ភ្នំពេញ៖ កាលពីថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៤ កម្មករ កម្មការនីរោងចក្រ និងសហជីពជាច្រើនរយនាក់បានជួបជុំគ្នាដើម្បីប្រារព្ធពិធីទិវាពលកម្មអន្តរជាតិ នៅមុខ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងរាជធានីភ្នំពេញ។ ការប្រមូលផ្តុំគ្នានេះ មានបំណងទាមទារឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងការងារ ឲ្យជួយពន្លឿនដោះស្រាយវិវាទការងារ និងរកវិធានការឆ្លើយតបទៅនឹងការរំលោភបំពានពីនិយោជក។
អ្នកស្រី រឿន កូលាប ជាកម្មការី រោងចក្រសេងបូ ហ្គាមិន ខេមបូឌា ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ ឲ្យដឹងថាអ្នកស្រីត្រូវបាននិយោជកខ្លួនបញ្ឈប់ពីការងារដោយសារអ្នកស្រីសម្រេចចូលរួមបង្កើតសហជីពឡើង។ ជុំវិញករណីនេះ អ្នកស្រី ត្រូវបានតុលាការកោះហៅជាលើកជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយ។ រឿងក្ដីក្ដាំនេះមានរយៈពេល១១ខែមកហើយ។
អ្នកស្រីថ្លែងប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) យ៉ាងដូច្នេះថា៖ «ខាងរោងចក្រថាគាត់នឹងផ្ដល់សំណងឱ្យខ្ញុំជាលុយជាអី តែគាត់ដាច់ខាតមិនឱ្យចូលធ្វើការវិញទេ»។
អ្នកស្រីបន្ដថា៖«ពេលហ្នឹងខ្ញុំក៏បានគិតដែលពេលហ្នឹងដោយសារផ្នែកសុខភាពខ្ញុំអត់សូវល្អ ខ្ញុំក៏គិតថាចង់យកលុយ ដល់ពេលហើយខ្ញុំគិតឡើងវិញបើខ្ញុំយកលុយហ្នឹងស្មើនឹងខ្ញុំជញ្ជក់ឈាមបងប្អូនកម្មករទាំងអស់គ្នាចឹងខ្ញុំអត់យកលុយនឹងទេ ខ្ញុំសុខចិត្តបន្តនីតិវិធីទៅមុខទៀត ទោះបីទៅយ៉ាងណាក៏ឱ្យដឹងឈ្នះចាញ់ ឱ្យដឹងសខ្មៅ»។
អ្នកស្រីបន្តទៀតថា ការចូលរួមការប្រមូលផ្តុំនេះ គឺដើម្បីទាមទារឱ្យរដ្ឋាភិបាល និងសហភាពអឺរ៉ុបជួយរកដំណោះស្រាយឱ្យកម្មករ និងពង្រឹងសិទ្ធិសេរីភាពកម្មករ កុំឱ្យមានការជិះជាន់ ឬគាប់សង្កត់បន្តទៀត។
ដូចគ្នាដែរ លោក ស្រ៊ី នាង ជាកម្មកររោងចក្រស៊ីនឡន ក្នុងខេត្តកំពង់ស្ពឺ បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថាលោកត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយសារតែលោកចងក្រងបង្កើតសហជីពក្នុងរោងចក្រ ដោយមានការបោះឆ្នោតគាំទ្រពីកម្មករនិយោជិតដទៃទៀត។ លោកថា ក្រោយលោកជូនដំណឹងបង្កើតសហជីពនេះទៅក្រុមហ៊ុន លោកក៏ត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយគ្មានការជូនដំណឹងជាមុន ហើយមិនមានផ្តល់សំណងអ្វីទាំងអស់។ លោកថា លោកបានដាក់ពាក្យប្ដឹងទៅក្រសួងការងារ ខាងក្រសួងក៏ចេញលិខិតឱ្យចូលធ្វើការវិញ ប៉ុន្តែខាងរោងចក្រមិនព្រម។
លោកបន្ដថា៖ «ក្រសួងក៏បានចេញលិខិតបញ្ជាម្ដងទៀត ព្រមទាំងមានការផាកពិន័យចំនួនដប់លានប៉ែតសិបម៉ឺនរៀល។ ពេលហ្នឹងខ្ញុំក៏បានយកទៅឱ្យរោងចក្រ ប៉ុន្តែនៅតែមិនព្រមទទួលយកពួកខ្ញុំ ហើយខាងរោងចក្របានប្ដឹងខ្ញុំ»។
លោក ស្រ៊ី នាង សំណូមពរឲ្យក្រសួងការងារជួយដោះស្រាយវិវាទការងារ និងឲ្យតុលាការខេត្តកំពង់ស្ពឺ ទម្លាក់បទចោទពីបទញុះញង់។
លោកបន្ថែមថា៖« ខ្ញុំសូមពរឱ្យ ឯកឧត្តមរដ្ឋមន្ដ្រី ហេង សួរ ដើម្បីឱ្យគាត់ជួយដោះស្រាយវិវាទការងារនេះផង ពីព្រោះអីវាមានរយៈពេលយូរហើយខ្វះតែមួយខែទៀតពីរឆ្នាំហើយ ចឹងសូមឱ្យឯកឧត្តមជួយសម្រួល និងឱ្យរោងចក្រព្រមទទួលពួកខ្ញុំចូលធ្វើការវិញ។ មួយទៀតសូមឱ្យតុលាការខេត្តកំពង់ស្ពឺ ទម្លាក់បទចោទពីបទញ៉ុះញ៉ង់ ពីព្រោះពួកខ្ញុំទាំងបីនាក់មិនបានញុះញង់ទេ ពួកខ្ញុំធ្វើការតាមតែផ្លូវច្បាប់ទេ»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ដរាបណាមិនទាន់មានការដោះស្រាយ ក្រុមកម្មករកម្មការនីនៅតែបន្តទាមទារឱ្យរដ្ឋាភិបាលចូលខ្លួនមកដោះស្រាយបញ្ហា។ អ្នកស្រីបញ្ជាក់ថា ក្រុមកម្មករកម្មការនីនៅមិនទាន់ទទួលបានការជួយជ្រុមជ្រែងពីរដ្ឋាភិបាលនៅឡើយទេ ហើយថាសេរីភាពរបស់សមាគមសហជីពជាបញ្ហាសំខាន់សម្រាប់ប្រជាពលរដ្ឋទូទៅ។
អ្នកស្រីបន្ថែមទៀតថា៖ «រដ្ឋាភិបាលមើលឡើងវិញថា តើការអនុវត្តសិទ្ធិប្រចាំថ្ងៃនេះតើប្រជាពលរដ្ឋ ឬកម្មករនិយោជិតគាត់មានសិទ្ធិពេញលេញស្របដោយច្បាប់បានចែងអត់?[….]អញ្ចឹងយើងត្រូវអនុវត្តឱ្យមានស្ដង់ដារ ឱ្យមានភាពស្មើគ្នា»។
យោងតាមហ្វ៊េសបុកផ្លូវការរបស់ អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ឆ្លើយតបទៅនឹងការប្រមូលផ្ដុំតវ៉ា និងការដាក់ញាត្តិរបស់សហជីព បញ្ជាក់ថាក្រសួងការងារមានការប្ដេជ្ញាចិត្តចំពោះសហជីព និងលំហូរសេរីភាពសហជីព និងអង្គការសង្គមស៊ីវិលនៅកម្ពុជា។ បើតាម លោក កត្តា អ៊ន ការដោះស្រាយវិវាទការងារមានការកើនឡើងក្នុងឆ្នាំ២០២៤ រហូតដល់៩១.៨០% ចំណែកឆ្នាំ២០២៣ មានចំនួន៨០.៩៥% និងផ្ដល់ជម្រើសដល់ភាគីវិវាទបុគ្គលក្នុងការប្ដឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល៕