រដ្ឋាភិបាលវៀតណាម ចេញមុខច្រានចោលព័ត៌មានដែលរង់ការរិះគន់ និងសន្មតិថាជាពលរដ្ឋ​​វៀតណាម​ដែលជេរប្រមាថប្រធានព្រឹទ្ធសភានៅ​​លើបណ្តា​​ញ​​សង្គម ដោយភាគីវៀតណាមចាត់ទុកថាករណីនេះមិនឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាល និង​​​ព​ល​​រដ្ឋវៀតណាឡើយ។

ការឆ្លើយតបនៅពេលនេះ របស់រដ្ឋមន្រ្តីក្រសួងបរទេសវៀតណា ក្រោយពេលលោក ហ៊ុន សែន បានអំពាវ​​​នា​​វ​ទាំ​​​ងសមត្ថកិច្ចកម្ពុជា និងភាគីវៀតណាមស្វែងរកមុខសញ្ញា និងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំង​អ្ន​​ក​​ហ៊ា​​ន​​រិះគន់លោកនៅលើបណ្តាញសង្គម តិកតុក(Tik Tok) កាលពីថ្ងៃអង្គារ។

អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី ផាម ហ្វូហាង (Pham Thu Hang) បានថ្លែងប្រាប់ សារព័ត៌មានក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ ២០២៤ ថា ការបញ្ចេញមតិមិនសមរម្យ នៅ​ក្នុងគណនី Tik Tok របស់ លោក ហ៊ុន សែន មិនមែនជាការបង្គាប់ពីរដ្ឋាភិបាលវៀតណាម ឬគោលជំ​​ហ​​ររបស់ប្រជាជនវៀតណាមទេ។

លោកស្រី ផាម ហ្វូហាង ត្រូវបានកាសែតក្នុងស្រុករបស់វៀតណាមឈ្មោះ VN Express International ស្រ​​​ង់​សំដីមកចុះផ្សាយថា វៀតណាម​ច្រានចោល​ការ​បញ្ចេញ​មតិ​រិះគន់​ប្រឆាំង​លោក ហ៊ុន សែ​​​ន នៅលើ​​បណ្តា​​ញសង្គម តិកតុង(Tik Tok)។

លោកស្រីបន្តថា៖«ការដែលគណនីមួយចំនួន ដែលគេសន្មតិថាមា​នប្រ​ភព​មកពីប្រទេសវៀតណាម បានប​ញ្ចេ​ញមតិផ្ទាល់ខ្លួននៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ មិនតំណាងឱ្យជំហររបស់រដ្ឋាភិបាល និងប្រ​​​ជា​​ជនវៀ​​តណាមនោះទេ »។

ឆ្លើយតបនឹងសំណួរថាតើភាគីវៀតណាមនឹងធ្វើបែបណា នៅពេលមានសំណើពីភាគីកម្ពុជា ក្នុងការស្វែងរ​​កមុខ​​សញ្ញា អ្នកដែលជេរប្រមាថប្រឆាំងលោក ហ៊ុន សែន នៅលើបណ្តា​​ញសង្គ​​ម។​​រដ្ឋមន្រ្តីក្រ​​សួង​​ការ​​បរ​​ទេ​​ស​​វៀតណា ថ្លែងថាភាគីទាំងពីរនឹងពិនិត្យដោយដិតដល់ចំពោះបញ្ហានេះ និងចែករំលែកព័ត៌មានគ្នា​​​ទៅ​វិញ​​ទៅមក រួមទាំងបញ្ហាពែកជីកហ្វូនផង។

លោកស្រីបន្តថា៖«យើងមិនគាំទ្រចំពោះគំនិត និងទស្សនដែលជេរប្រមាថនៅក្នុង ខម្មិនហ្នឹងទេដែល​បង្កើ​​ត​​ការ​ឈឺ​​ចាប់ទាំងសង្ខាង។ហើយបញ្ហាធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តដ​ល់មេដឹកនាំនៃប្រទេសទាំងពីរ​ទៀតផង។ពួ​ក​យើងមានជំនឿថាភាគីទាំងពីរនឹងធ្វើការដោយជិតស្និទ្ធក្នុងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក រួមទាំ​​ង​​វិស័​​យផ្សេងៗទៀតដែរ »។

គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួង​​ម​​ហា​ផ្ទៃ និងអង្គស្នងការនគរបាលជាតិបានទេ នៅថ្ងៃនេះ។

ចំណែក ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ក៏ឯកភាពដែរថា ជំហរវៀតណា​​ម​​ពិ​ត​​ជា​មិនបានរួមចំណែកណាមួយ ដែលឈានទៅដល់​​ការជេរប្រមាថប្រឆាំងនឹងលោក ហ៊ុន សែន ទេ។​​បន្ថែ​​ម​​ពីលើនេះ វៀតណាក៏បានសហការជាមួយ រដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកជនទាំងនោះដែលបញ្ជាក់ឱ្យឃើញថារដ្ឋាភិបាលរៀតណាមពិតជាមិនបាននៅពីក្រោយខ្នងនៃសកម្មភាពមួយនេះពិតប្រាកដមែន។

លោកបន្តថា៖«អញ្ចេះណា ខ្ញុំអាចបញ្ជាក់បាន ពីរចំណុប​ ទីមួយគឺបង្ហាញឱ្យឃើញថា រៀតណាម រដ្ឋាភិបាល វៀតណាម បានសហការល្អជាមួយរដ្ឋាភិបាលភាគីកម្ពុជា ហើយនិងទីពីរ គឺការបញ្ជាក់ របស់អ្នកនាំពាក្យវៀតណាមនឹង ក៏អាចជម្រះមន្ទិលសង្ស័យនានា ថារដ្ឋាភិបាលវៀតណាមប្រើមនុស្សឱ្យ ខមមិន (បញ្ចេញមតិ) អញ្ចឹងហា៎ អញ្ចឹងឡូវនេះយើងច្បាស់លាស់ហើយ គឺពីរចំណុចនឹងបា ទីមួយគឺ វៀតណាមសហការ ល្អជាមួយកម្ពុជា ទីពីររដ្ឋាភិបាលវៀតណាមមិនបានគាំទ្រឱ្យមានការ ខមមិនអញ្ចឹងទេបា »

ភ្លាមៗ ក្រោយកើតហេតុ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដោយស្នើ​សុំ​​​​​​ឱ្យភាគីផ្តល់កិច្ចសហការ និងស្រាវជ្រាវស្វែងរកក្រុមដែលជេរប្រមាថលោក ហ៊ុន សែន នៅលើបណ្តា​ញ​ស​​ង្គ​​ម តិកតុក។តាមរយៈសារអំពាវនាវ ដែលក្រសួងការបរទេស ចេញកាលពីថ្ងៃទី២០ ឧសភា បង្ហាញថា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបដោយ​​ផ្ទាល់ជា​​មួ​​យ​​លោ​​​​ក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបន្តថា ជំនួបទ្វេភាគីនេះ កម្ពុជាស្នើឱ្យវៀតណាមជួយស្វែងរកអត្តសញ្ញាណ និង​​កំ​​ណ​ត់ពីសមាសភាព អ្នកដែលជេរប្រមាថមេដឹកនាំកំពូល ក្រោមហេតុផលទប់ស្កាត់ការប៉ុនប៉ងណាមួយដែ​​ល​​សំដៅដល់ការបំផ្លាញចំណងមិត្ត​ភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

យ៉ាងនេះក្តី សម្រាប់លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឃន៍ផ្នត់គំនិត និងការស្រាវជ្រាវ មានប្រសាសន៍ប្រាប់ថា សម្រាប់បញ្ហានេះ គ្មាននរណាចេញមុខថាខ្លួនជាអ្នកនៅពីក្រោយ ឬធ្វើសកម្មនោះទេ ដូចនេះមានតែខាងភាគីកម្ពុជា និងភាគីវៀតណាមទេដែលត្រូវសហការ ស៊ើបង្កេតឱ្យបានស៊ីជម្រៅ ថាក្រុមអ្នកដែរបានបញ្ចេញបតិទាំងនោះមកពីប្រទេសណា និងមានគោលបំណងអ្វីឱ្យប្រាកដ។

លោកបន្តថា៖« ជាទូទៅការបដិសេធគឺជារឿងត្រឹមត្រូវ ព្រោះជំហានដំបូងគេមិនអាចធ្វើឱ្យកិត្តិយសប្រទេ​​ស​គេឆ្លាក់ចុះដោយសារតែ​ ព័ត៌មានដែលបានការផ្សព្វផ្សាយ ហើយមិនទាន់បានស៊ើបអង្កេតទេដូច្នេះហើ​​យ​យើង ក៏ត្រូវតែគិតគូរហើយនាំគ្នាធ្វើការស៊ើបអង្កេតដោយ ស៊ីជម្រៅមួយ ដោយមានការចូលរួម ទាំងភាគីវៀតណាម ទាំងភាគី កម្ពុជា ហើយមាន ក្រុមអ្នកជំនាញផ្នែកកុសលវិច្ច័យ បច្ចេកវិទ្យា […..] ធ្វើការរូមគ្នា ហើយដើម្បីស៊ើបអង្កេតថា តើក្រុមនោះមកពីប្រទេសណាឱ្យច្បាស់លាស់ ហើយ ពួកគាត់មានចេតនាអី្វ »

បើតាមអ្នកជំនាញផ្នែកអភិវឌ្ឍន៍គំនិត ករណីនេះបើមិនបានដោះស្រាយឱ្យមានតម្លាភាព និងវែកមុខជនដែលនៅពីក្រោយរឿងនេះឱ្យបានល្អិតល្អន់ទេ សំណុំរឿងនេះនឹងជះផលមិនអាក្រក់ដែលអាចធ្វើឱ្យប្រទេសកម្ពុជា និងប្រ​​ទេ​ស​​វៀ​​ត​​ណា​មានការរង្គាសចិត្តគ្នា៕