គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងនាំមុខក្នុងចំណោមគណបក្ស៤ផ្សេងទៀត ដែលចូលរួមប្រ​​កួ​ត​ប្រ​​ជែងបម្រើឱ្យការបោះ​​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាសម្រាប់អាណត្តិទី៤នេះ ឆ្នាំ២០២៤ ។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានឱ្យដឹងនៅថ្ងៃនេះ​ថាដំណើរការបោះឆ្នោតក្រុមប្រឹក្សា​​អា​​ណ​​ត្តិ​​ទី​​៤ ដែលប្រព្រឹត្តទៅ​កាលពីថ្ងៃទី​​២៦ ខែឧសភា នេះ​ប្រព្រឹត្តទៅបានល្អ មិនមានបាតុភាព អសកម្ម ឬមិនប្រក្រតីណា​មួយក្នុងអំឡុងពេលបោះ​ឆ្នោតនោះទេ។ លោកយល់ថាការបោះឆ្នោតនោះ គឺសេរី និងយុត្តិធម៌  និងមានតម្លាភាព ដោយសារមានការចូលរួមពីអ្នកសង្កេតការជាតិ និងអន្តរជាតិមួយចំនួនដែរ​។

លោកបន្តថា៖ «គណបក្សប្រជាជនគឺមិនមែនត្រឹមតែបានសម្លេងចំនួនអង្គបោះឆ្នោតរបស់ខ្លួនទេ គឺមានលើ​​ស​ចំនួនអង្គបោះឆ្នោតរបស់ខ្លួនទៀត ហើយសម្លេងនេះវាកើតឡើងរហូតដល់ ៨៥ភាគរយ ប្លាយ ចំណែកបក្សប្រ​ឆាំង បក្សប្រកួតប្រជែងដែលថាមានសក្តានុពលនោះ គឺថាមានត្រឹមតែ ១១ ភាគរយទេ » ។

លោក ឥសាន ថានេះ គឺពិតជាបានឆ្លុះបញ្ជាំងអំពីការគាំទ្រលើគណបក្សប្រជាជនពិតមែន។

លោកបន្តថា៖​ «អាហ្នឹងវាឆ្លុះបញ្ជាំងថាគណបក្សណាធ្វើអំពើល្អសម្រាប់ជាតិ សម្រាប់ប្រជាជន អាហ្នឹងទទួលបានការគាំទ្រពីប្រជាជន គណបក្សណាដែលធ្វើមិនមានស្នាដៃអីសម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនទេ ផលទទួលបានហ្នឹងក៏វាមានកម្រិតតិចតួចដែល អាហ្នឹងវាទៅតាមហ្នឹង យើងធ្វើបុណ្យបានបុណ្យ យើងធ្វើបា បបានបាប » ។

អនុប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី ថាលោកមិនពេញចិត្តចំពោះការបោះឆ្នោតនៅថ្ងៃទី២៦ ឧសភានេះឡើយ ព្រោះនៅមុនការ​បោះឆ្នោតមានការបំភិតបំភ័យ និងគម្រាមកំហែងសិទ្ធិសេរីភាពចំពោះអង្គបោះឆ្នោត ទើបនាំឱ្យគណបក្សកម្លាំងជាតិទទួលបានសម្លេងឆ្នោតតិចជាងការរំពឹងទុកបែបនេះ។

លោកបន្តថា៖«ខ្ញុំអត់បានពេញចិត្តទេ ព្រោះអង្គបោះឆ្នោតដែលបោះឱ្យគណបក្សកម្លាំងជាវាតិច តិចដោ​​យ​​សា​​រអី ដោយសារថ្នាក់ដឹកនាំគណបក្សត្រូវគេគំរាមកំហែងគាត់ គេថាបើអ្នកឯងមិនបោះឱ្យគណបក្សមិនគម្រាមកំហែងគាត់ថាបើមិនបោះឆ្នោតឱ្យគេដកហើយ ហើយគេប្រាប់ពីរបៀបគូសទៀត អាបង្រៀនគូសហ្នឹងវាខុសច្បាប់ គណបក្សកម្លាំងជាតិមិនអាចទទួលយកបានទេយើងត្រូវបានសម្លេងច្រើនជាហ្នឹង» ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច លោកសារទរ បើទោះបីជាល​ទ្ធផលនៅ​ពេ​ល​​នេះ គឺជាលទ្ធផលបណ្តោះអាសន្នក្តីលោកពិតជាមានសេចក្តីរីករាយចំពោះលទ្ធផលនៃកា​រ​បោះ​ឆ្នោតដែ​​ល​​គណបក្សទទួ​ល​​បាន សំឡេងនៃការគាំទ្រដែរ។

លោកបន្តថា៖«គណបក្សខ្ញុំបាទតែតែចូលរួមគ្រប់ការបោះឆ្នោតទាំងអស់ ទាំងថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ ហើ​យ​គណបក្សហ្វ៊ុនស៊ីនប៊ិចជាគណបក្សរាជានិយមមួយដែលបានដាក់បេក្ខជនចូលរួមប្រគួតប្រជែង ហើយយើ​​ង​យល់ថាការបោះឆ្នោតនេះពិតជាមានសារៈសំខាន់ណាស់[…] អាសនៈយើងទទួលបាននៅខេត្តកំពុងធំនោះក្នុងដែរយើងសង្កេតឃើញមានក្រុមប្រឹក្សានៃគណបក្សផ្សេងបោះឆ្នោតឱ្យគណបក្សយើងដែរ នេះជាលទ្ធផលមួ​យដែលរីករាយ ទោះមិនជាលទ្ធផលធំតែជាលទ្ធផលដ៏អស្ចារ្យសម្រាប់គណបក្សយើងខ្ញុំ »​។

បញ្ជីបោះឆ្នោតដែលចេញដោយស្ថាប័នជាតិរៀបចំការបោះឆ្នោត បង្ហាញថា គណបក្សនយោបាយចំនួន៥ បា​ន​ចុះឈ្មោះចូលរួមប្រកួតប្រជែង បម្រើឱ្យការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាសម្រាប់នីតិកា​លទី៤នេះ​។នៅ​ក្នុ​ង​​​​ចំណោមគណបក្សនយោបាយទាំង៥ គឺគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច និងគណបក្ស​ខ្មែររួបរួម​ជាតិ​​រប​ស់​​​​​លោក ញ៉ឹក ប៊ុនឆៃ មិនមានសំឡេងដែលរុញឱ្យបក្សនយោបាយទាំងពីរនេះ មានអាសនៈ នៅក្នុង​​ក្រុម​​ប្រឹ​​ក្សា​​​​ទេ។

​​ដោយឡែក គណបក្សកម្លាំងជាតិ ដែលទើបបង្កើតឡើងថ្មោងថ្មី អាចរកបានសំឡេងគាំទ្រខ្លះៗ បើធៀ​បនឹ​ង​​គ​​ណ​​បក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ ដែលមានសំឡេងនាំមុខ សម្រាប់អាសនៈក្រុ​មប្រឹក្សារា​​ជ​​ធានី ស្រុក ខណ្ឌ ខេត្ត និងក្រុងនេះ។

អ្នកនាំពាក្យគណកម្មការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា សង្កេតឃើញថាការបោះឆ្នោតដែលទើបតែធ្វើឡើងកាលពីថ្ងៃអាទិត្យនេះ គឺប្រព្រឹត្តទៅដោយរលូន ទាំងអង្គបោះឆ្នោតទាំងគណបក្សដែលចូលរួមប្រ​​កួ​ត​​ប្រជែងគឺទទួ​​ល​​យកបាន ។ជាងនេះទៀតគណបក្សប្រជាជន ទទួលបានលទ្ធផលនាំមុខគេនៅក្នុងការបោះ​​ឆ្នោ​​​តក្រុមប្រឹក្សា នៅក្នុងអាណត្តិទី៤នេះ ដែលផ្អែកលើលទ្ធផលបឋម ដែលស្ថាប័ន គ.ជ.ប ទទួលបា​នពីតា​​ម​​ម​​​​ណ្ឌលបោះឆ្នោត។

 លោកថ្លែងថា៖ « សូមជម្រាបជូននឹងអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់រក្សាភាពស្ងប់ស្ងៀមដើម្បីរង់ចាំការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការជ្រើសរើសក្រុមប្រឹក្សា ឆ្នាំ២០២៤ នេះ​នៅថ្ងៃទី១ មិថុនា​ ហើយយ៉ាងយូរបំផុតការប្រកាសលទ្ធផលផ្លូវការនឹងធ្វើនៅថ្ងៃទី៨ មិថុនា ហើយពេលនោះដែល គ.ជ.ប នឹងប្រកាសអំពីចំនួនអសនៈដែលគណបក្សនយោបាយនីមួយៗទទួលបាន ហើយនឹងប្រកាសអំពីបេក្ខជនដែលជាប់ជា​​ស​​មាជិកក្រុមប្រឹក្សា »។

ដោយឡែក នាយកប្រតិបត្តិ នៃអង្គការនិកហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថាអង្គការរបស់លោកមិនបានចូលរួមនៅក្នុងការសង្កេតការណ៍នោះទេ ប៉ុន្តែយ៉ាងណាក៏ដោយលោកថាដំណើរការបោះឆ្នោតនេះ ហាក់បីដូចជាស្ងប់ស្ងាត់មិនមានអ្វីកត់សម្គាល់នោះទេ។

លោកបន្តថា៖ «យើងអត់មានដាក់ពង្រាយអ្នកសង្កេតការណ៍ទេ តែយើងសង្កេតក្រៅផ្លូវការត្រួសៗមើល ឃើ​​ញដំណើរការក្នុងការិយាល័យបោះឆ្នោត យើងមើលពីក្រៅឃើញដំណើរការ មានភាពស្ងប់ស្ងាត់ មិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទេដំណើរការ ខ្ញុំគ្រាន់តែបញ្ជាក់តែបណ្ណឹងទេ មិនមានអ្វីកើតឡើង ដំណើរការគឺរលូនទេ » ។

លោកមានប្រសាសន៍បន្ថែមថា៖ «យើងចង់ឱ្យមានភាពសេរី និងយុត្តិធម៌នេះ​ គឺថាទី១ជៀសវាងការទិញទឹកចិ​ត្ត ទិញអី ទី២ យើងសង្កេតមើលឃើញគណបក្ស ក្រៅពីគណបក្សប្រជាជនហ្នឹង ឃើញមានដូចបំបែកច្រើនណា​​ស់ ២ ទៅ៣ គណបក្សអត់ទាន់រួមគ្នា​ឱ្យសម្លេងក្រុមប្រឹក្សាបោះឆ្នោតហ្នឹង វាមូល កុំឱ្យបែងចែកសម្លេង ដល់​​ចឹងបំបែកគ្នា​ អ្នកខ្លះបាន៤ ទៅ១០ សម្លេង អ្នកខ្លះ ១០ ជាង អ្នកខ្លះ ៥ ទៅ៦ អីចឹងណា យើងធ្វើម៉េចឱ្យ​​មានភាពឯកភាព រួមគ្នា​តែមួយ គណបក្សរួមគ្នា​ » ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ត្រូវបានកាសែតដកស្រង់មកចុះផ្សាយ ដែ​ល​ថ្លែងនៅក្នុងសន្និ​សី​​ទកាសែត កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ថាការផ្សព្វផ្សាយលទ្ធផលបឋមនៃការបោះ​ឆ្នោតតាមប្រ​ភេ​ទ​ក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើតាមរបៀបវិលជុំចំនួន២ជុំដោយចាប់ផ្តើមពីការផ្ស​ព្វ​ផ្សា​យលទ្ធផ​​ល​បឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាតាមមណ្ឌលក្រុង ស្រុក និងខណ្ឌជាមុន និងបន្តមកក្រុមប្រឹក្សាតាមមណ្ឌលរាជធានី ខេត្ត។

ប្រតិទិនដែលចេញដោយ គ.ជ.ប បង្ហាញថាការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខ​ណ្ឌ អាណត្តិ​ទី៤ ឬ​ហៅ​ថា​ការ​បោះ​ឆ្នោត​ជ្រើស​រើសក្រុម​ប្រឹក្សានេះ បាន​ចាប់​ផ្តើម​ កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​​ឧសភា ឆ្នាំ​២០២៤។

បន្ថែមពីលើនេះ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ដែល​ធ្វើ​ឡើង​រៀង​រាល់​៥​ឆ្នាំ​ម្តង មាន​អាសនៈ​សម្រាប់​ស​​មា​ជិក​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ​ក្រុង ​ស្រុក​ និង​ខណ្ឌ ចំនួន​៤.២០០​នៅ​ទូទាំង​២៥​ខេត្ត​រាជធានី​។ក្រៅពីនេះ ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង​ ស្រុក និងខណ្ឌ ​នីមួយៗ​ត្រូវ​ធ្វើ​ជា​តំណាង និង​ធ្វើ​សកម្ម​ភាព​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ​ដោយ​ត្រូវ​បង្កើត​ ជំរុញ ​និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន៕