ប្រជាពលរដ្ឋខ្មែរដែលកំពុងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ បានអះអាងថា នៅដើមខែមិថុនានេះ ពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុននឹងធ្វើមហាបាតុកម្មប្រឆាំងការចាប់ខ្លួន អ្នកនយោបាយមកពីបក្សជំទាស់ និងស្នើឱ្យរដ្ឋាភិបាលជប៉ុនជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដោះលែងពួកគេចេញពីពន្ធនាគារវិញដោយគ្មានលក្ខខណ្ឌ។
លោក គង់ ជិ ដែលរស់នៅដោយនិរទេសខ្លួនដោយសារបញ្ហានយោបាយ បានប្រាប់ គេហទំព័រ Newsroom Cambodia តាមសារអេឡិចត្រូនិក នៅថ្ងៃទី២៧ ខែឧសភា នេះថាក្រុមបាតុករនឹងដើរដង្ហែជាក្បួន និងជុំជួបគ្នានៅលើទីលានសួន ហ៊ីបីយ៉ា ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។លោកបន្តថា ក្រៅពីធ្វើបាតុកម្មហើយ ពួកគេក៏នឹងយកញត្តិទៅដាក់ទៅក្រសួងការបរទេសដែរ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោសនយោបាយ ដែលត្រូវចាប់ខ្លួនជាបន្តបន្ទាប់មកនេះ។
លោកបន្តថា៖«នៅក្នុងក្បួនបាតុកម្មនេះដែលយើងក៏មានញ៉ាកផ្ញើជូនលោក គី ស៊ីដា នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនដើម្បីទាមទារដោះលែងលោក ស៊ុន ចន្ធី នឹងលោក ថាច់ សេដ្ឋា ដែលនៅក្នុងនោះយើងក៏មានសំនួរចង់សួរទៅកាន់ប្រទេសជប៉ុន ១ប្រទេសជប៉ុនគឺជាម្ចាស់ហត្ថលេខីទីក្រុងប៉ារីស ក៏ដូចជាម្ចាស់ជំនួញដ៏ធំបន្ទាប់ពីលោកខាងលិចហេតុអ្វីបានជាប្រទេសជប៉ុនមិនមានឥទ្ធិពលនយោបាយទៅកាន់រដ្ឋាភិបាលនេះ ២ហេតុអ្វីបានជាថា្នក់ដឹកនាំគណបក្សប្រឆាំងនៅពេលដែលបញ្ចប់ពីសកម្មពីប្រទេសជប៉ុនទៅកាន់កម្ពុជាវិញបានអាជ្ញាធរចាប់ខ្លួនទីមួយគឺលោក ស៊ុន ចន្ធី ទីពីរលោក ថាច់ សេដ្ឋា ទីបីគឺលោក ទោ វណ្ណុល ដែលត្រូវបានតុលាការចេញដីកា » ។
បើតាមលោក គង់ ជិ អ្នកនយោបាយជាន់ខ្ពស់បក្សជំទាស់មួយចំនួន ដូចជាលោក ថាច់ សេដ្ឋា លោក ទាវ វណ្ណុល និងលោក ស៊ុន ចន្ធី ជាដើម ពួកគេសុទ្ធតែបានចាប់ខ្លួន ក្រោយបញ្ចប់បេសកកម្មនៅប្រទេសជប៉ុន។ហេតុនេះ បាតុកម្មលើកនេះ ក៏នឹងស្នើឱ្យប្រទេសជប៉ុនឆ្លើយតបលើកយកបញ្ហាផ្សេងៗជាច្រើនទៀត ដែលប្រទេសជប៉ុនក៏ធ្លាប់ជាម្ចាស់ហត្ថលេខី សម្រាប់កិច្ចព្រមព្រៀងនយោបាយរួមទីក្រុងប៉ារីស ពិនិត្យមើលឡើងវិញ ពីតួនាទីរបស់ខ្លួនដែរចំពោះកម្ពុជា។ចំណែក បាតុកម្មដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២ មិថុនា នេះនឹងមានអ្នកចូលរួមប្រមាណ ៣០០នាក់។
ឆ្លើយតបរឿងនេះ រដ្ឋលេខាធិការក្រសួងយុតិធម៌លោក គឹម សន្តិភាព បញ្ជាក់ថា ការប្រើប្រាស់មធ្យោបាយក្នុងទម្រង់ចាប់បង្ខំបែបនេះវាមិនមែនជាជំរើសល្អសម្រាប់ប្រទេស ដែលអនុវត្តដោយច្បាប់ឡើយ។ជាងនេះទៀត ការដោះលែងជនត្រូវចោទ មិនមែនធ្វើឡើងតាមមធ្យោបាយប្រើប្រាស់ ធ្វើបាតុកម្ម ឬដាក់សម្ពាធដោយកម្លាំងមហាជនទេ លើកលែងតែប្រទេសដែលអនុវត្តផ្ទុយពីច្បាប់។
លោកបន្តថា៖«ខ្ញុំសូមជម្រាបជូនថាដរាបណាកម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួនក្នុងការអនុវត្តច្បាប់របស់កម្ពុជានោះការដោះលែងជនជាប់ឃុំណាមួយមិនត្រូវធើ្វបានតាមរយះបាតុកម្មនោះទេ រាល់បាតុកម្មបើសិនជាយកមូលហេតុយកមកធើ្វការបង្ខំក្នុងការដោះលែងមនុស្សនោះប្រទេសមួយត្រូវលុបច្បាប់ចោលបាទកុំឲ្យមានច្បាប់តទៅទៀត» ។
លោកបានបន្ថែមថា៖ «កុំអោយមានតុលាការតទៅទៀត ជាពិសេសកុំឲ្យមានច្បាប់ចែងអំពីល្មើសបាទចឹងឲ្យសង្គមហ្នឹងច្របូលច្របល់ ដូចខ្ញុំបញ្ជាក់ថាដរាបណាកម្ពុជាជាសង្គមដែលមានអធិបតេយ្យភាពរបស់ខ្លួនក្នុងការអនុវត្តច្បាប់គឺគ្មានឥទ្ធិពលណាមួយនៃបាតុកម្មណាមួណដែលត្រូវបង្ខំឲ្យស្ថាប័នតុលាការដើម្បីធើ្វការដោះលែងជនចាត់ចោទ ជនជាប់ឃុំដែលកំពុងតែជាប់និតីវិធីក្នុងតុលាការឬក៏កំពុងតែប្រព្រឹត្តបទល្មើសដែលមានចែងក្នុងច្បាប់កម្ពុជានោះទេ» ។
ដោយឡែក អ្នកនាំពាក្យរងក្រសួងការបរទេស លោក ហុក សុភា ឆ្លើយតបដោយខ្លីថាខ្លួនកំពុងពិនិត្យករណីនេះសិន មុននឹងត្រូវឆ្លើយតបបែបណាចំពោះការទាមទាររបស់បាតុករនេះ។ម្យ៉ាងវិញទៀតការផ្តល់ព័ត៌មានសម្រាប់ក្រុមអ្នកព័ត៌មាន គឺចាំបាច់ត្រូវមានការឯកភាពជាមុន ពីក្បាលស៊ីនដាក់នាំរបស់ក្រសួងការបរទេសសិន។
លោកបន្តថា៖«ខ្ញុំកំពុងឆែករឿងនេះនៅពេលបានខ្ញុំទាក់ទងតាមតេឡេក្រាម។សូមអភ័យទោសខ្ញុំបានគោរពសុំការអនុញ្ញាតពីថ្នាក់លើព្រោះទាល់តែបានការអនុញ្ញាតទើបធ្វើបទសម្ភាសកើត។ចំពោះថាតើពេលណាបានការអនុញ្ញាតខ្ញុំមិនអាចធានាបានទេ។ សូមអធ្យាស្រ័យដោយរាប់អានពីខ្ញុំ» ។
សម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ការធ្វើបាតុកម្មដែលគ្រោងរៀបចំដើមខែមិថុនាខាងមុខនេះ ទំនងមានឥទ្ធិពលតិចតួច ដែលស្នើឱ្យភាគីជប៉ុន ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោសនយោបាយ។លោកបន្តថា ជាក្របខណ្ឌជប៉ុនមិនមានសិទ្ធិអំណាចពិសេសណាមួយ ដែលអាចចាប់បង្ខំឱ្យរដ្ឋាភិបាលកម្ពុជា អនុវត្តតាមឡើយ។ប៉ុន្តែជាការអង្កេត ជប៉ុនអាចមានសិទ្ធិក្នុងការសម្របសម្រួល សម្រាប់ជម្លោះកម្ពុជា តែមិនមែនជាភាគីដែលអាកាត់ ចំពោះការសម្រេចចិត្តរបស់ក្បាលម៉ាស៊ីនដឹកនាំប្រទេសបាន ក្រៅពីលោក ហ៊ុន សែន នោះទេ។
លោកបន្តថា៖ «ប៉ុន្តែសំរាប់ខ្ញុំមើលឃើញថារដ្ឋាភិបាលជប៉ុនបានតែមកដឹងឮគ្រាន់តែអ្នកជូនដំណឹងមករដ្ឋាភិបាលកម្ពុជាប៉ុន្តែមិនឥទ្ធិពលណាមួយជំរុញឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតរបស់គណបក្សកាន់អំណាចចំពោះករណីថ្នាក់ដឹកនាំគណបក្សនៅក្នុងប្រទេសកម្ពុជាដែលកំពុងជាប់ពន្ធនាគារនេះទេ» ។
គិតមកដល់ពេលនេះ គេសង្កេតឃើញថាមានអ្នកនយោបាយបក្សជំទាស់ សកម្មជនសង្គម និងសកម្មជនសហជីពឯករាជ្យប្រមាណជិត២០នាក់ហើយ ត្រូវសមត្ថកិច្ចចាប់ក្រោមបទចោទផ្សេងៗ និងបញ្ជូនទៅឃុំខ្លួនបណោះអាសន្ននៅពន្ធនាគារ។
សកម្មភាពនៃការចាប់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ ស្របពេលដែលលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដាក់ចេញនូវផែនការតាមកម្ទេចក្រុមជំទាស់បន្ថែមទៀត ដែលលោក ហ៊ុន សែន ចោទប្រកាន់ថាជាក្រុមប្រឆាំងជ្រុលនិយម។ហើយក្រុមថ្មីនេះ គឺអតីតនាយករដ្ឋមន្រ្តី បានប្រើប្រាស់ក្រុមអ្នកដែលធ្លាប់រិះគន់លោក នៅក្នុងបក្សប្រឆាំង ឱ្យដើរតួនាទីក្នុងការតាមដាន ក្រោមការសម្រេចពីគណបក្សប្រជាជនកម្ពុជា៕