គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងនាំមុខក្នុងចំណោមគណបក្ស៤ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់អាណត្តិទី៤នេះ ឆ្នាំ២០២៤ ។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានឱ្យដឹងនៅថ្ងៃនេះថាដំណើរការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភា នេះប្រព្រឹត្តទៅបានល្អ មិនមានបាតុភាព អសកម្ម ឬមិនប្រក្រតីណាមួយក្នុងអំឡុងពេលបោះឆ្នោតនោះទេ។ លោកយល់ថាការបោះឆ្នោតនោះ គឺសេរី និងយុត្តិធម៌ និងមានតម្លាភាព ដោយសារមានការចូលរួមពីអ្នកសង្កេតការជាតិ និងអន្តរជាតិមួយចំនួនដែរ។
លោកបន្តថា៖ «គណបក្សប្រជាជនគឺមិនមែនត្រឹមតែបានសម្លេងចំនួនអង្គបោះឆ្នោតរបស់ខ្លួនទេ គឺមានលើសចំនួនអង្គបោះឆ្នោតរបស់ខ្លួនទៀត ហើយសម្លេងនេះវាកើតឡើងរហូតដល់ ៨៥ភាគរយ ប្លាយ ចំណែកបក្សប្រឆាំង បក្សប្រកួតប្រជែងដែលថាមានសក្តានុពលនោះ គឺថាមានត្រឹមតែ ១១ ភាគរយទេ » ។
លោក ឥសាន ថានេះ គឺពិតជាបានឆ្លុះបញ្ជាំងអំពីការគាំទ្រលើគណបក្សប្រជាជនពិតមែន។
លោកបន្តថា៖ «អាហ្នឹងវាឆ្លុះបញ្ជាំងថាគណបក្សណាធ្វើអំពើល្អសម្រាប់ជាតិ សម្រាប់ប្រជាជន អាហ្នឹងទទួលបានការគាំទ្រពីប្រជាជន គណបក្សណាដែលធ្វើមិនមានស្នាដៃអីសម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនទេ ផលទទួលបានហ្នឹងក៏វាមានកម្រិតតិចតួចដែល អាហ្នឹងវាទៅតាមហ្នឹង យើងធ្វើបុណ្យបានបុណ្យ យើងធ្វើបា បបានបាប » ។
អនុប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី ថាលោកមិនពេញចិត្តចំពោះការបោះឆ្នោតនៅថ្ងៃទី២៦ ឧសភានេះឡើយ ព្រោះនៅមុនការបោះឆ្នោតមានការបំភិតបំភ័យ និងគម្រាមកំហែងសិទ្ធិសេរីភាពចំពោះអង្គបោះឆ្នោត ទើបនាំឱ្យគណបក្សកម្លាំងជាតិទទួលបានសម្លេងឆ្នោតតិចជាងការរំពឹងទុកបែបនេះ។
លោកបន្តថា៖«ខ្ញុំអត់បានពេញចិត្តទេ ព្រោះអង្គបោះឆ្នោតដែលបោះឱ្យគណបក្សកម្លាំងជាវាតិច តិចដោយសារអី ដោយសារថ្នាក់ដឹកនាំគណបក្សត្រូវគេគំរាមកំហែងគាត់ គេថាបើអ្នកឯងមិនបោះឱ្យគណបក្សមិនគម្រាមកំហែងគាត់ថាបើមិនបោះឆ្នោតឱ្យគេដកហើយ ហើយគេប្រាប់ពីរបៀបគូសទៀត អាបង្រៀនគូសហ្នឹងវាខុសច្បាប់ គណបក្សកម្លាំងជាតិមិនអាចទទួលយកបានទេយើងត្រូវបានសម្លេងច្រើនជាហ្នឹង» ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច លោកសារទរ បើទោះបីជាលទ្ធផលនៅពេលនេះ គឺជាលទ្ធផលបណ្តោះអាសន្នក្តីលោកពិតជាមានសេចក្តីរីករាយចំពោះលទ្ធផលនៃការបោះឆ្នោតដែលគណបក្សទទួលបាន សំឡេងនៃការគាំទ្រដែរ។
លោកបន្តថា៖«គណបក្សខ្ញុំបាទតែតែចូលរួមគ្រប់ការបោះឆ្នោតទាំងអស់ ទាំងថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ ហើយគណបក្សហ្វ៊ុនស៊ីនប៊ិចជាគណបក្សរាជានិយមមួយដែលបានដាក់បេក្ខជនចូលរួមប្រគួតប្រជែង ហើយយើងយល់ថាការបោះឆ្នោតនេះពិតជាមានសារៈសំខាន់ណាស់[…] អាសនៈយើងទទួលបាននៅខេត្តកំពុងធំនោះក្នុងដែរយើងសង្កេតឃើញមានក្រុមប្រឹក្សានៃគណបក្សផ្សេងបោះឆ្នោតឱ្យគណបក្សយើងដែរ នេះជាលទ្ធផលមួយដែលរីករាយ ទោះមិនជាលទ្ធផលធំតែជាលទ្ធផលដ៏អស្ចារ្យសម្រាប់គណបក្សយើងខ្ញុំ »។
បញ្ជីបោះឆ្នោតដែលចេញដោយស្ថាប័នជាតិរៀបចំការបោះឆ្នោត បង្ហាញថា គណបក្សនយោបាយចំនួន៥ បានចុះឈ្មោះចូលរួមប្រកួតប្រជែង បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់នីតិកាលទី៤នេះ។នៅក្នុងចំណោមគណបក្សនយោបាយទាំង៥ គឺគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិរបស់លោក ញ៉ឹក ប៊ុនឆៃ មិនមានសំឡេងដែលរុញឱ្យបក្សនយោបាយទាំងពីរនេះ មានអាសនៈ នៅក្នុងក្រុមប្រឹក្សាទេ។
ដោយឡែក គណបក្សកម្លាំងជាតិ ដែលទើបបង្កើតឡើងថ្មោងថ្មី អាចរកបានសំឡេងគាំទ្រខ្លះៗ បើធៀបនឹងគណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ ដែលមានសំឡេងនាំមុខ សម្រាប់អាសនៈក្រុមប្រឹក្សារាជធានី ស្រុក ខណ្ឌ ខេត្ត និងក្រុងនេះ។
អ្នកនាំពាក្យគណកម្មការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា សង្កេតឃើញថាការបោះឆ្នោតដែលទើបតែធ្វើឡើងកាលពីថ្ងៃអាទិត្យនេះ គឺប្រព្រឹត្តទៅដោយរលូន ទាំងអង្គបោះឆ្នោតទាំងគណបក្សដែលចូលរួមប្រកួតប្រជែងគឺទទួលយកបាន ។ជាងនេះទៀតគណបក្សប្រជាជន ទទួលបានលទ្ធផលនាំមុខគេនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា នៅក្នុងអាណត្តិទី៤នេះ ដែលផ្អែកលើលទ្ធផលបឋម ដែលស្ថាប័ន គ.ជ.ប ទទួលបានពីតាមមណ្ឌលបោះឆ្នោត។
លោកថ្លែងថា៖ « សូមជម្រាបជូននឹងអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់រក្សាភាពស្ងប់ស្ងៀមដើម្បីរង់ចាំការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការជ្រើសរើសក្រុមប្រឹក្សា ឆ្នាំ២០២៤ នេះនៅថ្ងៃទី១ មិថុនា ហើយយ៉ាងយូរបំផុតការប្រកាសលទ្ធផលផ្លូវការនឹងធ្វើនៅថ្ងៃទី៨ មិថុនា ហើយពេលនោះដែល គ.ជ.ប នឹងប្រកាសអំពីចំនួនអសនៈដែលគណបក្សនយោបាយនីមួយៗទទួលបាន ហើយនឹងប្រកាសអំពីបេក្ខជនដែលជាប់ជាសមាជិកក្រុមប្រឹក្សា »។
ដោយឡែក នាយកប្រតិបត្តិ នៃអង្គការនិកហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថាអង្គការរបស់លោកមិនបានចូលរួមនៅក្នុងការសង្កេតការណ៍នោះទេ ប៉ុន្តែយ៉ាងណាក៏ដោយលោកថាដំណើរការបោះឆ្នោតនេះ ហាក់បីដូចជាស្ងប់ស្ងាត់មិនមានអ្វីកត់សម្គាល់នោះទេ។
លោកបន្តថា៖ «យើងអត់មានដាក់ពង្រាយអ្នកសង្កេតការណ៍ទេ តែយើងសង្កេតក្រៅផ្លូវការត្រួសៗមើល ឃើញដំណើរការក្នុងការិយាល័យបោះឆ្នោត យើងមើលពីក្រៅឃើញដំណើរការ មានភាពស្ងប់ស្ងាត់ មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទេដំណើរការ ខ្ញុំគ្រាន់តែបញ្ជាក់តែបណ្ណឹងទេ មិនមានអ្វីកើតឡើង ដំណើរការគឺរលូនទេ » ។
លោកមានប្រសាសន៍បន្ថែមថា៖ «យើងចង់ឱ្យមានភាពសេរី និងយុត្តិធម៌នេះ គឺថាទី១ជៀសវាងការទិញទឹកចិត្ត ទិញអី ទី២ យើងសង្កេតមើលឃើញគណបក្ស ក្រៅពីគណបក្សប្រជាជនហ្នឹង ឃើញមានដូចបំបែកច្រើនណាស់ ២ ទៅ៣ គណបក្សអត់ទាន់រួមគ្នាឱ្យសម្លេងក្រុមប្រឹក្សាបោះឆ្នោតហ្នឹង វាមូល កុំឱ្យបែងចែកសម្លេង ដល់ចឹងបំបែកគ្នា អ្នកខ្លះបាន៤ ទៅ១០ សម្លេង អ្នកខ្លះ ១០ ជាង អ្នកខ្លះ ៥ ទៅ៦ អីចឹងណា យើងធ្វើម៉េចឱ្យមានភាពឯកភាព រួមគ្នាតែមួយ គណបក្សរួមគ្នា » ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ត្រូវបានកាសែតដកស្រង់មកចុះផ្សាយ ដែលថ្លែងនៅក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ថាការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតតាមប្រភេទក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើតាមរបៀបវិលជុំចំនួន២ជុំដោយចាប់ផ្តើមពីការផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាតាមមណ្ឌលក្រុង ស្រុក និងខណ្ឌជាមុន និងបន្តមកក្រុមប្រឹក្សាតាមមណ្ឌលរាជធានី ខេត្ត។
ប្រតិទិនដែលចេញដោយ គ.ជ.ប បង្ហាញថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឬហៅថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ បានចាប់ផ្តើម កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។
បន្ថែមពីលើនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តង មានអាសនៈសម្រាប់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ចំនួន៤.២០០នៅទូទាំង២៥ខេត្តរាជធានី។ក្រៅពីនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ នីមួយៗត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕