អតីតបុគ្គលិក សណ្ឋាគារ The Great Duke បាននឹងកំពុងពិចារណាទទួលយក សំណងបីក្នុងបួនចំណុចដែលបានសម្រេចផ្តល់ជូនដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ក្រុមប្រឹក្សាអាជ្ញាកណ្តាលនៃក្រសួងការងារ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចផ្តល់ដំណោះស្រាយ បីចំណុច និងបដិសេធមួយចំណុចទៅលើសំណងជំងឺចិត្តដែលអតីតបុគ្គលិកបានធ្វើការទាមទារបន្ទាប់ពីសណ្ឋាគារមួយនេះបានបិទទ្វារកាលពីដើមឆ្នាំ២០២០កន្លងមក។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា ប្រចាំនៅសណ្ឋាគារ The Great Duke លោក ទូច កុសល បានឲ្យដឹងថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានផ្តល់ជូនបីចំណុច រួមមាន ប្រាក់អតីតភាពការងារ ប្រាក់ជូនដំណឹង និង ទូទាត់ថ្ងៃឈប់សម្រាកដែលនៅសល់ទៅជាថវិការ ប៉ុន្តែ បដិសេធផ្តល់ប្រាក់សំណងជំងឺចិត្ត។
ក្រោយពីការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល តំណាងសហជីព កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានជួបប្រជុំជាមួយអតីតបុគ្គលិក ៧៥នាក់ ក្នុងចំណោម១៣៩ នាក់ ដើម្បីបោះឆ្នោតសម្រេចទទួល ឬមិនទទួលយក។ អតីតបុគ្គលិក ៦០នាក់ ក្នុងចំណោម ៧៥ នាក់បានយល់ព្រម។
លោក ទូច កុសល បាននិយាយថា៖ «សេចក្ដីសម្រេចហ្នឹងគេឲ្យតែបីទេ គេអត់ព្រមឲ្យប្រាក់សងជំងឺចិត្ត។ ហើយម្សិលមិញខ្ញុំបានជួបប្រជុំជាមួយបុគ្គលិកចំនួន៧៥នាក់ និងបានធ្វើការបោះឆ្នោតស្ទង់មតិ៦០នាក់គេយល់ព្រម តែ១៥នាក់ទៀតគេអត់ទទួលសេចក្តីបង្គាប់ទេ»។
លោក ទូច កុសល បានបន្ថែមទៀតថា មូលហេតុដែលបុគ្គលិកផ្សេងទៀតដែលមិនបានចូលរួមក្នុងការស្ទង់មតិនេះ ព្រោះពួកគេមានការងារថ្មីធ្វើ និងមានការពិបាកក្នុងការសុំច្បាប់។ ចំនែកបុគ្គលិក១៥នាក់ទៀតមិនទទួលយកសេចក្ដីសម្រេចនេះ ដោយសារពួកគាត់យល់ថា តាមផ្លូវច្បាប់ពួកគាត់គួរតែទទួលបាននូវប្រាក់សំណងជំងឺចិត្តដែលមានក្នុងមាត្រាទី៩១។
យ៉ាងណាមិញ លោកយល់ថាបុគ្គលិកទាំងអស់គួរតែទទួលបានប្រាក់សំណងតាមមាត្រាទី៩១ ប៉ុន្តែដោយសារការតវ៉ាមានភាពអូសបន្លាយកាន់តែយូរដែលជាហេតុធ្វើអោយបុគ្គលិកភាគច្រើនចាប់ផ្ដើមពិចារណាទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លោក ទូច កុសល បាននិយាយថា៖ «បើនិយាយមែនទែនទៅបើយើងទារបានបួនចំណុចហ្នឹងទើបពេញចិត្តពេញចិត្តថ្លើម តែដោយមើលទៅដូចអត់ចង់អូសបន្លាយពេលវេលាទៅមុខទៀតទេ ចង់ថាយកតែប៉ុណ្ណឹងទៅ កុំអោយវែងឆ្ងាយទៀត»។
ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទុកពេលឲ្យអតីតបុគ្គលិក ចំនួនប្រាំបីថ្ងៃ ដើម្បីឲ្យសម្រេចចិត្ត។ នៅក្នុងសប្តាហ៍នេះ តំណាងសហជីព នឹងជួបប្រជុំជាមួយអតីតបុគ្គលិកម្តងទៀត ដើម្បីសម្រេចចិត្ត។
លោក ទូច កុសល បានបន្ថែមថា តាមការប៉ាន់ប្រមាណរបស់លោក រង្វង់ទឹកប្រាក់ទាំងអស់ដែលត្រូវសងដល់បុគ្គលិកប្រហែល៧០ម៉ឺន ទៅ១លានដុល្លារ។
គួររំលឹកឡើងវិញថា អតីតបុគ្គលិកចំនួន១៣៩នាក់បានធ្វើការតវ៉ានៅមុខសណ្ឋាគារ The Great Duke បួនលើកធំៗ បន្ទាប់ពីសណ្ធាគារបានប្រកាសបិទដំណើរការ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយមូលហេតុសេដ្ឋកិច្ច។