រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអះអាងថា រឿងដីសម្បទានសង្គមកិច្ចអាជ្ញាធរជំនាញកំពុងបង្កើនសកម្មភាពដោះស្រាយ ខណៈពលរដ្ឋដែលមានឈ្មោះត្រូវទទួលបានការវាស់វែងក្បាលដី បន្តទាមទារឱ្យស្ថាប័នដែលទទួលខុសត្រូវពន្លឿនការងារដោយតម្លាភាព។
ថ្លៃងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះអ្នកនាំពាក្យខេត្តបន្ទាយមានជ័យលោក លី សុវណ្ណរិទ្ធិ និយាយថាចំពោះករណីនេះ រដ្ឋបាលខេត្តបានប្រជុំដោះស្រាយម្តងរួចហើយ ដែលមាន លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត ជាអ្នកសម្របសម្រួល ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលអ្វីទេ ហើយក្រុមការងារនឹងបន្តធ្វើការងារនេះទៀត។
លោកបន្តថា៖ «ទី១ ក្រុមការងារចុះកំណត់ព្រំដីដែលពាក់ព័ន្ធ, ទី២. ក្រុមការងារខេត្តអញ្ជើញអ្នកពាក់ព័ន្ធ មកសំរបសំរួលដោះស្រាយ។លុះត្រាតែដោះស្រាយឲ្យស្រុះស្រួលគ្នា បញ្ចប់ទំនាស់សិនទើបចាត់ចែងបាន ។ ពេលខាងមុខក្រុមការងារអន្តរវិស័យនឹងបន្តនីតិវិធីឆាប់ៗ អរគុណ»។
ប្រជាពលរដ្ឋចំនួន៥នាក់ តំណាងឱ្យពលរដ្ឋ៨៣គ្រួសារ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើញត្តិរួមគ្នាមួយ កាលពីថ្ងៃទី២០ ខែឧសភា ហើយដែលគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃនេះ ឱ្យដឹងថា ពួកគេស្នើសុំឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញសុរិយោដីខេត្ត ចុះវាស់វែងកំណត់ព្រំដីសម្បទានសង្គមកិច្ច និងចុះបញ្ជីលក្ខខណៈជាប្រព័ន្ធ ឱ្យបានលឿន។មិនតែប៉ុណ្ណោះ លិខិតសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលខេត្តលើទំហំដី ១១៤.៥៨ ហិកតា នេះ អ្នកភូមិបានដាក់សុំចុះបញ្ជីដីជាប្រព័ន្ធនេះតាំងពីដើមខែ មិថុនា ឆ្នាំ២០២៣ មកម៉្លេះ។ប៉ុន្តែការស្នើសុំជាច្រើនលើកច្រើនសារកន្លងទៅ នៅមិនទាន់ទទួលបានដំណោះស្រាយជាវិជ្ជមានណាមួយនៅឡើយពីរដ្ឋបាលខេត្ត និងស្ថាប័នជំនាញ គិតមកដល់ពេលនេះ។
ប្រភពបន្តថា៖«លិខិតបានចេញ ដីកាលេខ ០៥២ ឯ.ក ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០៩ របស់សាលាខេត្តបន្ទាយជ័យស្តីពីការផ្តល់ដីសម្បទានសង្គមកិច្ចទំហំ ១១៤.៥៨ ហិចតា នៅភូមិកិ្តបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លិខិតបន្តថា យើងខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនបន្ថែមថា កាលពីថ្ងៃទី១២ ខែកុម្ហ: ឆ្នាំ២០០៩ សាលាខេត្តបន្ទាយមានជ័យ បានចេញដីកាលេខ ០៥២ ដ.ក ស្តីពីការផ្តល់ដី សម្បទានសង្គមកិច្ចទំហំ ១១៤.៥៨ ហិចតា មានទីតាំងស្ថិតនៅក្នុងភូមិកិ្តបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មកឲ្យយើងខ្ញុំចំនួន ៥៣គ្រួសារដែលតំណាងដោយខ្ញុំបាទ ប៊ុត ច្រឹង » ។
ចំណែក លោក ប៊ុត ច្រឹង ជាតំណាងពលរដ្ឋម្នាក់ ក្នុងចំណោមតំណាងពលរដ្ឋ៤នាក់ផ្សេងទៀត ដែលបានដាក់ញត្តិ បានលើកឡើងថា ពួកខ្លួនស្នើសុំឲ្យចាត់ជំនាញចុះវាស់វែងព្រំដីសម្បទានសង្គមកិច្ច និងចុះបញ្ជីដីធ្លីលក្ខណ: ជាប្រព័ន្ធ។លោកត្អូញត្អែរទៀតថា នៅពេលពលរដ្ឋស្នើជំនួយ ពីរដ្ឋបាលខេត្ត និងស្ថាប័នជំនាញ ចម្លើយត្រឡប់មកវិញ បានត្រឹមសន្យានឹងដោះស្រាយជូនពលរដ្ឋថ្ងៃនេះ ឬថ្ងៃនោះ។
លោកបន្តថា៖ «បានទទួលតាំងពី ២០០៩មកហើយដីស្នាក់នៅអាស្រ័យផលមកមានរឿងតិចតួចមកយើ ង ដាក់ពាក្យបណ្តឹងខាងតុលាការក៏ធើ្វអន្តរាគមន៍ឲ្យ ខាងសាលាខេត្តក៏ធើ្វអន្តរាគមន៍ឲ្យ រហូតពីមុនមកចេះតែមានហើយអ្នកចង់បានចេះតែរំលោភបំពានយើងដាក់ពាក្យប្តឹងទៅបញ្ឈប់ទៅខាងខេត្តដោះស្រាយក៏ឈប់ទៅតែចាប់ពី២០១៩ មកនេះអត់មានដំដោះស្រាយមករំលោភអត់មានច្បាប់ រំលោភលើយើងហើយគេឲ្យយើងទៅប្តឹងទៀតយើងទៅប្តឹងហើយគ្មានការដោះស្រាយទៀត» ។
លោក លៀម សុដា អភិបាលរងខេត្តទទួលបន្ទុកដីធ្លី បដិសេធក្នុងការផ្តល់យោបល់ដោយលោកអះអាងដោយខ្លីថា បញ្ហានេះលោកក្តាប់មិនទាន់បានជុំនៅឡើយទេ ព្រោះការងារផ្នែកសុរិយោដីខេត្តនេះលោកទើបទទួលខុសត្រូវ។
លោកបន្តថា៖ «ខ្ញុំដូចអត់ដឹងទេអាហ្នឹង ព្រោះខ្ញុំទើបមកថ្មីដល់ចឹងខ្ញុំអត់ទាន់ដឹងមានការម៉េចៗចឹងហា»។
ឆ្លើយតបរឿងនេះ លោក យ៉ុង យ៉ឺង អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងថា ភូមិសាស្រ្តដែលពលរដ្ឋតវ៉ានេះ គឺមិនទាន់ដល់ពេលដែលអាជ្ញាធរត្រូវចុះវាស់វែង និងកំណត់ព្រំដីនៅឡើយទេ។លោកបន្តថា ទីតាំងដីដែលពលរដ្ឋស្នើសុំកិច្ចអន្តរាគមន៍នេះ រដ្ឋបាលខេត្តមិនទាន់អះអាងបែបណានៅឡើយដែរ ដោយត្រង់ឆ្លងកាត់ត្រួតពិនិត្យពីមន្រ្តីជំនាញជាមុនសិន។ហើយប្រសិនបើទីតាំងនោះរកឃើញថា គ្មានការប្តឹងជំទាស់ទេ ប្រាកដណាស់ រដ្ឋបាលខេត្តនឹងចាត់ចែងទៅតាមការស្នើសុំនោះ ប៉ុន្តែចំពោះមុខនេះ ក្រុមការងារចុះវាស់វែងដី និងការចុះបញ្ជីជាលក្ខខណៈប្រព័ន្ធកំពុងអនុវត្តនៅទីតាំងផ្សេងនៅឡើយ។
លោកបន្តថា៖«ដូចខ្ញុំបានជម្រាបជូននេះឯងនៅពេលចប់ឃុំគំរូ បានចូលដល់ឃុំគោករមៀតអំពីការវាស់វែងដីលក្ខណ:ជាប្រព័ន្ធឥឡូវយើងទើបបានចូលឃុំថ្មពួកទេហើយសំរេចយ៉ាងមិចនោះស៊ីសងវិនិច្ឆ័យរបស់ក្រុមការងារ។ប្រសិនជាការវាស់វែង វាស់ទៅហើយវាគ្មានពាក់ព័ន្ធហ្នឹងដីមិនមានអ្នកណាជំទាស់ អ្នកណាប្តឹងយើងចេញឲ្យគាត់ប៉ុន្តែអាចឆ្នំាក្រោយហើយការវាស់វែងលក្ខណ:ជាប្រព័ន្ធវាយូរដែរ បាទអរគុណ» ។
យ៉ាងនេះក្តី អ្នកសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន សង្កេតឃើញថាពីមុនក្រុមប្រជាពលរដ្ឋ ៨៣គ្រួសារនេះ ធ្លាប់មានវិវាទជាមួយយោធាអភិវឌ្ឍន៍នៅភ្នំឆ័ត្រ និងធ្លាប់ប្តឹងផ្តល់គ្នាទាមទារដីក្នុងទំហំ៥៦០ហិកតាដែរ។ប៉ុន្តែ រដ្ឋបាលខេត្តបានសម្រេចផ្តល់ដីក្នុងទំហំ១១៤.៥៨ ហិកតា ជំនួសវិញសម្រាប់ពលរដ្ឋទាំង៨៣គ្រួសារ ដើម្បីចាត់ចែងជាដីភូមិ និងដីអាស្រ័យផលជាដើម។
លោកបន្តថា៖ «តាមពិតទៅរឿងនេះ ទាក់ទងនឹងលិខិត ៣២គ្រួសារបានដាក់ពាក្យស្នើសុំឲ្យខាងខេត្តចាត់អ្នកជំនាញ ដើម្បីចុះទៅវាស់វែងទីតាំងព្រំប្រទល់ដីសម្បទានសង្គមកិច្ចហ្នឹងគឺដោយសារថាចំណុច ទីតាំងដីសម្បទានសង្គមគឺត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញដីកាសំរេចតាំងពីឆ្នាំ២០០៩ ប្រគល់ដីចំនួន១១៤.៥៨ ហិចតា ទៅឲ្យប្រជាពលរដ្ឋចំននួ ៨៣គ្រួសារបាទតាំងពីឆ្នាំ២០០៩មក» ៕