ប្រជាជន​ខ្មែរជាច្រើននាក់ប្រើប្រាស់បណ្តាញសង្គមដើម្បីទទួលបានដំណឹង និងការកម្សាន្ត ប៉ុន្តែទន្ទឹម​​នឹងនេះការរីក​ចម្រើន​នៃបច្ចេកវិទ្យា​ បញ្ញា​សប្បនិមិត្ត ឬ AI ​ក៏បានបង្កឲ្យមានបញ្ហាប្រឈមនានាផងដែរ។​

អ្នកស្រី ឈិត​ កណិកា​ ជា​អ្នក​បណ្តុះ​បណ្តាល​ផ្នែក​សុវត្ថិភាព​ឌីជីផល​ បានផ្តល់បទសម្ភាស​ជា​សំណួរចម្លើយ​ដល់សិក្ខាកាម Newsroom Cambodia កញ្ញា តាំង ប៉ហ្គិច អំពី​តម្រូវការ​ចំណេះដឹង​​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​​យុគ​សម័យ​បច្ចេកវិទ្យាបញ្ញា​សប្បនិមិត្ត ឬ AI ជាពិសេស​ពាក់ព័ន្ធ​នឹង​ការបង្កើត​រូបភាព និងវីដេអូដែល​បង្កើតឡើង​ដោយ AI និង​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម។

Q៖ ជា​ដំបូង​​នាង​​ខ្ញុំ​​ចង់​​ដឹង​​ថា​ តើ​អ្វី​​ជាអក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​?​

A៖ អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ សំដៅ​ទៅ​លើ​ចំណេះ​ដឹង​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​ជា​​​ទូទៅ​​​​​ ដែល​គាត់[​អ្នកប្រើប្រាស់]អាច​មាន​លទ្ធ​ភាព​ក្នុង​ការ​ប្រើ​ប្រាស់ ​ក៏​ដូច​ជា​​ស្វែង​យល់​​ពី​សារ​​​នានា​​​នៅ​ក្នុង​បណ្តាញ​ផ្សព្វផ្សាយ​ ហើយ​ប្រើប្រាស់​វាក្នុង​ការ​ទំនាក់​ទំនង​គ្នា​ក្នុង​គោល​បំណង​អ្វីមួយ​។​

Q៖​​ តើ​អ្នកស្រី​យល់​យ៉ាង​ណា​ចំពោះ​ការ​យល់​ដឹង​ទៅ​លើ​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ប្រជាជន​ខ្មែរ​?​

A៖ ​តាម​​បទ​ពិសោធន៍​​ការងារ​​របស់​​បង​​កន្លង​​មក​​ឃើញថា​​អក្ខរ​កម្ម​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​សម្រាប់​​ប្រជាជន​​ខ្មែរ​​យើង​​​នៅ​​មាន​​​កម្រិត​​ច្រើន​។ ​​ប៉ុន្តែ​​បើ​​ប្រៀប​​ធៀប​​ពី​​កម្រិត​​ចំណេះ​​ដឹង​​របស់​​ប្រជាជន​​ដែល​​គាត់​​រស់​​​នៅ​​ក្នុង​​ទី​ប្រជុំជន ​​ឬ​​ទីក្រុង​​គឺ​គាត់​​មាន​​កម្រិត​​ខ្ពស់​​ជាង​​អ្នក​​ដែល​​រស់​នៅ​តាម​ជនបទ។ ​​ទោះបី​ជា​មាន​កម្រិត​រៀង​ខ្ពស់​ជាង​ក៏ដោយ ​ប៉ុន្តែ​បើសិន​ប្រៀបធៀប​ទៅ​ប្រទេសផ្សេងៗហើយ​និង​ការ​លូតលាស់​នៃ​បច្ចេកវិទ្យា​​នានា​​​ គឺ​គាត់​នៅ​តែមាន​​កម្រិតទាប​នៅ​ឡើយ​។​

Q៖ តើ​​អ្នកស្រី​​យល់​​ថា​​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​សំខាន់​​បែប​​ណា​​ខ្លះ​​ក្នុង​​​យុគសម័យ​​​បច្ចេក​​វិទ្យា​​ AI​​ ទំនើប​?​​ ហេតុអ្វី?​​

A៖​ អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​វា​​ជួយ​​អោយ​គាត់[​អ្នកប្រើប្រាស់]​​ស្វែង​​យល់​​ព័ត៌មាន​​​ក៏​​ដូច​​ជា​​បែង​ចែក​ថា​អ្វីអា​ច​​ទុក​ចិត្ត​​បាន​​ ប្រើប្រាស់​​វា​បាន​កម្រិត​​ណា​​។ ​​ឥឡូវ​​​បូក​​ថែម​​បច្ចេកវិទ្យា​A​I​ទៀ​ត​​ ​​អញ្ចឹង​​​វា​​រឹត​​តែ​​សំខាន់​​ថែម​ទៀត​ព្រោះ​ដោយ​សារ​បច្ចេកវិទ្យា​ ​AI​ ​នេះ​ជា​បច្ចេក​វិទ្យាដែល​មាន​សក្តា​នុ​ពល​ខ្លាំង​។​ ហើយ​ប្រសិន​ជា​​អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សា​យហ្នឹង ​យើង​អត់​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​យើង​អត់​យល់​ពី​ប្រយោជន៍​វាគ្រប់គ្រាន់ ​ឬក៏​អត់យល់​ពីហានិភ័យ​របស់​បច្ចេកវិទ្យា​ហ្នឹង​គ្រប់​គ្រាន់​ទេ​ យើង​អាច​ក្លាយ​ជា​ជន​រង​គ្រោះម្នាក់​ក្នុង​បច្ចេក​វិទ្យានេះ​។ មិ​ន​មែន​បាន​​ន័យ​​ថាវា​នៅ​លើ​អ៊ីន​ធឺណេត​​ យើង​​អ្នក​​ប្រើ​ប្រាស់​​នៅ​​ក្រៅ​​អត់​​បញ្ហា​​ទេ​​។ ​​វា​​មាន​​បញ្ហា​​ដូច​​គ្នាទៅនឹង​​​បញ្ហា​​នៅក្រៅ​​ដែរ ឧទាហរណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​អី​អញ្ជឹង​​ចុះ​ យើង​​​ធ្វើ​​ដំណើរ​​តាម​​ផ្លូវ​​យើង​​មាន​​បញ្ហា​​ច្រើន​​បើ​​សិន​​យើង​​អត់​​យល់​​ការ​​បើក​បរ​​ត្រឹមត្រូវ​​។ ចឹង​​ក៏​ដូចគ្នា​​ដែរ​ក្នុង​សម័យ​បច្ចេក​វិទ្យា​​AI​ នេះ​បើ​សិ​ន​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មាន​កម្រិត​គឺ​ងាយ​នឹង​រង​ហា​និ​ភ័យ ​និង​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​បច្ចេកវិទ្យា​ទំនើប​ហ្នឹង​​។

​Q​៖​ តើ​អ្នកស្រីយល់​ឃើញ​យ៉ាង​ណា​ចំពោះ​ការ​ប្រើប្រាស់​ AI​​ ​​ដើម្បី​បង្កើត​​ជា​រូបភាព​ ឬវីដេអូ​​​ផ្សព្វផ្សាយ​​លើ​​បណ្តាញ​​សង្គម​​នៅ​ប្រទេស​កម្ពុជា?​

A៖ ខ្ញុំ​សង្កេត​ឃើញ​ប្រជាជន​ខ្មែរ​ដែល​មាន​សមត្ថភាព​ប្រើប្រាស់​ AI​​​ ​មាន​សន្ទុះ​នៃ​ការ​ប្រើ​ AI​លឿន​មែនទែន​។ ​គាត់​មាន​ភាព​ច្នៃប្រឌិ​ត​ច្រើន​ គាត់​បង្កើត​នេះ​បង្កើតនោះ​ដែល​សម្រាប់​ពួក​គាត់​ចំណេញ​ពេលវេលា​ ចំណេញ​លុយ​កាក ​អត់​ចាំ​បាច់​ទៅ​ផលិត​ខ្លួន​ ឬ​ក៏​ឌីហ្សាញ​(Design)​​ខ្លួនឯង ប្រើ​តែ​AI​​​បង្កើត​អោយ​ពួកគាត់។ ​​វាមាន​ប្រយោជន៍​សម្រាប់គាត់​​ ងាយ​​ស្រួល ​​ចំណេញ​​​ពេល​​វេលា ​​​ថវិកា​អីចឹង​ទៅ។ ​​ដោយឡែ​ក​សម្រាប់​អ្នក​ដែល​គាត់​ទទួល​មាតិកា​បែប​ហ្នឹង​ ​បាន​ន័យថា​អ្នក​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ​ជាពិសេស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ​ប្រយោជន៍​របស់​គាត់​គឺ​ទទួល​បានអ្វី​ដែល​ថ្មី​ប្លែក​ភាព​ច្នៃ​ប្រ​ឌិ​តដូចគ្នា​។ ​​ក៏​​​​ប៉ុន្តែ​​ជាមួយ​​គ្នា​ វាក៏នឹង​មក​ជាមួយ​នឹង​ការ​ភាន់ច្រឡំនានាដែរ ដោយសារ​AI​​ហ្នឹង​​វាល្អ​ឥតខ្ចោះ​ពេក ​វា​ធ្វើ​អោយ​គាត់​បែង​ចែក​ថា​តើ​មាតិកាមួយ​ហ្នឹង​​វា​ពិត​អត់ ​វាមាន​កើតឡើង​នៅ​ខាងក្រៅ​មែន​អត់ ​ឬ​ក៏ជា​បច្ចេកវិទ្យាA​Iទេ​ បើសិន​គាត់​អត់ចេះ​ពី​វិធី​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​របស់​មាតិកា​​។​ ​មួយ​ទៀត​ ជា​ធម្មតា​គាត់​ប្រើប្រាស់A​I​​បង្កើត​អោយ​ ​បាន​ន័យ​ថា​វាលឿន​ចឹង​ បាន​​ន័យ​ថា​​ពីមុន​មួយ​ថ្ងៃគាត់​ធ្វើ​វីឌីអូ ​ឬ​edit​ ​កែ​រូប​កែ​អី​បាន​ត្រឹម​មួយឬ​ពីរ​ទេ​ក្នុង​ម្នាក់​ តែ​ឥឡូវ​ដោយ​សារ​មាន​AI​ មួយ​ថ្ងៃ​២០​​​ឬ​៣០​ក៏​ដោយ​ក៏គាត់​ធ្វើ​បាន​ដែល​អញ្ចឹង​បាន​ន័យ​ថា​មាតិកា​នៅលើ​​បណ្តាញ​សង្គម​ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​វា​មាន​ច្រើន​មែន​ទែន ​ធ្វើអោយ​ពេល​ខ្លះ​បាត់​​មាតិកា​ដែល​មាន​ប្រយោជន៍ ​ឬ​ក៏​មាតិកាដែល​​ពួក​គាត់​ត្រូវ​ការ​ ចង់​បាន ​ឬស្វែង​រក​ចឹង​ បាន​ន័យ​ថា​ព័ត៌មាន​ច្រើន​ពេក​ដែល​ធ្វើ​អោយ​អ្នកប្រើប្រាស់​មាន​ផល​វិបាក​ក្នុង​ការ​ស្វែងរក​អ្វីដែល​គាត់​ត្រូវ​ការ។​

Q៖ តើ​ប្រជាជន​ខ្មែរ​គួរ​ធ្វើ​​បែប​ណា​​ ដើម្បី​ក្លាយ​​ជា​​អ្នក​​ចេះ​ប្រើ​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​​ក្នុង​​ពិភព​​ដែល​​ពេញ​​ដោយ​​ AI?​

A៖​ ​គាត់​ត្រូវ​ធ្វើ​ម្តេច​អោយ​ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដែល​សកម្ម​។ សកម្ម​នេះ​មិន​មែន​បាន​ន័យ​ថា​កាល​​មុន​ប្រើប្រាស់ក្នុង​មួយ​ថ្ងៃ ត្រឹម​តែ​ពីរ​ម៉ោង​ឬ​ក៏​មួយ​ម៉ោង​អី ​តែ​សកម្ម​មួយ​ថ្ងៃ​ម្ភៃ​ម៉ោង​អត់​ទេ​ណា​​។ សកម្ម​ក្នុង​ន័យ​ថា​ត្រូ​វ​តាម​ដាន​ស្វែង​យល់​អោយ​ទាន់​សភាព​ការ​ណ៍ បាន​ន័យ​ថា​យើង​មិន​បាច់​ស្វែង​យល់​ថា​តើ​សម័យ​បច្ចេក​វិទ្យា​ AI​ដូចម្តេច​ទេ​។ ​យើង​មិន​បាច់​ដល់​កម្រិត​ហ្នឹង​​ទេ​។​ យើង​គ្រាន់​តែតាម​អោយ​ដឹង​ថា​តើមាន​វិធីសាស្រ្ត​ណា​ខ្លះ​ដែល​យើង​អាច​បែង​ចែង​បាន​ថា​តើ​មាតិការមួយ​នេះ​ផលិត​ដោយ​បច្ចេកវិទ្យា ​AI​ មាតិការមួយ​នេះ​ជា​មាតិកា​ពិតប្រាកជដដែល​បង្កើត​ដោយ​មនុស្ស​ធម្មតា​មិនមែន​ជា​បច្ចេកវិទ្យា​ AI។​ ហើយ​មួយ​ទៀត​ដែល​សំខាន់​គឺ​គាត់​ធ្វើ​ម៉េចដឹង​​ថា​ តើព័ត៌មាន​មិន​ពិត​វា​បែប​ម៉េច ព្រោះថា​មែន​ទែន​ទៅតាម​ប្រព័ន្ធផ្សព្វផ្សាយ​ក៏​ដូច​ជា​បណ្តាញ​សង្គម​វា​មាន​ជា​trend​ [ទំនោរ] បាន​ន័យ​ថា​ពេល​ខ្លះ​ទៅ​ព្រឹក​នេះ​វា​ចេញ​រឿង(ក​)​អី​ អញ្ចឹង​យើង​ត្រូវ​មើលថា​​ជុំវិញ​ករណី​រឿង(ក)​ហ្នឹង​មាន​ព័ត៌មាន​ចំណុច​ណា​ខ្លះ​ផ្នែក​ណា​ខ្លះ​ដែល​ជា​ព័ត៌មាន​មិនពិត​។ ​ហើយ​មាតិកា​ណា​ខ្លះ​ទាក់ទង​ទៅ​នឹង​ករណី(ក)​​ដែល​បង្កើត​ដោយ​A​I​ គាត់​ត្រូវ​ព្យាយាម​ស្វែង​យល់​មុន​នឹង​គាត់​ចែករំលែក ​ឬ​មុន​នឹង​គាត់​យក​ទៅ​ប្រើប្រាស់​បន្ត ​គាត់​ត្រូវ​ស្វែង​យល់​ចំណុច​ទាំងនេះ ​ដើម្បី​ជៀស​វាង​ក្លាយ​ជា​អ្នកចែករំលែក​អ្វី​ដែល​មិន​ពិត។​

Q៖​ តើ​អ្នកស្រីយល់​​ថា​ស្ថា​ប័ន​ពាក់​ព័ន្ធ​ជា​ពិសេស​​រដ្ឋា​ភិបាល​គួរ​ធ្វើ​បែប​ណា​ដើម្បី​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ប្រជាជន​ខ្មែរ​ឱ្យ​យល់​ដឹង​ពី​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​?

​A៖ ខ្ញុំ​ឃើញ​មាន​ស្ថាប័ន​ច្រើន​ហើយដែល​ធ្វើ​នៅ​លើ​រឿង​អក្ខរ​កម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ ​ដូច​ខាង​ក្រសួង​អប់រំ​គាត់​មាន​ធ្វើ​ជា​មាតិកា​នានា​​បង្ហោះ​នៅ​លើ​ទំព័រ​(ហ្វេសប៊ុក)​ពួក​គាត់​ទាក់​ទង​អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ​ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ឃើញ​អត់​ទាន់​ទូលំ​ទូលាយ​នោះ​គឺ​ទាក់ទង​ទៅ​លើ​AI​ផ្ទាល់​តែ​ម្តង​ព្រោះ​AI​ហ្នឹង​​ថ្មី​ ហើយ​ទើប​តែ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​។ ​ដោយ​សារ​ពី​ដំបូង​ គឺ​យើង​អត់​ប្រើ​ប្រាស់​បាន​នៅ​ស្រុក​ខ្មែរ​។​ ចឹង​ទើប​មួយ​រយៈ​ក្រោយ​មក​ទើប​យើង​ប្រើប្រាស់​ដោយ​ទូលំ​ទូលាយ​នៅ​ស្រុកខ្មែ​រ​។ ​ចឹង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​ស្ថាប័ន​កំពូល​របស់​រដ្ឋ​ ស្ថា​ប័ន​មាន​សមត្ថកិច្ច​របស់​រដ្ឋ គាត់​គួរ​តែ​ព្យាយាម​បង្កើត​​មាតិកា ក៏​ដូចជា​ការបណ្តុះបណ្តាល​នានា ​វិធីសាស្ត្រ​​អ្វី​ក៏​ដោយ​ដើម្បី​ធ្វើអោយ​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​តែ​ប្រើប្រាស់​បច្ចេកវិទ្យា​អស់​ហ្នឹង ​ឬ​ក៏​ទទួល​រង​ឥទ្ធិ​ពល​បច្ចេក​វិទ្យា ​គាត់​ស្វែង​យល់​បាន​បន្ថែម​ទៀត​ថាតើAI​ផ្តល់​ផល​ប្រយោជន៍​អី​ខ្លះ​ដែល​គាត់​ទាញ​យក​បាន ​ថា​តើ​វា​មាន​ផល​ប៉ះ​ពាល់​អី​គេ​ខ្លះ​បើ​សិន​ជា​គាត់​ប្រើប្រាស់​មិន​ត្រឹម​ត្រូវ។​ ចឹង​បើសិន​ជា​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ការ​បណ្តុះបណ្តាល​មាន​ច្រើន ​អ្នក​ប្រើប្រាស់​យល់​ច្រើន​អត់​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​ប្រយោជន៍​សាធារណៈ​ ឬ​ប្រយោជន៍​អ្នកដទៃ។ ​ខ្ញុំ​លើកឧទាហរណ៍​ករណី​នេះ​មិនមែន​ជាករណី​នៅ​ស្រុកខ្មែរ​យើង​ទេ ​ប៉ុន្តែ​ជា​ករណី​នៅ​អាមេរិកតារា​ចម្រៀង​​Pop​(ផប់)​T​aylor​​​swift​​(ថេឡឺស្វីស)​​ គាត់​តារា​ចម្រៀង​ល្បី។​ មាន​​គេ​ប្រើ​បច្ចេកវិទ្យា ​AI​​កាត់ត​រូប​គាត់​អោយ​ទៅ​ក្លាយ​ជា​រូប​អាស​អាភាស​ក្នុង​គោល​បំណង​អ្វី​យើង​អត់​ដឹង​ទេ​ព្រោះ​គាត់​ល្បី​ ចឹង​យើង​ដឹង​ហើយ​មាន​អ្នក​តាម​យាយីគា​ត់​​ដោយការបង្ហោះ​ផ្សព្វផ្សាយ ​ចឹង​យើង​ឃើញ​ថា​ប៉ះពាល់​ដល់​កត្តិយស​គាត់។ ​រូប​AI​​ បើសិន​យើង​អត់​ចេះ​មើល​វា​ដូច​មែន​ទែន​។​ រឿង​នេះឈាន​ទៅ​ដល់​ថ្នាក់​គាត់​រក​ដាក់​ពាក្យ​បណ្តឹង ​ប៉ុន្តែ​ខ្ញុំអត់​បាន​តាមដាន​បន្ថែម​ដល់​កម្រិត​ណា។​ ចឹង​ត្រឡប់​មកវិញ​​ គាត់​អ្នក​ល្បី​គាត់​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គាត់។ គាត់​មាន​ក្រុម​ការងារ​របស់​គាត់​ ចុះ​សម្រាប់​យើង​ដែល​ជា​អ្នក​ធម្មតា​ជា​ប្រជាពលរដ្ឋ​ ជាយុវជន​លេងអ៊ីន​ធឺ​​ណេតធម្មតា ​ថា​តើ​បើ​សិន​ជា​មាន​អ្នក​ណា​ម្នាក់​ធ្វើ​បែប​នេះ​ដាក់​យើង​ ថា​តើ​យើង​គួរ​ទៅ​រក​ជំនួយ​ពី​កន្លែង​ណា ​យើង​ត្រូវ​ធ្វើ​បែប​ម៉េច​ដើម្បី​ស្តា​រ​កត្តិយស ​ឬ​ក៏​ការពារ​សុវត្ថិភាព។​ ចឹង​ចំណុច​នេះដែល​សម្រាប់​អាជ្ញាធរ​មាន​សមត្ថឮកិច្ច​គាត់គួរ​តែ​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ប​​​ន្ថែម​ទៀត​ថា​តើបើ​មា​ន​រឿងនឹ​ង​កើត​ឡើង​សម្រាប់ករណី​យើង​នៅស្រុក​ខ្មែរ​ តើ​គាត់​អាច​ទៅរក​ជំនួយ​ផ្នែកផ្លូវច្បាប់​ ឬ​ក៏​ជំនួយ​ផ្នែកបច្ចេកទេស​ពី​ស្ថាប័ន​ឬ​ក៏អ្នកណាបាន​ខ្លះ។​

Q៖​ តើ​អ្នកស្រី​រំពឹង​​ថា​​វិស័យ​ AI​ ​​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃអនាគត​នឹង​ទៅ​ជា​យ៉ាង​ណា?​

A៖   ​ខ្ញុំគិតថា​បើសិ​ន​ជា​ទាំងអស់គ្នាយើង​ចូលរួម​ស្វែង​យល់​ក៏​ដូចជា​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​ក្រម​សីលធម៌ ​ខ្ញុំ​គិត​ថា​វា​នឹង​ជួយ​និង​ក្លាយជំនួយ​ដល់​ការ​ប្រកប​ការងារ​ក៏​ដូច​ជាការ​សិក្សា​ស្វែង​យល់​របស់​ប្រជាជន​ខ្មែរ​បាន​ច្រើន​មែនទែន ​ហើយ​បច្ចេកវិទ្យា​ AI​​ នេះវា​នឹង​កាន់​តែវិវត្តន៍​ខ្លាំង​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។​ ប៉ុន្តែ​ផ្ទុយ​មក​វិញ ​បើ​សិន​ជាមិនមានការ​ផ្សព្វផ្សាយ​គ្រប់​គ្រាន់ ​មិន​មាន​ការ​ស្វែង​យល់​ត្រឹម​ត្រូវ​អ្នក​ដែល​ប្រើប្រាស់​គាត់​មិន​បាន​គិត​ដល់​ក្រមសីលធម៌​ ឬ​ក៏​សន្តិសុខ​សុវត្ថិភាព​របស់​អ្នក​ដទៃ ​ប្រយោជន៍​សារធារណៈ​អីទេ​ គាត់​គិត​តែ​ប្រយោជន៍​របស់​ខ្លួន​ឯង ​វា​អាច​នឹង​ក្លាយទៅ​ជា​រឿង​មួយ​ដែល​មាន​បញ្ហា ក៏​ដូ​ចជា​​បង្ក​ហានិភ័យ​ច្រើន​​សម្រាប់​ទស្សនិក​ជន​របស់​គាត់៕​

[កិច្ចសម្ភាសនេះ ត្រូវបានកែសម្រួលនិងតម្រឹម ដើម្បីប្រសិទ្ធិភាពនិងគុណភាពនៃអត្ថបទ]