មនុស្សមួយក្រុមធំកំពុងមមាញឹកដើរមើលការដាក់បង្ហាញរូបថតនៅលើជញ្ជាំង ដែលរូបថតនីមួយៗ បង្ហាញពីសម្រស់ និងប្រភេទផ្សេងៗគ្នានៃសត្វស្លាបនៅកម្ពុជា។ ក្នុងអាក្បកិរិយាញញឹម ផ្ទៀងមើលរូប និងអានសំណេររៀបរាប់តាមផ្ទាំងនីមួយៗ អ្នកខ្លះក៏បានទាញទូរសព្ទដើម្បីថត និងខ្លះទៀតឈរជាបន្តុំៗជជែកគ្នាពីការ«ពិព័រណ៍សត្វស្លាបកម្ពុជា» ក្នុងរាជធានីភ្នំពេញ។
ការយល់ដឹង និងការយកចិត្តទុកដាក់ចំពោះសត្វស្លាបនៅកម្ពុជា នៅមានកម្រិតតិចតួច ហើយការស្រាវជ្រាវពីសំណាក់អ្នកវិទ្យាសាស្រ្តខ្មែរនិងបរទេស ក៏មិនទាន់មានលក្ខណៈជាក់លាក់នៅឡើយ។ ការបរបាញ់និងការបំផ្លាញជម្រក បង្កជាការគំរាមកំហែងធ្ងន់ធ្ងរដល់សត្វស្លាបនៅកម្ពុជា ដែលនឹងអាចធ្វើឲ្យសត្វស្លាបប្រភេទកម្រខ្លះផុតពូជនាពេលអនាគត ជាពិសេសសត្វស្លាបព្រៃ ដែលមានសម្បុក និងរក្សាពងនៅរន្ធឈើធំៗ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញថតរូបសត្វស្លាប និងសត្វព្រៃ ដែលមានភាពសកម្មក្នុងការតស៊ូមតិខាងការពារនិងអភិរក្សសត្វព្រៃ។
លោក ស៊ុយ សេងលីម បានប្រាប់ Newsroom Cambodia ថាពិព័រណ៍នេះធ្វើឡើង ដើម្បីផ្សព្វផ្សាយពីប្រភេទសត្វស្លាប សត្វព្រៃនានា ព្រមទាំងផ្សារភ្ជាប់ប្រជាជនកម្ពុជាឱ្យចេះស្រលាញ់បេតិកភណ្ឌធម្មជាតិ និងជីវិតសត្វព្រៃទាំងនោះ តាមរយៈការចុះផ្តិតយករូបភាពប្រភេទសត្វស្លាប និងសត្វព្រៃនៅតំបន់ផ្សេងៗគ្នានៅកម្ពុជា និងប្រទេសជិតខាង។
លោកថ្លែងថា៖ «សត្វដែលត្រូវអភិរក្សគឺសត្វព្រៃទាំងអស់ យើងលើកយកសត្វស្លាបមក[តាំងពិរពណ៌] ដោយសារសត្វស្លាបយើងស្រួលថត យើងមានឱកាសបានឃើញច្រើនជាងសត្វដទៃទៀត […] ហើយសត្វស្លាបមានពណ៌ស្អាតៗច្រើនដែរ។ អ៊ីចឹងពណ៌យើងដាក់ជាមួយ Photography(រូបថត) វាទាក់ភ្នែកមនុស្សដែលជាសារមួយសម្រាប់បញ្ចុះបញ្ចូលមនុស្សឱ្យឃើញសោភណ្ឌភាពល្អ និងទាក់ទាញមនុស្សមកដែរ»។
សម្រាប់ លោក សេងលីម «ភាពជាគំរូ» អាចជួយជំរុញឱ្យប្រជាជនខ្មែរជាពិសេសយុវជនស្រឡាញ់ និងការពារអភិរក្សសត្វស្លាប និងធនធានធម្មជាតិដែលកម្ពុជាកំពុងមាន។
លោកថ្លែងថា៖ «សំដីល្អមិនស្មើគំរូល្អ យើងត្រូវបង្ហាញការស្រលាញ់ឱ្យគាត់[ប្រជាជនខ្មែរ]មើលឃើញសិនអ្វីដែលខ្ញុំធ្វើគឺបង្ហាញពីការស្រលាញ់ឱ្យគាត់មើលឃើញអ៊ីចឹងខ្ញុំសង្ឃឹមថានឹងមានអ្នកស្រលាញ់តាមបណ្ដើរៗ»។
លោក សេងលីម រំពឹងថា រដ្ឋាភិបាលនឹងផ្តល់ការយកចិត្តទុកដាក់ និងជួយគាំទ្រគម្រាងនេះប៉ុន្តែលោកថា លោកមិនទាន់ទទួលបានការជួយជ្រោមជ្រែងណាមួយពីរដ្ឋាភិបាលនៅឡើយទេ។
លោក សេងលីម ព្យាយាមចែករំលែកចំណេះដឹងទៅតាមលទ្ធភាពរបស់លោក តាមរយៈការផ្សព្វផ្សាយតាមសាលារៀន និងតាំងពិរពណ៌នានា។ លោកថាការអភិរក្សទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ទាំងរដ្ឋាភិបាល និងសាធារណជន។
លោកពន្យល់ថា៖ «យើងនៅមានសត្វស្លាប មានសត្វព្រៃគ្រាន់តែចំនួនតិចច្រើនប្រែប្រួលតាមតំបន់ហើយព្រៃយើងក៏នៅដែរគ្រាន់តែ វាមានការខូចខាតមួយចំនួន ប៉ុន្តែនៅតែជាកន្លែងល្អនៅតែជាជំរកល្អសម្រាប់សត្វព្រៃ។ បើយើងព្យាយាមបញ្ឈប់ការធ្វើឱ្យវាខូច [ព្រៃឈើ] ព្យាយាមការពារពីពេលឥលូវហ្នឹងទៅវានឹងក្លាយជាជំរកល្អរបស់សត្វព្រៃទៅថ្ងៃអនាគតដែរ វាមិនទាន់ហួសពេល។ […] ដំណាក់កាលនេះយើងគួរកុំហូបសត្វព្រៃ»។
ក្រៅពីអាជីពជាអ្នកថតរូប លោក សេងលីម ក៏ធ្លាប់បានតស៊ូមតិខាងការពារនិងអភិរក្សសត្វព្រៃប្រកបដោយចីរភាពផងដែរ។ ការថតរូប បានក្លាយជាចំណូលចិត្តរបស់លោក សេងលីម នៅពេលលោកបានស្គាល់អ្នកសារព័ត៌មានជនជាតិបារាំងម្នាក់កំឡុងឆ្នាំ២០០០។ ក្រោយមកលោក មានការប្តេជ្ញាចិត្តមួយ ក្លាយជាអ្នកថតរូបសត្វព្រៃជាពិសេសផ្តោតលើសត្វព្រៃដែលសម្បូរបែបនៅប្រទេសកម្ពុជាយើង។
ដោយសារមើលឃើញនូវការធ្លាក់ចុះនៃសត្វស្លាបនៅស្រុកកំណើតដែលស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល។ លោកក៏បានចាប់ផ្តើមបង្កើតគម្រោងលើកកម្ពស់ការយល់ដឹងអំពីការបាត់បង់ជម្រកសត្វព្រៃ ដោយបានខិតខំប្រឹងប្រែង និងលះបង់លើសពីការថតរូបទៅទៀត។
បើតាមបទពិសោធន៍របស់លោក សេងលីម ការថតសត្វស្លាបមានបញ្ហាប្រឈម និងការលំបាកច្រើន។ នេះក៏ព្រោះតែការផ្តិតយករូបភាពសត្វស្លាប ត្រូវការពេលវេលា ចិត្ត អំណត់ ការស្រឡាញ់ពិតប្រាកដ និងការមិនងាយបោះបង់។ ចំណែក បញ្ហាប្រឈមទាំងនោះ មានដូចជាអាចជួបគ្រោះថ្នាក់ដោយសារការចុះថតក្នុងព្រៃជ្រៅស្ងាត់តែម្នាក់ឯង សត្វប្រភេទខ្លះ ផ្អើលបាត់ពេលឃើញស្រមោលមនុស្ស ឯពេលខ្លះទៀតលោកត្រូវក្រោកម៉ោង៣ភ្លឺដើម្បីថតរូបសត្វស្លាបទាំងនោះ។
លោក សេងលីម ចង់ឃើញសត្វស្លាបហើរទាំងហ្វូងៗដូចពីមុន ក៏ប៉ុន្តែលោកគូសបញ្ជាក់ថាបច្ចុប្បន្នទិដ្ឋភាពទាំងនោះលែងមានដូចមុនហើយ។ ហើយនេះក៏ជាមូលហេតុមួយ ជំរុញឲ្យលោកសម្រេចចិត្ត ថតរូបជាសន្លឹកទុកឱ្យក្មេងជំនាន់ក្រោយបានឃើញ និងស្គាល់អ្វីដែលជា សម្បត្តិធម្មជាតិរបស់ខ្មែរ។
លោក Miller ជាអ្នកថតរូបឯករាជ្យ និងជាអ្នកបណ្តុះបណ្តាលថតរូបម្នាក់ទៀត ដែលបានប្រលូកក្នុងវិស័យនេះអស់ជាង១២ឆ្នាំមកហើយ។ លោក Miller បានប្រាប់ Newsroom Cambodia ថាការតាំងពិព័រណ៍សត្វពិតជាមានសារៈសំខាន់ណាស់ ព្រោះប្រជាជនយើងភាគច្រើនមិនធ្លាប់បានឃើញពីសម្រស់ និងភាពស្រស់ស្អាតនៃប្រភេទសត្វស្លាប និងជីវចម្រុះទាំងអស់ដែលមាននៅក្នុងព្រៃនោះទេ។ លោកបន្ថែមថា ពិព័រណ៍សត្វស្លាបនេះជាការអប់រំ និងនាំសារឱ្យប្រជាជនឈប់ប្រព្រឹត្តបទល្មើសដាក់អន្ទាក់ និងលែងបរិភោគសត្វស្លាប ជាពិសេសប្រភេទសត្វព្រៃ ឬសត្វកម្រនានា។
លោកថ្លែងថា៖ «ទីមួយវានឹងជួយដល់សហគមន៍។ ទីពីរជួយជំរុញវិស័យទេសចរណ៍ផ្នែកទស្សនាសត្វ។ អ៊ីចឹងការពិពរណ៍វាជំរុញក្នុងការផ្សព្វផ្សាយខ្លាំងមែនទែន ហើយក៏ខ្ញុំសង្ឃឹមថាតាំងពិពរណ៍មួយនេះមានអ្នកចូលរួមច្រើន ហើយបានដឹងដល់សាធារណៈជនយើងឱ្យបានមកមើល។ សត្វវាមិនមែនគ្រាន់តែជាចំណីដែលយើងយកមកធ្វើម្ហូបទេ វាមានប្រយោជន៍ច្រើនជាងការញ៉ាំ និងការចាប់លក់ហ្នឹងទៅទៀត»។
លោកសង្ឃឹមថាប្រជាជនកម្ពុជានឹងយល់ដឹងជាងមុនពីសត្វស្លាប ជាពិសេសសារប្រយោជន៍របស់សត្វស្លាបចំពោះសេដ្ឋកិច្ចសហគមន៍ និងវិស័យទេសចរណ៍ ឧទាហរណ៍ការបង្កើតជាសួនសត្វធម្មជាតិដែលអាចឲ្យភ្ញៀវទេសចរបរទេសស្គាល់ និងមកទស្សនានៅកម្ពុជា។
លោកបន្តទៀតថា៖ «បើប្រជាជនខ្មែរទាំងអស់មានការយល់ដឹងមានចំណេះដឹងទៅលើរឿងទាំងអស់ហ្នឹង[អភិរក្ស] ខ្ញុំគិតថាល្អណាស់ ល្អដល់អ្នកជំនាន់ក្រោយយើងធ្វើអ្វីក៏ដោយត្រូវគិតដល់អ្នកជំនាន់ក្រោយ អ៊ីចឹងបើយើងបំផ្លាញនៅពេលឥឡូវ តើសង្ឃឹមអីអ្នកជំនាន់ក្រោយអាចឃើញវា ជីវៈចម្រុះនិងសត្វស្លាបវាត្រូវការរស់នៅជាមួយយើងមិនមែនឃើញមនុស្សវារត់ប្រាស់ជីវិតទេ»។
លោកថាតាំងពិពរណ៍នេះបានបង្រៀនលោកអំពីចរិតលក្ខណៈ អាកប្បកិរិយា និងបរិស្ថានរស់នៅរបស់សត្វ ហើយលោកថាមានសត្វស្លាបប្រភេទខ្លះបានចំណាកស្រុក អន្តោប្រវេសន៍ពី ប្រទេសផ្សេងៗមកតាំងលំនៅបង្កាត់កូននៅប្រទេសកម្ពុជា រួចទើបហើរត្រឡប់ទៅវិញ។
លោកបន្តថា៖ «សត្វស្លាបក៏ដោយ សត្វចិញ្ចឹមក៏ដោយ បើយើងស្និទ្ធស្នាលជាមួយវា យើងព្យាយាមអង្គេតវា យើងនឹងស្គាល់ចរិតរបស់វាដូចគ្នាដែរ ព្រោះសត្វវាមានលក្ខណៈដូចតែមនុស្សយើងអ៊ីចឹងមានលក្ខណៈខុសៗគ្នា ឯសត្វក៏ដូចគ្នា»។
លោក Miller ប្រៀបធៀបការដាក់អន្ទាក់ និងការបរបាញ់ទៅនឹងបរិបទសង្គ្រាមយ៉ាងដូច្នេះ៖
«ពេលមានសង្គ្រាមយើងចេះខ្លោចផ្សា សត្វពេលយើងទៅបំបែកបំបាក់សម្លាប់វា វាក៏ត្រូវការសន្តិភាពដែរនិងរស់ជួបជុំគ្រួសារវាដែរ វាមិនអាចឆ្លើយឆ្លងជាមួយយើងបានប៉ុន្តែកការឈឺចាប់វាមានដូចតែយើងអ៊ីចឹង»។
អ្នកថតរូបអាជីពរូបនេះ លើកឡើងថាបើមិនចាត់វិធានការការពារជាបន្ទាន់នោះទេ ប្រភេទសត្វជាច្រើននឹងឈានទៅដល់ការផុតពូជ។
អង្គការ WWF-កម្ពុជា បានបង្ហោះនៅលើហ្វេសប៊ុកកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ ថា«ថ្ងៃនេះជាទិវាប្រភេទសត្វជិតផុតពូជ» ដែលរំលឹកដល់យើងទាំងអស់គ្នាដឹងថាប្រភេទសត្វព្រៃជាច្រើនប្រឈមនឹងហានិភ័យនៃការផុតពូជ។ ជាក់ស្តែងសត្វត្រយងចង្កំក-ស គឺជាសត្វស្លាបដ៏កម្របំផុតមួយនៅក្នុងពិភពលោកហើយប្រឈមនឹងការផុតពូជជាសាកលដោយសារតែការគំរាមកំហែងដូចជាការបរបាញ់ការជាប់អន្ទាក់និងការបាត់បង់ទីជម្រក។ អង្គការ WWF-កម្ពុជា កំពុងសហការជាមួយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនិងអង្គការអភិរក្សដទៃទៀតដើម្បីការពារប្រភេទសត្វនេះតាមរយៈកម្មវិធីការពារសំបុកសត្វស្លាប។
«ពិព័រណ៍សត្វស្លាបកម្ពុជា» នេះបានក្លាយជាវេទិកា និងឱកាសសម្រាប់យុវជន និងសាធារណជនស្វែងយល់ និងពិភាក្សាពីស្ថានភាពសត្វស្លាបនៅកម្ពុជា។
អ្នកស្រី ស៊ូ បូរ៉ាមី ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបានចូលរួមទស្សនាពិព័រណ៍ស្តីអំពីសត្វស្លាបនៅកម្ពុជាប្រាប់ Newsroom Cambodia ថាកន្លងមកអ្នកស្រីធ្លាប់ទៅទស្សនាតំបន់អភិរក្សសត្វព្រៃនៅក្នុងខេត្តព្រះវិហារ។ ម្យ៉ាងទៀតអ្នកស្រីស្រលាញ់ចូលចិត្តសត្វព្រៃ សត្វស្លាប ហេតុនេះទើបមកទស្សនាពិព័រណ៍ផ្ទាល់ដើម្បីចង់ស្វែងយល់បន្ថែមពីសត្វស្លាប ធនធានធម្មជាតិ ព្រមទាំងមកគាំទ្រស្នាដៃអ្នកថតរូបខ្មែរផងដែរ។
អ្នកស្រីបន្ថែមថា៖ «ក្នុងនាមខ្ញុំជាគ្រូបង្រៀនខ្ញុំត្រូវការចំណេះដឹងទូលំទូលាយដែរ ជាពិសេសអ្វីដែលស្រុកខ្មែរមាន យើងត្រូវដឹងដូចចម្រៀងគេនិយាយថា ស្រឡាញ់អ្វីដែលខ្មែរមាន ចុះបើអត់ដឹងរបស់យើងមានអីគេខ្លះផង ស្រឡាញ់យករូប[សត្វ]ពីGoogleមក ហើយចេះតែថាបរទេសថតស្អាត ខ្មែរយើងក៏ថតស្អាតដែរ»។
កញ្ញា លី ស៊ូហ៊ាង ជាសហស្ថាបនិកនៅអង្គការ YEP ឬ (Youth Empowerment Academy) បានប្រាប់ Newsroom Cambodia ថាពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តដែលបានឃើញការតាំងពិពរណ៍រូបថតសត្វស្លាបនៅកម្ពុជា។ កញ្ញាថាខ្លួនចូលចិត្តមើលសម្រស់សត្វស្លាប ហើយសម្គាល់ឃើញលក្ខណៈពិសេសរបស់សត្វស្លាបថា ជាទូទៅសត្វស្លាបមានការផ្លាស់ប្តូរពណ៌ និងរូបរាងទៅតាមរដូវកាល ដែលកញ្ញាយល់ថា«អស្ចារ្យ»។
កញ្ញាថ្លែងថា៖ «ធម្មជាតិបង្កើតមកធ្វើឱ្យសត្វស្លាបហ្នឹងវាដូចមនុស្សយើងអ៊ីចឹងយើងមានពេលស្អាត យើងមានពេលធម្មតា និងចង់មកមើលរូបថតគេថតផ្ទាល់ៗដោយសារអីយើងឃើញផ្ទាល់ភ្នែកយើងគិតថាស្អាតប៉ុន្តែពេលខ្លះវានៅឆ្ងាយ វាអត់បានបញ្ជាក់ដូចនៅក្នុងរូបដែលគេថតទេ ពេលដែលគេថតមកវាឡើងច្បាស់ វាមានពន្លឺជះមកជាមួយរោមសត្វជាមួយពណ៌អ៊ីចឹង»។
កញ្ញាថាអ្វីដែលចាប់អារម្មណ៍ជាងគេគឺអ្នកថតរូប ព្រោះពួកគេជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តខ្លាំង និងការអំណត់ខ្ពស់ ព្រោះសត្វស្លាបមិនមែនសត្វដែលនៅមួយកន្លែងនោះទេ ហើយតែងតែផ្លាស់ទីឥតឈប់ឈរ។ កញ្ញាពិតជាមានមោទនភាពដែលបានឃើញរូបទាំងអស់នោះថតមកបានស្អាត និងកោតសរសើរដល់អ្នកថតរូបខ្មែរយើងដែលគាត់ខំចំណាយពេលដើម្បីបានរូបថតទាំងអស់នោះ។
លោក វីរ៉ា ចន្ទ្រា ជាអ្នកថតរូបវ័យក្មេងបានប្រាប់ Newsroom Cambodia បង្ហាញអារម្មណ៍រំភើបពេលបានឃើញស្នាដៃកូនខ្មែរស្អាតលើសពីការរំពឹងទុករបស់លោក។ លោកមានក្តីស្រមៃចង់ក្លាយជាអ្នកថតរូបអាជីព បន្តដើរតាមគន្លងអ្នកជំនាន់មុន និងរៀនសូត្រអ្វីដែលថ្មីៗ ជាពិសេសក្លាយជាប្រជាពលរដ្ឋម្នាក់ដែលអាចជួយអភិរក្សសត្វស្លាបនៅកម្ពុជា និងផ្សព្វផ្សាយឱ្យប្រជាជនយើងយល់ដឹងពីតម្លៃនៃសត្វស្លាប។
លោកថ្លែងថា៖ «រូបសត្វនីមួយៗយើងអត់អាចថតមួយភ្លេត ឬក៏មួយម៉ោងពីរម៉ោងបានទេ អ៊ីចឹងយើងត្រូវការភាពអត់ធ្មត់ខ្ពស់ក្នុងការថតសត្វបានមួយៗ សត្វកាន់តែកម្រកាន់តែពិបាកថត»។
អ្នកថតរូបអាជីពទាំងពីររូបនេះ ទាំងលោក សេងលីម និងលោក Miller មានក្តីស្រមៃ និងបំណងប្រាថ្នាចង់ឱ្យកូនខ្មែរចាប់អាជីពការថតរូប និងចូលរួមអភិរក្សសត្វស្លាបដែលកំពុងមានបច្ចុប្បន្នឱ្យបានល្អប្រសើរ។ អ្នកទាំងពីរ ក៏ ចង់ឃើញការចាប់អារម្មណ៍ក្លាយទៅជាសកម្មភាពអភិរក្សជាក់លាក់ជាជាងគ្រាន់តែនិយាយថាខ្លួនស្រឡាញ់សត្វ។
គួរបញ្ជាក់ផងដែរថា ការដាក់តាំងពិព័រណ៍ស្តីអំពី «សត្វស្លាបនៅកម្ពុជា» នៅមជ្ឈមណ្ឌលបុប្ផាណានេះ ធ្វើឡើងចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ការតាំងពិព័រណ៍នេះ គឺជាស្នាដៃរបស់លោក ស៊ុយ សេងលីម ដែលជាស្ថាបនិកនៃគម្រោងអប់រំនិងអភិរក្សសត្វស្លាបនៅកម្ពុជា (BCEC) ដោយត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២៕