តុលាការកំពូលនឹងប្រកាសសាលដីកាសំណើរសុំនៅក្រៅឃុំរបស់លោក នី ណាក់ នៅដើមខែមិថុនា ខាងមុខនេះ ខណៈភរិយារបស់អ្នករិះគន់សង្គមដែលមិនសំចៃមាត់រូបនេះ ​បន្តទាមទារឱ្យតុលាការផ្តល់​សេរីភាពស្វាមីរបស់អ្ន​ក​​ស្រី​បាន​​នៅក្រៅឃុំបណ្តោះអាសន្ន។

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះតុលាការកំពូលបានបើកសវនាការ ជំនុំជម្រះលើ​​បណ្តឹ​ង​​សារទុក្ខសុំ​នៅ​​ក្រៅ​ឃុំ​របស់លោក នី ណាក់។ក្រោយបញ្ចប់សវនាការ ប្រធានក្រុមប្រឹក្សាឃុំជំនុំជម្រះ នៃតុលាការកំពូល​​លោ​​ក​ និល  ណុន បា​​ន​កំ​​ណត់ថ្ងៃប្រកាសសាលដី​កាក្នុងសំណុំ​​រឿ​ង​​ព្រ​​ហ្ម​ទណ្ឌនេះ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០​​២៤​ ពេ​​លព្រឹក។

អ្នកនាំពា្យតុលាការកំពូល លោកស្រី ម៉ៅ ធីតា បានប្រាប់ Newsroom Cambodia នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះថាតុលាការបានកំណត់កាលបរិច្ចេទរួចរាល់ហើយ ក្នុងាករប្រកាសសាលដីចំពោះរឿ​ងក្តីនេះ។ប្រ​ភ​ព​បន្ត​​ថា ការប្រកាសសេចក្តីសម្រេចរបស់តុលាការនឹងធ្វើឡើងនៅពេលព្រឹក ដើមខែមិថុនាខាងមុខនេះ។

 ប្រភពបន្តថា៖«ពាក់ព័ន្ធនឹងខាងក្ដីជម្រះព្រឹកមិញនេះគឺលើកប្រកាសទៅថ្ងៃ ទី៧ ខែ៦ ២០២៤ ម៉ោង៨ ព្រឹកកន្លះព្រឹក ការប្រកាសសាលដីការផ្លូវការហ្នឹងគឺថ្ងៃទី៧ »។

ចំណែក ភរិយារបស់លោក នី ណាក់ គឺអ្នកស្រី សុខ ស៊ីណែត អាយុ៤២ឆ្នាំ បានប្រាប់ថា អ្នកស្រីសង្ឃឹម និងទទូចឱ្យតុលាសម្រេចឱ្យស្វាមីអ្នកស្រីបាននៅក្រៅឃុំនៅថ្ងៃប្រកាសសាលដីកាខាងមុខនេះ ដោយអ្នកស្រីថា ស្វាមីអ្នកស្រី​​មិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ ។

អ្នកស្រីមានប្រសាសន៍ថា៖ «បងយល់ថាប្ដីបងគាត់អត់បានធ្វើអីខុសទេ គាត់ធ្វើការបញ្ចេញមតិ ទស្សនៈផ្ទាល់ខ្លួនរបស់គាត់លើបណ្ដាញសង្គមហ្នឹងក៏គាត់គ្មានចេតនាថាដើម្បីគៀងគរនរណាគេឱ្យធ្វើអំពើទុច្ចរិតណាមួយ ឬក៏បង្កឱ្យមានការរើសអើងដូចគេចោទដូចគេចោទប្រកាន់ហ្នឹងណាអូន។បងសង្ឃឹមថាតុលាការនឹងដោះលែងគាត់ឱ្យ​​នៅ​​​ក្រៅឃុំ[…][ខ្ញុំ]ទទូចសុំខាងតុលាការ ហើយនិងអង្គការពាក់ព័ន្ធ រដ្ឋអំណាចឱ្យគាត់ដោះលែងប្ដីបងបាននៅក្រៅ​ឃុំវិញ មានសេរីភាពវិញ មករួមរស់នៅជាមួយក្រុមគ្រួសារវិញ»។

អ្នកស្រី សុខ ស៊ីណែត បានបន្តថា ការឃុំខ្លួនស្វាមីអ្នកស្រីបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារអ្នកស្រី និ​ង​ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់កូនៗអ្នកស្រីទៀតដែរ។ហើយការឃុំខ្លួនលោក នី ណាក់ នៅពន្ធនាគារ​ត្រពាំងផ្លុង ខេ​​ត្ត​​ត្បូងឃ្មុំនេះ គឺឆ្ងាយពីផ្ទះរបស់អ្នកស្រី ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការរកចំណូលចិញ្ចឹមគ្រួសារមួយកម្រិ​​ត​​ថែ​​​ម​ទៀត និងពិបាកក្នុងការចេញចូលសួរសុខទុក្ខស្វាមីផង។

លោកបន្តថា៖«ប្ដីបង [ខ្ញុំ]ចង់និយាយថាគាត់ជាមេគ្រួសារ ដល់ពេលគាត់មានបញ្ហាគ្រួសារទាំងអស់ហ្នឹងក៏មានបញ្ហាដែរអញ្ចឹងហ្អាសអូន […] ប៉ះពាល់ខ្លាំងប៉ះពាល់ដល់សម្ពោធផ្លូវចិត្តកូនដែលគាត់កំពុងរៀនគាត់រៀនអត់ចូលអញ្ចឹងហ្អាសអូន ហើយយើងឡើងចុះៗឡើងៗចុះអត់បានធ្វើអីទេ ចង់និយាយថាប្ដីឡើងតុលាការ ឡើងទៅសួរសុខទុក្ខប្ដីអ៊ីចឹង និយាយទៅយើងអត់បានប្រកបរបបរកស៊ីអីឱ្យជាក់លាក់ និយាយទៅយើងលំបាកណាស់អូន»

មេធាវីការពារក្តីឱ្យលោក នី ណាក់ គឺលោកមេធាវី ជួង ជូងី បានឱ្យដឹងថា ឥឡូវនេះសំណុំរឿងលោក នី ណាក់ កំ​​ពុ​ងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ដែលមិនទាន់កាត់ក្ដីថាកូនក្តីរបស់ខ្លួនមានទោស ឬយ៉ាងណានៅឡើយទេ ហើយបើតាមផ្លូវ លោក នី ណាក់ មានសិទ្ធិក្នុងការទាមទារឱ្យតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្ដុះអាសន្ន។

លោកបន្តថា៖ «ហើយផ្លូវច្បាប់តុលាការគេឃុំខ្លួន គេមានការបារម្ភផ្សេងៗ ប៉ុន្តែនៅក្នុងស្មារតីច្បាប់ គេក៏មានចែងថាប្រសិនជាតុលាការមានការបារម្ភ គឺដាក់គំហឹតគាត់ទៅ ឱ្យគាត់នៅក្រៅឃុំប៉ុន្តែបដាក់លក្ខខណ្ឌឱ្យគាត់គោរពអញ្ចេះ១អញ្ចេះ២ទៅ ហើយបើក្នុងករណីថា ឱ្យគាត់នៅក្រៅគំហឹតឱ្យគាត់គោរព តែបែរជាគាត់មិនគោរព អាហ្នឹងចាំដាក់ឃុំខ្លួនគាត់ ប៉ុន្តែតុលាការមិនបានអនុញ្ញាតឱ្យគាត់នៅក្រៅឃុំដាក់គំហឹតកំណត់កុំឱ្យគាត់ធ្វើអញ្ចេះ១កុំឱ្យធ្វើអញ្ចេះ២ដាក់គំហិតឱ្យគាត់គោរពអត់បានធ្វើអញ្ចឹងទេ ឃុំខ្លួនគាត់តែម្ដង។ ហើយខ្ញុំជាមេធាវីកំពុងតែទាមទារឱ្យតុលាការដាក់លក្ខខណ្ឌឱ្យគាត់ទៅឱ្យគាត់នៅក្រៅឃុំទៅ ខ្ញុំកំពុងទាមទារអញ្ចឹង»

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ថាតុលាការគួរតែពិចារណាឱ្យ​លោក នី ណាក់ នៅក្រៅឃុំ ព្រោះជាបទល្មើសមជ្ឈឹមដែលមិនចាំបាច់ឃុំខ្លួនឡើយ ហើយលោកថាការដាក់នៅក្រៅ​ឃុំនេះមិនមែនជាការបញ្ចប់នីតិវិធីតុលាការទេ។

លោកបន្តថា៖«យើងគ្រាន់តែសង្ឃឹមថា តុលាការលោកនឹងពិនិត្យទៅលើការស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នរប​ស់​លោក នី ណាក់ ពីព្រោះការនៅក្រៅឃុំបណ្ដោះអាសន្នមិនមែនជាការបញ្ចប់នូវសំណុំរឿង ឬក៏បញ្ចប់នីតិវិធីនៅតុលាការទេ ពីព្រោះតាមផ្លូវច្បាប់យើងឃើញហើយគេជ្រើសរើសសេរីភាពជាមូលដ្ឋាន បានន័យថាជ្រើសរើសការនៅក្រៅឃុំជាគោល លើកលែងតែករណីចាំបាច់ ថាត្រូវតែឃុំខ្លួនបណ្ដោះអាសន្នដោយកាលៈទេសៈចាំបាច់ណាមួ​យហើយបទល្មើសហ្នឹងវាអាចជាធ្ងន់ធ្ងរ ប៉ុន្តែបទល្មើសនេះជាបទល្មើសមជ្ឈឹម អ៊ីចឹងការស្នើសុំនៅក្រៅឃុំនេះគួរតែ​​ត្រូវបានពិចារណាផងដែរ»

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោក នី ណាក់ ត្រូវចាប់ខ្លួន និងរង់ការចោទប្រកាន់ពីបទ​ «ការ​មិន​រាង​ចាល​ក្នុង​​បទ​មជ្ឈឹម បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទ​មជ្ឈឹម​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យមាន​ការ​រើស​អើង » ដែ​ល​​ប្តឹង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ លោក ​ហេង សួរ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សាររិះគន់​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក។ ហើយនៅថ្ងៃទី២៨ ​ខែ​មករា​ ឆ្នាំ ​២០២៤ ​លោក ​នី ណាក់ ​ត្រូវ​បាន​ផ្ទេរ​ពី​ពន្ធនាគារ​ព្រៃ​ស​ក្នុង​រាជធានី​ភ្នំពេញ ​ទៅឃុំខ្លួ​ន​​បណ្តោះ​​អា​​សន្ន​​ នៅ​​​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ខេត្ត​ត្បូង​ឃ្មុំ ​ក្រោមហេតុផល​ថា​នៅ​ពន្ធនាគារព្រៃ​ស មានកំណើនជនជាប់ឃុំច្រើ​ន​​​​៕