សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ព្រមានប្តឹងក្រុមហ៊ុនមួយនៅខេត្តកំពង់ស្ពឺ ទៅក្រសួងការងារប្រឆាំងនឹងការរើសអើងសហជីព ក្រោយពីមេដឹកនាំ៣នាក់ប្រចាំរោងចក្រ ត្រូវបានថៅកែបញ្ចប់ពីការងារជាង២ខែ គ្មានដំណោះស្រាយ។
ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រកាត់ដេរ សេងបូ ហ្គាមិន (ខេមបូឌា) អ្នកស្រី រឿន កុលាប ឱ្យដឹងនៅថ្ងៃទី២២សីហានេះថា ពួកគាត់៣នាក់ មានលោក ហាក់ ហៀង ជាអនុប្រធាន និងលោក កក្កដា ជាជំនួយការសហជីព ត្រូវថៅកែជនជាតិចិន បញ្ឈប់ពីការងារ ក្រោយបង្កើតសហជីពបាន២ថ្ងៃ សម្រាប់ជំរុញលក្ខខណ្ឌការងារ ។
អ្នកស្រីឱ្យដឹងទៀតថា រោងចក្រនេះ មានទីតាំងនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយថាពួកគាត់ត្រូវក្រុមហ៊ុនបញ្ឈប់ កាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣។
អ្នកស្រីបញ្ជាក់ថា ក្រោយការបញ្ឈប់ ពួកគាត់បានដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ ប៉ុន្តែថាជាង២ខែកន្លងទៅនេះ ភាគីរោងចក្រមិនព្រមទទួលយកពួកគាត់ឱ្យចូលធ្វើការវិញទេ ទោះ ស្ថាប័នដោះស្រាយវិវាទ ចេញខិលិត បង្គាប់ភាគីរោងចក្រឱ្យ ទទួលយកពួកគាត់ចូលធ្វើការវិញក៏ដោយ។
អ្នកស្រីថា៖«បើនិយាយទៅខ្ញុំដោះស្រាយ២បីដងហើយ ឥឡូវហ្នឹងគឺគាត់[ភាគីរោងចក្រ]និយាយថា គេមិនទទួលស្គាល់ មិនទទួលឱ្យយើងចូលធ្វើការវិញទេ»។
ប្រធានផ្នែករដ្ឋបាលនៃរោងចក្រ សេងបូ ហ្គាមិន (ខេមបូឌា) លោក អាំ មុន្នី បដិសេ បញ្ជាក់ពីមូលហេតុនៃការបញ្ឈប់។ គាត់ថាអ្នកទាំង៣នាក់នោះ មិនមែនជាមេដឹកនាំសហជីពទេ ហើយថាការបញ្ឈប់បានធ្វើឡើងតាមផ្លូវច្បាប់ ដែលនាយកដ្ឋានវិវាទការងារបានបញ្ជាក់។
លោកថា៖«ខ្ញុំអត់មានការរើងអើងទាក់ទងនឹងសហជីពអីទេ។ ទាក់ទងនឹងបញ្ហាផ្លូវច្បាប់ ក្រុមហ៊ុននឹងអនុវត្តតាមផ្លូវច្បាប់»។
តាមលិខិតមួយច្បាប់ របស់នាយកដ្ឋានវិវាទការងារ ចុះថ្ងៃទី១៥ ខែសីហា បានបង្គាប់ឱ្យភាគីថៅកែក្រុមហ៊ុននេះ ទទួលយកអនុប្រធានសហជីពសេរីកម្មករ លោក ហាក់ ហៀង ចូលធ្វើការវិញ និងសងរំលឹកប្រាក់ឈ្នួលចាប់ពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣ ជាថ្ងៃដែលក្រុមហ៊ុនបញ្ឈប់ រហូតដល់ថ្ងៃទទួលយកចូលធ្វើការងារវិញ ក្រោយរកឃើញថាភាគីក្រុមហ៊ុន បានអនុវត្តផ្ទុយពីច្បាប់ស្តីពីសហជីព។
នាយកដ្ឋានវិវាទការងារ ក៏បានបញ្ជាក់ថា បន្ទាប់ពីទទួលបានការសម្រេចនេះ និយោជក ឬកម្មករ-និយោជិត ដែលត្រូវបញ្ឈប់ ឬសហជីពរបស់កម្មករ-និយោជិតនោះមានរយៈពេល ២ខែ ដើម្បីតវ៉ាទៅរដ្ឋមន្ត្រីក្រសួងការងារ។
លោក ហាក់ ហៀង បានឱ្យដឹងថា លោកនៅតែត្រូវបានភាគីរោងចក្រមិនអនុញ្ញាតឱ្យចូលធ្វើការទេ គិតត្រឹមថ្ងៃទី២២ ខែសីហានេះបើទោះមានលិខិតបង្កាប់ពីស្ថាប័នដោះស្រាយវិវាទក្តី។
លោកថា៖« នេះជាការរើសអើងសហជីព។ គេហៅថាប្រឆាំងនឹងច្បាប់បាត់ហើយ ព្រោះក្រសួងគេចេញលិខិតឱ្យចូលហើយ យើងបែរជាអត់ឱ្យចូល អ៊ឹចឹងបានន័យថាគេរើសអើងសហជីព។ ហើយគេប្រឆាំងនឹងច្បាប់ហ្នឹងហើយ គេមិនចង់ឱ្យរោងចក្របង្កើតសហជីព»។
ជុំវិញបញ្ហាបនេះ ប្រធានសហព័ន្ធសហជីពសេរីកម្មករ អ្នកស្រី ទូច សើ លើកឡើងថា នឹងបន្តដាក់ពាក្យបណ្តឹងទៅក្រសួងការងារ ដោយថាទង្វើនេះជាការរើសអើងនិងរំលោភសិទ្ធិសហជីពធ្ងន់ធ្ងរ ក្នុងគោលបំណង កេងប្រវ័ញ្ញកម្លាំងពលកម្ម កម្មករ-និយោជិត ។
អ្នកស្រីថា៖«អាហ្នឹងហាក់បីដូចជាមើលងាយសហជីព រើសអើងសហជីពខ្លាំងបំផុត។ យើងនៅមាននីតិវិធីដើម្បីយើងតវ៉ា យើងប្តឹងផ្តល់តទៅទៀត យើងអត់បោះបង់គ្នាចោលទេ គឺយើងត្រូវការប្តឹងទៅរដ្ឋមន្ត្រី(ក្រសួងការងារ)បន្ថែមទៀត»។
មាត្រា៤៣នៃច្បាប់ស្តីពីសហជីពត្រង់កថាខណ្ឌទី១វាក្យខណ្ឌទី១បានចែងថា រាល់ការបញ្ឈប់ប្រតិភូបុគ្គលិកឬរាល់ការបញ្ឈប់ជនណាម្នាក់ពីការងារអាចធ្វើទៅបាន លុះត្រាតែមានការយល់ព្រមពីអធិការកិច្ចការងារនៃក្រសួងការងារ។
រីឯមាត្រា៦៧ នៃច្បាប់ដដែលត្រង់កថាខណ្ឌទី១ វាក្យទី១ បានចែងថា កម្មករ-និយោជិតទាំងអស់ដែលបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគ្រប់គ្រងសហជីពទទួលបាននូវការការពារ និងការបញ្ឈប់ពីការងារដូចប្រតិភូបុគ្គលិកដែរ។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ និយាយថា បើស្ថាប័នរដ្ឋមិនអាចចាប់បង្ខំឱ្យថៅកែគោរពច្បាប់បាន វាឆ្លុះបញ្ចាំងពីកម្សោយនៃការអនុវត្តច្បាប់ ។
លោកបារម្ភថា បើបញ្ហានេះមិនត្រូវបានទប់ស្កាត់ វានឹងជំរុញឱ្យមានករណីរំលោភសិទ្ធិកម្មករ សហជីព កាន់តែធ្ងន់ធ្ងរ ក្នុងវិស័យមួយនេះ ហើយទីបំផុតនឹងក្លាយជាបញ្ហាពិបាកដោះស្រាយ បង្កផលប៉ះទង្គិចដល់ជីវភាពកម្មករ-និយោជិត និង សហជីពជាតួអង្គដើរតួនាទីសំខាន់ក្នុងជំរុញលក្ខខណ្ឌការងារ ដើម្បីការពារប្រយោជន៍កម្មករ។
លោកថា៖«ការដោះស្រាយនេះ យើងមើលឃើញថាមានចំណុចកម្សោយខ្លះអំពីយន្ធការអធិការកិច្ច ប្រសិទ្ធភាពក្នុងការជំរុញ»។
ជាងនេះទៅទៀតលោកថា បើកាលណាការអនុវត្តច្បាប់ខ្សោយ ធ្វើឱ្យសិទ្ធិសេរីភាពរបស់សហជីពកាន់តែរួមតូចទៅៗ ហើយថៅកែក្រុមហ៊ុនផ្សេងៗទៀត ក៏កាន់តែរំលោភលើសិទ្ធិកម្មករ-និយោជិត តាមដែលខ្លួនចង់បាន។
ជាការផ្តល់យោបល់លោកថា ដើម្បីដោះស្រាយបញ្ហានេះ លុះត្រាតែអាជ្ញាធរអនុវត្តច្បាប់ ញែកឱ្យដាច់រវាងវិវាទការងាររួម(វិវាទសហជីព)និងវិវាទបុគ្គល(វិវាទជាមួយកម្មករ) ហើយស្វែងរកយុត្តិធម៌ឱ្យភាគីនីមួយៗឱ្យបានឆាប់ និងមានតម្លាភាព។
បើតាមលោក ថារ៉ូ រយៈពេល ៨ខែឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំសហជីព និងសកម្មជនជាង ៧០នាក់ មកពីសហជីពចំនូន១៦ ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយបង្កើតសហជីពនៅកន្លែងការងារ ដោយក្នុងនោះមានមួយចំនួនកំពុងទាមទារឱ្យក្រុមហ៊ុនទទួលយកពួកគេចូលធ្វើការវិញ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណ លើកឡើងថា ការយាយីមេដឹកនាំសហជីព ដែលកំពុងរាលដាល អាចជាផ្នែកមួយយកគំរូតាមថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដែលថៅកែររំលោភច្បាប់បែជារួចខ្លួន រីឯមេដឹកនាំសហជីពជំរុញលក្ខខណ្ឌការងារស្របតាមច្បាប់ ត្រូវបានចាប់ដាក់ពន្ធនារគារ និងខ្លះនៅជាប់បណ្តឹងនៅតុលការនៅឡើយ ដែលធ្វើឱ្យវិវាទអូសបន្លាយជាង២ឆ្នាំ រកច្រកចេញមិនរួច ។
លោកថា៖«គួរតែមានការពិនិត្យមើលឡើងវិញ ហើយដោះស្រាយឆ្លើយតបទៅនឹងការទាមទារ ឬក៏សំណូមពររបស់ពួកគាត់ជាវិជ្ជមាន អាហ្នឹងវាអាចបញ្ចប់ហើយ»៕