ប្រជាពលរដ្ឋខ្មែរដែលកំពុងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ បានអះអាងថា នៅដើមខែមិថុនានេះ ពល​​រ​ដ្ឋ​​ខ្មែរដែលរស់នៅប្រទេ​សជប៉ុននឹងធ្វើមហាបាតុកម្មប្រឆាំងការចាប់ខ្លួន អ្នកនយោ​​បា​យមកពីបក្សជំទាស់ និ​​​​ង​ស្នើឱ្យ​​រដ្ឋាភិបាលជប៉ុនជួយអន្តរា​គមន៍ទៅរដ្ឋាភិបាលកម្ពុជា​ដោះលែងពួកគេចេញពី​​ពន្ធនាគារ​វិញដោ​​យ​​​គ្មានលក្ខខណ្ឌ។

លោក គង់ ជិ ដែលរស់នៅដោយនិរទេសខ្លួនដោយសារបញ្ហានយោបាយ បានប្រាប់ គេហទំព័រ Newsr​oo​​​m Cambodia តាមសារអេឡិចត្រូនិក នៅថ្ងៃទី២៧ ខែឧសភា នេះថាក្រុមបាតុករនឹងដើរដង្ហែជាក្បួន និង​​ជុំ​ជួបគ្នានៅលើទីលានសួន ហ៊ីបីយ៉ា ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។លោកបន្តថា ក្រៅពីធ្វើបាតុកម្មហើយ ពួកគេក៏នឹងយកញត្តិទៅដាក់ទៅក្រសួងការបរទេសដែរ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នក​ទោ​​ស​​ន​​​យោបាយ ដែលត្រូវចាប់ខ្លួនជាបន្តបន្ទាប់មកនេះ។

លោកបន្តថា៖«នៅក្នុងក្បួនបាតុកម្មនេះដែលយើងក៏មានញ៉ាកផ្ញើជូនលោក គី ស៊ីដា នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនដើម្បីទាមទារដោះលែងលោក ស៊ុន ចន្ធី នឹងលោក ថាច់ សេដ្ឋា ដែលនៅក្នុងនោះយើងក៏មានសំនួរចង់សួរទៅកាន់ប្រទេសជប៉ុន​ ១ប្រទេសជប៉ុនគឺជាម្ចាស់ហត្ថលេខីទីក្រុងប៉ារីស ក៏ដូចជាម្ចាស់ជំនួញដ៏ធំបន្ទាប់ពីលោ​​កខាងលិចហេតុអ្វីបានជាប្រទេសជប៉ុនមិនមានឥទ្ធិពលនយោបាយទៅកាន់រដ្ឋាភិបាលនេះ ២ហេតុអ្វីបានជាថា្នក់ដឹកនាំគណបក្សប្រឆាំងនៅពេលដែលបញ្ចប់ពីសកម្មពីប្រទេសជប៉ុនទៅកាន់កម្ពុជាវិញបានអាជ្ញាធរចាប់ខ្លួនទីមួយគឺលោក ស៊ុន ចន្ធី ទីពីរលោក ថាច់ សេដ្ឋា ទីបីគឺលោក ទោ វណ្ណុល ដែលត្រូវបានតុលាការចេញដីកា » ។

បើតាមលោក គង់ ជិ អ្នកនយោបាយជាន់ខ្ពស់បក្សជំទាស់មួយចំនួន ដូចជាលោក ថាច់ សេដ្ឋា លោក ទាវ វណ្ណុល និងលោក ស៊ុន ចន្ធី ជាដើម ពួកគេសុទ្ធតែបានចាប់ខ្លួន ក្រោយបញ្ចប់បេសកក​ម្មនៅប្រ​​ទេ​ស​​ជ​ប៉ុ​​ន​​។​​​ហេតុនេះ បាតុកម្មលើកនេះ ក៏នឹងស្នើឱ្យប្រទេសជប៉ុនឆ្លើយតបលើកយកបញ្ហាផ្សេងៗជាច្រើនទៀត ដែ​​ល​​​ប្រ​​ទេ​ស​​ជប៉ុ​​ន​​ក៏ធ្លាប់​ជា​ម្ចាស់​​ហ​ត្ថ​​​លេខី សម្រាប់កិច្ចព្រមព្រៀងនយោបាយរួមទីក្រុងប៉ារីស ពិនិត្យមើល​​ឡើ​​​ងវិ​​ញ ពីតួនាទី​​របស់ខ្លួនដែ​រចំ​ពោះ​​​​​កម្ពុជា។​ចំណែក បាតុកម្មដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២ មិថុនា នេះ​​នឹងមានអ្នកចូលរួមប្រមាណ ៣​​០០​​នាក់​។

ឆ្លើយតបរឿងនេះ រដ្ឋលេខាធិការក្រសួងយុតិធម៌លោក គឹម សន្តិភាព បញ្ជាក់ថា ការប្រើប្រាស់មធ្យោបា​យ​​ក្នុ​ង​ទម្រង់ចាប់បង្ខំបែបនេះវាមិនមែនជាជំរើសល្អសម្រាប់ប្រទេស ដែលអនុវត្តដោយច្បាប់​ឡើយ។ជាង​នេះ​​​​ទៀត ការដោះលែងជនត្រូវចោទ មិនមែនធ្វើឡើងតាមមធ្យោបាយប្រើប្រាស់ ធ្វើបាតុកម្ម ឬដាក់សម្ពា​ធ​​ដោ​​យ​កម្លាំងមហាជនទេ លើកលែងតែប្រទេសដែលអនុវត្តផ្ទុយពីច្បាប់។

លោកបន្តថា៖«ខ្ញុំសូមជម្រាបជូនថាដរាបណាកម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួនក្នុងការអនុវត្តច្បាប់រប​​ស់កម្ពុជានោះការដោះលែងជនជាប់ឃុំណាមួយមិនត្រូវធើ្វបានតាមរយះបាតុកម្មនោះទេ រាល់បាតុកម្មបើសិនជាយកមូលហេតុយកមកធើ្វការបង្ខំក្នុងការដោះលែងមនុស្សនោះប្រទេសមួយត្រូវលុបច្បាប់ចោលបាទកុំឲ្យមានច្បាប់តទៅទៀត»

លោកបានបន្ថែមថា៖ «កុំអោយមានតុលាការតទៅទៀត ជាពិសេសកុំឲ្យមានច្បាប់ចែងអំពីល្មើសបាទចឹងឲ្យសង្គមហ្នឹងច្របូលច្របល់ ដូចខ្ញុំបញ្ជាក់ថាដរាបណាកម្ពុជាជាសង្គមដែលមានអធិបតេយ្យភាពរបស់ខ្លួនក្នុងការអនុវត្តច្បាប់គឺគ្មានឥទ្ធិពលណាមួយនៃបាតុកម្មណាមួណដែលត្រូវបង្ខំឲ្យស្ថាប័នតុលាការដើម្បីធើ្វការដោះលែងជនចាត់ចោទ ជនជាប់ឃុំដែលកំពុងតែជាប់និតីវិធីក្នុងតុលាការឬក៏កំពុងតែប្រព្រឹត្តបទល្មើសដែលមានចែងក្នុងច្បាប់កម្ពុជានោះទេ»

ដោយឡែក អ្នកនាំពាក្យរងក្រសួងការបរទេស លោក ហុក​ សុភា ឆ្លើយតបដោយខ្លីថាខ្លួនកំពុងពិនិត្យក​​រ​​ណី​​នេះសិន មុននឹងត្រូវឆ្លើយតបបែបណាចំពោះ​​ការទាមទាររបស់បាតុករនេះ។​​ម្យ៉ាងវិញទៀតការផ្តល់ព័​ត៌មានស​​ម្រាប់​ក្រុ​មអ្នកព័ត៌មាន គឺចាំបាច់ត្រូវមានការឯកភាពជាមុន ពីក្បាលស៊ីនដាក់នាំរបស់ក្រសួងការបរទេសសិន។

 លោកបន្តថា៖«ខ្ញុំកំពុងឆែករឿងនេះនៅពេលបានខ្ញុំទាក់ទងតាមតេឡេក្រាម។សូមអភ័យទោសខ្ញុំបានគោ​​​​​រពសុំការអនុញ្ញាតពីថ្នាក់លើព្រោះទាល់តែបានការអនុញ្ញាតទើបធ្វើបទសម្ភាសកើត។ចំពោះថាតើពេលណាបានការអនុញ្ញាតខ្ញុំមិនអាចធានាបានទេ។ សូមអធ្យាស្រ័យដោ​​យ​​​​រាប់​​​អានពីខ្ញុំ»

សម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើ​ញ​ថា កា​​រធ្វើបាតុកម្មដែលគ្រោងរៀបចំដើមខែមិថុនាខាងមុខនេះ ទំនងមានឥទ្ធិពលតិចតួច ដែលស្នើឱ្យ​ភាគីជ​​ប៉ុ​ន ​ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោសនយោបាយ។លោកបន្តថា ជាក្របខណ្ឌជ​ប៉ុ​​ន​​មិ​​នមា​​នសិទ្ធិអំណាចពិសេសណាមួយ ដែលអាចចាប់បង្ខំឱ្យរដ្ឋាភិបាលកម្ពុជា អនុវត្តតាមឡើយ។ប៉ុន្តែ​ជា​​កា​​រ​​អង្កេត ជប៉ុនអាចមានសិទ្ធិក្នុងការសម្របសម្រួល សម្រាប់ជម្លោះកម្ពុជា តែមិនមែនជាភាគី​ដែលអា​​កា​ត់ ចំ​​ពោះការសម្រេចចិត្តរបស់ក្បាលម៉ាស៊ីនដឹកនាំប្រទេសបាន ក្រៅពីលោក ហ៊ុន សែន នោះទេ។

លោកបន្តថា៖ «ប៉ុន្តែសំរាប់ខ្ញុំមើលឃើញថារដ្ឋាភិបាលជប៉ុនបានតែមកដឹងឮគ្រាន់តែអ្នកជូនដំណឹងមករដ្ឋាភិបាលកម្ពុជាប៉ុន្តែមិនឥទ្ធិពលណាមួយជំរុញឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតរបស់គណបក្សកាន់អំណាចចំពោះករណីថ្នាក់ដឹកនាំគណបក្សនៅក្នុងប្រទេសកម្ពុជាដែលកំពុងជាប់ពន្ធនាគារនេះទេ»

គិតមកដល់ពេលនេះ គេសង្កេតឃើញថាមានអ្នកនយោបាយបក្សជំទាស់ សកម្មជនសង្គម និងសកម្មជ​​​​ន​​ស​​ហជី​ពឯក​​រាជ្យ​ប្រ​មា​​ណជិត២០នាក់ហើយ ត្រូវសមត្ថកិច្ចចាប់ក្រោមបទចោទផ្សេងៗ និងបញ្ជូនទៅឃុំ​​ខ្លួ​ន​បណោះ​អាស​​​ន្ន​នៅ​​​​​ព​​ន្ធ​​នា​​​គារ។

សកម្មភាពនៃការចាប់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ ស្របពេលដែលលោក ហ៊ុន សែន ប្រ​​ធានព្រឹទ្ធសភា បានដាក់​​ចេ​ញនូវផែនការតា​​មកម្ទេ​ចក្រុ​​ម​ជំ​​ទាស់បន្ថែមទៀត ដែលលោក ហ៊ុន សែន ចោ​​ទប្រ​​កាន់​​ថា​​ជាក្រុ​​មប្រ​ឆាំ​​ង​ជ្រុ​លនិយម។ហើយក្រុមថ្មីនេះ គឺ​​អ​តីតនាយករដ្ឋមន្រ្តី បានប្រើប្រាស់ក្រុ​​មអ្នកដែ​​ល​ធ្លា​​​​ប់រិះគន់លោក នៅក្នុង​​ប​ក្ស​​ប្រឆាំង ឱ្យដើរតួនាទីក្នុងការតាមដាន ក្រោមការ​សម្រេច​​ពីគ​​ណបក្ស​ប្រ​​ជា​​​​ជ​នកម្ពុជា៕