ភ្នំពេញ៖ កាលពីថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៤ កម្មករ​ កម្មការនីរោងចក្រ និងសហជីព​ជាច្រើនរយ​នាក់​​បាន​ជួប​ជុំ​​​គ្នា​ដើម្បី​ប្រារព្ធ​ពិធីទិវាពលកម្មអន្តរជាតិ នៅមុខ ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​រាជធានី​ភ្នំពេញ​។ ការ​ប្រមូលផ្តុំ​គ្នានេះ មានបំណងទាមទារឱ្យរដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ ឲ្យជួយ​ពន្លឿន​​ដោះស្រាយ​​​​វិវាទ​ការងារ និងរកវិធានការឆ្លើយតបទៅនឹងការ​រំលោភ​បំពានពី​និយោជក។

អ្នកស្រី រឿន កូលាប ជាកម្មការី រោងចក្រសេងបូ ហ្គាមិន ខេមបូឌា  ដែលមានទីតាំងនៅ​ខេត្ត​កំពង់ស្ពឺ​ ឲ្យដឹងថា​អ្នកស្រីត្រូវបាននិយោជក​ខ្លួនបញ្ឈប់​ពី​ការងារ​ដោយសារអ្នកស្រីសម្រេចចូលរួម​បង្កើតសហជីពឡើង។ ជុំវិញករណីនេះ អ្នកស្រី ត្រូវ​បាន​តុលាការ​កោះ​ហៅ​ជាលើកជាច្រើន​លើក​ច្រើន​​សារមកហើយ ប៉ុន្តែមិនទាន់មាន​ដំណោះស្រាយ​នៅ​ឡើយ។ រឿងក្ដីក្ដាំនេះ​មាន​រយៈពេល​១១ខែ​មក​ហើយ។

អ្នកស្រីថ្លែងប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) យ៉ាងដូច្នេះថា៖ «ខាងរោង​ចក្រ​ថា​គាត់នឹងផ្ដល់សំណងឱ្យខ្ញុំជាលុយជាអី តែគាត់ដាច់ខាតមិនឱ្យចូលធ្វើការវិញទេ»។

អ្នកស្រីបន្ដថា៖«ពេលហ្នឹងខ្ញុំក៏បានគិតដែលពេលហ្នឹង​ដោយសារផ្នែកសុខភាពខ្ញុំអត់សូវល្អ ខ្ញុំក៏​គិត​ថាចង់យកលុយ ដល់ពេលហើយ​ខ្ញុំគិតឡើង​​វិញ​បើខ្ញុំយកលុយហ្នឹងស្មើ​នឹង​ខ្ញុំជញ្ជក់​ឈាម​បងប្អូន​កម្មករ​ទាំ​ងអស់គ្នាចឹងខ្ញុំអត់យកលុយនឹងទេ ខ្ញុំសុខចិត្តបន្តនីតិវិធី​ទៅមុខ​ទៀត ​​ទោះបី​​ទៅយ៉ាង​ណា​ក៏ឱ្យដឹងឈ្នះចាញ់ ឱ្យដឹងសខ្មៅ»។

អ្នកស្រីបន្តទៀតថា ការចូលរួមការប្រមូលផ្តុំនេះ គឺដើម្បីទាមទារឱ្យរដ្ឋាភិបាល និងសហភាពអឺរ៉ុប​​​​​ជួយរកដំណោះស្រាយឱ្យកម្មករ និងពង្រឹង​សិទ្ធិសេរីភាពកម្មករ​ កុំឱ្យមានការជិះជាន់ ឬគាប់សង្កត់​បន្តទៀត។

ដូចគ្នាដែរ លោក ស្រ៊ី នាង ជាកម្មកររោងចក្រស៊ីនឡន ក្នុងខេត្តកំពង់ស្ពឺ បានប្រាប់ញូវស៍រូម​ខេមបូឌា (Newsroom Cambodia) ថាលោកត្រូវបានក្រុមហ៊ុនបញ្ឈប់​ដោយសារ​តែលោក​ចងក្រង​បង្កើត​សហជីពក្នុងរោងចក្រ ដោយ​មានការបោះឆ្នោតគាំទ្រពីកម្មករនិយោជិត​ដទៃទៀត។ លោកថា ក្រោយលោកជូនដំណឹងបង្កើតសហជីពនេះទៅក្រុមហ៊ុន លោកក៏ត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយ​គ្មានការ​ជូនដំណឹងជាមុន ហើយមិនមានផ្តល់សំណងអ្វីទាំងអស់។ លោកថា លោកបានដាក់​ពាក្យ​ប្ដឹង​ទៅក្រសួងការងារ ខាងក្រសួងក៏ចេញលិខិតឱ្យចូលធ្វើការវិញ ប៉ុន្តែខាងរោងចក្រមិនព្រម។

លោកបន្ដថា៖ «ក្រសួងក៏បានចេញលិខិតបញ្ជាម្ដងទៀត ព្រមទាំងមានការផាកពិន័យ​ចំនួនដប់​លាន​ប៉ែត​សិបម៉ឺនរៀល។ ពេលហ្នឹងខ្ញុំក៏បានយកទៅឱ្យរោងចក្រ ប៉ុន្តែនៅតែមិនព្រមទទួលយកពួកខ្ញុំ ហើយខាងរោងចក្របានប្ដឹងខ្ញុំ»។

លោក ស្រ៊ី នាង សំណូមពរឲ្យក្រសួងការងារជួយដោះស្រាយវិវាទការងារ និងឲ្យតុលាការ​ខេត្ត​កំពង់ស្ពឺ ទម្លាក់បទចោទពីបទញុះញង់។​

​លោកបន្ថែមថា៖« ខ្ញុំសូមពរឱ្យ ឯកឧត្តមរដ្ឋមន្ដ្រី ហេង សួរ ដើម្បី​ឱ្យគាត់ជួយដោះ​ស្រាយវិវាទ​ការងារ​នេះផង ពីព្រោះអីវាមានរយៈពេលយូរហើយខ្វះតែមួយខែទៀតពីរឆ្នាំហើយ ចឹងសូមឱ្យឯកឧត្តម​ជួយ​សម្រួល​ និងឱ្យរោងចក្រព្រមទទួលពួកខ្ញុំចូលធ្វើការវិញ។ មួយទៀតសូមឱ្យតុលាការខេត្តកំពង់ស្ពឺ ទម្លាក់បទចោទពីបទញ៉ុះញ៉ង់ ពីព្រោះពួកខ្ញុំទាំងបីនាក់មិនបានញុះញង់ទេ ពួកខ្ញុំធ្វើការតាម​តែផ្លូវ​ច្បាប់​ទេ»។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ​ប្រធានសហព័ន្ធសហជីពកម្ពុជា​ បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​​ថា​ ដរាប​ណា​មិនទាន់មានការដោះស្រាយ ក្រុមកម្មករកម្មការនី​នៅតែបន្តទាមទារ​ឱ្យរដ្ឋាភិបាលចូលខ្លួន​មកដោះស្រាយបញ្ហា។ អ្នកស្រីបញ្ជាក់​ថា ក្រុមកម្មករកម្មការនីនៅមិនទាន់ទទួលបាន​ការជួយជ្រុមជ្រែងពី​រដ្ឋាភិបាលនៅឡើយទេ​ ហើយថា​សេរីភាពរបស់សមាគមសហជីព​ជាបញ្ហាសំខាន់សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ។​

អ្នកស្រីបន្ថែមទៀតថា៖ «រដ្ឋាភិបាលមើលឡើងវិញថា តើការអនុវត្តសិទ្ធិប្រចាំថ្ងៃនេះ​តើប្រជាពលរដ្ឋ​ ឬកម្មករនិយោជិតគាត់មានសិទ្ធិពេញលេញ​ស្របដោយច្បាប់បានចែង​អត់?[….]​អញ្ចឹងយើង​ត្រូវ​អនុវត្ត​ឱ្យ​មានស្ដង់ដារ ឱ្យមានភាពស្មើគ្នា»។

យោងតាមហ្វ៊េសបុកផ្លូវការរបស់ អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ​ឆ្លើយតបទៅនឹង​ការ​ប្រមូលផ្ដុំតវ៉ា និងការដាក់ញាត្តិរបស់សហជីព បញ្ជាក់ថាក្រសួង​ការងារ​មានការប្ដេជ្ញាចិត្តចំពោះសហជីព និងលំហូរសេរីភាពសហជីព និងអង្គការសង្គមស៊ីវិល​នៅ​កម្ពុជា។ បើតាម លោក កត្តា អ៊ន ការ​ដោះស្រាយ​​វិវាទ​ការងារមានការកើនឡើងក្នុងឆ្នាំ២០២៤ រហូតដល់​៩១.៨០% ចំណែកឆ្នាំ២០២៣ មាន​ចំនួន​៨០.៩៥% និងផ្ដល់ជម្រើសដល់ភាគីវិវាទ​បុគ្គលក្នុងការប្ដឹង​ទៅក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​៕