នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលានេះ ក្រុមជម្រើសជាតិកម្ពុជា គឺជាប្រទេសក្នុងតំបន់អាស៊ាន ទី៧ ដែលបានឡើងដល់វគ្គជម្រុះចែកពូលជុំទី៣ នៃពានរង្វាន់ AFC Asian Cup qualification 2023 (ពានរង្វាន់ជើងឯកទ្វីបអាស៊ី) បន្ទាប់ពីប្រទេស ថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី និងឥណ្ឌូណេស៊ី ដែលកំពុងរង់ចាំនៅវគ្គជម្រុះចែកពូលជុំទី៣។
កម្ពុជាបានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង ២ជើង ៣-១ (ដោយជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ AFC Asian Cup 2023 នេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នានេះដែរ។ ដោយឡែក វៀតណាម ស្ថិតក្នុងជុំចុងក្រោយ ឬ Final Round ឆ្នាំ២០២៣ ដោយស្វ័យប្រវត្តិ បន្ទាប់ពីបញ្ចប់នៅចំណាត់ថ្នាក់លេខ២ល្អ ពូលG។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី១៣ ខែ តុលា ដោយបញ្ជាក់ពីការផ្តល់រង្វាន់លើកទឹកចិត្តដល់កីឡាករថា៖ «ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត»។
មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ុន សែន ក៏បានបង្ហាញការកោតសរសើរចំពោះលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះផងដែរ៕