សាយ។

លោកនិយាយថា៖ «តាមពិតទៅដើម្បីបង្ការយុវជន ក៏​ដូចជា​កុមារ​កុំ​អោយ​ធ្លាក់​ខ្លួន​សេពគ្រឿង​ស្រវឹងដែលធ្វើអោយមានបញ្ហាដល់ធនធានមនុស្សជំនាន់ក្រោយ ជាពិសេស​ដើម្បី​បង្ការ​គ្រោះថ្នាក់​​ចរាចរណ៍​ដែល​កើតឡើង​ដោយសារ​អ្នកបើកបរ​ស្រវឹងហ្នឹង​គឺការផ្សាយ​ពាណិជ្ជកម្ម​នឹង​គួរតែ​ហាម​ទាំងស្រុងតែម្ដងគ្រប់មធ្យោបាយទាំងអស់»។

លោកបន្តថា៖ «ក្នុងករណី​ដែលមិនអាច​ហាមឃាត់ការ​ផ្សាយទាំងស្រុងទេ​ យើងគួរហៅថា​កម្រិត​ការផ្សាយពាណិជ្ជកម្ម​។ មាន​ន័យថា​យើងអនុញ្ញាត​តែការផ្សាយម៉ាកនិងឡួហ្គូ(logo)​របស់​ក្រុមហ៊ុន​បានហើយ មិនអនុញ្ញាតការផ្សាយពាក់ព័ន្ធនឹងការត្រូវរង្វាន់ ឬយកយុវជន យុវនារី តារា មកធ្វើការទាក់ទាញ​កុមារ​នោះទេ»។

យោងតាមរបាយការណ៍របស់ Wisevoter នៅក្នុងឆ្នាំ២០២៣ កម្ពុជាជាប្រទេស​ឈរ​លេខ​រៀងទី៣​ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់​អាស៊ាន​បន្ទាប់ពី​ប្រទេស​ឡាវ និងវៀតណាម និងឈរនៅលេខរៀងទី៣៦ នៅលើពិភពលោក​ ដែលប្រជាជន​កម្ពុជាម្នាក់​អាចផឹកស្រាបាន ២១.៧លីត្រ។ ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ជប៉ុន​ឈ្មោះ​ Kirin ​ ចេញ​ផ្សាយ​កាល​ពីដើមឆ្នាំ២០២៤ ​ឱ្យ​ដឹង​ថា​កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រមាណ​២,៣​ពាន់​លាន​ដុល្លារ​ទៅ​លើ​ការ​ពិសា​ស្រាបៀរ៕