អង្គការសង្គមស៊ីវិល និងអ្នកជំនាញផ្នែកច្បាប់ព្រមទាំងអ្នកនយោបាយស្នើឱ្យតុលាការអនុវត្តទោសដោយហ្មត់ចត់ដែលមានស្ថានទម្ងន់ទោសជាអតិបរមា ប្រឆាំងឃាតករដែលធ្លាប់មានងាជាឧកញ៉ា បាញ់ប្រហារនៅក្នុងបុរីប៉េងហួត ដែលបណ្តាលឱ្យយុវជន៤នាក់ មានស្លាប់ និងរបួស។
ប្រតិកម្មនេះ នៅបន្ទាប់ពីតុលាការ និងមន្រ្តីក្រសួងយុត្តិធម៌ រួមទាំងនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ សម្រេចផ្តន្ទាទោស ក្នុងដំណាក់កាលស្ថាប័នអយ្យការ ដាក់ពន្ធនាគារជនជាប់ចោទប្រមាណ១៥ឆ្នាំ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានប្រាប់ គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថា សាធារណ:ជនបានបញ្ចេញមតិរិះគន់ព្រោងព្រាត ចំពោះការសម្រេចរបស់តុលាការថាបទចោទប្រកាន់នេះមិនយុត្តិធម៌សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារទេ។លោកបន្តថា ផ្អែកលើភស្តុតាងជា វីដេអូ ឃ្លីប បង្ហាញថាអតីតងាជាឧកញ៉ា ឈ្មោះ ស្រី ស៊ីណា ជាឃាតករបានប្រព្រឹត្តអំពើរបាញ់សម្លាប់លើយុវជនទាំងបួននាក់គ្មានមនុស្សធម៌ដែលបណ្តាយឱ្យយុវជនពីរនាក់គូដណ្តឹងស្លាប់ និងយុវជនពីរនាក់ទៀតរងរបួស។
លោកបន្តទៀតថា វីដេអូ ឃ្លីប ផ្សេងទៀតរកឃើញជនជាប់ចោទ បានយកកាំភ្លើងតាមខ្លួនទុកជាមុន និងបានផ្លាស់ប្តូរសម្លៀកបំពាក់ជាច្រើនដងក្រោយបាញ់ប្រហាររួច។
លោកបន្តថា៖«បើមើលទៅបទល្មើសដែលចោទប្រកាន់ហាក់ដូចជាមិនសមនឹងទង្វើប្រព្រឹត្តដ៏ឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៍ និងឋព្យសន:កម្មដែលកើតឡើងពីទង្វីរបស់អតីតឧកញ៉ា ស្រី ស៊ីណា នោះទេ ដូច្នេះបានមានសាធារណ:ជនជាច្រើនលើកឡើងថាគឺចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌដែលកំរិតទោសអាចអស់មួយជីវិត ។ ប៉ុន្តែខ្ញុំមិនដឹងថាតំណាងអយ្យចោទប្រកាន់នេះសំអាងលើរបាយការណ៍ស៊ើបអង្កេត និងភស្តុតាង ដែលមន្ត្តី្រនគរបាលយុត្តិធម៌កសាង និងប្រមូលភស្តុតាងនានយ៉ាងណាទេ តែបទចោទប្រកាន់នេះនាំឱ្យមានការរិះគន់ពីសាធារណ:ជន និងសំដែងការព្រូយបារម្ភខ្លាដូចករណីឧកញ៉ាមួយចំនួនមុនៗ និងអ្នកមានអំណាច មានលុយមួយចំនួនប្រព្រឹត្តបទល្មើសឧក្រិដ្ឋហើយជាប់ពន្ធនាគារមិនបានយូរ ឬយកមន្ទីរពេទ្យធ្វើជាកន្លែងជាប់ឃុំជំនួសពន្ធនាគារ »។
បើតាមលោក អំ សំអាត ដើម្បីឱ្យមានយុត្តិធម៌សង្គម និងដើម្បីយុត្តិធម៌សម្រាប់ជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារ តុលាការគួរអនុវត្តទោសក្នុងកម្រិតអតិបរមា តម្លាភាព និងយុត្តិធម៌ បើរកឃើញភស្តុតាងថ្មីគួរប្តូរបទចោទឱ្យបានធ្ងន់ធ្ងរជាងនេះ ឱ្យសមនឹងទង្វើរបស់ជនត្រូវចោទដែលគ្មានគុណធម៌ក្នុងខ្លួនដូចនេះ។
ចំណែក លោក សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្រ្ទ លើកឡើងថា បទប្រើប្រាស់អាវុធខុសច្បាប់ វាជាធាតុមួយនៃបទឃាតកម្ម ដូចនេះបើមានទោសឃាតកម្មហើយ គឺមិនមានបូកទោសនឹងបទកាន់កាប់អាវុធខុសច្បាប់ទៀតនោះទេ។ លោកបន្តថា បើសម្លាប់សាហាវ ឬច្រើនគ្នាបែបនេះ ក្នុងពេលតែមួយ គឺនឹងខិតទៅរក អតិបរមា១៥ ឆ្នាំ។
លោកបន្តថា៖ «រឿងនេះ ការចោទច្រើនបទល្មើសវាមិនជាថ្វីទេ តែសំខាន់ការសម្រេចរបស់តុលាការ។ យើងធ្វើទៅតាមច្បាប់ជាធរមាន មិនមែនធ្វើទៅតាមកំហឹងសាធារណជននោះទេ។ បើចង់ឱ្យមានទោសធ្ងន់ អយ្យការគួររកភស្តុតាងដែលជននោះរៀបចំជាមុនវិញ នឹងអាចមានទោសដល់ទៅអស់មួយជីវិត»។
ស្របពេលសាធារណៈជនផ្ទុះការរិះគន់ នៅលើបណ្តាញសង្គមព្រោងព្រាត គណបក្សដើម្បីកម្ពុជា ដែលជាបក្សទើបបង្កើតឡើងថ្មោងថ្មី ក៏មិនពេញចិត្តចំពោះការសម្រេចរបស់តុលាការនេះដែរ។
លិខិតដាក់ទៅក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤នេះ លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា លើកឡើងនៅក្នុងលិខិតនោះថា ស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យលើចំណាត់ការឡើងវិញ របស់ស្ថាប័នអយ្យការ។លើសពីនេះ គណបក្សដើម្បីកម្ពុជា យល់ឃើញថាបទចោទប្រកាន់ដូចដែលអយ្យការរកឃើញ ជាបទល្មើសក្នុងទម្រង់ដូចជួយសម្រាល់បន្ទុកឱ្យជនត្រូវចោទ។
ម្យ៉ាងវិញទៀតបទចោទនេះ គួរកែប្រែពីបទ «ឃាតកម្ម » ទៅជាបទចោទ «ឃាតកម្មគិតទុកជាមុន » ។ក្នុងន័យនេះ គណបក្សថ្មីថ្មោងមួយនេះ ចាត់ទុកថា សកម្មភាពនៃអំពើបាញ់ប្រហាររបស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា នេះ មានគំនុំគុំគួន និងមានរៀបចំអាវុធទុកជាមុន។មានភាពស៊ីសង្វាក់ និងប្រទាក់ក្រឡាលើផ្នែកអង្គហេតុ។ការប្រព្រឹត្តអំពើល្មើសដោយជនដៃដល់ឈ្មោះ ស្រី ស៊ីណា មានចរិតលក្ខណៈសាហាវ និងព្រៃផ្សៃ ជាពិសេសការសម្រេចចោទប្រកាន់ ប្រឆាំងជនត្រូវចោទជា២សំណុំរឿងជាបទល្មើសស្រាល។
ប្រភពបន្តថា៖«គណបក្សដើម្បីកម្ពុជាយល់ឃើញថាកាលណាស្ថាប័នតុលាការ ពិសេសស្ថាប័នអយ្យការដែលទទួលខុសត្រូវក្នុងរឿងក្តីព្រហ្មទណ្ឌ មិនមានភាពយុត្តិធម៌ ពុករលួយ ឬប្រព្រឹត្តនៅអគតិទាំងបួននឹងធ្វើឱ្យពលរដ្ឋបាត់ទំនុកចិត្តលើប្រព័ន្ធតុលាការ »។
ក្រោយរឿងក្តីព្រហ្មទណ្ឌនេះកើតឡើង មិនបានប៉ុន្មានថ្ងៃផង វីដេអូ ឃ្លីប មួយត្រូវបានសាធារណៈបន្តចែករំលែកព្រោងព្រាត នៅលើបណ្តញសង្គមហ្វេសប៊ុក។តាមរយៈឃ្លីប វីដេអូ ខ្នាតខ្លីនេះ គេសង្កេតឃើញជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ដើរបាញ់ប្រហារយុវជន បណ្តាលឱ្យស្លាប់ និងរបួស។មិនយូរប៉ុន្មានក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសដោយបិទសិទ្ធិ មិនឱ្យសាធារណៈជនចែករំលែក ឃ្លីប វីដេអូ នោះតទៅទៀត ក្រោមហេតុប៉ះពាល់សិទ្ធិជនរងគ្រោះ។
តាមរយៈបម្រាមនេះ និងសេចក្តីសម្រេចរបស់ស្ថាប័នអយ្យការ គណបក្សនយោបាយ និងអ្នកឃ្លាំមើលសង្គមយល់ឃើញថា ការនេះគឺជារឿងមិនប្រក្រតីក្នុងការអនុវត្តនីតិវិធី របស់ស្ថាប័នរបស់រដ្ឋ។
ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពី២សំណុំរឿង គឺការប្រើប្រាស់អាអាវុធដោយគ្មានការអនុញ្ញាត និងឃាតកម្មតាមបញ្ញត្តិមាត្រា១៩៩ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ ដាក់ពន្ធនាគារចម្លោះពី១០ ទៅ១៥ឆ្នាំ។ដោយឡែក ឈ្មោះ សាន សុខចំរើន និងឈ្មោះ សែន រ៉ាដូ ត្រូវដោះលែងវិញ ក្រោយរកឃើញថាមិនជាប់ពាក់ព័ន្ធក្នុងអំពើមនុស្សឃាតនេះ។ក្រៅពីនេះ ស្រ្តីជាម្តាយ និងម្នាក់ទៀតដែលគេសង្ស័យថាអាចជាស្រីកំណាន់របស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា មិនទាន់មានព័ត៌មានណាមួយ ទម្លាយឱ្យដឹងពីស្ថានភាពជុំវិញរឿងក្តីនេះនៅឡើយទេ។
គេហទំព័រ Newsroom Cambodia មិនអាចសុំការបកស្រាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេនៅរសៀលថ្ងៃទី២៤ ខែមិថុនានេះ។
ការអនុវត្តទោសចំពោះជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ដែលទើបដកងាជាឧកញ៉ា ថ្មីៗនេះ រង់ការរិះគន់ជាបន្តបន្ទាប់ពីសាធារណៈជន។អំពើមនុស្សឃាតដូចគ្នា ការផ្តន្ទាទោសក្នុងកម្រិតផ្សេងគ្នា។សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២២ បានកាត់ទោសទណ្ឌិតវ័យ៣២ឆ្នាំ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ការសម្រេចរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនេះ នៃសាលាដំបូងខេត្តសៀមរាបនេះ កើតឡើងពេលដែលទណ្ឌិតរូបនោះ រំលោភហើយសម្លាប់ក្មេងស្រីវ័យ១៣ឆ្នាំ។
កាលពីថ្ងៃដើមខែកញ្ញា ឆ្នាំ២០១៦ សំណុំរឿងស្រដៀងគ្នាមួយករណីទៀត លោក លី សុខលេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសដាក់ពន្ធនាគារប្រឆាំងមនុស្សនាក់ពី៣០ឆ្នាំទៅមួយជីវិត ពាក់ព័ន្ធរឿងក្តីបោកគ្រាប់បែកសម្លាប់ប្រុសស្នេហ៍ក្បត់ចិត។ក្នុងចំណោមពួកគេ ៣នាក់ត្រូវជាប់ទោសអស់មួយជីវិត។រីឯ២នាក់ទៀត ជាប់ទោស៣០ឆ្នាំ។ផ្ទុយទៅវិញ ចំពោះរឿងក្តីជនត្រូវចោទឈ្មោះ ស្រី ស៊ីណា តុលាការសម្រេចផ្តន្ទាទោសក្នុងដំណាក់កាលស្ថាប័នអយ្យកា ដាក់ពន្ធនាគារប្រមាណ១៥ឆ្នាំ។ករណីនេះ នាំឱ្យមានប្រតិកម្មជាបន្តបន្ទាប់ ប្រឆាំងការសម្រេចរបស់តុលាការនៅពេលនេះ៕