ប្រជាជនខ្មែរជាច្រើននាក់ប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលបានដំណឹង និងការកម្សាន្ត ប៉ុន្តែទន្ទឹមនឹងនេះការរីកចម្រើននៃបច្ចេកវិទ្យា បញ្ញាសប្បនិមិត្ត ឬ AI ក៏បានបង្កឲ្យមានបញ្ហាប្រឈមនានាផងដែរ។
អ្នកស្រី ឈិត កណិកា ជាអ្នកបណ្តុះបណ្តាលផ្នែកសុវត្ថិភាពឌីជីផល បានផ្តល់បទសម្ភាសជាសំណួរចម្លើយដល់សិក្ខាកាម Newsroom Cambodia កញ្ញា តាំង ប៉ហ្គិច អំពីតម្រូវការចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត ឬ AI ជាពិសេសពាក់ព័ន្ធនឹងការបង្កើតរូបភាព និងវីដេអូដែលបង្កើតឡើងដោយ AI និងត្រូវបានចែកចាយលើបណ្តាញសង្គម។
Q៖ ជាដំបូងនាងខ្ញុំចង់ដឹងថា តើអ្វីជាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ?
A៖ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ សំដៅទៅលើចំណេះដឹងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាទូទៅ ដែលគាត់[អ្នកប្រើប្រាស់]អាចមានលទ្ធភាពក្នុងការប្រើប្រាស់ ក៏ដូចជាស្វែងយល់ពីសារនានានៅក្នុងបណ្តាញផ្សព្វផ្សាយ ហើយប្រើប្រាស់វាក្នុងការទំនាក់ទំនងគ្នាក្នុងគោលបំណងអ្វីមួយ។
Q៖ តើអ្នកស្រីយល់យ៉ាងណាចំពោះការយល់ដឹងទៅលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ប្រជាជនខ្មែរ?
A៖ តាមបទពិសោធន៍ការងាររបស់បងកន្លងមកឃើញថាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយសម្រាប់ប្រជាជនខ្មែរយើងនៅមានកម្រិតច្រើន។ ប៉ុន្តែបើប្រៀបធៀបពីកម្រិតចំណេះដឹងរបស់ប្រជាជនដែលគាត់រស់នៅក្នុងទីប្រជុំជន ឬទីក្រុងគឺគាត់មានកម្រិតខ្ពស់ជាងអ្នកដែលរស់នៅតាមជនបទ។ ទោះបីជាមានកម្រិតរៀងខ្ពស់ជាងក៏ដោយ ប៉ុន្តែបើសិនប្រៀបធៀបទៅប្រទេសផ្សេងៗហើយនិងការលូតលាស់នៃបច្ចេកវិទ្យានានា គឺគាត់នៅតែមានកម្រិតទាបនៅឡើយ។
Q៖ តើអ្នកស្រីយល់ថាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយសំខាន់បែបណាខ្លះក្នុងយុគសម័យបច្ចេកវិទ្យា AI ទំនើប? ហេតុអ្វី?
A៖ អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយវាជួយអោយគាត់[អ្នកប្រើប្រាស់]ស្វែងយល់ព័ត៌មានក៏ដូចជាបែងចែកថាអ្វីអាចទុកចិត្តបាន ប្រើប្រាស់វាបានកម្រិតណា។ ឥឡូវបូកថែមបច្ចេកវិទ្យាAIទៀត អញ្ចឹងវារឹតតែសំខាន់ថែមទៀតព្រោះដោយសារបច្ចេកវិទ្យា AI នេះជាបច្ចេកវិទ្យាដែលមានសក្តានុពលខ្លាំង។ ហើយប្រសិនជាអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយហ្នឹង យើងអត់មានចំណេះដឹងគ្រប់គ្រាន់យើងអត់យល់ពីប្រយោជន៍វាគ្រប់គ្រាន់ ឬក៏អត់យល់ពីហានិភ័យរបស់បច្ចេកវិទ្យាហ្នឹងគ្រប់គ្រាន់ទេ យើងអាចក្លាយជាជនរងគ្រោះម្នាក់ក្នុងបច្ចេកវិទ្យានេះ។ មិនមែនបានន័យថាវានៅលើអ៊ីនធឺណេត យើងអ្នកប្រើប្រាស់នៅក្រៅអត់បញ្ហាទេ។ វាមានបញ្ហាដូចគ្នាទៅនឹងបញ្ហានៅក្រៅដែរ ឧទាហរណ៍គ្រោះថ្នាក់ចរាចរណ៍អីអញ្ជឹងចុះ យើងធ្វើដំណើរតាមផ្លូវយើងមានបញ្ហាច្រើនបើសិនយើងអត់យល់ការបើកបរត្រឹមត្រូវ។ ចឹងក៏ដូចគ្នាដែរក្នុងសម័យបច្ចេកវិទ្យាAI នេះបើសិនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយមានកម្រិតគឺងាយនឹងរងហានិភ័យ និងក្លាយជាជនរងគ្រោះនៃបច្ចេកវិទ្យាទំនើបហ្នឹង។
Q៖ តើអ្នកស្រីយល់ឃើញយ៉ាងណាចំពោះការប្រើប្រាស់ AI ដើម្បីបង្កើតជារូបភាព ឬវីដេអូផ្សព្វផ្សាយលើបណ្តាញសង្គមនៅប្រទេសកម្ពុជា?
A៖ ខ្ញុំសង្កេតឃើញប្រជាជនខ្មែរដែលមានសមត្ថភាពប្រើប្រាស់ AI មានសន្ទុះនៃការប្រើ AIលឿនមែនទែន។ គាត់មានភាពច្នៃប្រឌិតច្រើន គាត់បង្កើតនេះបង្កើតនោះដែលសម្រាប់ពួកគាត់ចំណេញពេលវេលា ចំណេញលុយកាក អត់ចាំបាច់ទៅផលិតខ្លួន ឬក៏ឌីហ្សាញ(Design)ខ្លួនឯង ប្រើតែAIបង្កើតអោយពួកគាត់។ វាមានប្រយោជន៍សម្រាប់គាត់ ងាយស្រួល ចំណេញពេលវេលា ថវិកាអីចឹងទៅ។ ដោយឡែកសម្រាប់អ្នកដែលគាត់ទទួលមាតិកាបែបហ្នឹង បានន័យថាអ្នកដែលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រយោជន៍របស់គាត់គឺទទួលបានអ្វីដែលថ្មីប្លែកភាពច្នៃប្រឌិតដូចគ្នា។ ក៏ប៉ុន្តែជាមួយគ្នា វាក៏នឹងមកជាមួយនឹងការភាន់ច្រឡំនានាដែរ ដោយសារAIហ្នឹងវាល្អឥតខ្ចោះពេក វាធ្វើអោយគាត់បែងចែកថាតើមាតិកាមួយហ្នឹងវាពិតអត់ វាមានកើតឡើងនៅខាងក្រៅមែនអត់ ឬក៏ជាបច្ចេកវិទ្យាAIទេ បើសិនគាត់អត់ចេះពីវិធីក្នុងការកំណត់អត្តសញ្ញាណរបស់មាតិកា។ មួយទៀត ជាធម្មតាគាត់ប្រើប្រាស់AIបង្កើតអោយ បានន័យថាវាលឿនចឹង បានន័យថាពីមុនមួយថ្ងៃគាត់ធ្វើវីឌីអូ ឬedit កែរូបកែអីបានត្រឹមមួយឬពីរទេក្នុងម្នាក់ តែឥឡូវដោយសារមានAI មួយថ្ងៃ២០ឬ៣០ក៏ដោយក៏គាត់ធ្វើបានដែលអញ្ចឹងបានន័យថាមាតិកានៅលើបណ្តាញសង្គមឬប្រព័ន្ធផ្សព្វផ្សាយវាមានច្រើនមែនទែន ធ្វើអោយពេលខ្លះបាត់មាតិកាដែលមានប្រយោជន៍ ឬក៏មាតិកាដែលពួកគាត់ត្រូវការ ចង់បាន ឬស្វែងរកចឹង បានន័យថាព័ត៌មានច្រើនពេកដែលធ្វើអោយអ្នកប្រើប្រាស់មានផលវិបាកក្នុងការស្វែងរកអ្វីដែលគាត់ត្រូវការ។
Q៖ តើប្រជាជនខ្មែរគួរធ្វើបែបណា ដើម្បីក្លាយជាអ្នកចេះប្រើប្រព័ន្ធផ្សព្វផ្សាយក្នុងពិភពដែលពេញដោយ AI?
A៖ គាត់ត្រូវធ្វើម្តេចអោយក្លាយជាអ្នកប្រើប្រាស់បច្ចេកវិទ្យាដែលសកម្ម។ សកម្មនេះមិនមែនបានន័យថាកាលមុនប្រើប្រាស់ក្នុងមួយថ្ងៃ ត្រឹមតែពីរម៉ោងឬក៏មួយម៉ោងអី តែសកម្មមួយថ្ងៃម្ភៃម៉ោងអត់ទេណា។ សកម្មក្នុងន័យថាត្រូវតាមដានស្វែងយល់អោយទាន់សភាពការណ៍ បានន័យថាយើងមិនបាច់ស្វែងយល់ថាតើសម័យបច្ចេកវិទ្យា AIដូចម្តេចទេ។ យើងមិនបាច់ដល់កម្រិតហ្នឹងទេ។ យើងគ្រាន់តែតាមអោយដឹងថាតើមានវិធីសាស្រ្តណាខ្លះដែលយើងអាចបែងចែងបានថាតើមាតិការមួយនេះផលិតដោយបច្ចេកវិទ្យា AI មាតិការមួយនេះជាមាតិកាពិតប្រាកជដដែលបង្កើតដោយមនុស្សធម្មតាមិនមែនជាបច្ចេកវិទ្យា AI។ ហើយមួយទៀតដែលសំខាន់គឺគាត់ធ្វើម៉េចដឹងថា តើព័ត៌មានមិនពិតវាបែបម៉េច ព្រោះថាមែនទែនទៅតាមប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាបណ្តាញសង្គមវាមានជាtrend [ទំនោរ] បានន័យថាពេលខ្លះទៅព្រឹកនេះវាចេញរឿង(ក)អី អញ្ចឹងយើងត្រូវមើលថាជុំវិញករណីរឿង(ក)ហ្នឹងមានព័ត៌មានចំណុចណាខ្លះផ្នែកណាខ្លះដែលជាព័ត៌មានមិនពិត។ ហើយមាតិកាណាខ្លះទាក់ទងទៅនឹងករណី(ក)ដែលបង្កើតដោយAI គាត់ត្រូវព្យាយាមស្វែងយល់មុននឹងគាត់ចែករំលែក ឬមុននឹងគាត់យកទៅប្រើប្រាស់បន្ត គាត់ត្រូវស្វែងយល់ចំណុចទាំងនេះ ដើម្បីជៀសវាងក្លាយជាអ្នកចែករំលែកអ្វីដែលមិនពិត។
Q៖ តើអ្នកស្រីយល់ថាស្ថាប័នពាក់ព័ន្ធជាពិសេសរដ្ឋាភិបាលគួរធ្វើបែបណាដើម្បីជំរុញ និងលើកទឹកចិត្តប្រជាជនខ្មែរឱ្យយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ?
A៖ ខ្ញុំឃើញមានស្ថាប័នច្រើនហើយដែលធ្វើនៅលើរឿងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនេះ ដូចខាងក្រសួងអប់រំគាត់មានធ្វើជាមាតិកានានាបង្ហោះនៅលើទំព័រ(ហ្វេសប៊ុក)ពួកគាត់ទាក់ទងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែអ្វីដែលខ្ញុំឃើញអត់ទាន់ទូលំទូលាយនោះគឺទាក់ទងទៅលើAIផ្ទាល់តែម្តងព្រោះAIហ្នឹងថ្មី ហើយទើបតែដាក់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងស្រុកខ្មែរយើង។ ដោយសារពីដំបូង គឺយើងអត់ប្រើប្រាស់បាននៅស្រុកខ្មែរ។ ចឹងទើបមួយរយៈក្រោយមកទើបយើងប្រើប្រាស់ដោយទូលំទូលាយនៅស្រុកខ្មែរ។ ចឹងស្ថាប័នពាក់ព័ន្ធជាពិសេសស្ថាប័នកំពូលរបស់រដ្ឋ ស្ថាប័នមានសមត្ថកិច្ចរបស់រដ្ឋ គាត់គួរតែព្យាយាមបង្កើតមាតិកា ក៏ដូចជាការបណ្តុះបណ្តាលនានា វិធីសាស្ត្រអ្វីក៏ដោយដើម្បីធ្វើអោយប្រជាពលរដ្ឋដែលគាត់កំពុងតែប្រើប្រាស់បច្ចេកវិទ្យាអស់ហ្នឹង ឬក៏ទទួលរងឥទ្ធិពលបច្ចេកវិទ្យា គាត់ស្វែងយល់បានបន្ថែមទៀតថាតើAIផ្តល់ផលប្រយោជន៍អីខ្លះដែលគាត់ទាញយកបាន ថាតើវាមានផលប៉ះពាល់អីគេខ្លះបើសិនជាគាត់ប្រើប្រាស់មិនត្រឹមត្រូវ។ ចឹងបើសិនជាមានការផ្សព្វផ្សាយទូលំទូលាយការបណ្តុះបណ្តាលមានច្រើន អ្នកប្រើប្រាស់យល់ច្រើនអត់ធ្វើអោយប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ឬប្រយោជន៍អ្នកដទៃ។ ខ្ញុំលើកឧទាហរណ៍ករណីនេះមិនមែនជាករណីនៅស្រុកខ្មែរយើងទេ ប៉ុន្តែជាករណីនៅអាមេរិកតារាចម្រៀងPop(ផប់)Taylorswift(ថេឡឺស្វីស) គាត់តារាចម្រៀងល្បី។ មានគេប្រើបច្ចេកវិទ្យា AIកាត់តរូបគាត់អោយទៅក្លាយជារូបអាសអាភាសក្នុងគោលបំណងអ្វីយើងអត់ដឹងទេព្រោះគាត់ល្បី ចឹងយើងដឹងហើយមានអ្នកតាមយាយីគាត់ដោយការបង្ហោះផ្សព្វផ្សាយ ចឹងយើងឃើញថាប៉ះពាល់ដល់កត្តិយសគាត់។ រូបAI បើសិនយើងអត់ចេះមើលវាដូចមែនទែន។ រឿងនេះឈានទៅដល់ថ្នាក់គាត់រកដាក់ពាក្យបណ្តឹង ប៉ុន្តែខ្ញុំអត់បានតាមដានបន្ថែមដល់កម្រិតណា។ ចឹងត្រឡប់មកវិញ គាត់អ្នកល្បីគាត់មានប្រព័ន្ធផ្សព្វផ្សាយរបស់គាត់។ គាត់មានក្រុមការងាររបស់គាត់ ចុះសម្រាប់យើងដែលជាអ្នកធម្មតាជាប្រជាពលរដ្ឋ ជាយុវជនលេងអ៊ីនធឺណេតធម្មតា ថាតើបើសិនជាមានអ្នកណាម្នាក់ធ្វើបែបនេះដាក់យើង ថាតើយើងគួរទៅរកជំនួយពីកន្លែងណា យើងត្រូវធ្វើបែបម៉េចដើម្បីស្តារកត្តិយស ឬក៏ការពារសុវត្ថិភាព។ ចឹងចំណុចនេះដែលសម្រាប់អាជ្ញាធរមានសមត្ថឮកិច្ចគាត់គួរតែផ្សព្វផ្សាយទូលំទូលាយបន្ថែមទៀតថាតើបើមានរឿងនឹងកើតឡើងសម្រាប់ករណីយើងនៅស្រុកខ្មែរ តើគាត់អាចទៅរកជំនួយផ្នែកផ្លូវច្បាប់ ឬក៏ជំនួយផ្នែកបច្ចេកទេសពីស្ថាប័នឬក៏អ្នកណាបានខ្លះ។
Q៖ តើអ្នកស្រីរំពឹងថាវិស័យ AI ក្នុងប្រទេសកម្ពុជានៅថ្ងៃអនាគតនឹងទៅជាយ៉ាងណា?
A៖ ខ្ញុំគិតថាបើសិនជាទាំងអស់គ្នាយើងចូលរួមស្វែងយល់ក៏ដូចជាប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ ខ្ញុំគិតថាវានឹងជួយនិងក្លាយជំនួយដល់ការប្រកបការងារក៏ដូចជាការសិក្សាស្វែងយល់របស់ប្រជាជនខ្មែរបានច្រើនមែនទែន ហើយបច្ចេកវិទ្យា AI នេះវានឹងកាន់តែវិវត្តន៍ខ្លាំងទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែផ្ទុយមកវិញ បើសិនជាមិនមានការផ្សព្វផ្សាយគ្រប់គ្រាន់ មិនមានការស្វែងយល់ត្រឹមត្រូវអ្នកដែលប្រើប្រាស់គាត់មិនបានគិតដល់ក្រមសីលធម៌ ឬក៏សន្តិសុខសុវត្ថិភាពរបស់អ្នកដទៃ ប្រយោជន៍សារធារណៈអីទេ គាត់គិតតែប្រយោជន៍របស់ខ្លួនឯង វាអាចនឹងក្លាយទៅជារឿងមួយដែលមានបញ្ហា ក៏ដូចជាបង្កហានិភ័យច្រើនសម្រាប់ទស្សនិកជនរបស់គាត់៕
[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]