ក្រសួងអប់រំ យុវជន និងកីឡា ចេញវិធានការទប់ស្កាត់បាតុភូត​​​អវិជ្ជមាននៅតាម​គ្រឹះស្ថា​ន​សិក្សា​សាធារណៈ បង្កឡើងដោយសកម្មភាពបង្រៀនបន្ថែមក្រៅម៉ោង ដែលបង្កើតឱ្យ​មាននូវគម្លាត វិសមភាពយ៉ាង​ច្រើន​​សម្រាប់​សិស្សានុសិស្សក្រីក្រ​ដែល​មិនមានលទ្ធភាពរៀនគួរ។

យោងតាមសេចក្តីថ្លែងការណ៍​មួយរបស់ក្រសួងអប់រំ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៤ បាន​លើកឡើងថា ក្រសួងបានទទួលព័ត៌មានអំពីការត្អូញត្អែររបស់មាតាបិតា និង​អាណាព្យាបាលសិស្សមួយចំនួន​ ពាក់​ព័ន្ធនឹងការលំបាក​ក្នុងការរ៉ាប់រង​បង់ចំណាយលើការរៀនបន្ថែមក្រៅម៉ោងរបស់កូនៗទាំងនៅកម្រិត​បឋម​សិក្សា និងមធ្យមសិក្សា។

សេចក្តីថ្លែងការណ៍​បន្តថា៖ «បាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយសកម្មភាពបង្រៀនគួរ ដូចជា ការ​ចេញ​វិញ្ញាសារប្រឡង​ប្រចាំខែ ប្រចាំឆមាស នូវលំហាត់ ឬខ្លឹមសារដូចទៅ​នឹងការបង្រៀនគួររួច ដែល​ធ្វើឱ្យ​ប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សដែលមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាតវិសមភាពយ៉ាងច្រើនសម្រាប់​កុមារក្រីក្រជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម»។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី០៨ ខែឧសភានេះ​ថា ក្រសួងតែ​ងតែដាក់ចេញនូវផែនការសកម្ម​ភាពដែលមាន​គោលដៅឆ្ពោះទៅរកការ​ពង្រឹងគុណភាពអប់រំនៅកម្ពុជា។ លោកស្រី​បន្ត​ថា ក្នុងករណីដែលមានការរាយការណ៍អំពីករណីដែលគ្រូបានបង្រៀនគួរ និងបង្កើតនូវបរិយាកាសមិនស្មើភាពគ្នានៅក្នុងសាលារៀន ពួកគាត់នឹងប្រឈមមុខទៅនឹងវិធានការច្បាប់ដែលបានចែង។

លោកស្រីថា៖ «នៅក្នុងច្បាប់ស្តីពីសហល្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា គឺបាន​ចែង​​យ៉ាងច្បាស់អំពីអ្វីដែលជាកាពត្វកិច្ចរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជាអ្វីដែលលោកគ្រូអ្នកគ្រូ​មិនគួរ​ធ្វើ​ឬក៏​មិនអាចធ្វើ ហើយក្នុងនោះក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរអំពីវិន័យ​ដែលលោកគ្រូអ្នកគ្រូ​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះការអនុវត្ត​ខុសពីច្បាប់ និងសេចក្តីណែនាំ»។

យោងតាមច្បាប់ស្តីពីសហល្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤០ ចែងថា មន្ត្រីរាជការទាំងឡាយណាដែលប្រព្រឹត្តិផ្ទុយទៅនឹងច្បាប់ នឹង​ទទួលទណ្ឌកម្មវិន័យ ដែលទណ្ឌកម្មលំដាប់​ថ្នាក់​ទី១ រួមមាន ការស្តីបន្ទោស ស្តីបន្ទោស​ដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន ផ្លាស់ដោយ​បង្ខំ​តាម​វិធានការខាងវិន័យ ឬលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិឬថ្នាក់។

មាត្រាដដែលបន្តថា ទណ្ឌកម្មថ្នាក់ទី២ រួមមាន ស្តីបន្ទោសជាទម្ងន់បណ្តាល​ឱ្យ​លុបចេញពីតារាងឡើងឋានន្តរស័ក្តិឬថ្នាក់ បើសិនជាមានចុះឈ្មោះហើយ ឬធ្វើឱ្យ​យឺតក្នុងការតម្លើងឋានន្តរស័ក្តិ ដាក់ឱ្យ​ចូលនិវត្តន៍ដោយបង្ខំ ឬឈានដល់ការបណ្តេញចេញពីមុខដំណែងរាជការ។

លោក​ស្រី ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា ក្រសួងអប់រំ នៅតែបន្តរក្សាជំហរក្នុង​ការ​ពិនិត្យតាមដានការអនុវត្តនូវវិធានការដែលបានដាក់ចេញនេះ និងសង្ឃឹម​ថា នឹងមានការសហការពីសំណាក់លោកគ្រូ អ្នកគ្រូ ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ។

ពាក់ព័ន្ធនឹងករណីនេះ លោក នាង គន្ធា ដែលជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បាន​អះ​អាងថា លោក​មានកូនស្រី២នាក់ ម្នាក់ថ្នាក់ទី១០ និងម្នាក់ទៀតថ្នាក់ទី១២ ត្រូវបានបង្ខំចិត្តឱ្យ​​ឈប់រៀនទាំង​២នា​ក់ ដោយសារតែមិនមានលទ្ធភាពបន្ត។

លោកថា៖«កូនស្រីច្បងខ្ញុំប្រឡងទី១២​អត់ជាប់ ក៏ឈប់រៀន ឯកូនស្រីមួយទៀត ឈប់រៀនថ្នាក់ទី១០ហ្នឹង​ឯង។ […] ដោយសារតែអត់មានលទ្ធភាពបង់លុយកូនរៀន ណាមួយខ្ញុំមិនសូវបាននៅជិតស្និតជាមួយកូន មិនដឹងថាកូនហ្នឹងគាត់រៀនបែបណានោះទេ»។

ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន លោក គួច ម៉េងលី យល់ឃើញថា ការបង្រៀនគួរជារឿងមួយ ដែលមិនគួរកើតមាននៅក្នុងសាលារៀននោះទេ។

លោក​ថា៖ «ចំពោះខ្ញុំ ខ្ញុំយល់ថា ការបង្រៀនគួរនេះ មិនគួរឱ្យ​​កើតមានទេ ខ្ញុំតែងតែនិយាយជារឿយៗមក​ថា ការបង្រៀនគួរហ្នឹងវាធ្វើឱ្យ​​មានការមិនយុត្តិធម៌ស្មើគ្នានៅក្នុងការបង្រៀន ដែលធ្វើឱ្យ​គ្រូគាត់ទុកមេរៀនសំខាន់ៗ​មកបង្រៀនគួរ។ […] មួយវិញទៀត ធ្វើឱ្យ​ក្មេងរៀនហួសម៉ោង មានន័យថារៀនធម្មតាផង ចំណាយពេលទៅរៀនម៉ោងគួរផង»។

លើសពីផលវិបាកអំពីការរៀនគួរនានាដែលលោកបានលើកឡើងនេះ​ លោកក៏បានបន្ថែមដែរ​ថា វា​អាចនឹងមានផលជះទៅដល់កត្តាជីវភាពរបស់សិស្សានុសិស្សផងដែរ។

លោកមានប្រសាសន៍ថា៖ «ធ្វើឱ្យ​ក្មេងចាយលុយច្រើន ដូច្នេះហើយកូនសិស្សខ្លះ អាណាព្យាបាលគាត់អត់មានថវិកាធ្វើឱ្យ​គាត់ឯកោ អត់មានបានចូលរួមរៀន ចឹងការរៀនសូត្ររបស់គាត់ក៏ចាញ់ប្រៀប​គេ មិន​យុត្តិ​ធម៌។​ […] ប្រព័ន្ធការរៀនគួរនេះ គឺមិនគួរកើតឡើងឡើយ ហើយបើបន្តអ៊ីចឹង គឹប្រទេសរបស់យើងមិនអភិវឌ្ឍន៍​ទៅមុខទេ ការអប់រំក៏មិនអាចកែប្រែបានដែរ គឺកម្រមានប្រទេសណាគេរៀនគួរណាស់ បើយើងបង្រៀនគួរដដែលៗ វាធ្វើឱ្យ​ក្មេងរៀនជាន់គ្នា ដូច្នេះហើយវាអត់មានជួយដល់សិស្សទេ វាមានតែបង្កការលំបាកដល់សិស្ស និងអាណាព្យាបាល ខាតលុយច្រើន»។

លោក គួច ម៉េងលី បានទទូចសុំឱ្យ​គ្រូបង្រៀនទាំងអស់ប្រកាន់ខ្ជាប់នូវឆន្ទៈរបស់ខ្លួន ក្នុង​នាម​ជា​គ្រូបង្រៀន​មួយរូប ដើម្បីធានាឱ្យ​​បាននូវសមភាពនៅក្នុងបរិយាកាសសាលារៀន និងបង្កើនគុណភាពសិស្ស។ លោកក៏បានទទូចឱ្យ​មានការគិតគូពីសំណាក់រាជរដ្ឋាភិបាល នៅក្នុងការតម្លើងប្រាក់បៀវត្សរ៍ដល់គ្រូបង្រៀន ដើម្បីឱ្យ​ពួកគាត់អាចទប់ទល់ជាមួយនឹងជីវភាពបាន និង​ជាការរួមចំណែកឈានទៅដល់ទីបញ្ចប់នៃវប្បធម៌បង្រៀនគួរនៅតាមសាលារៀននេះ។

លោកបានបន្តថា៖ «គ្រូខ្លះគាត់មានបញ្ហារឿងជីវភាព អ៊ីចឹងមានតែសំណូមពររាជរដ្ឋាភិបាលថា បើសិនជាអាចតម្លើងប្រាក់ខែគ្រូ ហើយតម្រូវការឱ្យ​គ្រូជាកំហិតមិនឱ្យ​បង្រៀនគួរ។ […] បើយើងធ្វើចឹងមិនបានទេ វិស័យអប់រំយើងនឹងនៅតែមានបញ្ហា​រហូតទាល់តែយើងថ្ងៃក្រោយកែអត់បាន។ […] ខ្ញុំសង្ឃឹម​ថា គ្រូៗទាំងអស់មេត្តាពិចារណាមែនទែនទៅលើអនាគតប្រទេសជាតិ»។

កន្លងមក ក្រសួងអប់រំ ក៏​បានចេញសេចក្តីណែនាំផ្តោតលើកា​រ​លើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្តូរវប្បធម៌សាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូនៅទូទាំងប្រទេស សេច​ក្តីណែនាំស្តីពីការអុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើនម៉ោងសិក្សាយ៉ាងតិច២ម៉ោងក្នុងមួយថ្ងៃ។

ក្រសួងអប់រំ បានដាក់ចេញនូវវិធានការទាក់ទងនឹងរឿងនេះ ដោយគ្រូបង្រៀនត្រូវអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំដើម្បីធានាឱ្យ​បាននូវការបង្រៀន និងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបបង្រៀន។

ក្រសួងបន្តថា៖ «គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តតេស្តស្តង់ដាសម្រាប់ការប្រឡងគ្រប់ប្រភេទ និងពង្រឹកការបង្រៀននិងរៀនដើម្បីលើកកម្ពស់គុណភាពអប់រំ​ ព្រមទាំងរៀបចំនិងអនុវត្តកម្មវិធីសិក្សាក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សាយ៉ាងតិច២ម៉ោង»។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំបានបញ្ជាក់យ៉ាងច្បាស់ថា គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិត​បង្ខំ​សិស្សឱ្យ​រៀនគួរ និងមិនត្រូវយកមេរៀនឬលំហាត់ដែលបង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសារប្រឡងឡើយ។

ក្រសួងក៏បានអំពាវនាវឱ្យ​អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាធារណជនទាំងអស់ ចូល​រួមតាម​ដាន ចូលរួមគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ​ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងគ្រប់គ្រងដំណើរការសាលារៀនប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព៕