ក្រុមកូដករ និងសហជីព បន្តទាមទារឱ្យថៅកែថ្មីរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយបញ្ចប់វិវាទការងារឱ្យបានឆាប់ ហើយងាកមកគោរពច្បាប់ការងារឱ្យបានត្រឹមត្រូវឡើងវិញ។
កូដករណាហ្គាវើលដ៍ អ្នកស្រី មុំ សុវត្ថិន្ធ មានប្រសាសន៍ថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលបានអូសបន្លាយរយៈពេលជិត ៣ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយបញ្ចប់នៅឡើយ។ អ្នកស្រីបន្តថា កាលពីថៅកែក្រុមហ៊ុនចាស់នៅមានជីវិត គាត់បានហៅក្រុមកូដករទៅចរចារកដំណោះស្រាយ ប៉ុន្តែសម្រាប់ថៅកែថ្មីដែលជាកូនប្រុសរបស់គាត់វិញ គឺមិនដែលហៅកូដករទៅជជែកវែកញែកពីបញ្ហា ក្នុងការស្វែងរកដំណោះស្រាយណាមួយនោះឡើយ។
អ្នកស្រីថា៖ «ប្រសិនបើអត់មានវឌ្ឍនភាពនោះទេ ខាងក្រសួងអត់រៀបចំការចរចាឱ្យទៀតទេ ទាល់តែភាគីទាំងសងខាងមានវឌ្ឍនភាពអីមួយ បានក្រសួងណាត់ឱ្យមកចរចា»។
ករណីនេះ អ្នកស្រីបានជំរុញដល់ថៅកែថ្មី បន្តរកដំណោះស្រាយបញ្ចប់វិវាទ និងទទួលយកពួកគាត់ចូលធ្វើការវិញ។
អ្នកស្រី មុំ សុវត្ថិន្ធ និយាយថា៖ «ថៅកែថ្មីដែលឡើងជំនួសឪពុកហ្នឹង នឹងដោះស្រាយវិវាទ មិនត្រឹមតែមុខមាត់របស់ក្រុមហ៊ុន តែជាមុខមាត់ប្រទេសជាតិយើងផងដែរ ដោយបញ្ហារំលោភសិទ្ធិការងារនៅណាហ្គាវើលដ៍បានជៈឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា»។
កូដករណាហ្គាវើលដ៍ម្នាក់ទៀត អ្នកស្រី និ ស្រីអូន លើកឡើងថា កន្លងទៅ ការរំលោភសិទ្ធិការងារ និងការរើសអើងគ្រប់រូបភាពពីសំណាក់ក្រុមហ៊ុនទៅលើកម្មករ ជារឿងអយុត្តិធម៌បំផុត ដែលពួកគាត់ពុំអាចទទួលយកបានឡើយ ហើយនឹងបន្តប្ដេជ្ញាចិត្តទាមទារទាល់តែមានដំណោះស្រាយ។
អ្នកស្រីថា៖«ខ្ញុំចង់ស្នើឱ្យដោះស្រាយតាមមាត្រាដែលមានចែងនៅក្នុងច្បាប់ការងារ ឱ្យត្រឹមត្រូវតាម ផ្លូវច្បាប់គឺគ្រប់គ្រាន់ហើយ ខ្ញុំមិនត្រូវការអីលើសពីហ្នឹងទេ»។
ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ លោក ចេន លីបគង់ (Chen Lip Keong) បានទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ ដោយសារជំងឺ កាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ ក្រោយពីអតីតអគ្គនាយកក្រុមហ៊ុនណាហ្គាខភ៍ (NagaCorp) បានទទួលមរណភាពទៅ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ បានតែងតាំងកូនប្រុសលោក ចេន លីបគង់ គឺលោក ចេន យីហ្វុង (Chen Yiy Fon) ឱ្យឡើងកាន់ដំណែងជំនួសឪពុក។
គេហទំព័រ Newsroom Cambodia ពុំអាចស្វែងរកការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោក ចេន យីហ្វុង ថៅកែថ្មីរបស់ក្រុមហ៊ុនណាហ្គាបានទេ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គានេះ ក្រសួងបានដោះស្រាយមកជាហូរហែមកហើយ។
លោកបន្តថា៖ «រីឯក្រុមហ៊ុនណាហ្គាវើលដ៍ក៏បានផ្ទេរប្រាក់បំណាច់ និងសំណងបញ្ចប់កិច្ចសន្យាការងារ ចូលគណនីធនាគារអតីតបុគ្គលិកទាំង ៣៧៣នាក់នោះ រួចរាល់មកហើយដែរ»។
លោកបន្ថែមថា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងចំណោមអតីតបុគ្គលិកទាំង ៣៧៣នាក់នោះ មានអតីតបុគ្គលិកចំនួន ២៩៣នាក់ បានយល់ព្រមទទួលយកការទូរទាត់នូវប្រាក់បំណាច់ និងសំណង និងនៅសល់ត្រឹម ៨០នាក់។ លោកបន្តថា ក្នុងចំណោមអតីតបុគ្គលិក ៨០នាក់នេះ គឺមានអតីតបុគ្គលិកមួយចំនួន មានការងារថ្មីធ្វើរួចហើយ ហើយអ្នកដែលបន្តធ្វើកូដកម្មតវ៉ាទាមទារមានប្រហែលជាង ២០នាក់ប៉ុណ្ណោះ។
លោក កត្តា អ៊ន បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើក្រុមកូដករ និងក្រុមហ៊ុនណាហ្គាវើលដ៍ មានវឌ្ឍនភាពថ្មីចង់ដោះស្រាយបញ្ហានេះ និងមានចេតនាចង់បញ្ចប់ជម្លោះ អាចស្នើសុំមកគណៈកម្មការសម្រាប់ការ ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅក្រុមមុខសញ្ញា ដើម្បីបើកការសម្រុះសម្រួលបន្ដទៀត។ ប៉ុន្ដែរហូតមកដល់ពេលនេះ គណៈកម្មការសម្រាប់ការដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅក្រុមមុខសញ្ញា មិនទាន់បានទទួលសំណើរថ្មីណាមួយនៅឡើយ»។
ប្រធានសហជីពចំណីអាហារ និងសេវាកម្មកម្ពុជា លោកស្រី អ៊ូ ទេពផល្លីន យល់ថា ដើម្បីដោះស្រាយបញ្ហាវិវាទការងារនេះទៅបាន អាជ្ញាធរពាក់ព័ន្ធគួរតែឈរលើគោលការណ៍យុត្តិធម៌ ហើយយកបញ្ហានីមួយៗដោះស្រាយដោយមានភាគីពាក់ព័ន្ធចូលរួម។ លោកស្រីបានជំរុញឱ្យក្រុមហ៊ុន និងភាគីពាក់ព័ន្ធ រកដំណោះស្រាយជូនកូដករឱ្យបានឆាប់។
លោកស្រីថា៖ «ក្រសួងត្រូវតែប្រើប្រាស់អំណាចរបស់ខ្លួន ដែលជាអំណាចរដ្ឋបាលហ្នឹង ឱ្យទៅស្ថាប័នវិស័យឯកជន ឬនិយោជកហ្នឹង ត្រូវតែអនុវត្តទៅតាមការគោរពសទ្ធិជាមូលដ្ឋាន ឬក៏សិទ្ធិសេរីភាពរបស់សហជីព និងក្រុមកូដករ នេះទី១ ហើយទី២ ប្រសិនបើមិនអនុវត្តអីនោះទេ ស្ថាប័នរដ្ឋបាលក្រសួងត្រូវមានឆន្ទៈ ឬយន្ដការក្នុងការដោះស្រាយ ក៏ដូចជាដាក់បន្ទុកទៅឱ្យស្ថាប័នក្រុមហ៊ុននោះអនុវត្ត»។
លោកស្រីបន្ថែមថា៖«ក្រុមហ៊ុនអាចចរចាជាមួយថ្នាក់ដឺកនាំសហជីព ដើម្បីយកកម្មករដែលនៅសេសសល់ទៅធ្វើការវិញ។ រីឯបញ្ហាដែលនៅសេសសល់ គួរតែស្វែងរកដំណោះស្រាយដោយសន្ដិវិធី ហើយកុំខ្លាចអន់អី កុំខ្លាចបាក់មុខអី»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានបញ្ឈប់កម្មករនិយោជិតប្រមាណ ១ ៣០០នាក់ពីការងារ។ ការបញ្ឈប់នេះ នាំឱ្យមានការតវ៉ាជាបន្តបន្ទាប់ ក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ ពីសំណាក់កូដករដែលជាសមាជិកសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។ ការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំនេះ ត្រូវបានមើលឃើញថាជាចេតនាក្នុងការបំបាត់សហជីពឯករាជ្យនៅក្រុមហ៊ុនកាស៊ីណូមួយនេះ៕