ពលករខ្មែរកំពុងធើ្វការប្រទេសថៃដោយស្របច្បាប់ បានសើ្នសុំថៅកែដកហូតលិខិតឆ្លងដែនរក្សាទុកនៅនឹងខ្លួន ដោយអះអាងថាដើម្បីមានភាពងាយស្រួល ក្នុងករណីមានបញ្ហាកើតឡើងដោយចៃដន្យណាមួយ អាចប្រើប្រាស់លិខិតឆ្លងដែននេះ ដោះស្រាយបន្ទាន់។
ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ អ្នកស្រី លឹម គឹមស័រ ជាសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លើកឡើងថា ពលរដ្ឋករខ្មែរនៅពេលចុះធ្វើការនៅក្នុងប្រទេសថៃ និយោជកតែងដកហូតលិខិតឆ្លងដែន របស់ពួកគេទុកជារឿយៗ។ ប្រភពដដែលបន្តថា ការអនុវត្តដូចនេះ គឺជារឿងខុសច្បាប់ ព្រោះការដកលិខិតឆ្លងដែននេះ វាមានន័យស្មើនឹងអ្នកធ្វើការដោយខុសច្បាប់។ មិនតែប៉ុណ្ណោះ ពលករខ្មែរ តែងស្នើសុំលិខិតឆ្លងដែននេះជាញឹកញាប់ ក្រោមហេតុផលដើម្បីការពារពីសិទ្ធិស្របច្បាប់ ប៉ុន្តែនិយោជក ជាជនជាតិថៃ មិនអនុវត្តតាម។
អ្នកស្រីបន្តថា៖«គាត់មកធើ្វការនៅប្រទេសហ្នឹងជាធម្មតានៅក្នុងការធើ្វការផ្សេងៗឬក៏ការឆ្លងដែនមកធើ្វការប្រទេសដទៃលិខិតឆ្លងដែនវាស្មើនឹងអត្តសញ្ញាណប័ណ្ណ និងកាតសម្គាល់ខ្លួនរបស់យើងហើយថៅកែគាត់អត់មានសិទ្ធិអីដកលិខិតឆ្លងដែនយើងទុកទេប៉ុន្តែថៅកែខ្លះគាត់ដកលិខិតទាំងអស់នោះទុក ការដកលិខិតសម្គាល់ខ្លួនរបស់បុគ្គលទុកហ្នឹងជាអំពើខុសច្បាប់ហើយ» ។
បើតាមអ្នកស្រី លឹម គឹមស័រ ការស្នើសុំលិខិតឆ្លងដែនមកកាន់កាប់នេះ ដើម្បីមានភាពងាយស្រួលផង និងជាការពារពីភាពស្របច្បាប់របស់ក្រុមពលករខ្មែរផង។ជាងនេះទៅទៀត ពួកមានក្តីបារម្ភប្រសិនបើត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយហេតុផលណាមួយ ពួកគេអាចនឹងប្រឈមមុខនឹងការចោទប្រកាន់លួចឆ្លងដែន និងធ្វើការនៅទីនោះដោយខុសច្បាប់បាន។
ចំណែកលោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល លើកឡើងថា ក្រសួងការងារក៏កំពុងអង្កេតជុំវិញករណីនេះដែរ។ស្របពេលដែលស្ថាប័នជំនាញនេះ បង្ហាញពីចេតនាត្រួតពិនិត្យ អ្នកនាំពាក្យរូបនេះ ក៏អំពាវនាវឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ត្រូវរកកិច្ចអន្តរាគមន៍ភ្លាមៗផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាកើតឡើងដោយហេតុផលណាមួយ។
លោកបន្តថា៖ «ក្រសួង នឹងអង្កេតករណីនេះ សំណូមពរដល់ក្រុមហ៊ុនបញ្ជូនពលករ និងក្រុមហ៊ុនទទួលពលករគោរពច្បាប់ការងារសិទ្ធិ និងលក្ខខណ្ឌការងារដល់ពលករ។ ក្នុងករណីមានបញ្ហាអ្វីមួយសូមពលករទាក់ទងមកស្ថានទូតខ្មែរ និងអាជ្ញាធរពាក់ព័ន្ធដើម្បីអន្តរាគមន៍ទាន់ពេលវេលា»។
ដោយឡែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង និយាយថា នៅតាមបណ្តាលប្រទេសនានាលិខិតឆ្លងដែនគឺជារឿងចាំបាច់ ដូចជាសេរីភាពក្នុងការរស់នៅដូច្នោះដែរ។ ក្រៅពីនេះ លោកថាឯកសារស្របច្បាប់ផ្សេងៗក្នុងការដើរហើរត្រូវតែមានព្រោះវាបង្ហាញពីភាពស្របច្បាប់ផង និងជាការបញ្ចៀសបញ្ហាកើតឡើងដោយប្រការណាមួយផង។
លោកបន្តថា៖«ខ្ញុំយល់ថាពាក់ព័ន្ធហ្នឹងបញ្ហានេះការដកលិខិតឆ្លងដែនមិនឲ្យទៅពលករគឺជាការ បង្ខាំងសេរីភាពមួយហើយបាទកាលណាគាត់ចេញពីប្រទេសទៅធើ្វការនៅប្រទេសក្រៅនឹងពឹងលើលិខិតឆ្លងដែនហើយ ដើម្បីមានសេរីភាពតាអត់លិខិតឆ្លងដែនគ្មានសេរីភាពបាទព្រោះមនុស្សទៅណាក៏មានសេរីភាព ទីផ្សារ ទិញម្ហូប ត្រូវការកំសាន្តខ្លះបាទ» ។
របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថាគិតត្រឹមដើមឆ្នាំ២០២៣ ចំនួនពលករកម្ពុជាកំពុងធ្វើការនៅក្រៅប្រទេស មានចំនួនសរុប ១,៣២លាននាក់ ក្នុងនោះប្រទេសថៃ មានចំនួនច្រើនជាង គឺ១,២លាននាក់ កូរ៉េខាងត្បូង មានចំនួនជិត ៥ម៉ឺននាក់ ជប៉ុន មានចំនួន ១ម៉ឺន ៦ពាន់ នាក់ ម៉ាឡេស៊ីមាន២ម៉ឺន២ពាន់នាក់ សិង្ហបុរី មានចំនួន ៨៥១ នាក់ ទីក្រុងហុងកុង មានចំនួន ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត មានចំនួន១១នាក់៕