ប្រជាពលរដ្ឋចំនួន៤គ្រួសារជាដើមបណ្តឹងព្រមបញ្ចប់វិវាទក្នុងសំណុំរឿងដីធ្លីទំហំ១០ហិកតាខណៈចុង​ចោ​​ទដែលជាតំណាងពលរដ្ឋ៨៣គ្រួសារចាត់ទុកបណ្តឹងប្រឆាំងរូបលោកថា ជារឿងមិនសមហេតុផល។

ថ្លៃងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក សេន ហេន ជា​​ព​ល​រដ្ឋម្នាក់ក្នុងចំណោម៣គ្រួសារផ្សេង ដែលជាម្ចាស់បណ្តឹង លើកឡើងថា នៅព្រឹកមិញនេះ អភិបាល​ស្រុក​បា​​ន​ដោះ​​បញ្ចប់បញ្ហានេះរួចហើយ។លោកបន្តថា នៅចំពោះមុខរដ្ឋបាលស្រុក លោក ប៊ុត ជ្រឹង ដែលជាចុង​ចោ​ទក្នុងរឿងដីធ្លីនេះ ឆ្លើយតបទាំងគ្មានឯកសារគ្រប់គ្រាន់តាមផ្លូវច្បាប់ ដែលសំអា​ងថាដីដែ​​លព​ល​រដ្ឋ​ប្តឹ​ង​​នោះ​លោកបានមកដោយរបៀបណាជាដើម។

លោកបន្តថា៖«បាទខ្ញុំទើបមកដល់ផ្ទះហ្នឹងឯងចៅហ្វាយស្រុកគាត់បានដោះស្រាយ​ពាក្យបណ្តឹងអស់រ​លើ​ង​ហើយតា ព្រោះ ប៊ុត ច្រឹង គាត់ធើ្វអត់មូលដ្ឋានច្បាស់លាស់បាទ អភិបាលស្រុកគាត់សួររកឯកសារគឺគាត់អត់មានឯកសារច្បាស់លាស់ហើយគាត់មនុស្សចំណាកស្រុកទៅ១០ឆ្នាំ​ ២០ឆ្នាំនៅថៃហើយគាត់ចេះតែដា​ក់​បញ្ចូលចឹងហាណាបាទ»

ទាកទិនវិវាទដីធ្លីក្នុងទំហំដី១០ហិតកា ដែលស្ថិតនៅក្នុងចំណោមដីជាង១១៤ ហិកតា នេះគឺជា​ប្រ​ភេ​ទ​ដី​ស​​ម្ប​ទានដីសង្គម ស្ថិតនៅក្នុងភូមិសាស្រ្តភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័​យ។ព​ល​​រដ្ឋ​​៤គ្រួសារ បានដាក់បណ្តឹងសុំកិច្ចអន្តរាគមន៍ពីសាលាស្រុកថ្មពួក កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយ​ចោទប្រ​កាន់​​លោ​ក​ ប៊ុ​ត​​ ច្រឹង និងមនុស្សមួយចំនួនទៀត ពីបទរំខាន និងរារ៉ាំងការធ្វើស្រែ។

ដោយឡែក លោក ប៊ុត ច្រឹង ដែលរងបណ្តឹងនៅក្នុងវិវាទដីធ្លីនេះ ក្នុងចំណោមមនុស្សផ្សេងទៀត លើកឡើ​ង​​​ក្រោយបិទបញ្ចប់កិច្ចប្រជុំថា លោកមិនបានរារ៉ាំងដូចបទចោទទេ។លោកបន្តថា អ្វីដែលលោ​​កអនុ​​វត្ត​​កន្ល​ង​ទៅនេះ គឺជាការការពារដីក្នុងនាមលោកជាតំណាងឱ្យពលរដ្ឋជាង៨៣គ្រួសារ សម្រាប់អាស្រ័យ​ផលជា​រួម ព្រោះដីនេះគឺជាសម្បទានសង្គមកិច្ច ដែលរដ្ឋផ្តល់ឱ្យពលរដ្ឋ​ប្រើប្រាស់ទៅតាម​​តម្រូវកា​រចាំ​​បា​​ច់​​នៅ​​ក្នុង​​ស​​ហគមន៍។

លោកបន្តថា៖ «ដើមបណ្តឹងប្តឹងយើងពីបទ រារុំាងការធើ្វស្រែ រួចគេថាគេបានដីឈ្មួញដល់យើងនិយាយថាដីយើងបានមកពីរដ្ឋឲ្យគេនិយាយថាយើងមិនប្តឹង និយាយរឿងប្តឹងនោះដល់តែសែនប្តឹងហើយមិនដឹងគេយ​ក​បណ្តឹងយើងទៅទុកចោលនៅណាទេពួកខ្ញុំជាអ្នករងគ្រោះដែលគេមករំលោភដីនោះជាដីសម្បទានស​ង្គ​​មកិច្ច ដីទំហំ១០ ហិចតា»   

ចំណែកអភិបាលស្រុកថ្មពួក លោក អែម សុខា បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយលោកអះ​អា​​ង​​ដោ​​​យខ្លីថា កំពុងជាប់ភារកិច្ចដែលមិនអាចផ្តល់ការអត្ថាធិប្បាយបាន។

លោកបន្តថា៖ «ខ្ញុំមិននេះទៅព្រោះថ្ងៃខ្ញុំជាប់កម្មវិធីប្រកាសខ្ញុំតែងតាំងថ្មី ខ្ញុំអត់មានពេលទេ»                   

ជុំវិញរឿងនេះ មេឃុំគោររមៀត លោក នៃ ពៅ ទទួលស្គាល់ថាវិវាទនេះ បានអូសបន្លាយជាយូរមកហើយ និ​ង​មា​នភា​ពស្មុគស្មាញ ហើយនៅ​​​តែដោះស្រាយមិនចេញ។លោកបដិសេធថា ការចូលរួមស្វែ​ងរកច្រក​ចេញ​​​កាលពីព្រឹកមិញ នៅសាលា​ស្រុ​​ក ក្នុងនាមរដ្ឋបាលឃុំលោកមិនបានចូលរួមទេ ដោយ​សារជា​ប់រវ​​ល់កិ​ច្ច​កា​រ​​ផ្សេ​ង។

លោកបន្តថា៖ «ករណី ប៊ុត ច្រឹង អាវិវាទហ្នឹងវាមិនចេះចប់មិនចេះហើយទេ ដោយសារក្រុមការងាររបស់គា​ត់​ហ្នឹងទទួលសហគមន៍មកពីណាពីណីហ្នឹង គាត់ដាក់តាមពិតដីចំណុចហ្នឹងវាជាដីបងប្អូនប្រជាពលរដ្ឋធ្លា​​ប់​​​រស់នៅទី២ពួករស់នៅហ្នឹងបង្កើតសហគមន៍ហ្នឹងទន្រ្ទានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដល់ពេលចឹង​​ទៅ​​មានពាក្យបណ្តឹងមកឃុំក៏ចរចាចូលអ្នកស្រុកថ្ងៃនេះខ្ញុំមិនបានចូលរួមទេដោយសារការងារច្រើនខ្ញុំឲ្យជំទប់ទ២ចូលរួម ចង់បញ្ជាក់ជូនចឹង »

ដោយឡែក លោក ភុន ឈិន មន្រ្តីអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន សង្កេតឃើញថា ជម្លោះដីធ្លីនេះគឺនៅត្រង់ការសម្រេ​ចចុងក្រោយរប​ស់អាជ្ញាធរ​មូ​ល​ដ្ឋា​​​នទេ។លោកបន្តថាប្រសិនបើរដ្ឋបាលថ្នាក់ស្រុក ឬឃុំចេញប្លង់កម្មសិទ្ធិឱ្យពួកគាត់ ឱ្យបានឆាប់បញ្ហា​នេះ​​នឹ​ង​​ដោះបញ្ចប់គ្មានអ្វីជាមន្ទិលសង្ស័យទៀតឡើយ។

លោកបន្តថា៖«បាទទាក់ទងជាមួយករណីហ្នឹងគឺខាងអង្គការលីកាដូ ដែលតែងតែបានធើ្វការឃំា្លមើលដំ​​ណើ​រការនៃការដោះស្រាយវិវាទនៅកន្លែងហ្នឹងកន្លងមកហ្នឹងយើងយល់ឃើញថាបញ្ហានៅសល់ត្រឹមតែអា​​ជ្ញាធរគាត់មិនទាន់បានចុះទៅធើ្វការវាស់វែងដើម្បីសំរេចផ្តល់ជាប័ណ្ណកម្មសិទ្ធិដល់អ្នកដែលគាត់ទទួលបានរបបដីនៅក្នុងតំបន់ហ្នឹងបាទ»      

ទាក់ទិនដីទំនាស់នេះ ពលរដ្ឋ៥រូបតំណាងឱ្យ៨៣គ្រួសារ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើញត្តិរួមគ្នាមួយ កាលពីថ្ងៃទី២០ ខែឧសភា ហើយដែលគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃនេះឱ្យដឹងថាពួកគេស្នើសុំឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញសុរិយោដីខេត្ត ចុះវាស់វែងកំណត់ព្រំដីសម្បទានសង្គមកិច្ច និងចុះបញ្ជីលក្ខខណៈជាប្រព័ន្ធឱ្យបានលឿន។តំណាងពលរដ្ឋអះអាងថា​បើទោះជា​​ពលរដ្ឋ​បា​​​​នស្នើសុំជាច្រើនលើកច្រើនសារកន្លងទៅហើយក្តី ពួកគេនៅមិនទាន់ទទួលបានដំ​ណោះស្រាយជាវិជ្ជមា​ន​​ណាមួយនៅឡើយពីរដ្ឋបាលខេត្ត និងស្ថាប័នជំនាញគិតមកដល់ពេលនេះ៕