ក្រសួងអប់រំ យុវជន និងកីឡា ចេញវិធានការទប់ស្កាត់បាតុភូតអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ បង្កឡើងដោយសកម្មភាពបង្រៀនបន្ថែមក្រៅម៉ោង ដែលបង្កើតឱ្យមាននូវគម្លាត វិសមភាពយ៉ាងច្រើនសម្រាប់សិស្សានុសិស្សក្រីក្រដែលមិនមានលទ្ធភាពរៀនគួរ។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងអប់រំ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងបានទទួលព័ត៌មានអំពីការត្អូញត្អែររបស់មាតាបិតា និងអាណាព្យាបាលសិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងបង់ចំណាយលើការរៀនបន្ថែមក្រៅម៉ោងរបស់កូនៗទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា។
សេចក្តីថ្លែងការណ៍បន្តថា៖ «បាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយសកម្មភាពបង្រៀនគួរ ដូចជា ការចេញវិញ្ញាសារប្រឡងប្រចាំខែ ប្រចាំឆមាស នូវលំហាត់ ឬខ្លឹមសារដូចទៅនឹងការបង្រៀនគួររួច ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សដែលមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាតវិសមភាពយ៉ាងច្រើនសម្រាប់កុមារក្រីក្រជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី០៨ ខែឧសភានេះថា ក្រសួងតែងតែដាក់ចេញនូវផែនការសកម្មភាពដែលមានគោលដៅឆ្ពោះទៅរកការពង្រឹងគុណភាពអប់រំនៅកម្ពុជា។ លោកស្រីបន្តថា ក្នុងករណីដែលមានការរាយការណ៍អំពីករណីដែលគ្រូបានបង្រៀនគួរ និងបង្កើតនូវបរិយាកាសមិនស្មើភាពគ្នានៅក្នុងសាលារៀន ពួកគាត់នឹងប្រឈមមុខទៅនឹងវិធានការច្បាប់ដែលបានចែង។
លោកស្រីថា៖ «នៅក្នុងច្បាប់ស្តីពីសហល្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា គឺបានចែងយ៉ាងច្បាស់អំពីអ្វីដែលជាកាពត្វកិច្ចរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជាអ្វីដែលលោកគ្រូអ្នកគ្រូមិនគួរធ្វើឬក៏មិនអាចធ្វើ ហើយក្នុងនោះក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរអំពីវិន័យដែលលោកគ្រូអ្នកគ្រូត្រូវទទួលខុសត្រូវចំពោះការអនុវត្តខុសពីច្បាប់ និងសេចក្តីណែនាំ»។
យោងតាមច្បាប់ស្តីពីសហល្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤០ ចែងថា មន្ត្រីរាជការទាំងឡាយណាដែលប្រព្រឹត្តិផ្ទុយទៅនឹងច្បាប់ នឹងទទួលទណ្ឌកម្មវិន័យ ដែលទណ្ឌកម្មលំដាប់ថ្នាក់ទី១ រួមមាន ការស្តីបន្ទោស ស្តីបន្ទោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន ផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យ ឬលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិឬថ្នាក់។
មាត្រាដដែលបន្តថា ទណ្ឌកម្មថ្នាក់ទី២ រួមមាន ស្តីបន្ទោសជាទម្ងន់បណ្តាលឱ្យលុបចេញពីតារាងឡើងឋានន្តរស័ក្តិឬថ្នាក់ បើសិនជាមានចុះឈ្មោះហើយ ឬធ្វើឱ្យយឺតក្នុងការតម្លើងឋានន្តរស័ក្តិ ដាក់ឱ្យចូលនិវត្តន៍ដោយបង្ខំ ឬឈានដល់ការបណ្តេញចេញពីមុខដំណែងរាជការ។
លោកស្រី ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា ក្រសួងអប់រំ នៅតែបន្តរក្សាជំហរក្នុងការពិនិត្យតាមដានការអនុវត្តនូវវិធានការដែលបានដាក់ចេញនេះ និងសង្ឃឹមថា នឹងមានការសហការពីសំណាក់លោកគ្រូ អ្នកគ្រូ ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ។
ពាក់ព័ន្ធនឹងករណីនេះ លោក នាង គន្ធា ដែលជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានអះអាងថា លោកមានកូនស្រី២នាក់ ម្នាក់ថ្នាក់ទី១០ និងម្នាក់ទៀតថ្នាក់ទី១២ ត្រូវបានបង្ខំចិត្តឱ្យឈប់រៀនទាំង២នាក់ ដោយសារតែមិនមានលទ្ធភាពបន្ត។
លោកថា៖«កូនស្រីច្បងខ្ញុំប្រឡងទី១២អត់ជាប់ ក៏ឈប់រៀន ឯកូនស្រីមួយទៀត ឈប់រៀនថ្នាក់ទី១០ហ្នឹងឯង។ […] ដោយសារតែអត់មានលទ្ធភាពបង់លុយកូនរៀន ណាមួយខ្ញុំមិនសូវបាននៅជិតស្និតជាមួយកូន មិនដឹងថាកូនហ្នឹងគាត់រៀនបែបណានោះទេ»។
ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន លោក គួច ម៉េងលី យល់ឃើញថា ការបង្រៀនគួរជារឿងមួយ ដែលមិនគួរកើតមាននៅក្នុងសាលារៀននោះទេ។
លោកថា៖ «ចំពោះខ្ញុំ ខ្ញុំយល់ថា ការបង្រៀនគួរនេះ មិនគួរឱ្យកើតមានទេ ខ្ញុំតែងតែនិយាយជារឿយៗមកថា ការបង្រៀនគួរហ្នឹងវាធ្វើឱ្យមានការមិនយុត្តិធម៌ស្មើគ្នានៅក្នុងការបង្រៀន ដែលធ្វើឱ្យគ្រូគាត់ទុកមេរៀនសំខាន់ៗមកបង្រៀនគួរ។ […] មួយវិញទៀត ធ្វើឱ្យក្មេងរៀនហួសម៉ោង មានន័យថារៀនធម្មតាផង ចំណាយពេលទៅរៀនម៉ោងគួរផង»។
លើសពីផលវិបាកអំពីការរៀនគួរនានាដែលលោកបានលើកឡើងនេះ លោកក៏បានបន្ថែមដែរថា វាអាចនឹងមានផលជះទៅដល់កត្តាជីវភាពរបស់សិស្សានុសិស្សផងដែរ។
លោកមានប្រសាសន៍ថា៖ «ធ្វើឱ្យក្មេងចាយលុយច្រើន ដូច្នេះហើយកូនសិស្សខ្លះ អាណាព្យាបាលគាត់អត់មានថវិកាធ្វើឱ្យគាត់ឯកោ អត់មានបានចូលរួមរៀន ចឹងការរៀនសូត្ររបស់គាត់ក៏ចាញ់ប្រៀបគេ មិនយុត្តិធម៌។ […] ប្រព័ន្ធការរៀនគួរនេះ គឺមិនគួរកើតឡើងឡើយ ហើយបើបន្តអ៊ីចឹង គឹប្រទេសរបស់យើងមិនអភិវឌ្ឍន៍ទៅមុខទេ ការអប់រំក៏មិនអាចកែប្រែបានដែរ គឺកម្រមានប្រទេសណាគេរៀនគួរណាស់ បើយើងបង្រៀនគួរដដែលៗ វាធ្វើឱ្យក្មេងរៀនជាន់គ្នា ដូច្នេះហើយវាអត់មានជួយដល់សិស្សទេ វាមានតែបង្កការលំបាកដល់សិស្ស និងអាណាព្យាបាល ខាតលុយច្រើន»។
លោក គួច ម៉េងលី បានទទូចសុំឱ្យគ្រូបង្រៀនទាំងអស់ប្រកាន់ខ្ជាប់នូវឆន្ទៈរបស់ខ្លួន ក្នុងនាមជាគ្រូបង្រៀនមួយរូប ដើម្បីធានាឱ្យបាននូវសមភាពនៅក្នុងបរិយាកាសសាលារៀន និងបង្កើនគុណភាពសិស្ស។ លោកក៏បានទទូចឱ្យមានការគិតគូពីសំណាក់រាជរដ្ឋាភិបាល នៅក្នុងការតម្លើងប្រាក់បៀវត្សរ៍ដល់គ្រូបង្រៀន ដើម្បីឱ្យពួកគាត់អាចទប់ទល់ជាមួយនឹងជីវភាពបាន និងជាការរួមចំណែកឈានទៅដល់ទីបញ្ចប់នៃវប្បធម៌បង្រៀនគួរនៅតាមសាលារៀននេះ។
លោកបានបន្តថា៖ «គ្រូខ្លះគាត់មានបញ្ហារឿងជីវភាព អ៊ីចឹងមានតែសំណូមពររាជរដ្ឋាភិបាលថា បើសិនជាអាចតម្លើងប្រាក់ខែគ្រូ ហើយតម្រូវការឱ្យគ្រូជាកំហិតមិនឱ្យបង្រៀនគួរ។ […] បើយើងធ្វើចឹងមិនបានទេ វិស័យអប់រំយើងនឹងនៅតែមានបញ្ហារហូតទាល់តែយើងថ្ងៃក្រោយកែអត់បាន។ […] ខ្ញុំសង្ឃឹមថា គ្រូៗទាំងអស់មេត្តាពិចារណាមែនទែនទៅលើអនាគតប្រទេសជាតិ»។
កន្លងមក ក្រសួងអប់រំ ក៏បានចេញសេចក្តីណែនាំផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្តូរវប្បធម៌សាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូនៅទូទាំងប្រទេស សេចក្តីណែនាំស្តីពីការអុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើនម៉ោងសិក្សាយ៉ាងតិច២ម៉ោងក្នុងមួយថ្ងៃ។
ក្រសួងអប់រំ បានដាក់ចេញនូវវិធានការទាក់ទងនឹងរឿងនេះ ដោយគ្រូបង្រៀនត្រូវអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំដើម្បីធានាឱ្យបាននូវការបង្រៀន និងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបបង្រៀន។
ក្រសួងបន្តថា៖ «គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តតេស្តស្តង់ដាសម្រាប់ការប្រឡងគ្រប់ប្រភេទ និងពង្រឹកការបង្រៀននិងរៀនដើម្បីលើកកម្ពស់គុណភាពអប់រំ ព្រមទាំងរៀបចំនិងអនុវត្តកម្មវិធីសិក្សាក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សាយ៉ាងតិច២ម៉ោង»។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំបានបញ្ជាក់យ៉ាងច្បាស់ថា គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀនឬលំហាត់ដែលបង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសារប្រឡងឡើយ។
ក្រសួងក៏បានអំពាវនាវឱ្យអ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាធារណជនទាំងអស់ ចូលរួមតាមដាន ចូលរួមគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ ព្រមទាំងគ្រប់គ្រងដំណើរការសាលារៀនប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព៕