ភរិយាជំទប់ទី២ កូតាមកពីគណបក្សភ្លើងទៀន ប្រចាំខេត្តបាត់ដំបង អះអាងថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីក្រោមបទចោទ «រួមគំនិតក្បត់» នេះគឺជារឿងមួយដែលមិនសមហេតុផល និងគ្មានមូលដ្ឋានផ្លូវច្បាប់ណា​មួយទេ ដោយសារស្វាមីរបស់អ្នកស្រី មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការឡើយ។

ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ អ្នកស្រី ប៊ុន ស្រេន និយាយថា តាមពិតទៅស្វាមីរបស់ខ្លួនគឺលោក ប្រាក់ ឈន មិនបានប្រព្រឹត្តបទល្មើសដូច​​ការចោទប្រកា​ន់​​ណា​​​មួយរបស់តុលាការទេ។មិនតែប៉ុណ្ណោះ ស្វាមីរបស់អ្នកស្រី មិនបានចេញធ្វើសកម្មភាពណាមួយ ដែល​​ផ្ទុ​​យ​នឹងច្បាប់ ក្រៅពីការងារប្រចាំថ្ងៃក្នុងឋានៈជាមន្រ្តីជាប់ឆ្នោតរបស់ឃុំនោះទេ។

អ្នកស្រីបន្តថា៖ «គេចោទប្តីខ្ញុំថារួមគំនិតក្បត់តែគាត់មិនដែល ទៅណាផងតាំងពីថ្ងៃទី០៧ ខែវិច្ឆិកា​មកគា​​ត់​មិនដែលទៅណាទេគាត់នៅតែផ្ទះកាលហ្នឹងខ្ញុំធើ្វការនៅភ្នំពេញខ្ញុំជំពាក់លុយគេខ្ញុំធើ្វការរោងចក្រខ្លួននៅផ្ទះតែម្នាក់ឯងនេះជាពាក្យចោទប្រកាន់មិនមានទង្វើដែលធើ្វខុស»

ចៅក្រមស៊ើបសួរនៃតុលាការខេត្តបាត់ដំបង បានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន​លោក ប្រាក់ ឈន ភ្លា​​ម​​ៗ​​នៅក្នុងពន្ធនាគារខេត្ត​ ក្រោយស​មត្ថ​​កិ​ច្ច​ចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។​លោក ប្រាក់ ឈន រង់ការចោទប្រកាន់បីបទ «រួមគំនិតក្បត់ » ទាក់ទងព្រឹត្តិការណ៍ថ្ងៃ ៩វិច្ឆិកា ២០១៩ ក្នុងពេ​​ល​​ដែ​​ល​​លោ​​ក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការរំលាយ ប្រកាសវិល​​ចូល​ប្រ​​ទេ​​ស​​វិញ​​​។​

ដីកាបង្គាប់ឲ្យចូលខ្លួន ដែលចេញដោយសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០​​២​​៤ ហើយគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃទី២០ ខែឧសភា នេះបានលើកឡើងថា តុលាការបង្គាប់ឱ្យជនត្រូវឈ្មោះ ប្រាក់ ឈន ភេទប្រុស ចូលឆ្លើយបំភ្លឺនៅថ្ងៃនេះ នៅចំពោះមុខចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង។លិខិតបន្តថា អង្គហេតុនេះជនត្រូវចោទមានជាប់ពាក់ព័ន្ធនឹងបទល្មើស «រូមគំនិតក្បត់» តាមបញ្ញត្តិមាត្រា៤៥៣​ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្ត នៅភូមិប្រឡាយ១៨ ឃុំ​​ស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រភពបន្តថា៖ «សំណុំរឿងព្រហ្មទណ្ឌនេះកកស្ទះតាំងពីឆ្នាំ២០១៩ មកម្ល៉េះពាក្យសុំពន្យាពេលចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ របស់ជនត្រូវចោទឈ្មោះ ប្រាក់ ឈន​ ចៅក្រមស៊ើបសួរមិនអនុញ្ញាតពន្យាពេលបានឡើយ»

បន្ថែមពីលើដីកាបង្គាប់នេះព្រះរាជអាជ្ញារង នៃអយ្យការអបសាលាដំបូងខេត្ត លោក ដួង សារ៉េន ឆ្លើយតបថា សំណុំរឿងនេះលោកនៅមិនទាន់ដឹងព័ត៌មានលម្អិតនៅឡើយទេ ដោយសារសំណុំរឿងព្រហ្មទណ្ឌនេះ មិនស្ថិតនៅក្នុងដៃរបស់អយ្យការ។

លោកបន្តថា៖ «ប្អូនស្រីដោយសារខ្ញុំអ្នកនាំពាក្យនៅអយ្យការហើយចាប់ពីចៅក្រមស៊ើប ដល់ចៅក្រមជម្រះមានអ្នកនាំពាក្យមួយទៀតដែលគាត់ជាប្រធានលេខាដ្ឋានគឺលោកស្រី​ រស្មី សូមប្អូនទាក់ទងទៅខាងគាត់វិញ »

គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបកស្រាយលម្អិតជុំវិញរឿងនេះ ពីលោកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្យសាលាដំបូងខេត្ត និងលោក មាន ឡាយ ជាម្ចាស់ពាក្យបណ្តឹងបានទេ នៅថ្ងៃទី២០ ឧសភា នេះ។បច្ចុប្បន្ន លោក ប្រាក់ ឈន គឺជាប្រធានប្រតិបត្តិ និងជាជំទប់ទី២ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់​​ដំ​ប​ង​​។

បើតាមអ្នកស្រី ប៊ុន ស្រេន ដែលត្រូវជាភរិយាលោក ប្រាក់ ឈន ឱ្យដឹងថា ការចាប់ខ្លួននេះគឺធ្វើឡើង​​នៅ​​នឹ​ង​​​​ផ្ទះតែម្តង។ក្រោយចាប់ខ្លួន ស្វាមីរបស់អ្នកស្រីត្រូវគេបញ្ជូនទៅសាលាដំបូងខេត្ត មុននឹងចៅក្រ​មចេញ​ដី​​កាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ក្នុងថ្ងៃតែមួយ។មិនតែប៉ុណ្ណោះ ភ្លាមៗ បន្ទាប់ពីចាប់​​ខ្លួន​​អ្នក​​ស្រី​​អះ​​អាងថា ស្វាមីរបស់ខ្លួនមិនមានមេធាវីការពាសិទ្ធិទេ ទើបតែមាននៅពេលនេះ។ហើយកា​រដោះស្រាយបែ​បណា​​នោះ ត្រូវរង់ចាំដល់ចុងខែឧសភា។

ចំណែកលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិតជុំវិញសំណុំរឿងនេះ ដោយលោកបង្វែរឲ្យសួរនាំទៅខាងតុលាការវិញ។

លោកបន្តថា៖ «រឿងហ្នឹងសួរទៅខាងចៅក្រម សំណុំរឿងនៅលើចៅក្រមអ្នកចេញដីកា សួរខាងតុលាការចង់ដឹងសួរគេទៅគេបំភ្លឺហើយដូចមានព័ត៌មានខាងតុលាការ»

មិនខុសគ្នាទេ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរដ្ឋបាលឃុំស្តុកប្រវឹក លោក  អ៊ុក សម្ជស្ស បដិសេធថាសំណុំរឿ​ង​នេះមិនស្ថិតក្នុងដៃរបស់រដ្ឋបាលឃុំទៀតទេ។ហើយម្យ៉ាងវិញទៀត រូបលោកបានផ្លាស់ប្តូរការ​ងារនេះ​​ជា​​​ង​​មួ​​យឆ្នាំទៅហើយ។

លោកបន្តថា៖ «ខ្ញុំប្តូរកន្លែងការងារមកធើ្វអធិការរងមួយឆ្នាំជាងហើយ រឿងនេះឆ្នាំ២០១៩គឹពាក់ព័ន្ធដីសហ​គមន៍នឹងគណបក្សប៉ុន្តែចាប់ខ្លួន២០២៤ខ្ញុំអត់ដឹងទេ ខ្ញុំក៏មិនស្គាល់លេខនាក់ថ្មីដែល»

យ៉ាងនេះក្តីអ្នកសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោ​ក អ៊ិន គង់ជិត សង្កេតឃើញថាតាមពិតទៅរឿងក្តីនេះ តុលាការ​បានកប់ទុកអស់ពេលជាច្រើន​​ឆ្នាំមក​​ហើ​​​​​យ។ម្យ៉ាងវិញទៀត ជនត្រូវចោទក៏មិនបានគេចខ្លួនទៅណាដែរ មានន័យថាមន្រ្តីបក្សរូបនេះ ហាក់​​បង្ហា​ញ​ការសហ​ការជានិច្ចជាមួយអាជ្ញាធរ។មិនតែប៉ុណ្ណោះទាំងអាជ្ញាធររដ្ឋ និងស្ថាប័នជំនាញគួរទម្លាក់​​ចោ​​​​លបទចោទប្រឆាំងរូបគេ ព្រោះលោក ប្រាក់ ឈន មិនបានបង្កឱ្យមានអំពើព្យះសនកម្មណាមួយកើតឡើង ដូចការចោទប្រកាន់តាមផ្ឡុវតុលាការដែរ។

លោកបន្តថា៖ «រឿងនេះវាគួរតែកប់ចោទហើយតុលាការគួរតែទម្លាក់ការចោទប្រកាន់ទៅលើគាត់ ពីព្រោះគាត់ពុំមានសម្ថតភាពនឹងដើរញះញង់ឲ្យមានការបោះប៉ាវប្រឆាំងនឹងរាជរដ្ឋាភិបាលទេហើយគាត់នៅក្នុងស្រុកយូរហើយគាត់អត់មានគេចខ្លួនទេបាទ គាត់រស់នៅក្នុងស្រុកមានន័យថាគាត់គោរពអាជ្ញាធរ គាត់ចូលរួមគោរពច្បាប់ហើយគាត់ចូលរួមសហការជាមួយក្រុមប្រឹក្សាឃុំទាំងមូលទៀតដើម្បីអភិវឌ្ឍន៍ភូមិ ឃុំ នៅស្រុ​កប្រវឹកហ្នឹង»

លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ធ្លាប់ប្រាប់កាសែតក្នុងស្រុកថា គិតចាប់ពីឆ្នាំ​​២​​០២៣មក មានមន្រ្តីគណបក្សជំទាស់មួយនេះ ត្រូវចាប់ខ្លួនចំនួន១២នាក់មកហើយ។បើតា​មមន្រ្តីជា​​ន់ខ្ព​ស់​​រូ​​​ប​នេះ ​ការចាប់ខ្លួនពួកគេធ្វើឡើងក្រោមហេតុផលនយោបាយ។គេសង្កេតឃើញថា ការចាប់ខ្លួនជាបន្តប​ន្ទាប់​ទៀ​ត​​​នេះ ជាពិសេសក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់នីតិកាលទី៤​ កាន់តែខិត​​ជិ​ត​​មកដល់នេះ នាំឱ្យតួលេខនៃអ្នកនយោបាយមកពីបក្សជំទាស់ មានការកើនឡើង៕