ក្រុមអ្នកឃ្លាំមើលសង្គមបានលើកឡើងស្រដៀងគ្នាថាប្រតិកម្មរបស់សហជីពដែលគាំទ្ររដ្ឋាភិបាលប្រឆាំងរបាយការណ៍កាលពីដើមខែមិថុនារបស់អង្គការសង់ត្រាល់ធ្វើឡើងដោយមិនមានភស្តុតាងគ្រប់គ្រាន់ និងជាការរឹតត្បឹតសេរីភាពសហជីព ខណៈក្រសួងមហាផ្ទៃអះអាងថាខ្លួននឹងបន្តអង្កេត និងតាមដានចំពោះទំនាស់មួយនេះ។
ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីសហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋានដែលគាំទ្ររដ្ឋាភិបាល តំណាងឲ្យកម្មករ៩ម៉ឺននាក់ ជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យមានការត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់អង្គការ «សង់ត្រាល់» ដែលក្រុមសហជីពទាំងនេះ ចាត់ទុកថាធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។
គេសង្កេតឃើញថា ប្រតិកម្មជាហូរហែររបស់សហជីពដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពី អង្គការសង់ត្រាល់ បានចេញនូវរបាយការណ៍មួយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដែលបញ្ជាក់ថាការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពឯករាជ្យកម្ពុជានៅតែទទួលរង់ការរារាំង តាមរយៈការគំរាមកំហែងគ្រប់រូបភាព។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ឱ្យដឹងនៅថ្ងៃនេះថា ការតវ៉ារបស់សហជីពជាហូហែរនេះគឺជាកង្វះខាតផ្នែកវិជ្ជាជីវៈ ដោយសារតែពួកគេមិនមានភស្តុតាងគ្រប់គ្រាន់នៅក្នុងការដាក់បន្ទុកនោះទេ ផ្ទុយទៅវិញច្រានចោលដោយទទេរ។
លោកបន្តថា៖«ស្ថាប័នមួយដែលអត់មានជំនាញនៅក្នុងការសិក្សាស្រាវជ្រាវ ហើយមិនដែលមានរបាយការណ៍ជាស្តង់ដារ ជាទូទៅគឺមើលមិនឃើញអំពីគុណតម្លៃនៃលទ្ធផលនៃការសិក្សាស្រាវជ្រាវទេ។ […] ពាក់ព័ន្ធនឹងសកម្មភាពដែលពួកគាត់បដិសេធ វាអត់មានច្បាប់ណាមួយដែលតម្រូវឲ្យស្ថាប៏នដទៃទៅវាយតម្លៃលទ្ធផលការងាររបស់ស្ថាប័នណាមួយទៀតទេ។ ហើយបើក្នុងករណីគាត់អត់មានរបាយការណ៍ណាមួយដើម្បីយកមកធ្វើការប្រៀបធៀបទេ វាជាកង្វះវិជ្ជាជីវៈ »។
បើតាមលោក សេក សុជាតិ ការដែលសហជីពប្រើប្រាស់ភាពជិតស្និតរបស់ខ្លួនជាមួយរដ្ឋាភិបាលដាក់សម្ភាធទៅលើអង្គការសង្គមស៊ីវិលដែលឯករាជ្យ មិនបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ និងថែមទាំងប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលថែមទៀតផង។
លោកបន្តថា៖ «នេះគឺជាការបង្អាក់សកម្មភាពរបស់អ្នកដទៃដើម្បីលើកម្ពស់គុណតម្លៃខ្លួនឯង។ […] ការប្រើប្រាស់ឥទ្ធិពល និងអំណាចដែលមានភាពស្អិតរមួតជាមួយនឹងរាជរដ្ឋាភិបាល ហើយយកទៅកៀបសង្កត់ទៅលើស្ថាប័នដែលគេឯករាជ្យ វាបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរមែនទែនទៅដល់ស្ថាប័នដែលចោទប្រកាន់គេទាំងដែលមិនមាននូវការសិក្សាស្រាវជ្រាវ ដោយគ្រាន់តែមើលរបាយការណ៍គេហើយទាត់ចោលតែម្តង។ […] បើបែបហ្នឹងមែន វានឹងធ្វើឲ្យគេមើលឃើញអំពីភាពលម្អៀងរបស់រដ្ឋាភិបាលទៅទៀត គាត់មិនបានជួយទេ មានតែធ្វើឲ្យកិត្តិយសរដ្ឋាភិបាលកាន់តែធ្លាក់ចុះ»។
ប្រហាក់ប្រហែលគ្នានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថាការយល់ឃើញខុសគ្នានៅក្នុងសង្គមប្រជាប្រជាធិបតេយ្យគឺជារឿងធម្មតា ប៉ុន្តែភស្តុតាងគ្រប់គ្រាន់គួរតែត្រូវបានបង្ហាញ។លោកបន្តថា ការសិក្សាស្រាវជ្រាវ និងបង្ហាញរបាយកការណ៍គឺជាផ្នែកមួយនៅក្នុងការចូលរួមចំណែករបស់អ្នកពាក់ព័ន្ធនៅក្នុងការកែលម្អដំណើរការ និងគោលនយោបាយផ្សេងៗ ផ្ទុយនឹងអ្វីដែលសហជីពបានលើកឡើងថាមានផលប៉ះពាល់ធ្ងន់ធ្ងរ។
លោកមានប្រសាសន៍ថា៖ «ការលើកឡើងជាមតិយោបល់ ឬក៏យល់ខុសគ្នានៅក្នុងសង្គមប្រជាធិបតេយ្យគឺជារឿងធម្មតា។ […] ប៉ុន្តែខ្ញុំយល់ថាចំពោះបញ្ហាហ្នឹង បើសិនជាមានភស្តុតាងផ្សេងដែលផ្ទុយពីហ្នឹងគួរតែបង្ហាញទៅកាន់សាធារណៈជន ឬក៏ធ្វើការស្រាវជ្រាវណាមួយផ្សេងទៀតដើម្បីធ្វើការប្រៀបធៀបគ្នាមើល ដើម្បីបង្ហាញថារបាយការណ៍ណាមួយមិនត្រឹមត្រូវ មិនពិតប្រាកដ »។
លើសពីនេះទៅទៀត លោក យង់ គិមអេង យល់ឃើញថាអង្គការសង់ត្រាល់នឹងនៅតែអាចឈរជើងបាន ដោយសារតែអង្គការនេះបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការយល់ដឹងរបស់កម្មករ ដោយលោកមើលឃើញថានេះជាប្រយោជន៍ធំមួយសម្រាប់សង្គមជាតិ។
លោកបន្តថា៖ «សង់ត្រាល់បានធ្វើកិច្ចការជាច្រើននៅក្នុងការឲ្យមានការយល់ដឹងជាទូទៅអំពីសិទ្ធិកម្មករជាហូហែរ ក៏ជាការជួយនៅក្នុងការការពារសិទ្ធិកម្មករ។ […] ខ្ញុំគិតថាជាប្រយោជន៍ធំដែរសម្រាប់រាជរដ្ឋាភិបាល រដ្ឋាភិបាលមានតែលើកទឹកចិត្ត ដោយសារតែនៅក្នុងសង្គមប្រជាធិបតេយ្យ និងកិច្ចការសង់ត្រាល់នេះ អាចជួយដល់រដ្ឋាភិបាល និងសង្គមច្រើន អាចថាសង់ត្រាល់ជាចំណែកមួយនៅក្នុងការធ្វើឲ្យមានការប្រសើរឡើងនូវសិទ្ធិសេរីភាពទាំងអស់ហ្នឹងដែរ »។
ដោយឡែក លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ដែលជាសហជីពមួយតវ៉ាប្រឆាំងរបាយការណ៍អង្គការ សង់ត្រាល់ និងបានដឹកនាំដាក់ញាត្តិទៅក្រសួងមហាផ្ទៃកាលពីព្រឹកមិញនេះបានឲ្យដឹងថា ស្ថាប័នសង្គមស៊ីវិលនេះ ធ្វើការដោយមិនគិតពីផលប្រយោជន៍របស់ជាតិទេ។ផ្ទុយទៅវិញ សកម្មភាពដែលធ្វើនេះ គឺជាការមួលបង្កាច់ និងធ្វើឱ្យជាតិត្រូវប្រេះឆា និងបែកបាក់ផ្ទៃក្នុងកម្ពុជា។
លោកបន្តថា៖ «របាយការណ៍សង់ត្រាល់មិនបានឆ្លុះបញ្ចាំងពីការពិតនិងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថេរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតនៅកម្ពុជាទាំងមូល។ របាយការណ៍នោះ មានចរិតនយោបាយ និងញុះញុង លាបពណ៌ ឲ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា»។
យ៉ាងនេះក្តី លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងឱ្យគេហទំព័រ Newroom Cambodia ឲ្យដឹងថាក្រសួងនឹងត្រួតពិនិត្យទៅចំពោះសំណើរ និងអន្តរាគមន៍តាមសំណើរដែលក្រសួងទទួលបានដោយផ្អែកលើច្បាប់ជាគោល និងអ្វីដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង។
លោកបន្តថា៖ «ជាជំហររបស់ក្រសួងមហាផ្ទៃគឺយើងធ្វើការងារទៅតាមច្បាប់ បែបបទរដ្ឋបាល ពេលមានការស្នើរសុំ យើងនឹងពិនិត្យទៅលើសំណើរនោះ ក៏ដូចជាពិនិត្យទៅលើលក្ខន្តិកៈ និងការអនុវត្តជាក់ស្តែងរបស់អង្គការសង់ត្រាល់ ដូចដែលសហជីពបានស្នើរសុំនូវការអន្តរាគមន៍នៅក្នុងក្របខណ្ឌមួយដើម្បីផលប្រយោជន៍ជារួម។ […] យើងនឹងតាមដានរឿងនេះជាបន្តបន្ទាប់ តាមដំនាក់កាលនីមួយៗអំពីស្ថានភាពទូទៅនៃភាគីទាំង២បន្តទៀត ដើម្បីថែរក្សានិរន្តរភាព សន្តិសុខ និងសណ្តាប់ធ្នាប់ជាសាធារណៈ »។
នេះជាលើកទី៣ហើយដែលក្រុមសហជីពគាំទ្ររាជរដ្ឋាភិបាលបានលើកគ្នាតវ៉ា និងដាក់លិខិតនានាជំរុញឱ្យក្រសួងមហាផ្ទៃចាត់វិធានការប្រឆាំងអង្គការ សង់ត្រាល់។ញត្តិដែលដាក់សុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃទាំងបីលើកមកនេះគឺមានខ្លឹមសារស្រដៀងគ្នាដោយមិនទទួលយករបាយការណ៍របស់សង់ត្រាល់ និងទាមទារឲ្យមានការកែប្រែ។
បើទោះជាបែបណា ក្រុមអ្នកឃ្លាំមើលសង្គម យល់ឃើញថាការត្រួតពិនិត្យការប្រើប្រាស់កញ្ចប់ថវិការរបស់អង្គការសង់ត្រាល់នេះហាក់មិនមានភាពចាំបាច់នោះទេ ដោយពួកគេលើកឡើងថាក្នុងនាមអង្គការក្រៅរដ្ឋាភិបាលដែលទទួលជំនួយ តែងឆ្លងកាត់ការធ្វើសវនកម្មចំពោញការចាយវាយពីសំណាក់សវនករឯករាជ្យ ដែលនេះគឺជារូបភាពមួយដែលមានតម្លាភាពគ្រប់គ្រាន់តាមផ្លូវច្បាប់។ប៉ុន្តែអ្វីដែលក្រុមសហជីពគាំទ្ររដ្ឋាភិបាលធ្វើនេះ មិនខុសពីអ្វីដែលរុញឱ្យអង្គការ សង់ត្រាល់ ដើរដល់ផ្លូវទាល់ច្រក និងជាការព្យាយាមបិទផ្លូវអង្គការនេះជាជាងមូលហេតុផ្លូវច្បាប់៕