អ្នកជំនាញផ្នែកអភិបាលកិច្ច និងសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លើកឡើងថាការតែងតាំងមន្ត្រីដែលធ្លាប់ប្រព្រឹត្តបទល្មើសអាចកើតពីអំពើពុករលួយ និងគ្រួសារនិយម ដោយសារមិនបានពិនិត្យលើប្រវត្តិរបស់បុគ្គលនោះឱ្យបានត្រឹមត្រូវ ខណៈការដកហូតតំណែងមន្ត្រីដែលធ្លាប់មានប្រវត្តិមិនល្អ ក៏មិនអាចដោះស្រាយអំពើសូកប៉ាន់ និងបក្សពួកនិយមបានដែរ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មើលឃើញថាការតែងតាំងមន្ត្រីដោយមិនបានត្រួតពិនិត្យពីជីវប្រវត្តិច្បាស់លាស់ហាក់មានច្រើននៅថ្នាក់ក្រោមជាតិ ដែលកើតឡើងដោយសារអំពើពុករលួយ និងគ្រួសារនិយម តាមរយៈការផ្តល់តួនាទីខ្លឹមៗដល់សមាជិកគ្រួសារពីសំណាក់មេដឹកនាំស្ថាប័នផ្ទាល់។ហេតុនេះបង្កឱ្យបុគ្គលដែលមានប្រវត្តិមិនល្អក្លាយជាមន្ត្រី ហើយរងការរិះគន់ពេលដែលស្រាវជ្រាវរកឃើញថាធ្លាប់មានជាប់ពាក់ព័ន្ធនឹងបទល្មើសណាមួយ។
លោកបន្តថាការកែទម្រង់ដកហូតតំណែងមន្ត្រីណាដែលរកឃើញថាធ្លាប់បានប្រព្រឹត្តិកំហុសគឺជារឿងមួយដ៏ល្អ ប៉ុន្តែមិនទាន់ដោះស្រាយចំបញ្ហាដែលកំពុងកើតមាននៅឡើយទេ។មិនទាន់ចំបញ្ហា ដោយលោកសំអាងថា ដើម្បីដោះស្រាយបញ្ហានេះបាន លុះត្រាតែអនុវត្តច្បាប់បោសសម្អាតពីឫសគល់នៃការតែងតាំង ដែលកើតចេញពីអំពើពុករលួយ និងគ្រួសារនិយមតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។
លោកបន្តថា៖«ការគ្រាន់តែដកមន្ត្រីដែលរកឃើញថាមានកំហុស ឬមានប្រវត្តិមិនល្អចេញ មិនទាន់ចំទៅនឹងអ្វីដែលហៅថាការបោសសម្អាតនូវមូលហេតុដើមរបស់វាទេ។ ជាបញ្ហាមួយដែលខ្មែរយើងដោះស្រាយបញ្ហាពុករលួយអត់រួចតាំងពីដើមមក គឺអំពើពុករលួយកើតតាំងពីលើដល់ក្រោយ អ៊ឹចឹងដល់ពេលធ្វើបានតែអ្នកក្រោម ដល់ពេលអ្នកលើធ្វើអត់កើត។ អ៊ឹចឹងបើសិនជាមានឧត្តមគតិ ហើយនិងចេតនាចង់លុបបំបាត់អំពើពុករលួយ គឺត្រូវធ្វើតាំងពីខាងលើមក»។
ការលើកឡើងរបស់អ្នកជំនាញបែបនេះ បន្ទាប់ពីអគ្គស្នងការរដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចដកហូតតំណែង លោក ហុង សារ៉ុម ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ ស្ថិតនៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ មកជាមន្ត្រីនគរបាលធម្មតាវិញ ក្រោយតែងតាំងជាមេប៉ុស្តិ៍កាលពីដើមខែកញ្ញាកន្លងទៅនេះ។ ការដកតំណែងនេះ ធ្វើឡើងក្រោយពិនិត្យឃើញថាធ្លាប់មានប្រវត្តិជាប់ពន្ធនាគារពីបទលួច ដែល«ល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ »។
ចំណែករដ្ឋមន្តី្រក្រសួងមហាផ្ទៃថ្មី លោក ស សុខា តាមរយៈសេចក្តីប្រកាសនៅថ្ងៃទី១២ ខែកញ្ញា ក៏សម្រេចដកហូតតំណែងលោក ហេង ហាប់ ដែលទើបទទួលបានការតែងតាំងជាស្នងការរងនៃស្នងការរដ្ឋាននគរបាលខេត្តកំពត តាមរយៈសេចក្តីប្រកាសចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ មកជាមន្ត្រីធម្មតាដូចគ្នា។
ការសម្រេចរុះរើតួនាទីនៅក្នុងកងកម្លាំងនគរបាលជាតិនេះ ក្រោយតែងតាំងបានរយៈពេលជិត១ខែ ដោយរកឃើញថាធ្លាប់ប្រព្រឹត្តិបទល្មើសលួច IPad ពីហាងលក់ទូរសព្ទមួយកាលពីប៉ុន្មានឆ្នាំមុន ដែល«ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ »។
បើទោះបែបណា ការកែសម្រួលមុខងារ របស់មន្រ្តីនគរបាលទាំងនោះ គេសង្កេតឃើញពេលមានប្រតិកម្មពីពលរដ្ឋដែលផ្ទុះការរិះគន់ចំពោះមន្រ្តីនគរបាល ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស បែរជាត្រូវបានផ្តល់តួនាទីដឹកនាំក្នុងជួរកម្លាំងនគរបាលទៅវិញ។
លោក ហុង សារ៉ុម ជានាយកប៉ុស្តិ៍នគរបាលសំព្រោជ ធ្លាប់ជាអតីតឧក្រិដ្ឋជនប្លន់ទូមាស នៅស្រុកស្ទោងខេត្តកំពង់ធំ កាលពីដើមខែ មីនា ឆ្នាំ២០២១៥។ដោយឡែកលោក ហេង ហាប់ ដែលទើបទម្លាក់តួនាទីពីស្នងការរងខេត្តកំពត មកជាមន្រ្តីនគរបាលធម្មតា ក៏ធ្លាប់មានប្រវត្តិលួច IPad កាលពីចុងខែ ឧសភា ឆ្នាំ២០១៩ នៅហាងវេរលុយមួយកន្លែងនៅ ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញដែរ។
ជុំវិញករណីនេះ នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ចាត់ទុកថាជារឿងត្រឹមត្រូវដែលរដ្ឋាភិបាលអាណត្តិថ្មីមានឆន្ទៈក្នុងការវះកាត់មន្ត្រីដែលមានប្រវត្តិមិនល្អ ឬធ្លាប់ប្រព្រឹត្តបទល្មើសផ្សេងៗ។ក៏ប៉ុន្តែលោកចង់ឃើញការតែងតាំងតួនាទីមន្ត្រីត្រូវតែសំអាងលើសមត្ថភាព ហើយត្រួតពិនិត្យឱ្យបានល្អិតល្អន់ជាមុនសិន ដើម្បីទប់ស្កាត់អំពើពុករលួយ និងការដំឡើងឋានៈដោយបក្សពួកនិយម។
លោកបន្តថា៖«ការគ្រប់គ្រងធនធានមនុស្សគួរធ្វើជាប្រព័ន្ធ ហើយការតែងតាំងការតំឡើងក្តីគួរតែលើគុណតម្លៃ សមត្ថភាពអនុវត្តការងារកន្លងមក តើគាត់ធ្វើត្រឹមត្រូវដែរឬទេ? ចៀសវាងការរៀបចំមន្ត្រី ឬក៏ការតំឡើងឋានៈដោយផ្អែកលើការស៊ីសំណូកសូកប៉ាន់ ឬក៏ខ្សែស្រឡាយបក្សពួកនិយម ដើម្បីយើងធានានូវប្រសិទ្ធភាពនៃការផ្តល់សេវា ហើយនិងវឌ្ឍនៈភាពជាវិជ្ជមាននៃស្ថាប័នរដ្ឋ»។
ក្រៅពីនេះ បើតាមលោក ប៉ិច ពិសី លោកក៏ស្នើឱ្យរដ្ឋាភិបាលបន្តស្រាវជ្រាវ និងវះកាត់មន្ត្រីដែលប្រព្រឹត្តខុសច្បាប់ដោយមិនលើកលែង ដើម្បីធានាដល់ការកំណែទម្រង់ប្រព្រឹត្តទៅប្រកបដោយតម្លាភាព។
ប្រហាក់ប្រហែលគ្នានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Lic a dho)លោក អំ សំអាត ស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យសមាសភាពឱ្យបានច្បាស់លាស់ឱ្យស្របទៅនឹងក្របខណ្ឌនៃច្បាប់ មុននឹងសម្រេចតែងតាំងតួនាទីដល់មន្ត្រីណាម្នាក់ ចៀសវាងបង្កឱ្យមានការរិះគន់ដល់រដ្ឋាភិបាលដូចពេលកន្លងទៅ។
លោកបន្តថា៖«វាជារឿងមួយគួរតែពិនិត្យពិចារណាឱ្យបានច្បាស់លាស់ ព្រោះការតែតាំង ការតំឡើងឋានន្តរស័ក្ក តំឡើងតំណែងមួយគឺថាពឹងផ្អែកទៅលើស្នាដៃរបស់មន្ត្រី ពឹងផ្អែកទៅលើសមត្ថភាព ពឹងផ្អែកទៅលើការងារ ហើយនិងពិនិត្យទៅលើប្រវត្តិឱ្យបានច្បាស់លាស់ »។
បើតាមលោកបណ្ឌិត មាស នី ចំណាត់ការវះកាត់មន្ត្រីដែលរកឃើញថាធ្លាប់ប្រព្រឹត្តកំហុសនេះនឹងមិនមានភាពយូរអង្វែងប៉ុន្មាននោះឡើយ ប្រសិនបើរដ្ឋាភិបាល ឬក្រសួងមហាផ្ទៃមិនមានគោលនយោបាយប្រាកដប្រជាអំពីទំនាស់ផលប្រយោជន៍។លើសពីនេះទៀត កង្វះយន្តការតាមដានពីឫសគល់នៃការតែងតាំង ដែលនៅពីក្រោយដោយអំពើពុករលួយ ប្រាកដណាស់ទំនងការកែទម្រង់នេះ នឹងមិនងាយទទួលបានជោគជ័យឡើយ។
លោកបន្តថា៖«យើងត្រូវតាមមើលថាតើអ្នកណាខ្លះដែរនៅឃុបឃិតជាមួយនិងខ្សែបណ្តាញទាំងអស់ហ្នឹង។បើវាពាក់ព័ន្ធអំពើពុករលួយ វាពាក់ព័ន្ធគ្រួសារនិយមអីហ្នឹង បើមិនមានគោលនយោបាយទំនាស់ផលប្រយោជន៍យកមកដាក់ទេ ខ្ញុំគិតថារឿងហ្នឹងវាបានគ្រាន់តែមួយប្រាវ វិលមកវិញដដែល»។
បើតាមអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមរូបនេះ លោកក៏បារម្ភដែរថា ការកំណែទម្រង់ដកហូតតំណែងមន្ត្រីដែលរកឃើញថាធ្លាប់ប្រព្រឹត្តិកំហុសពីសំណាក់រដ្ឋាភិបាលអាណត្តិទី៧នេះ អាចអនុវត្តបានចំពោះមន្ត្រីថ្នាក់ក្រោម ខណៈមន្ត្រីដែលមានឋានៈ និងតួនាទីកំពូលៗ ទំនងមិនងាយដូចការគិតប៉ុន្មានទេ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានលើកឡើងថា ចំពោះការស្នើឱ្យក្រសួងបន្តវះកាត់មន្ត្រីដែលប្រព្រឹត្តខុសនោះ គឺអាស្រ័យលើច្បាប់ ព្រោះក្រសួងមានតួនាទីអនុវត្តទៅតាមច្បាប់ដែលបានចែង ហើយជុំវិញការដកហូតតំណែងមន្ត្រីនគរបាលកាលពីពេលថ្មីៗនេះ ដោយសារប្រព្រឹត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង។
លោកបន្តថា៖«ជាច្បាប់ផង ជាលក្ខខន្តិកៈរបស់មន្ត្រីរាជការនគរបាលផង បទបញ្ជាផ្ទៃក្នុងរបស់នគរបាលផង។ ក្រសួងមហាផ្ទៃយើងផ្អែកលើហ្នឹងទេ បើខុសពីនឹងឱ្យទាមទារ ហួសពីសមត្ថភាពរបស់ក្រសួងមហាផ្ទៃ ដោយច្បាប់មិនធ្វើឱ្យ យើងធ្វើមិនបាន! ហើយក្រសួងបានទទួលព័ត៌មានគ្រប់គ្រាន់ហើយ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ អ្វីដែលក្រសួងមហាផ្ទៃធ្វើ គឺធ្វើទៅតាមតួនាទីភារកិច្ចនៃច្បាប់ដែលបានប្រគល់ »។
ក្រោយផ្ទុះការរិះគន់ជាហូរហែនៅលើបណ្តាញសង្គម បានបង្ខំចិត្តឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាឱ្យអគ្គស្នងការនគរបាលជាតិលោក ស ថេត សើរើឡើងវិញ ចំពោះការតែងតាំង អ្នកដែលធ្លាប់មានប្រវត្តិពាក់ព័ន្ធបទល្មើស នៅក្នុងអតីតកាល។ជាងនេះទៀត លោក ហ៊ុន ម៉ាណែត ក៏អំពាវនាវឱ្យស្ថាប័នរដ្ឋត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់មុននឹងផ្តល់តួនាទីដល់បុគ្គលណាម្នាក់ជាមន្ត្រី។
លោកបន្តថា៖«ខ្ញុំសូមឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឱ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ » ៕