ក្រុមអ្នកវិភាគបានលើកឡើងថា ការបង្កើតក្រុមទប់ស្កាត់ចរន្តជ្រុលនិយមដោយគណបក្សប្រជាជនកម្ពុជា ជាការបង្ហាញពីការបែកបាក់ផ្ទៃក្នុងកម្ពុជា និងជាការធ្វើឱ្យមានភាពមិនច្បាស់លាស់រវាងគណបក្សនយោបាយ និងរដ្ឋាភិបាល ខណៈពួកគេថាការទប់ស្កាត់បញ្ហាផ្សេងៗក្នុងសង្គមជាតួនាទីរបស់រដ្ឋាភិបាល មិនមែនការទទួលខុសត្រូ​វរប​ស់​​​គណបក្សនយោបាយទេ។

ការលើងឡើងដូច្នេះធ្វើឡើងនៅក្រោយពេលដែលគណបក្សប្រជាជនកម្ពុជាបានបង្កើតឱ្យមាន«ក្រុមស្នូលដើម្បីទប់ស្កាត់ចរន្តជ្រុលនិយម » កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។នេះបើតាមសេចក្ដីសម្រេចស្ដីពីការចាត់តាំងក្រុមស្នូលដែលគណបក្សប្រជាជនកម្ពុជាមើលឃើញថាជាចរន្តនៃក្រុមជ្រុលនិយមទៅវិញនោះ។

លិខិតបន្តថា៖«ក្រុមនេះមានភារកិច្ចស្រាវជ្រាវនិងទប់ស្កាត់ចរន្តជ្រុលនិយមទាំងក្នុងនិងក្រៅប្រទេសដែលធ្វើឱ្យប៉ពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា»

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោកបណ្ឌិត សេក សុជាតិ​ យល់ឃើញថា ការបង្កើ​​ត​​ក្រុមទប់ស្កាត់ចរន្តជ្រុលនិយមដោយគណបក្សប្រជាជនកម្ពុជានេះ គឺជាមធ្យោបាយសម្រាប់គណបក្សកាន់អំ​​ណា​​​​ចអាចដោះស្រាយបញ្ហាបង្កឲ្យមានការខូចខាត និងការលំបាកផ្សេងៗទៅដល់គណបក្សរបស់ខ្លួនជា​​ជាងប​​ម្រើ​​​​ផលប្រយោជន៍ជាតិ។

លោកបានបន្តថា ការបង្កើតក្រុមនេះឡើងគឺជាការបង្ហាញឱ្យឃើញពីការព្រួយបារម្ភរបស់គណបក្សកាន់អំណាចច្រើនជាង អ្វីដែលគណបក្សចាស់វស្សាមួយនេះ​​ចាត់ទុកថាជាក្រុមជ្រុលនិយ​​មទៅវិញនោះ។ហើ​យការប្រើប្រាស់​​រូ​ប​​​​ភាពថាជា ចរន្តជ្រុលនិយមនេះ វាគ្រាន់តែជាការបិទបាំងការពិតនៃ ការភ័យខ្លាចការប៉ះពាល់ណាមួយទៅដល់កា​​រគ្រប់គ្រងអំណាចរប​​ស់គណបក្សប្រជាជនកម្ពុជាទេ។

លោកបន្តថា៖ «គណបក្សកាន់អំណាចនឹងមិនបោះបង់ចោលវិធានការណាទាំងអស់ធ្វើយ៉ាងណាក៏ដោយគឺដើម្បីទប់ស្កាត់រាល់ចលនានៃក្រុមប្រឆាំងឬក៏អ្នកដែលធ្វើឲ្យប៉ះពាល់អំណាចពួកគាត់ហើយក៏បង្ហាញអំពីការព្រួយបារម្ភកាន់តែខ្លាំងរបស់ អាជ្ញាធរក៏ដូចជាគណបក្សកាន់អំណាចដែលគិតថានឹងអាចមានចរន្តអ្វីមួយនឹងអាចធ្វើឲ្យប៉ះពាល់ហើយបង្កគ្រោះទៅដល់អំណាចហើយនិងការគ្រប់គ្រងរបស់ពួកគាត់អ៊ីចឹងជាដើម»

លោកបណ្ឌិត សេក សុជាតិ ថា បើក្នុងករណីទប់ស្កាត់ចរន្តជ្រុលនិយមនេះមានភាពមានភាពមិនថមថយនោះទេ វានឹងបង្កើតឲ្យមានបញ្ហារឹតតែស្មុគស្មាញ ហើយពិបាកក្នុងការផ្សះផ្សា និងសម្របសម្រួលដែលអាចនាំឲ្យមានការបែកបាក់ផ្ទៃក្នុងសង្គមកម្ពុជាធ្ងន់ធ្ងរជាងមុន ហើយបញ្ហានេះនឹងបង្កផលវិបាកដល់សេដ្ឋកិច្ចកម្ពុជាដោយធ្វើឱ្យអ្នកវិនិយោគក្នុង និងក្រៅស្រុកបាត់បង់ទំនុកចិត្តក្នុងការវិនិយោគ។មិនត្រឹមតែប៉ុណ្ណោះ ការបង្កើតក្រុមទប់ស្កាត់ច​រ​ន្តជ្រុលនិយមនេះនឹងអាចប៉ះពាល់សិទ្ធិមនុស្ស និងការបញ្ចេញមតិថែមទៀត ជាពិសេសប៉ះពាល់ដល់អ្នកដែលមាននិន្នាការប្រឆាំងនឹងបក្សកាន់អំណាច។

លោកបន្តថា៖«អ៊ីចឹងវាអាចនឹងបង្កើតឲ្យមានសម្ពាធកាន់តែធ្ងន់សម្រាប់ភាគីដែលពាក់ព័ន្ធហើយជាពិសេសគឺអ្នកដែលមិនស្របជាមួយនឹងគណបក្សកាន់អំណាច ហើយនឹងធ្វើឲ្យសិទ្ធិពួកគាត់បាត់បង់កាន់តែខ្លាំងហើយបង្កឲ្យឃើញនូវរូបភាពអវិជ្ជមានកាន់តែធំឡើងៗនៅក្នុងសង្គមរបស់យើងលើឆាកអន្តរជាតិ»

លោកបណ្ឌិត សេក សុជាតិ ថាកិច្ចការប្រឆាំងនឹងក្រុមជ្រុលនិយម រឿងហិង្សា ឬអសន្តិសុខសង្គមផ្សងៗគួរផ្ដល់លទ្ធភាពដល់អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលជាអ្នកដោះស្រាយ ជាជាងគណបក្សនយោបាយលូកដៃចូលរឿងនេះ។

លោកបន្តថា៖«សម្រាប់ខ្ញុំយល់ថារាល់កិច្ចប្រជុំឬការធ្វើការផ្សេងៗទាក់ទងជាមួយនឹងរឿងរ៉ាវទាំងអស់នេះគួរតែផ្តល់លទ្ធភាពឲ្យរដ្ឋាភិបាលដែលមានអាជ្ញាធរមានសមត្ថកិច្ចដូចជាប៉ូលិសប៉េអឹមឱ្យគាត់ធ្វើកិច្ចការរបស់គាត់ជាជាងគណបក្សនយោបាយលូកដៃទៅលើរឿងហិង្សាឬរឿងអសន្តិសុខសង្គមអីហ្នឹង ពីព្រោះគណបក្សនយោបាយមិនមានគោលការណ៍ណាមួយឲ្យទៅធ្វើរឿងបែបហ្នឹងដែលវាអាចនិយាយថាធ្វើឱ្យប៉ះពាល់ទៅដល់ការអនុវត្តច្បាប់របស់កងកម្លាំងឬក៏អ្នកដែលទទួលខុសត្រូវហ្នឹង»

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហា​សង្គម ក៏ឯកភាពដែរថា ការបង្កើតក្រុមទប់ស្កាត់ចរន្តជ្រុលនិយមដោយគណបក្សប្រជាជនកម្ពុជានេះនាំឱ្យសាធារណជន មានការភ័ន្តច្រឡំរវាងតួនាទីរបស់​រដ្ឋាភិបាលនិងតួនាទីគណបក្សនយោបាយ។ជាងនេះទៀត នៅក្នុងប្រទេសដែលអនុវត្តគោលការណ៍ប្រជាធិបតេយ្យ ភាគីដែ​​ល​​​​ទទួលខុសត្រូវខ្ពស់ ក្នុងរឿងចាត់ចែងកិច្ចការរដ្ឋ មិនមែនជាកាតព្វកិច្ចរបស់បក្សនយោបាយទេ។ផ្ទុយទៅវិញ បើ​​អ​នុវត្តបែបនេះមែន នោះបង្ហាញឱ្យឃើញពីការរំលោភពអំណាច ក្នុងទម្រង់ដែលធ្ងន់ធ្ងរ។  

លោកបន្តថា៖ «ខ្ញុំគិតថា ការបង្កើតក្រុមនេះវានឹងនាំឱ្យមានការភ័ន្ត្រច្រឡំខ្លាំងរវាងតួនាទីរបស់រដ្ឋនិងតួនាទីរបស់គ​ណបក្សនយោបាយ។ ជាធម្មតា រដ្ឋមានច្បាប់ពិសេសក្នុងប្រទេសមាននីតិរដ្ឋ រដ្ឋត្រូវតែទទួលខុសត្រូវ លើបញ្ហានេះ ប្រសិនបើមានសកមមភាពណាមួយដែលគេចាត់ទុកថាជាអំពើជ្រុលនិយមបក្សអាចប្តឹងបាន។ ម្យាងវិញទៀ​​ត​​ការផ្តល់ដាវអាជ្ញាសឹកអោយក្រុមមួយបែបនេះវាអាចនឹងនាំអោយពួកគាត់ មានអំណាចខ្លាំងលើសដែនស​មត្ថ​កិច្ច​ពាក់ព័ន្ធក៏អាចថាបាន»

លោកបណ្ឌិត មាស នី បានបន្ថែមថា ការបង្កើតក្រុមទប់ស្កាត់ចរន្តជ្រុលនេះនឹងអាចនាំឱ្យមានការបែកបាក់ផ្ទៃក្នុងសង្គ​ម​កម្ពុជា។ហើយសកម្មភាពនេះ ជាការបង្ហាញពីពីនយោបាយសង្ស័យ។ការដឹកនាំរដ្ឋក្នុងក្របខណ្ឌបែបនេះ វា​​ង​​​នឹងរង្គោះរង្គើផ្ទៃក្នុង និងមានភាពផុយស្រួល។

លោកបន្តថា៖«ជាធម្មតាការចាប់ផ្តើមស៊ើបអង្កេតពីគ្នាឯងបែបនេះវាបានបង្ហាញពីភាពបែកបាក់​មិនទុកចិត្តគ្នារួចទៅហើយ! »

កាលពីថ្ងៃទី៧ ឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​​ព្រឹទ្ធ​​សភាផង បានបង្កើតក្រុមតាមដានដែលអ្នកនយោបាយចាស់វស្សារូបនេះហៅថា ជាក្រុមជ្រុលនិយម។នៅ​ក្នុ​ង​​​​លិខិតឧទ្ទេ​សនាម ដែលលោក ហ៊ុន សែន បង្កើតឡើងនេះ គេសង្កេតឃើញសមា​សភាពសុទ្ធ​សឹងតែជា​ក្រុមអ្ន​​​ក​ន​​យោបាយបក្សជំទាស់ មានលោក ម៉ៃ ហុងស្រៀង ជាដើម។

លោក ម៉ៃ ហុងស្រៀង ដែលគេដឹងថាជាអ្នកប្រកាន់គោលការណ៍ប្រជាធិបតេយ្យ និងតែងរិះគន់លោក ហ៊ុន សែន មិនសំចៃមាត់ ត្រូវបានលោក ហ៊ុន សែន ផ្តល់ឋានៈ និងភារកិច្ចដ៏វិសេសវិសាលសម្រាប់តួនាទីថ្មីនេះ។បើតាម​ដាវ​​អា​ជ្ញាសឹក ដែលអតីតឈាមជ័រអ្នកមានភក្តីភាពប្រជាធិបតេយ្យ សុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺត្រូវតាមដានដោយហ្មត់ចត់ ទាំងក្នុង និងក្រៅប្រទេសដែលតែងរិះគន់រដ្ឋាភិបាល។

ចំណែកឯលោក​បណ្ឌិត​ ប៉ា ច័ន្ទរឿន​ អ្នក​ជំនាញ​ផ្នែក​ទស្សនវិជ្ជា​ អប់រំ​ និង​ជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែង​ថាការបង្កើតក្រុមទប់ស្កាត់ចរន្តជ្រុលនិយមដោយគណបក្សប្រជាជនកម្ពុជាជាកិច្ចការផ្ទៃក្នុងរបស់បក្ស តែលោ​​កថារដ្ឋាភិបាលគួរដោះស្រាយបញ្ហាចរន្តជ្រុលនិយមដោយការបើកលំហសេរីភាពប្រជាធិបតេយ្យដូចប្រ​​ទេ​ស​​ដទៃជាដើម។

លោកបន្តថា៖«ទាក់ទងនឹងដំណោះស្រាយរួមបានដើម្បីទប់ស្កាត់កុំឲ្យមានចលនាឬក៏ចរន្តនយោបាយជ្រុលនិ​យម​នៅក្នុងសង្គមហ្នឹងបើយើងរៀនសូត្រពីប្រទេសដទៃដូចជាប្រទេសបារាំងអីជាដើមទីមួយត្រូវតែបើកលំហប្រជាធិបតេយ្យបើកលំហពលរដ្ឋហ្នឹងឲ្យប្រជាពលរដ្ឋទាំងអស់មិនថានៅតែប្រកាន់និន្នាការណាមានឱកាសនៅក្នុងការចូលរួមទាំងការចូលរួមបញ្ចេញមតិក៏ដូចជាចូលរួមធ្វើសកម្មភាពបានទាំងសកម្មភាពសង្គមនិងសកម្មភាពនយោបាយ»

បើតាមអ្នកជំនាញផ្នែកប្រជាធិបតេយ្យរូបនេះ អ្វីដែលលោកចង់ឃើញ គឺចង់ឱ្យរដ្ឋាភិបាលពង្រឹងការអប់រំពលរដ្ឋអំ​​ពី​ការប្រើប្រាស់សិទ្ធិផ្សេ​​ងៗឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការធ្វើសកម្មភាពជ្រុលនិយម ជាជាងប្រើ​មធ្យោបា​​យ​​តា​​ម​​វិធីង​ងឹ​​ត។

លោកបន្តថា៖«រដ្ឋហ្នឹងត្រូវតែខិតខំប្រឹងប្រែងដោះស្រាយបញ្ហាភាពអសកម្មនៅក្នុងសង្គម និងព្យាយាមរកបង្កើតយន្តការដោយមានប្រសិទ្ធភាពទាក់ទងនឹងការដោះស្រាយ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋហើយសម្រាប់ដំណោះស្រាយយូរអង្វែងគឺការ វិនិយោគទៅលើការអប់រំ ជាពិសេសគឺការអប់រំទាក់ទងនឹងពលរដ្ឋវិទ្យាដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងមានការយល់ដឹងអំពីសិទ្ធិទទួលតួនាទីការចូលរួមរបស់ខ្លួននៅក្នុងសង្គមនិង យល់ដឹងអំពីការប្រើប្រាស់សិទ្ធិសេរីភាពហ្នឹងឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យធ្លាក់ទៅក្នុងរបត់ដែលឈានទៅដល់ការគិតឬក៏ការប្រព្រឹត្តសកម្មភាពបែបជ្រុលនិយមដែលអាចបង្កបញ្ហាដល់សង្គមជាតិ»

ដោយឡែក អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ វិញហាក់មិនចាប់អារម្មណ៍ទេ ចំពោះផែន​​កា​​រដែលគណបក្សប្រជាជនកម្ពុជា កំពុងតែរៀបចំនេះ។អ្នកនយោបាយបក្សជំទាស់រូបនេះ យល់ឃើញថា អ្វីដែ​ល​​ខ្លួ​​នចង់បានគឺភាពរីកចំរើននៃប្រជាធិបតេយ្យ និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។

លោកបន្តថា៖ «អ្វីដែលគណបក្ស ភ្លើងទៀនយកចិត្តទុកដាក់ និងខ្វល់ខ្វាយគឺលំហរប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិ»

បដិសេធនឹងការរិះគន់នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា យុទ្ធសាស្រ្តដែ​​​ល​កំ​​​ពុងតែដាក់ចេញនេះ វាមិនមែនជាកិច្ចការរបស់គណបក្សគ្រប់គ្រងអំណាចទេ។ផ្ទុយទៅវិញ នេះជារឿង​ដែល​មាន​ភា​​​​​​ព​ចាំបាច់ និងការទទួលខុសត្រូវចំពោះមុខរបស់រដ្ឋាភិបាលឯណោះទេ។

លោកបន្តថា៖ «អាហ្នឹងមិនមែនរឿងគណបក្រប្រជាជនកម្ពុជាទេ អាហ្នឹងវាពាក់ព័ន្ធនឹងរឿងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។ សូមអញ្ជើញសួរអ្នកនាំពាក្យរាជរដ្ឋាភិបាលទៅក្មួយ»

ចំណែកឯ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ចំអកឱ្យថា អ្នកដែលរិះគន់​​រឿងកា​​របង្កើ​​តក្រុ​​ម​តា​ម​ដានពីសកម្មភាពនានា របស់ក្រុមជ្រុលនិយមនេះ មានន័យថា អ្នកទាំងនោះហើយអាចជាដៃជើង និ​​ង​​ភ្នែ​​ក​​ច្រ​​​​មុះ​​រ​​ប​ស់ក្រុមប្រឆាំងនឹងរដ្ឋាភិបាល។ហើយក្រុមទាំងនោះ ទំនងជាគោលដៅដូចដែលអន្តរជាតិ មិនអា​​ច​អ​ត់​​​​​​​​ឱ​​ន​​​ឱ្យ​​បាន។

លោកបន្តថា៖«អ្នកណាគេដែលនិយាយថាការទប់ស្កាត់ឬក៏ការប្រឆាំងចរន្តជ្រុលនិយមធ្វើឱ្យបែកបាកសង្គមមកពី​​​ពួ​​កគាត់ហ្នឹងប្រហែលជានៅក្នុងក្រុមជ្រុលនិយមហើយ ពីព្រោះពាក្យថាជ្រុលនិ​​យមគឺជាក្រុមដែលគេប្រយុទ្ធប្រ​​ឆាំ​​ងគ្រប់គ្នានៅក្នុងពិភពលោកយើងនេះ»

លោក ប៉ែន បូណា ចោតប្រកាន់ថាគណបក្សប្រឆាំងនៅកម្ពុជា គឺជាក្រុមជ្រុលនិយម ពីព្រោះបក្សនយោបាយ​​ទាំង​​នោះ​មិនមែនប្រឆាំងដើម្បីផលប្រយោជន៍ជាតិ។មិនតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់សកម្មភាពជ្រុលនិយមទាំ​​ងនោះបា​​ន​ គឺរដ្ឋាភិបាលត្រូវប្រើគ្រប់មធ្យោបាយ ដើម្បីកាត់ចង្វាក់នៃមហិច្ចតារបស់ពួកគេបាន។

លោកបន្តថា៖«ជ្រុលនិយមហ្នឹងគឺថាជាពាក្យដែលពិភពលោកទាំងមូលគេមិនទួលយកដោយសារការប្រឆាំងគឺគ្មានគោលដៅ ប្រឆាំងមិនមែនដើម្បីជួយសង្គមទេ ប្រឆាំងដើម្បីតែប្រឆាំង ប្រឆាំងដើម្បីបំភ្លេចបំផ្លាញហ្នឹងហើយគេ​​ហៅថាជ្រុលនិយម។ ដូចនៅកម្ពុជាយើងអញ្ចឹង គឺបក្សប្រឆាំងដែលប្រឆាំងដែលអត់មានដើម្បីជួយប្រទេសជា​តិ​​ទេ គាត់ប្រឆាំងឱ្យតែរដ្ឋាភិបាលធ្វើអីគាត់ប្រឆាំងរហូត រាប់ទាំងផលប្រយោគជាតិផង ហ្នឹងហើយគេហៅថាជ្រុ​​ល​និ​យម ។ការទប់ស្កាត់ពួកជ្រុលនិយមហ្នឹង គឺយើងធ្វើតាមគ្រប់រូបភាពដែលអាចធ្វើបាន

ការថ្លែងការពារនេះ ក៏ហាក់មិនខុសគ្នាដែរ ពីមេដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។លោក ហ៊ុន សែន ដែលស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្រ្តី ធ្លាប់ព្រមានជាញឹកញាប់តាមកម្ចាត់ក្រុមបក្សជំទាស់ ដែលលោ​​ក ហ៊ុន សែន ហៅថាជាអង្គការចាត់តាំង មានរបៀបដឹកនាំក្នុងទម្រង់បដិវត្តពណ៌។បើតាមប្រធានព្រឹទ្ធសភារូបនេះ លោក​​ចា​ត់​ទុកថា ជាក្រុមចង់ផ្តួលរូបលោកចេញពីសង្វៀននយោបាយ។ក្នុងន័យនេះលោក ហ៊ុន សែន អះអាងថាលោក​​រកឃើញពី​​របៀ​​ប​​ក្នុង​​ការទម្លា​ក់​​លោ​​​ក​ចេញពីអំណាចដោយលោក សម រង្ស៊ី ក្រោយការបោះឆ្នោតឆ្នាំ២០១៣។

ផ្ទុយទៅវិញ សម្រាប់អ្នកនយោបាយបក្សជំទាស់ និងក្រុមអ្នកឃ្លាំមើលពីស្ថានភាពនយោបាយ យល់ឃើញថា អ្វី​​ដែ​​​​លមេបក្សកាន់អំណាច ថ្លែងសារនយោបាយជាញឹកញាប់នោះ វាគ្រាន់តែជាផ្នែកមួយជួយ​​បិទបាំងចំ​​ពោះក្តីបា​​រ​​ម្ភ​​​​​របូត​​អំណាចពីក្នុងដៃលោកទេ។ម្យ៉ាងវិញទៀត ដើម្បីកម្ចាត់ក្រុមជំទាស់ និងភាគីពាក់ព័ន្ធដទៃទៀត​​ដោយស្រប​​ច្បា​ប់​បាន មានតែប្រើប្រាស់វិធីលាបពណ៌ក្រុមទាំងនោះ ថាជាអ្នកក្រុម​ជ្រុលនិយមទៅវិញ ទើប​ងាយនឹងចា​ត់​​​វិ​ធា​​​​ន​​កា​រឱ្យស្របនឹងច្បាប់ ហើ​​យ​មិនទាស់នឹង​ភ្នែកសាធារណៈជនផង៕